Tuesday, July 1, 2025
Homeព្រឹត្តិការណ៍សង្គមសាលា​មត្តេយ្យ ត្រូវ​នៅ​ក្នុង ឬ​ជាប់​សា​លា​បឋម​សិក្សា អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ​

សាលា​មត្តេយ្យ ត្រូវ​នៅ​ក្នុង ឬ​ជាប់​សា​លា​បឋម​សិក្សា អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ​

ខ្ញុំបាទស៊ីវ សេងហាន ជាគ្រូបង្រៀនចូល និវត្តន៍ និងមានអាសយដ្ឋាននៅរាជធានីភ្នំពេញ សូមលើកយកប្រធានបទមួយមកចុះផ្សាយនៅ លើទំព័រ “លិខិតមិត្តអ្នកអាន” របស់សារព័ត៌មាន “នគរធំ” ដោយសូមដាក់ចំណងជើងថា “សាលា មត្តេយ្យ ត្រូវនៅក្នុង ឬជាប់សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ”…។

ធម្មជាតិតម្រូវឱ្យសត្វ និងអ្វីផ្សេងៗពី មនុស្ស មានដូចជារុក្ខជាតិ ទឹកដី ភ្លើង ខ្យល់ បាតុភូតរូប បាតុភូតគីមី រូបមន្តក្បួនច្បាប់ ទ្រឹស្តីបទ ជាដើម ដែលវត្ថុទាំងអស់ បម្រើឱ្យមនុស្ស យកជាអាហារ ថ្នាំសង្កូវ មធ្យោបាយដឹកជញ្ជូន មធ្យោបាយប្រើប្រាស់ គ្រឿងលម្អ ជម្រក…។ ដូច្នេះធម្មជាតិ បង្រៀនសត្វរួចមកហើយ សម្រាប់ តែបម្រើមនុស្ស ដោយតម្រូវឱ្យសត្វជាមេ ជា អ្នកបង្រៀនបង្គ្រប់តែប៉ុណ្ណោះ ដូចជាមេមាន់ នាំកូន បង្រៀនកូនជាទ្រឹស្តីផង ជាការអនុវត្ត ផង រួមមានការកកាយដី ចឹកចំណី ខណៈដែល គោ ក៏នាំកូនបង្រៀនកូនឱ្យចេះស៊ីស្មៅ។ ប៉ុន្តែ មនុស្សជាជីវិតខ្ពស់ខ្ពង់ ជាងសត្វឆ្ងាយណាស់ ដែលធម្មជាតិម្រូវឱ្យធ្វើជាម្ចាស់ ជាចៅហ្វាយ របស់សត្វ និងអ្វីៗផ្សេង ពីមនុស្ស។ ហេតុនេះ ហើយ ទើបធម្មជាតិ ត្រូវឱ្យមនុស្សរៀនតាំងពី នៅក្នុងពោះរបស់អ្នកម្តាយ។ លុះក្រោយពីកើត ហើយ ក៏ត្រូវរៀនពីម្តាយឪពុក ពីបងៗ ពីមនុស្ស នៅជុំវិញខ្លួន បន្ទាប់មកទៀត រៀនពីអ្នកគ្រូមត្តេយ្យ លោកគ្រូ អ្នកគ្រូ ពីសាស្ត្រចារ្យ បណ្ឌិត ជាច្រើននាក់ អាចដល់រាប់រយនាក់ទៀត ទើប មនុស្សមានសមត្ថភាពគ្រាប់គ្រាន់អាចធ្វើជា ចៅហ្វាយនាយលើសត្វនិងអ្វីផ្សេងពីមនុស្សបាន ល្អ។ ការអប់រំបានប្រសូតចេញឱ្យអ្នកប្រាជ្ញបណ្ឌិត ដែលបានរកឃើញរបកគំហើញថ្មីៗ រូបមន្ត ក្បួន ច្បាប់ ទ្រឹស្តីបទ សម្រាប់បម្រើមនុស្សជាតិ ឱ្យ បានសុខចម្រើន អាយុវែង។ រីឯអ្នកសិក្សាទាំងឡាយដែលមិនមែនជាអ្នកប្រាជ្ញបណ្ឌិតនោះ បាន យករបកគំហើញ រូបមន្ត ក្បូនច្បាប់ ទ្រឹស្តីបទ សុភាសិតទាំងអស់នោះ មកអនុវត្តឱ្យចំទិសដៅ ដើម្បីឱ្យសង្គមជាតិ មនុស្សជាតិ បានសុខសប្បាយ រីកចម្រើន អាយុវែង។ នេះឃើញថា ការអប់រំ មានសារសំខាន់ណាស់ សំខាន់លើសការងារ ផ្សេងៗទាំងអស់។ ដូច្នេះហើយ បានជាប្រទេស នីមួយៗសុខចិត្តចំណាយធនធានសម្បើមណាស់ សម្រាប់វិស័យអប់រំ។ ដោយការអប់រំ មាន សារសំខាន់យ៉ាងណាយើងមានយុទ្ធសាស្ត្រឱ្យ ប្រជាពលរដ្ឋប្រជាជនគ្រប់រូបទទួលបានការ អប់រំ។

ក្នុងសង្គមកម្ពុជាយើង តាំងពីពេលកន្លង មក រហូតដល់ពេលនេះ កូនច្បង ជាពិសេស កូនស្រីច្បងមួយចំនួន មិនបានរៀនសូត្រ ឬ រៀនបានបន្តិចបន្តួច ក៏ត្រូវឪពុកម្តាយបង្ខំឱ្យ ឈប់រៀន ដើម្បីឱ្យនៅមើលប្អូនៗ ដោយពួកគាត់ ទៅរកស៊ីចិញ្ចឹមជិវិត។ ក្មេងស្រីអភ៏ព្វទាំងនោះ បានក្លាយជាពលរដ្ឋល្ងង់ខ្លៅ ឬមានចំណេះដឹង តិចតួច ពិបាកនឹងជ្រើសមុខរបរបានល្អប្រសើរ គឺល្ងង់ខ្លៅ បង្កើតបានជាភាពក្រីក្រ។ ដូច្នេះត្រូវ មានយុទ្ធវិធីឱ្យក្មេងៗទាំងនោះ បានចូលរៀន  ដោយតម្រូវឱ្យសាលាមត្តេយ្យ ស្ថិនៅក្នុង ឬ ជាប់សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យតែម្តង ដើម្បីបង្កភាពងាយស្រួលដល់បងៗ មកសាលា នាំប្អូនមកផង ក៏ដូចជាបង្កការងាយ ស្រួលដល់ឪពុកម្តាយ ដែលជាប់រវល់ការងាររដ្ឋ ឬការងាររកស៊ី ដឹកជញ្ជូនកូនមក តាមគោលដៅ តែមួយជាការស្រេច។

សូមបញ្ជាក់ថា សាលាមត្តេយ្យ ស្ថិតនៅ ក្នុងសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនេះ មិនមែនជាលក្ខណៈយកមកផ្ញើទេ តែជាស្ថាប័នមួយ ឬអង្គភាពមួយ មាននាយក នាយករង អ្នកគ្រូមត្តេយ្យ កម្មកររក្សាអនាម័យ ថ្នាក់រៀន បង្គន់តូច សម្រាប់កុមារតូច សង់នៅ ជាប់បន្ទប់រៀន មានទីធ្លាទូលាយ មានកន្លែង កម្សាន្ត ដូចជាទោង និងគួរមានសួនច្បារ ផ្កា ក្រអូប ដើម្បីឱ្យកុមារតូចបានសប្បាយរីករាយ ចង់មកសាលារៀន។

គួរកត់សម្គាល់ថា ទាំងរូបយើង ទាំងរូប គេ តែងមានចិត្តស្រលាញ់កូនតូចៗណាស់ គឺ ស្រលាញ់ស្មើកែវភ្នែក ដោយតែងស្តីបន្ទោសឱ្យ បងៗដែលមើលថែប្អូនពុំបានល្អ។ បើកូនឈឺ ក៏តែងស្ទុះស្ទាររកគ្រូពេទ្យព្យាបាល ទោះយប់ ព្រលប់ក្តី អស់ប៉ុន្មាន់ ក៏មិនគិត ធ្វើម៉េចឱ្យតែ កូនបានជា។ ជាពិសេស ពេលកូនទាររកអ្វី តែងតែរកបំពេញមកឱ្យ ហើយតែងតែថើប បីបម ប្រលែងកូន បញ្ចុកបាយកូន ពេលកូន បន្ទោបង់ ក៏យកទៅដាក់កន្ថោរ លាងលាមក ឱ្យកូនពេញៗដៃ ផ្ងួតទឹក ដុសសាប៊ូឱ្យកូន ទិញ ប្រដាប់លេងឱ្យកូន។ ទាំងនេះបង្ហាញថា ទាមទារ ជាចំបាច់ ដែលអ្នកគ្រូមត្តេយ្យ ជាម្តាយទី២ (ជាអ្នកជំនួសម្តាយក្មេង) និងបន្ទប់រៀនជាផ្ទះ ទី២ ត្រូវមានបង្គន់តូច សម្រាប់កុមារតូចនៅ ជាប់នឹងនឹងបន្ទប់រៀន មានប្រដាប់កម្សាន្ត។ ដូច្នេះបើរដ្ឋពុំទាន់បំពេញសេចក្តីខ្វះខាតបាន នាយកសាលាមត្តេយ្យ គួរធ្វើសំបុត្រអញ្ជើញ មាតាបិតាមកប្រជុំបញ្ជាក់ពីការខ្វះខាតសោហ៊ុយ។ ឧទារហណ៍ សង់បង្គន់ជាប់បន្ទប់រៀន សង់ទីកម្សាន្តរបស់ក្មេង ដូចជា ទោង ដើម្បី ឱ្យមាតាបិតាជួយចេញសោហ៊ុយសាងសង់។ ពួកគាត់ប្រាកដជាចូលរួម ពីព្រោះគាត់ស្រលាញ់ កូនតូចរបស់គាត់ចង់ឱ្យកូនតូចបានសុខសប្បាយ  មិនចង់ឱ្យកូនតូចពេលបត់ជើងតូច ធំ រត់ទៅរក បង្គន់មនុស្សធំ ដែលមានចម្ងាយឆ្ងាយរាប់រយ ម៉ែត្រនោះទេ។ ដូច្នេះថ្នាក់មត្តេយ្យ ជាចាំបាច់ បំផុត ត្រូវមានបង្គន់តូច សម្រាប់សិស្សតូចៗ សង់នៅជាប់នឹងបន្ទប់រៀនតែម្តង។

តាមការរៀបរាប់ដូចខាងលើ ការសាងសង់សាលាមត្តេយ្យនៅក្នុង ឬជាប់សាលាបឋម សិក្សា អនុវិទ្យាល័យ វិទ្យាល័យ ពិតជានឹងបាន សម្រួលឱ្យទាំងបងទាំងប្អូនបានមករៀនទាំង អស់គ្នា ក៏ដូចជាធ្វើឱ្យក្មេងចូលរៀនបានច្រើន ជាងមុន បន្ថយចំនួនសិស្សបោះបង់ចោលការ សិក្សា ហើយក៏ជាការបង្កភាពងាយស្រួលដល់ ឪពុកម្តាយក្នុងការជូនកូនមកសាលាតែមួយ កន្លែងដែរ៕

ពីខ្ញុំ ស៊ីវ សេងហាន

(បណ្ឌិតវិទ្យាសាស្ត្រអប់រំ)

RELATED ARTICLES