Friday, March 29, 2024
Homeបរិយាយឈើ​ឧត្តម​សេ​នីយ៍

ឈើ​ឧត្តម​សេ​នីយ៍

បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងឱកាសចុះល្បាតព្រៃឈើនៅក្នុងព្រៃព្រះរកា នាខេត្តព្រះវិហារ រួមដំណើរដោយមន្ត្រីបរិស្ថាន និងសមត្ថកិច្ចប្រដាប់អាវុធមួយចំនួនផងនោះ បានរកឃើញគំនរឈើជាច្រើន ដែលមិនទាន់ដឹក ចេញ។ ឈើទាំងនោះ ភាគច្រើនជាប្រភេទឈើដួងចែម ប៉ុន្តែ ប្រជាសហគមន៍នៅតំបន់នោះ នាំគ្នាហៅថា “ឈើឧត្តម- សេនីយ៍” បាត់ឈ្មោះដើមអស់រលីង ទើប “នគរធំ” សូមលើករឿងឈើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីពេលថ្មីៗនេះ ព្រះតេជគុណប៊ុត ប៊ុនតិញ ព្រះប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានមានថេរដីកាថា “ឈើរបស់គាត់ដឹកមិនទាន់អស់ទេ នៅក្នុងព្រៃហ្នឹង ប្រហែលជា៣៤ ទៅ៣៥គូប ទៀត ហើយជាប្រភេទឈើដួងចែម… ឥឡូវគេផ្លាស់ប្តូរឈ្មោះឈើ ទៅជាឈើឧត្តមសេនីយ៍វិញ”។ បើយកករណីនេះ មក ពិចារណា ពាក្យ “ឈើឧត្តមសេនីយ៍” មានន័យថា ជាឈើរបស់លោកឧត្តមសេនីយ៍ណាម្នាក់ ដែលមានអំណាចខ្លាំងនៅតំបន់ នោះ ប៉ុន្តែ អ្នកស្រុកនាំគ្នាហៅឈើដួងចែម ថា “ឈើឧត្តមសេនីយ៍” ប្រែក្លាយ “ការកនាម” ឱ្យទៅជា “បុរិសសព្វនាម”។ ដូច្នេះ ទៅថ្ងៃអនាគត “ដើមដួងចែម” នឹងក្លាយទៅជា “ដើមឧត្តមសេនីយ៍” មិនខានឡើយ។

“ដើមដួងចែម” ជាឈើមួយប្រភេទ ដែលអ្នកស្រុកនៅតំបន់កែវផុស ខេត្តព្រះសីហនុ ហៅថា “ដើមបីសន្លឹក” ជា ប្រភេទឈើលេខ១ សម្រាប់ប្រើក្នុងសំណង់ ខណៈដែល “ដើមគ្រញូង” ជាប់លេខ១ សម្រាប់ប្រើក្នុងការផលិតគ្រឿងសង្ហារិម។ ធម្មតាឈើ សុទ្ធតែមានលេខ១ ដោយឡែកពីគ្នា គឺឈើខ្នុរ ជាប់លេខ១ ខាងផលិតតាឃេ ស្គរ ជាឧបករណ៍តន្ត្រី, ឈើ ក្រឡាញ់ ជាប់លេខ១ខាងធ្វើកាំរទេះ, ឈើស្រឡៅ ជាប់លេខ១ ខាងធ្វើច្រវាចែវទូក, ឈើគ ឬដើមគ ជាប់លេខ១ខាង ធ្វើក្តារឆ្នួន ដែលសិស្សក្មេងវត្តជំនាន់ដើម ត្រូវតែមានក្តារឆ្នួនដើមគ ប្រវែង២ហត្ថ មិនអាចខ្វះបានឡើយ។

ឈើមានរាប់រយពូជឯណោះ ដែលមនុស្សសម័យនេះ បើដើរចូលព្រៃ អាចស្គាល់ឈើបានត្រឹម១០ពូជ ចាត់ទុកថា ជាអ្នកខ្លាំងខាងអត្តសញ្ញាណជាតិ។

នៅក្នុងអក្សរសិល្ប៍ខ្មែរ រឿង “ក្រុងសុភមិត្រ” និពន្ធដោយ “ឧកញ៉ាកោសាធិបតីកៅ” នារជ្ជកាលព្រះបាទអង្គឌួង បានសរសេរពណ៌នាពីទិដ្ឋភាពព្រ្រៃក្សឹា ជាបទភុជង្គលីលា ថា “ពណ៌នាព្រឹក្សាដោយថ្នល់ រុះរោយរាយផល អនេកត្រៀប- ត្រា។ ព្រូសព្រីងបុស្សបេងទន្លា ទន្លាប់ភេកា សំរោងសំរង។ ស្មែស្មាច់លាយលេចអង្គ្រង ត្រៀបត្រាភ្លូភ្លង ច្រេសជ្រួយក្រស្នា។ មង្ឃុតល្មុតសែដា ស្រល់ស្រូលឆាំឆា ត្រឡាត់ត្រឡក។ សម៉ពង្រនូវធ្លក ត្រៀកត្រាចប៉ប្រក ខ្វាវខ្វិតខ្នុរខ្នារ។ ស្វាតស្វាយក្រូច ក្រាយរកា ពពេលពពារ កប្បាសក្របៅ។ ផ្តកផ្តៀកចង្រៀកតាត្រៅ ចាកចេកព្និលព្នៅ ផ្ចឹករាំងក្រកោះ។ គ្រើលគ្រង់លំពង់- លំពស់ រលួសរលាះ រលាយរលា…” ដែលបង្ហាញថា ឈើនៅកម្ពុជា មានរាប់រយពូជ ដែលមនុស្សសម័យនេះស្គាល់មិនអស់។

ងាកមករឿង “ឈើឧត្តមសេនីយ៍ ឬដើមឧត្តមសេនីយ៍” វិញ ទំនងជាចៀសមិនផុតពីការបាត់ឈ្មោះ “ដើមដួងចែម ឬ ដើមបីសន្លឹក” នោះទេ។ ការបាត់ឈ្មោះដើម អាចមិនខុសពី “ដើមរាជកុល” ដែលជាឈើប្រណីតមួយប្រភេទដែរ សម្រាប់ យកទៅធ្វើតុទូ ដែលសព្វថ្ងៃ ឈើរាជកុល មានដុះតែនៅតំបន់ភ្នំក្រវាញ និងភ្នំឱរ៉ាល់។ យោងតាមការតំណាលរបស់ចាស់ៗ ជំនាន់មុនថា ដើមរាជកុល ពីមុនមិនមែនឈ្មោះយ៉ាងនេះទេ គឺវាចាប់ប្រភពពី “រាជកុលមហាមន្ត្រី” ដែលប្រើបរិវារឱ្យទៅ កាប់យកតែឈើ១មុខនេះ ទៅសង់វិមានរបស់គាត់ កាលពីសម័យឧដុង្គ។ រាជកុលមហាមន្ត្រី ឬឧកញ៉ាមហាមន្ត្រី ជាគូនិង ឧកញ៉ាមហាទេព ជាចាងហ្វាងស្តាំ-ឆ្វេង ទទួលបន្ទុករៀបចំពិធីការក្នុងព្រះបរមរាជវាំង ហៅថា “ឧកញ៉ារឿនហ្លួង” ក៏ បាន។ នៅក្នុងពិធីរៀបមង្គលការ ក៏មានការជ្រើសតាំងបុរសចំណាស់១រូប ឱ្យឡើងទីជាមហាទេព, មហាមន្ត្រី, មហាសួស្តី ដែលប្រជាពលរដ្ឋនិយមហៅ “អ្នកផ្លូវ” ឬ “អ្នកមហា” សម្រាប់រៀបចំភ័ស្តុភារបណ្ណាការផ្សេងៗ។ រឿងតំណាលពីឧកញ៉ា រាជកុលមហាមន្ត្រី ប្រើបរិវារឱ្យកាប់ឈើប្រណីត មានដុះតែក្នុងព្រៃជ្រៅ មកសង់វិមាននោះ ក៏ជាប់ឈ្មោះថា “ឈើរាជកុល ឬដើមរាជកុល” រហូតដល់សព្វថ្ងៃ បាត់ឯឈ្មោះដើមអស់រលីង។ ដើមរាជកុល មិនដូច “ដើមព្កុល” នោះទេ ព្រោះឈើព្កុល ឬពកុល មិនអាចប្រើក្នុងសំណង់បានឡើយ វាដុះសម្រាប់ផ្តល់ជាផ្កាដ៏ក្រអូប លម្អសួនឧទ្យាន ឬក្នុងទីអារាម សូម្បីនៅក្នុង បរិវេណព្រះវិហារព្រះកែវមរកត នាព្រះបរមរាជវាំង ក៏មានដើមព្កុល ដែរ។ ករណីឧកញ៉ារាជកុល អាចសង់វិមានធ្វើពី ឈើធំស្កឹមស្កៃបាននោះ គឺមកពីលោកមានអំណាចខ្លាំងនៅក្នុងព្រះបរមរាជវាំង ទើបសូម្បីតែឈើ ក៏ត្រូវប្តូរឈ្មោះដើម យក តាមគោរមងាររបស់លោកដែរ។

ដូច្នេះយើងឃើញថា ករណីប្រជាសហគមន៍នៅតំបន់ព្រៃព្រះរកា នាំគ្នាហៅ “ឈើដួងចែម” ទៅជា “ឈើឧត្តមសេនីយ៍” ហើយត្រូវបានព្រះតេជគុណប៊ុត ប៊ុនតិញ លើកឡើងតាមបណ្តាញព័ត៌មានថែមទៀតនោះ ច្បាស់ជាមនុស្សស្រករក្រោយ ហៅតាមគ្នាទៅទាំងប៉ីទាំងស្គរមិនខានឡើយ។ អាចថា មកពីលោកឧត្តមសេនីយ៍នោះ មានអំណាចខ្លាំងនៅតំបន់នោះ ដោយគ្មានអាជ្ញាធរដែនដីណាហ៊ានប៉ះពាល់ ទើបបានជាគំនរឈើដួងចែម ដែលដឹកមិនទាន់អស់នោះ ជាប់ឈ្មោះរបស់លោក ដែលជាបុរិសសព្វនាម។ ឥទ្ធិពលរបស់អ្នកមានអំណាចខ្លាំង ឬល្បីខ្លាំង បានយកទៅដាក់ឈ្មោះឈើច្រើនពូជទៀត គឺក្រៅ ពីឈើរាជកុល នៅមាន “ឈើតាត្រៅ” និង “ឈើមន្ទារបុស្ស” ជាដើម។ ឈើតាត្រៅ ក៏ជាប់លេខ១ដែរ ខាងយកទៅ ផលិតថាំងរែកទឹក ឬក្តារមឈូស ដោយហេតុថា ឈើនេះមិនចេះពុក ទោះជាកប់ក្នុងដី ឬត្រាំទឹក១០០០ឆ្នាំ ក៏នៅតែមិន ខូច។ យើងអាចសន្និដ្ឋានបានថា មកពីតាម្នាក់ឈ្មោះ “តាត្រៅ” ទៅកាប់ឈើនេះ មកធ្វើថាំងលក់ឱ្យអ្នកស្រុក លុះប្រើប្រាស់ ជាប់បានយូរ ក៏ជាប់ឈ្មោះថា “ឈើតាត្រៅ” យ៉ាងនេះទៅ។ ឯឈើមន្ទារបុស្ស អាចថា មកពីឥទ្ធិពលព្រះពុទ្ធសាសនា តំណាល ពីទេពធីតាព្រះនាមមន្ទារបុស្ស សោយសម្បត្តិទិព្វ នាឋានត្រៃត្រិង្សទេវលោក មានរាជព្រឹក្សដុះពីមុខវិមានប្រាសាទ បញ្ចោញ ផ្កាក្រអូបឆួល ទើបប្រជារាស្ត្រខ្មែរ នាំគ្នាដាក់ឈ្មោះឈើតូចមួយប្រភេទ ក្នុងពពួកយីហ៊ុប ដុះក្នុងព្រៃ មានផ្កាក្រអូបឈ្ងុយឈ្ងប់ ថាជា “ឈើមន្ទារបុស្ស” យកតាមឈ្មោះទេពធីតានោះឯង។

ទោះជា ឈើដួងចែម ត្រូវប្រជាសហគមន៍ឱ្យឈ្មោះថា ឈើឧត្តមសេនីយ៍ ក៏វាជាទិដ្ឋភាពមួយបង្ហាញពីភាពកម្សោយ និងអសកម្មរបស់អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធដែលមានភារកិច្ចការពារព្រៃឈើ។ ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងដាច់អហង្ការឱ្យបោសសម្អាតឈ្មួញបំផ្លាញព្រៃឈើ ទោះជាមានបុណ្យស័ក្តិប៉ុនជញ្ជាំងវិហារ ក៏ត្រូវតែចាប់ខ្លួននាំឡើង តុលាការដែរ ប៉ុន្តែហេតុអ្វីនៅតែមានឧត្តមសេនីយ៍ យកឥទ្ធិពលទៅប្រើក្នុងការជួញឈើ ហើយមិនត្រឹមតែជួញនោះទេ ថែម ទាំងមានអានុភាពលុបឈ្មោះឈើដួងចែម ទៅជាឈើឧត្តមសេនីយ៍ទៀត។ ជារឿងគួរឱ្យខ្មាសអៀនដែរ ដែលព្រៃឈើមាន មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ប៉ូលិស ទាហាន ប៉េអឹម ឈរយាមបណ្តាក់គ្នាដូចខ្យង បែរជាបណ្តោយឱ្យឈ្មួញកាប់ បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើតាមរថយន្តបានស្រេចចិត្ត ឡើងខូងផ្លូវជាតិ បំពានលើអនុសាសន៍នាយករដ្ឋមន្ត្រី។ អ្វីដែល ខ្មាសបំផុត បែរជាមានព្រះសង្ឃ គ្រងស្បង់ចីវរក្រហមពេញព្រៃ ទៅល្បាតការពារព្រៃ រកឃើញថាព្រៃឈើនៅតែរងការ កាប់បំផ្លាញដោយមេឈ្មួញធំៗ និងមន្ត្រីធំៗក្បាលខូច គ្មានការទប់ស្កាត់ និងបង្ក្រាបពីអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ។

សរុបទៅ “ឈើឧត្តមសេនីយ៍” មានន័យយ៉ាងនេះឯង សំដៅដល់ភាពធូររលុង សមគំនិតគ្នាបំផ្លាញព្រៃឈើ ធ្វើឱ្យប្រជា- ពលរដ្ឋអស់សង្ឃឹម ក៏ “រុញទូកបណ្តោយទឹក”។ ការរុញទូកបណ្តោយទឹកនេះ គឺការនាំគ្នាហៅឈើសំណង់លេខ១ ប្រភេទ ដួងចែម ទៅជា “ឈើឧត្តមសេនីយ៍” នេះឯង ដែលឈើនេះ នឹងមានវាសនាមិនខុសពីឈើរាជកុល ឈើតាត្រៅ ឈើមន្ទារ- បុស្ស ដូចអ្វីដែលយើងរៀបរាប់ខាងលើ ដែលបង្ហាញថា ឧត្តមសេនីយ៍នោះ ពិតជាមានឥទ្ធិពល ឬក៏ខ្លាំងជាងឧកញ៉ារាជកុល នាសម័យឧដុង្គ ទៅទៀត៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES