Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមលោក​ហ៊ុន ម៉ា​ណែត និង​លោក​សួន សេរី​រដ្ឋា ឆ្លើយ​ឆ្លង​សារ​តាម​ហ្វេស​ប៊ុក

លោក​ហ៊ុន ម៉ា​ណែត និង​លោក​សួន សេរី​រដ្ឋា ឆ្លើយ​ឆ្លង​សារ​តាម​ហ្វេស​ប៊ុក

ភ្នំពេញ ៖ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បុត្រាច្បងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការបកស្រាយ ឆ្លើយតបភ្លាមៗ តាមរយៈទំព័រហ្វេសប៊ុក ទៅ កាន់លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ ដែលបានធ្វើការរិះគន់ជុំវិញការ ចុះចែកអំណោយជាសម្ភារៈប្រើប្រាស់ និងអាវ រងាជូនកងទ័ពដែលឈរជើងការពារទឹកដីនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកហ៊ុន ម៉ាណែត បានសរសេរក្នុង ទំព័រហ្វេបប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “សួស្តី មិត្ត តាមបណ្តាញ Facebook ទាំងអស់! ថ្ងៃ នេះ ខ្ញុំសូមឆ្លើយតបជាមួយលោកសួន សេរីរដ្ឋា បន្តិច ចំពោះការលើកឡើងរបស់គាត់ ទាក់ទង នឹងការនាំយកអាវរងា ដែលជាអំណោយដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ជូនដល់បងប្អូនកង- កម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការ ពារតាមបណ្តោយព្រំដែនគោក ព្រំដែនទឹក និងបណ្តាកោះនានា ៖

១-ថវិកាក្រសួងការពារជាតិ ដែលទទួល បានពីកញ្ចប់ថវិកាជាតិ មិនបាត់ទៅណាទេ គឺ ប្រើប្រាស់ទៅតាមគម្រោងផែនការឆ្នាំដែលបាន លើកឡើងទៅក្រសួងហិរញ្ញវត្ថុ ដោយមួយ ផ្នែកធំ គឺចំណាយទៅលើការដំឡើងប្រាក់បៀវត្ស របស់យោធិន សំដៅលើកម្ពស់ជីវភាព រស់នៅ របស់យោធិននិងក្រុមគ្រួសារ។ ក្រៅពីនោះ ក៏មានចំណាយទៅលើការងារហ្វឹកហ្វឺន ការ ផ្គង់ផ្គង់សម្ភារៈ និងយោធបរិក្ខារកងទ័ព ការងារ ប្រតិបត្តិការកងទ័ព ការងារថែទាំបច្ចេកទេស គ្រឿងចក្រ៘

២-អាវភ្លៀង និងអាវរងា ដែលសម្តេច ផ្តល់ជូនទៅកងកម្លាំងជាប្រចាំកន្លងមកនេះ គឺ មិនមែនសម្រាប់ជំនួសឱ្យគោលរបបដែលយោធិន បានទទួលពីក្រសួងការពារជាតិនោះទេ ប៉ុន្តែ វាជារបស់បន្ថែមដែលសម្តេច ផ្តល់ជូនជាការ លើកទឹកចិត្តដល់កងកម្លាំង ដែលបងប្អូនបាន ខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី របស់យើង។

៣-ចំពោះថវិកាសម្រាប់ទិញអាវរងា និង អាវភ្លៀងនេះ គឺបានមួយផ្នែក ពីការចូលរួម ផ្ទាល់របស់សម្តេច និងមួយផ្នែកទៀត គឺបាន មកពីការចូលរួមរបស់សប្បុរសជនជាច្រើន តាម គំនិតផ្តួចផ្តើមនិងការអំពាវនាវរបស់សម្តេច។ ពោលគឺមិនប៉ះពាល់ថវិកាជាតិទេ។

៤-ជាចុងក្រោយនេះ ខ្ញុំសូមជូនយោបល់ ទៅលោកសួន សេរីរដ្ឋា ថា ជាជាងការចំណាយ ពេលវេលា និងខួរក្បាលរបស់លោកទៅលើការ ខិតខំរកវិធីរិះគន់ដល់អ្នកដែលធ្វើសកម្មភាព ជួយដល់កងទ័ព (ដូចជាការផ្តល់អាវភ្លៀង ឬ អាវរងាដល់កងទ័ពនេះ) លោកគួរតែចំណាយ ពេលវេលាគិតរកវិធីជួយដល់កងទ័ព តាមរូបភាពណាដែលខ្លួនមានលទ្ធភាពធ្វើ ព្រោះផល- ប្រយោជន៍ដែលបងប្អូនកងកម្លាំងបានផ្តល់ឱ្យ តាមរយៈការខិតខំបំពេញភារកិច្ចរបស់គាត់ ក្នុងការការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព និងសន្តិសុខសង្គម គឺសម្រាប់ យើងទាំងអស់គ្នា រួមទាំងរូបលោកនិងក្រុមគ្រួសារផងដែរ។ យើងគួររួមគ្នាធ្វើ វាប្រសើរ ជាងរួមគ្នាថា។ ហើយបើថា ក៏ថាចុះ សូមជួយ ធ្វើខ្លះផង។

សូមជូនពរមិត្តទាំងអស់សប្បាយរីករាយ ក្នុងឱកាសបុណ្យអុំទូក”។

ក្រោយពីទទួលបានការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត ជុំវិញករណីខាងលើរួចមក នៅ ព្រឹកថ្ងៃទី១៤ វិច្ឆិកា ដដែលនោះ លោកសួន សេរី រដ្ឋា បានសរសេរសារឆ្លើយតបនៅលើ ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុងថា “ខ្ញុំសូមអរគុណ ឧ ហ៊ុន ម៉ាណែត ដែលបានឆ្លើយតបនូវសំណួរមួយចំនួន របស់ខ្ញុំ ដែលខ្ញុំបានសរសេរដាក់ផ្សាយ កាលពី ថ្ងៃទី១២ វិច្ឆិកា ២០១៦ កន្លងទៅ នៅលើ ហ្វេសប៊ុកផ្លូវការរបស់ខ្ញុំ!។

នេះចាត់ទុកជាវប្បធម៌ប្រជាធិបតេយ្យ ប្រយោលមួយ ដែលទោះបីមិនទាន់បានពេញ លេញជាការដេញដោលគ្នានៅលើវេទិកាសា- ធារណៈនៅចំពោះមុខពលរដ្ឋក៏ដោយ ក៏ជាការ ចាប់ផ្តើមមួយដែលអាចហៅបានថា “មាន សំណួរ មានចម្លើយ”។ តែខ្ញុំនៅតែយល់ថា ការ ឆ្លើយឆ្លងពីចម្ងាយម្តងម្នាក់ នៅតែមិនអាច គ្រប់គ្រាន់អាចទទួលយកបានទេ ហើយពលរដ្ឋ នៅតែមិនអាចយល់អស់សេចក្តីទេ បើយើង ទាំងអស់គ្នា នៅតែបន្តគេចវេះចេញពីវេទិកា សួរដេញគ្នាជាសាធារណៈ រវាងអ្នកនយោបាយ ស្មើឋានៈ (បេក្ខជននាយករដ្ឋមន្ត្រី ជាមួយនឹង បេក្ខជននាយករដ្ឋមន្ត្រី) ដើម្បីឱ្យពលរដ្ឋបាន ស្តាប់ និងបានចូលរួមសួរសំណួរជាសាធារណៈ  ដោយឥតមានការភិតភ័យ។

ដូចខ្ញុំធ្លាប់បានសរសេរបញ្ចោញមតិរួចហើយ ថា ខ្ញុំចង់ឃើញពលរដ្ឋខ្មែរបញ្ចប់វប្បធម៌ដើរ តាមអ្នកនយោបាយដែលខ្លួនគាំទ្រ រួចទៅធ្វើ បាតុកម្មប្រឆាំងដេញអ្នកដែលខ្លួនមិនគាំទ្រ ដោយ ខ្ញុំចង់ដាក់ជំនួសនូវវប្បធម៌ថ្មី គឺពលរដ្ឋខ្មែរទាំង អស់ រួមគ្នាហៅអ្នកនយោបាយមកពីគ្រប់បក្ស ឱ្យឡើងលើវេទិកាសាធារណៈ រួចនាំគ្នាលើកដៃ សួរដេញដោយពីបញ្ហានិងដំណោះស្រាយ ឱ្យ ពួកគេបញ្ចោញសមត្ថភាពឆ្លើយនិងដោះស្រាយ វិញ។

ចំពោះខ្ញុំ ចម្លើយរបស់ ឧ. ហ៊ុន ម៉ាណែត ថ្ងៃនេះ រឹតតែបង្កើតឡើងនូវសំណួរច្រើនថែម ទៀត (Your answer is raising more questions now)។ ជូនពរកងទ័ពជាតិ អ្នក ការពារទឹកដី! បរាជ័យកងទ័ពចោរ ដែលធ្វើ បាបពលរដ្ឋ!”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ លោកហ៊ុន ម៉ាណែត បាន ចុះបំពេញបេសកកម្មទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីនាំយកអាវរងាដែល ជាអំណោយរបស់សម្តេចហ៊ុន សែន នាយក- រដ្ឋមន្ត្រី ទៅប្រគល់ជូនកងកម្លាំងដែលកំពុង ឈរជើងការពារនៅតាមបណ្តោយព្រំដែន។

បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានសរសេររិះគន់នៅលើទំព័រ ហ្វេសប៊ុករបស់លោកថា “តើថវិកាដែលក្រសួង ការពារជាតិ ទទួលបានមកពីកញ្ចប់ថវិកាជាតិ ប្រចាំឆ្នាំមួយឆ្នាំៗ យកទៅណាអស់ បានជា ពេលដែលកងទ័ពខ្វះខោអាវ សម្ភារៈប្រើប្រាស់ បែរជាចាំមេទ័ពឧត្តមសេនីយ៍ហ្នុងយកអំណោយ ទៅចុះចែកវិញ?

តើប្រាក់ខែ មេទ័ព ឧត្តមសេនីយ៍ ១ខែ បានប៉ុន្មាន? កាច់កិនថ្លៃចំណាយក្នុងគ្រួសារ ហើយ តើមួយខែសល់ប៉ុន្មាន? ហើយមានមុខ- របរក្រុមហ៊ុនរកស៊ីអ្វីខ្លះ? ម្តេចក៏ក្រសួងការពារ ជាតិ ដែលយកលុយថវិកាជាតិសម្រាប់ទៅផ្គត់ផ្គង់ ឱ្យកងទ័ព បែរជាផ្គត់ផ្គង់មិនគ្រប់គ្រាន់ ហើយ បែរជាមេទ័ព ឧត្តមសេនីយ៍ កូនរបស់នាយករដ្ឋមន្ត្រី មានសល់លុយទិញសម្ភារៈ ខោអាវ យកទៅចែកអំណោយកងទ័ពទៅវិញ? ឬយក ពីឃ្លាំងកងទ័ព ដែលយកលុយជាតិទៅទិញ ហើយលួចយកឈ្មោះខ្លួនឯងដាក់ថា ជាម្ចាស់ អំណោយ ដូចនាយករដ្ឋមន្ត្រី លួចលុយពីជាតិ ទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយ ដាក់ឈ្មោះខ្លួនឯង?

ទាំងអស់នេះជាសំណួរដែលត្រូវឆ្លើយឱ្យ មានតម្លាភាព ដើម្បីឱ្យពលរដ្ឋអាចទទួលយក បាន”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES