Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមលោក​កឹម សុខា ណែ​នាំ​មន្ត្រី​បក្ស ជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

លោក​កឹម សុខា ណែ​នាំ​មន្ត្រី​បក្ស ជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ  លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ចេញសេចក្តីណែនាំដល់ មន្ត្រីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យ ធ្វើយុទ្ធនាការយ៉ាងសកម្ម ក្នុងការជំរុញលើកទឹក ចិត្តប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត   និងមិនទាន់បានចុះឈ្មោះបោះឆ្នោតឱ្យប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតតាមពេលវេលា កំណត់របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដែលនឹងបញ្ចប់ត្រឹមថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នេះហើយ តែប្រជាពលរដ្ឋ ចំនួនជាង២លាននាក់ទៀត មិនទាន់បានចុះ ឈ្មោះនៅឡើយ។

សេចក្តីណែនាំរបស់គណបក្សសង្គ្រោះជាតិ លេខ១៨២១/១៦ គ..ជ ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្តីពីយុទ្ធនាការចុះឈ្មោះបោះឆ្នោតនោះ មានខ្លឹមសារថា គណបក្សសង្គ្រោះជាតិ សូម ធ្វើការណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មានក្រុមការងាររាជធានីខេត្ត គណៈកម្មាធិការប្រតិបត្តិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ ទាំង២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើយុទ្ធនាការ ផ្សព្វផ្សាយយ៉ាងសកម្មក្នុងការជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ទាំងអស់ ហើយមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយ ឱ្យប្រញាប់រួសរាន់អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត ឱ្យទាន់ពេលវេលាតាម ការកំណត់របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ដែលត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឆាប់ៗខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកលោកស្រី ជាថ្នាក់ដឹកនាំគណបក្សគ្រប់ លំដាប់ថ្នាក់ អនុវត្តតាមសេចក្តីណែនាំនេះ ឱ្យ បានប្រសិទ្ធភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ

ដោយឡែក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកកឹម សុខា ធ្លាប់បានអំពាវនាវ តាមរយៈវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោកដែលមានខ្លឹមសារថាខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូមអំពាវនាវសាជាថ្មីម្តងទៀត ចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួម ជាតិ ខ្មែរទាំងអស់ ដែលមានព្រះជន្ម និងអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៦ សូមនិមន្ត និងអញ្ជើញ ឱ្យបានរួសរាន់ ទៅចុះឈ្មោះបោះឆ្នោត សម្រាប់ ធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី ព្រោះរយៈពេល កំណត់សម្រាប់ការចុះឈ្មោះបោះឆ្នោតនេះ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ឆាប់ៗខាងមុខនេះហើយ។

ខ្ញុំព្រះករុណា ខ្ញុំបាទ យល់ឃើញថា ទោះបី ជាមានឧបសគ្គឆ្លងកាត់ការលំបាកយ៉ាងណា ក៏ដោយ ក្នុងនាមជាពលរដ្ឋខ្មែរ បងប្អូនជនរួមជាតិ គួរតែព្យាយាមឱ្យអស់ពីលទ្ធភាព បំពេញ កាតព្វកិច្ចទៅចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យ បងប្អូនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ទើបបងប្អូនអាចអញ្ជើញទៅបោះឆ្នោតបាន ដើម្បីសម្រេចជោគវាសនាអនាគតខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើង បាន

ជាមួយនេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅបរទេស បានអំពាវនាវតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អញ្ជើញទៅចុះ ឈ្មោះបោះឆ្នោតឱ្យបានមុន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

kem-soka

ក្រៅពីថ្លែងតាមវីដេអូឃ្លីបលោកសម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់ លោក កាលពីថ្ងៃទី១៧ វិច្ឆិកា ថា សេចក្តី អំពាវនាវឱ្យពលរដ្ឋចុះ ឈ្មោះបោះឆ្នោត។ សូម ជួយចែករំលែក (Share) រូបថតនេះឱ្យបានទូលំទូលាយគ្រប់ទិសទី។ តាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (..) គិតមកដល់ថ្ងៃនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោត មានចំនួនត្រឹមតែ៧,១លាននាក់ នៅសល់ ប្រមាណ២,៦លាននាក់ទៀត ដែលមិនទាន់បាន ចុះឈ្មោះ។ សូមអ្នកដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរំលឹក និងជួយណែនាំអ្នកនៅជុំវិញ ខ្លួនដែលមិនទាន់ បានចុះឈ្មោះនៅឡើយ ឱ្យទៅ ចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើងទាំង អស់គ្នា

ជុំវិញការចុះឈ្មោះបោះឆ្នោតនេះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែ អំពាវនាវជារឿយៗទាំងតាមរយៈទំព័រហ្វេសប៊ុក របស់សម្តេច និងការថ្លែងតាមវេទិកាសាធារណៈ ឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត (១៨ ឆ្នាំឡើង) ប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឱ្យ បានទាន់ពេលកំណត់ ដើម្បីមានសិទ្ធិបោះឆ្នោត  នៅពេលខាងមុខ។

ចំណែកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសេចក្តីអំពាវនាវថ្មីមួយទៀត ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

សេចក្តីអំពាវនាវរបស់គ..ប លេខ១១៤៩/១៦ គ..ប ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកស៊ិក ប៊ុនហុក ប្រធាន គ..ប នោះ មានខ្លឹមសារ ទាំងស្រុងថាគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលមិនទាន់ បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយ សូម ប្រញាប់រួសរាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នាដែលពេលវេលានៃការចុះឈ្មោះ បោះឆ្នោត នឹងត្រូវបញ្ចប់នៅវេលាម៉ោង៥ៈ៣០ នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាង មុខនេះ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតក៏សូមអំពាវនាវចំពោះព្រះសង្ឃ គ្រប់អង្គ ដែលមានជន្មាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ សូម មេត្តានិមន្តទៅចុះឈ្មោះបោះឆ្នោតឱ្យទាន់ពេល វេលាតាមការកំណត់ខាងលើ។

ការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ នេះ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បី    បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ហើយ បើគ្មានឈ្មោះនៅក្នុងបញ្ជី បោះឆ្នោតទេនោះពុំមានសិទ្ធិបោះឆ្នោតឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គ ព្រម ទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិ បោះឆ្នោតហើយដែលមិនទាន់បានទៅចុះឈ្មោះ បោះឆ្នោត នឹងនិមន្ត និងអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតបានគ្រប់អង្គ និងគ្រប់ៗគ្នា

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផល បណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ បានបញ្ជាក់ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា រហូត មកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រឹមវេលាម៉ោង៦ល្ងាច អ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុប មានចំនួន ៧២៣៩៥៧៩នាក់ ក្នុង នោះស្រីចំនួន ៣៩០៩២៦៦នាក់ ស្មើនឹង៧៤ ,៩១ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបដែល គ្រប់អាយុចុះឈ្មោះបោះឆ្នោត។

គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត មានរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយមិនមានការឈប់សម្រាកក្នុង ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះឡើយ ហើយតាម ការបញ្ជៅក់របស់មន្ត្រីគ..ប គឺពុំមានការពន្យារ ពេលនៃការចុះឈ្មោះបោះឆ្នោតនោះទេ ដោយ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះហើយ ទោះបីជាចំនួនអ្នកចុះឈ្មោះបោះឆ្នោតមិនទាន់គ្រប់ អស់ក៏ដោយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES