Saturday, April 27, 2024
Homeព័ត៌មានជាតិបុណ្យ​អុំទូក មិន​ពាក់​ព័ន្ធ​នយោ​បាយ

បុណ្យ​អុំទូក មិន​ពាក់​ព័ន្ធ​នយោ​បាយ

ថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនឹងចូលមកដល់ហើយ បន្ទាប់ពីរអាក់រអួលខកខានមិនបានធ្វើជាហូរហែ។ ធម្មតា ព្រះរាជពិធីទ្វាទស- មាស ដែលព្រះមហាក្សត្រយាងគង់ជាព្រះរាជាធិបតី មិនពាក់ព័ន្ធដល់នយោបាយនោះទេ ប៉ុន្តែ ដោយហេតុថា កម្ពុជា មាន គណបក្ស នយោបាយធំ២ កំពុងដណ្តើមការគាំទ្រពីប្រជាពលរដ្ឋ ក៏មានការរិះគន់ថា “បុណ្យអុំទូក ពាក់ព័ន្ធនឹងនយោបាយ” ហើយក៏មាន មជ្ឈដ្ឋានមហាជនភាគច្រើនថា “បុណ្យអុំទូក មិនពាក់ព័ន្ធនយោបាយ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទ បរិយាយ ថ្ងៃនេះ…។

ព្រះរាជពិធីបុណ្យអុំទូក ឬការប្រណាំងទូក ជាប់ជាប្រពៃណីតមកតាំងពីសម័យអង្គរ ខណៈដែលព្រះបាទជយវរ្ម័នទី៧ រៀបក្បួនយុទ្ធសាស្ត្រ បើកសមយុទ្ធកងទ័ពជើងទឹកនៅលើបឹងទន្លេសាប ដើម្បីវាយបណ្តេញកងទ័ពចាម រំដោះក្រុងអង្គរ មកវិញ។ សមយុទ្ធកងទ័ពទូក បានបន្សល់ទុកភ័ស្តុតាងជាក្បាច់ចម្លាក់នៅលើជញ្ជាំងថែវប្រាសាទបាយ័ន ដោយមានអ្នក ស្រាវជ្រាវទាំងជាតិខ្មែរ និងបរទេសទទួលស្គាល់មិនអាចប្រកែកបាន។ នារជ្ជកាលព្រះបាទអង្គចន្ទទី១ ឬព្រះចន្ទរាជា ដែលមាន រាជធានីនៅក្រុងលង្វែក ព្រះអង្គបានយកព្រះទ័យទុកដាក់ថែបំប៉នកងទ័ពជើងទឹកឱ្យបានខ្លាំងក្លាបំផុត ដោយតែងតាំងមន្ត្រី យោធាស័ក្តិ១០ហ៊ូពាន់ ឱ្យកាន់កាប់បញ្ជាកម្លាំងទ័ពទូកសំពៅ។ “ឧកញ៉ាក្រឡាហោម” និង “ឧកញ៉ាវិបុលរាជ” គឺជាសេនាបតី និងជាសេនាបតីរង ទទួលខុសត្រូវលើកងទ័ពជើងទឹក ឡើងស្តាប់បង្គាប់” “សម្តេចចៅហ៊្វាទឡ្ហៈ” ស័ក្តិ១១ហ៊ូពាន់ ដែលត្រួតត្រា លើមន្ត្រី “ចតុស្តម្ភ”។ ជំនាន់នោះ កងទ័ពជើងទឹក ប្រចាំការតាមសមុទ្រ បានប្រើប្រាស់សំពៅ និងទូកក្តោងធំៗ អាចបើកបរ ឆ្លងកាត់រលកសមុទ្រ ដែលជួនកាល ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យមន្ត្រីយោធាចុះសំពៅទៅទិញកាំភ្លើងធំ ពីប្រទេស ម៉ាឡេស៊ី មកទុកប្រើប្រាស់ក្នុងកិច្ចការពារបូរណភាពទឹកដីទៀតផង។ ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី១ រវាង គ.ស១៥២៨ ព្រះមហាក្សត្រ ទ្រង់បានតែងតាំង “ពញាតាក” ងារជា “ស្និទ្ធភូបាល” ជាស្តេចត្រាញ់ នៅស្រុកបាសាក់ (កម្ពុជាក្រោម)។ ស្តេចត្រាញ់នេះតែងរៀបចំការប្រណាំងទូក ជាលក្ខណៈសមយុទ្ធយោធា ជារៀងរាល់ឆ្នាំ ដោយចែកទាហានជើងទឹក ជា៣ក្រុម គឺទ័ពស្រួច ទ័ពជំនួយ និងទ័ពបាសាក់។ ទ័ពស្រួច ហាត់ចែវប្រណាំងនិងច្បាំង សមដៃគ្នាលើទូកង ទូកមួង។ ទ័ពជំនួយ ហាត់ ច្បាំងនឹងទូកចែវ២ជួរ ដែលមានរូបរាងដូចទូកប្រណាំងសព្វថ្ងៃ។ ទ័ពបាសាក់ ជាទូកធំមានដំបូល ហៅថា ទូកប៉ុកចាយ សម្រាប់ ដាក់ស្បៀងអាហារចិញ្ចឹមទ័ព។ ស្តេចត្រាញ់ តែងរៀបចំការប្រណាំងទូក នៅ “ពាមកន្ថោរ” ដែលជាបន្ទាយស្តេចត្រាញ់ រយៈ ពេល១យប់ ១ថ្ងៃ ជាប់ជាប្រពៃណីតមក ក្លាយទៅជាព្រះរាជពិធីបុណ្យអុំទូក ភ្ជាប់ជាមួយការបណ្តែតប្រទីប  សំពះព្រះខែ និងអកអំបុក ដែលប្រជាពលរដ្ឋខ្មែរ បានជ្រួតជ្រាបជាទូទៅ។

បច្ចុប្បន្ន ទូកសម្រាប់យកមកប្រណាំង មានតែ២ប្រភេទប៉ុណ្ណោះ គឺទូកង និងទូកមួង ដោយប្រើកីឡាករចែវ និងអុំ ដោយមិននិយាយពីទូកអន្តរជាតិ នោះទេ។ គ្រប់ទូករបស់ខ្មែរ សុទ្ធតែធ្វើពីដើមគគីរ ដែលកាប់ដឹកចេញពីព្រៃជ្រៅ ឬដុះក្នុងទី អារាម មកសិតជាទូកដ៏វែង ផ្ទុកមនុស្សបានរាប់សិបនាក់។ បើជាងមានទេពកោសល្យ នឹងធ្វើឱ្យទូកង ទូកមួង មានល្បឿនលឿន ប្រណាំងមិនដែលចាញ់គេទេ ជាពិសេស តាមជំនឿបុរាណថា បើមានព្រាយកាន់ក្បាលទូកខ្លាំងពូកែ តែងតែឈ្នះគេដាច់ជា រៀងរាល់ឆ្នាំ។ យោងតាមឯកសារខ្លះថា កាលពីសម័យលង្វែក មានទូកគគីរ១ ឈ្មោះ “ទូកសារាយអណ្តែត” ឬ “ទូកចង្ហាន់ហុយ” ជារបស់ព្រះសង្ឃគង់នៅក្រុងលង្វែក។ ព្រះសង្ឃក្នុងវត្តនោះ តែងតែគង់លើទូក និមន្តទៅបិណ្ឌបាតដល់ឆ្នេរបឹងទន្លេសាប នា តំបន់អង្គរ ដោយមានពុទ្ធបរិស័ទខ្លាំងៗ ជួយចែវ ជួយអុំ។ ទូកនោះលឿនគ្មានគូប្រដូច ដោយចេញដំណើរពីព្រលឹម អាចវិល មកដល់វត្តវិញទាន់ចង្ហាន់ត្រង់ ឬថា ចង្ហាន់ដែលបិណ្ឌបាតនោះ នៅក្តៅហុយៗ ក៏ជាប់ឈ្មោះថា “ទូកចង្ហាន់ហុយ” យ៉ាងនេះទៅ។

ទូកង ទូកមួង ដែលត្រូវយកមកប្រណាំងជារៀងរាល់ឆ្នាំនេះ ខ្លះជាទូកចាស់ ខ្លះទៀតទើបនឹងសិតបានបួនប្រាំឆ្នាំ មាន តម្លៃ រាប់ម៉ឺនដុល្លារ ឯណោះ ដោយមានការឧបត្ថម្ភថវិកាពីមន្ត្រីរដ្ឋាភិបាល ឬឧកញ៉ាដែលធ្លាប់មានមុខមាត់ក្នុងសង្គម ជាពិសេស គាំទ្របក្សកាន់អំណាច។ នៅពេលចេញប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នាមុខព្រះបរមរាជវាំង កីឡាករប្រចាំទូកនីមួយៗ សុទ្ធតែមានការឧបត្ថម្ភជាលុយកាក់ សម្លៀកបំពាក់ឯកសណ្ឋានកីឡាករ គ្រឿងឧបភោគ-បរិភោគ កន្លែងស្នាក់នៅយ៉ាងសមរម្យ ដោយមានរាយនាមអ្នកឧបត្ថម្ភ ដែលភាគច្រើនគាំទ្របក្សកាន់អំណាច។ កម្រមានមន្ត្រីបក្សប្រឆាំង ឬថៅកែធំៗ គាំទ្របក្ស ប្រឆាំង ចេញមុខឧបត្ថម្ភកីឡាករអុំទូកជាផ្លូវការដូចគេណាស់ ជាហេតុនាំឱ្យមានការរិះគន់ពីសំណាក់អ្នកគាំទ្របក្សប្រឆាំង ថា “អុំទូកបក្ស”។

តាមពិតទៅ ព្រះរាជពិធីបុណ្យអុំទូក មិនពាក់ព័ន្ធគណបក្សនយោបាយអ្វីទេ ដោយសារជាព្រះរាជប្រពៃណីព្រះមហាក្សត្រ គ្រប់ជំនាន់ តាំងពីបរមបុរាណមក។ កាលពីសម័យសង្គមរាស្ត្រនិយម ការឧបត្ថម្ភកីឡាករអុំទូក ភាគច្រើនជាថៅកែម៉ាស៊ីន- ស្រូវតាមស្រុកភូមិ អុងប៉ាង កុងស៊ី ជាប់សែចិន ដោយមានចៅហ្វាយស្រុក មេឃុំ មើលការខុសត្រូវ គ្មាននយោបាយអីមកលាយ- ឡំនោះទេ។ ថ្ងៃប្រណាំងទូកចូលមកដល់ ចាប់តាំងពីម៉ោង២រសៀល ក៏មានព្រះរាជវង្សានុវង្ស នាហ្មឺនសព្វមុខមន្ត្រី ទាំងទាហាន ស៊ីវិល ទៅក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅព្រះទីនាំងរាជបល្ល័ង្ក ដើម្បីដង្ហែព្រះអង្គ យាងទៅគង់ប្រថាប់នៅព្រះរាជដំណាក់ ផែ ចាំទតការប្រណាំងទូក។ ឯទូកប្រណាំងទៀតសោតក៏មិនច្រើនដូចសម័យបច្ចុប្បន្ននេះដែរ ជាពិសេស កីឡាករម្នាក់ៗ ដឹង- តែសប្បាយរីករាយ ពេលបានឃើញព្រះភ័ក្ត្រព្រះមហាក្សត្រជាទីសក្ការៈ ពុំដែលនឹកនាដល់នយោបាយ ឬបម្រើឱ្យគណបក្ស ណានោះទេ។

ដូច្នេះ ការរិះគន់ថា “អុំទូកបក្ស” នោះ គួរយើងពិចារណាដែរ ព្រោះបើគ្មានហេតុ ក៏គ្មានបច្ច័យនោះដែរ។ ហេតុនិងបច្ច័យ វាជាច្រវាក់ទាក់ទងគ្នា មិនអាចកាត់ផ្តាច់បានឡើយ ដូច្នេះ អាចថាមកពីអ្នកមានទ្រព្យសម្បត្តិ ដែលជួយឧបត្ថម្ភកីឡាករអុំទូក យកឈ្មោះបក្សទៅប្រើ ទើបបានជាមានការរិះគន់បែបនេះ។ ដូចអ្វីដែល “នគរធំ” ធ្លាប់បានបរិយាយពី “កឋិនទាន ឬកឋិនបក្ស” រួចមកហើយ ពាក់ព័ន្ធដល់ពិធីបុណ្យសាសនា ប្រឡាក់ប្រឡូសនឹងនយោបាយ ដែលនាំមកនូវការបែកបាក់ បាត់បង់ឯកភាពជាតិ។ ចំណែកព្រះរាជពិធីបុណ្យអុំទូក ជាព្រះរាជពិធីទ្វាទសមាស ឬថា ជាព្រះរាជពិធីដែលព្រះមហាក្សត្រកាន់ជាប់ជាទំនៀម តាំង ពីសម័យអង្គរ មកនោះ មិនអាចក្លាយទៅជា “អុំទូកបក្ស” បានឡើយ ទោះជាមានការរិះគន់ខ្លះៗយ៉ាងណាក៏ដោយចុះ។

សរុបទៅ “បុណ្យអុំទូក មិនពាក់ព័ន្ធនយោបាយ” មានន័យយ៉ាងនេះឯង ប៉ុន្តែ ករណីមានការរិះគន់ខ្លះៗនោះ ក៏ដោយសារ អ្នកគាំទ្រនយោបាយ ធ្វើឱ្យប៉ះពាល់ដល់បរិយាកាសសង្គម។ ហេតុនេះ គួរតែអ្នករិះគន់បញ្ឈប់ការរិះគន់នោះទៅ រីឯកីឡាករ ប្រណាំងទូក ដឹងតែប្រឹងយកឈ្នះឱ្យបាន កុំពាក់ព័ន្ធនឹងនយោបាយ ជាពិសេស គួរផ្តោតសតិអារម្មណ៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រះរាជពិធីបុណ្យជាតិ មិនមែនជារបស់គណបក្សណានោះទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES