គ​​​​​​​​​​​​​​​​​.ជ.ប ទទួលស្គាល់លោកសួន រីដា ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ជំនួសលោកប៉ែន សុវណ្ណ

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសេចក្ដីសម្រេចស្ដីពីការប្រកាសទទួលស្គាលើបក្ខេជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ របស់គណបក្សសង្រ្គោះជាតិ នៅមណ្ឌលខេត្តកំពង់ស្ពឺ ដោយទទួលស្គាល់លោកសួន រីដា ថ្ងៃខែឆ្នាំកំណើត៣១ ខែធ្នូ ឆ្នាំ១៩៧២ ជាបេក្ខជនថ្មី ជំនួសលោកប៉ែន សុវណ្ណ ដែលទទួលមរណភាព។

ការប្រកាសទទួលស្គាល់នេះ ក៏បានធ្វើឡើងក្រោយពេលដែលគ.ជ.ប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២១០៦ បានចេញសេចក្ដីសម្រេចលុបឈ្មោះលោកប៉ែន សុវណ្ណ ចេញពីបេក្ខភាពជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកប៉ែន សុវណ្ណ ទទួលមរណភាពបានប៉ុន្មានថ្ងៃ។
ដោយឡែក អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់តាំងពីដំបូងថា ក្រោយមរណភាពរបស់លោកប៉ែន សុវណ្ណ គណបក្សបានដាក់លោកសួន រីដា អនុប្រធានក្រុមការងារគណបក្សរាជធានីភ្នំពេញ ជំនួស ។

យ៉ាងណា ក្រោយការស្នើរបស់គណបក្សសង្រ្គោះជាតិ និងការទទួលស្គាល់របស់គ.ជ.ប លោកសួន រីដា នឹងឆ្លងកាត់បោះឆ្នោតពីរដ្ឋសភា បន្តទៀត មុននឹងបានក្លាយជាតំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលខេត្តកំពង់ស្ពឺ ៕