Saturday, April 20, 2024
Homeព័ត៌មានជាតិព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ ថា បញ្ហា​កាប់​ដើម គ្រញូង​អា​ជ្ញា​ធរ​អប្សរា​បន្ត​យក​អុស​គរ​លើ​ភ្លើង

ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ ថា បញ្ហា​កាប់​ដើម គ្រញូង​អា​ជ្ញា​ធរ​អប្សរា​បន្ត​យក​អុស​គរ​លើ​ភ្លើង

ភ្នំពេញ ៖ សកម្មជនការពារបរិស្ថាន ព្រះ តេជគុណប៊ុត ប៊ុនតិញ ដែលជាស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បាន ប្រកាសថា ក្រោយដើមគ្រញូងទាំងមូល នៅ រមណីយដ្ឋានអង្គរ ត្រូវបានកាប់បំផ្លាញ ពេល នេះ គល់គ្រញូងរងគ្រោះ កំពុងទទួលរងការ បង្ហូរទឹកចូល ដែលធ្វើឱ្យព្រះអង្គមានមន្ទិល សង្ស័យថា អាជ្ញាធរអប្សរាអាចមានចេតនា ធ្វើឱ្យគល់គ្រញូងនេះ រលួយងាប់ផុតពូជ តែម្តង។ ជាមួយគ្នានេះ ព្រះអង្គយល់ថា ខណៈ ដែលប្រជាពលរដ្ឋកំពុងតែមិនសប្បាយចិត្តចំពោះ ការកាប់ដើមគ្រញូងជាទីសក្ការៈនោះ អាជ្ញាធរ អប្សរាមិនរកវិធីពន្លត់ភ្លើង បែរជាព្យាយាម បន្តយកអុសគរលើភ្លើង ឬចាក់សាំង លើភ្លើង ទៅវិញ។ ប៉ុន្តែអ្នកនាំពាក្យអាជ្ញាធរអប្សរា បាន បដិសេធការចោទប្រកាន់នេះ។

តាមរយៈការបង្ហោះវីដេអូ តាមបណ្តាញ សង្គមហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម បានលើកឡើងថា គល់ក្រញូងនៅភូមិ នគរក្រៅ ដែលត្រូវបានកាប់ដោយមន្ត្រីអាជ្ញាធរ អប្សរានោះ ពេលនេះត្រូវបានអាជ្ញាធរអប្សរា បង្ហៀរ ទឹកឱ្យជន់លិចក្នុងចេតនា ដើម្បីឱ្យគល់ គ្រញូងនោះរលួយងាប់ផុតពូជតែម្តង ព្រោះ មុនពេលត្រូវបានកប់បំផ្លាញនៅបរិវេណដើម គ្រញូងនោះ គ្មានទឹកជន់លិចទេ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ អមជាមួយឃ្លឹប វីដេអូ នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “គល់គ្រញូងនៅភូមិនគរក្រៅជិតអង្គរធំ ជិតលិចទឹកហើយពេលនេះ។ ក្នុងពេលកាប់ អត់មានទឹកទេ តែពេលនេះមានទឹកយ៉ាងច្រើន ដែលបង្ហូរមកដោយអាជ្ញាធរអប្សរា។ ដំណោះស្រាយល្អ មិនគួរធ្វើការងារបែបផ្គើន និងបង្កប់ ន័យអាថ៌កំបាំងយ៉ាងដូច្នេះទេ។ បើដំណោះស្រាយបែបខឹងបូកខឹងយ៉ាងដូច្នេះលទ្ធផលបាន ជាការប្រេះឆា និងការស្អប់ខ្ពើទៅវិញទេ។ ដំណោះស្រាយសមរម្យ ហើយគ្រប់ភាគីអាច ទទួលយកបានអាត្មាគិតថា គួរធ្វើយ៉ាងដូច្នេះ ៖

១-ប្រឹក្សាយោបល់ជាមួយពលរដ្ឋក្នុងតំបន់ ឱ្យបានច្រើន ដើម្បីកាត់បន្ថយមន្ទិលសង្ស័យ និងបញ្ចប់កំហឹង។

២-ចាត់វិធានការ និងធ្វើការងារថ្មីដែល ជាដំណោះស្រាយរួម ដើម្បីត្រូវមានការយល់ ព្រមពីពលរដ្ឋក្នុងតំបន់ ព្រមភាគីពាក់ព័ន្ធ។ វិធានការត្រូវមានតម្លាភាព និងទំនុកចិត្តខ្ពស់។

៣-ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកពាក់ព័ន្ធ ចូលរួមធ្វើការសម្រេចចិត្ត។ កុំ គិតថាប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធគ្មានតួនាទី។ ត្រូវគិតថាគ្រប់គ្នាជាធាតុចូលក្នុងដំណើរការ សម្រេចចិត្ត”។

ក្រៅពីសំណេរខាងលើនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានពុទ្ធដីកា បញ្ជាក់នៅក្នុង វីដេអូ ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកដដែល នោះថា “ខ្ញុំព្រះករុណា អាត្មាភាព សូមនមស្ការ ចំពោះព្រះករុណា ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ និងសុំចម្រើនពរញាតិញោម ប្រជាពុទ្ធបរិស័ទទាំង ក្នុងនិងក្រៅប្រទេស ដោយ មេត្រីធរ។ ព័ត៌មានសម្រាប់រសៀលថ្ងៃនេះ ខ្ញុំ ព្រះករុណាអាត្មាភាពចង់ពិតប្រគេនអំពីបញ្ហានៃ ការកាប់បំផ្លាញ ដើមគ្រញូង ដោយអាជ្ញាធរ អប្សរា។ សូមចម្រើនពរផងដែរថា អាជ្ញាធរ អប្សរា មកដល់ពេលនេះ មានចំនួន៥នាក់ ហើយដែលតុលាការកាត់ទោស ហើយដាក់ ទៅដល់ការឃុំឃាំង ប៉ុន្តែអ្វីដែលប្លែកនោះ មុនការកាប់ កន្លែងនេះ អត់មានទឹកទេ ហើយ ក្នុងអំឡុងពេលនៃការ កាប់ដើមគ្រញូងនេះ ដូចញាតិញោមធ្លាប់ឃើញ នៅក្នុងវីដេអូឃ្លីប របស់អាត្មា យប់ថ្ងៃដឹកឈើ ចេញហើយ គឺថា អត់មានទឹកទេ នៅពេលហ្នឹង ក៏ប៉ុន្តែក្រោយ ការកាប់ប្រមាណជា៣ថ្ងៃដូចញាតិញោមឃើញ ហើយថា នៅតំបន់នេះ គឺលិចទឹក អស់ហើយៗ លិចទឹកនេះ អាត្មាយល់ឃើញថាអាជ្ញាធរអប្សរា អាចយកលេសមកពីការបុណ្យអុំទូក ហើយបង្ហូរ ទឹកចេញមកពីស្ទឹងសៀមរាប ដើម្បីបុណ្យអុំទូក។ ក៏ប៉ុន្តែសូមញាតិញោម មេត្តាជ្រាបថា ផ្លូវទឹក ដែលបង្ហូរទៅធ្វើការប្រណាំងទូក មិនមែនត្រូវ ហូរមកតំបន់នេះទេ។ តំបន់ដែលហូរមកនេះ គឺតំបន់ប្រាសាទអង្គរ អង្គរធំ ហើយនិងហូរទៅ ស្រុកបារាយណ៍ទៅស្រុកពួក ហើយធ្លាយទៅ ទន្លេសាបវិញ នេះចំពោះខ្សែទឹកនេះ។ ប៉ុន្តែ បើខ្សែទឹកដែលបង្ហូរសម្រាប់ការប្រណាំងទូក នៅស្ទឹងសៀមរាប គឺបង្ហូរនៅឯស្ទឹងសៀមរាប នៅឯខាងស្តាំដៃអាត្មានេះ។ ដូច្នេះហើយ អាត្មា គិតថា ប្រសិនបើអាជ្ញាធរអប្សរា យកលេសថា ការបង្ហូរទឹកមកនេះ គឺដើម្បីគោលបំណងធ្វើការ ប្រណាំងទូក ហាក់បីដូចមិនស័ក្តិសមទេ ព្រោះ ខ្សែទឹកហូរដាច់ពីគ្នា។ ហើយរឿងមួយ ដែល អាត្មាធ្វើការកត់សម្គាល់ហ្នឹង ក្រោយពីការកាប់ ដើមឈើ ដំបូងដៃឡើង អាជ្ញាធរអប្សរា បាន បដិសេធថា មានជនទុច្ចរិត ក៏ប៉ុន្តែដោយការ ស្រាវជ្រាវដោយយកចិត្តទុកដាក់ ហើយនិងមាន ការដាក់បញ្ជាពីនាយករដ្ឋមន្ត្រីរួចមក អាជ្ញាធរ អប្សរាខ្លួនឯង ហាក់បីដូចជាក្រោកឡើងមិន បើកភ្នែក មិនដុសធ្មេញអ៊ីចឹង ហើយអ្នកដែល មានពពឹកភ្នែកធំជាងគេ គឺអាជ្ញាធរអប្សរា ហ្នឹងហើយ។ ដូច្នេះឥឡូវនេះបង្ហូរទឹកមកទៀត  អាត្មាគិតថា អាជ្ញាធរអប្សរាមិនគួរមានឥរិយាបថបែបពពឹកភ្នែក ក្រោកមិនលុបមុខ មិនដុស ធ្មេញ ហើយនិយាយឱ្យស្អុយពេញភូមិអ៊ីចឹងទេ ហើយដើម្បីឱ្យក្លាយខ្លួនជាមនុស្សមួយក្រអូប  និយាយទៅគេគោរព ហើយគេឱ្យតម្លៃ អាជ្ញាធរ អប្សរា នៅក្នុងតំបន់នេះ មិនគួរណាធ្វើឥរិយាបថ យ៉ាងនេះទេ ក្រោយពីការកាប់ដើមគ្រញូងហើយ បង្ហូរទឹកចូលមក គឺក្នុងចេតនាឱ្យងាប់គល់ឈើ ក៏មិនដឹង អាត្មាមិនហ៊ានចោទប្រកាន់ថា នេះ ជាចេតនាឱ្យងាប់គល់ឈើទេ សូមមេត្តាអធ្យាស្រ័យ ក៏ប៉ុន្តែអាត្មាសូមឱ្យញាតិញោមអាជ្ញាធរ អប្សរា មេត្តាផ្តល់ចម្លើយថា មូលហេតុអ្វីបានជាបង្ហូរទឹកមកតំបន់នេះសាជាថ្មី? ហើយថ្ងៃ ដែលកាប់អត់មានទឹកទេ តែថ្ងៃនេះមានទឹក យ៉ាងច្រើន? អាហ្នឹងជារឿងមួយ ដែលយើង ត្រូវការចម្លើយពីអាជ្ញាធរអប្សរា ដើម្បីមេត្តា ធ្វើការបកស្រាយឱ្យសមហេតុសមផល ឱ្យញាតិញោមប្រជាពុទ្ធបរិស័ទនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប នេះ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តថា “សូមចម្រើនពរផងដែរថា ដើមគ្រញូង ប្រមាណជា១១កំណាត់នេះ ត្រូវបានដង្ហែចូល មកវត្តដំរីសែនជ័យ ហើយគឺរក្សាទុកនៅក្នុងវត្ត តាមការព្រមព្រៀងរបស់ប្រជាពលរដ្ឋ ពុទ្ធ- បរិស័ទ គឺនឹងឆ្លាក់ដើមគ្រញូងនេះ ឱ្យក្លាយទៅ ជាព្រះ ដើម្បីពួកគាត់គោរពបូជាបន្ត ព្រោះ គ្រញូងមួយដើមនោះ កាលនៅរស់ គឺគេគោរព បូជា ឥឡូវគេកាប់ឱ្យស្លាប់ទៅហើយ យើងនឹង ឆ្លាក់ឱ្យក្លាយទៅជាព្រះឱ្យទៅជាការគោរពបូជា សាជាថ្មី ដើម្បីកុំឱ្យបាត់ជំនឿរបស់ពួកគាត់ រឿងទី២ ហើយរឿងទី៣ អាត្មាគិតថា ដើម្បី ប៉ះប៉ូវការខឹងសម្បារបស់ញាតិញោមពុទ្ធបរិស័ទ រដ្ឋាភិបាល ហើយអាជ្ញាធរអប្សរា គួរតែពិចារណារឿងមធ្យោបាយត្រឹមត្រូវល្អ ដើម្បីញាតិញោមពុទ្ធបរិស័ទនៅតំបន់នេះបានសប្បាយចិត្ត មិនគួរធ្វើកំហុសផ្ទួនៗ ក្រោយពីការកាប់ហើយ  បង្ហូរទឹកចូល មានន័យថា កំហឹងមួយមិនទាន់ បាត់ខឹងផង បង្កកំហឹងមួយទៀត វាហាក់បីដូច ជាភ្លើងកំពុងតែឆេះ មិននាំគ្នាយកទឹកទៅពន្លត់ តែផ្ទុយទៅវិញ នាំគ្នាដាក់អុសថែម នេះហើយ គឺជាការដាក់អុសថែម ហើយចាក់សាំងថែមពី លើទៀត។ វិធីប្រភេទនេះ គឺថាជាវិធីប្រភេទ ដាក់អុសឱ្យភ្លើងឆេះកាន់តែខ្លាំង ហើយនេះ មិនមែនជាមធ្យោបាយល្អទេ។ ដើម្បីឱ្យក្លាយ ជាមធ្យោបាយល្អ ធ្វើកិច្ចការត្រឹមត្រូវ ដែល ញាតិញោមពុទ្ធបរិស័ទនៅក្នុងសង្កាត់គោកចក គាំទ្របង្ហូរទឹកចេញវិញទៅ ដាក់ទឹកហ្នឹង ឱ្យទៅបារាយណ៍ទាំងអស់ទៅ ដើម្បីឱ្យទឹកហ្នឹង វានៅធម្មតា ហើយវិធីទី៣ទៀត មេត្តាធ្វើ យ៉ាងណាធ្វើតំបន់នេះ ឱ្យទៅជាតំបន់ការពារ គឺ ការពារគល់ ព្រោះគ្រញូងនេះ វាមិនងាប់ទេ គឺ នឹងរស់មកវិញជាធម្មតា។ ធម្មជាតិរបស់ឈើ គ្រញូង កាលណាត្រូវទឹក ហើយមានពន្លឺថ្ងៃ គ្រប់គ្រាន់ វាដុះមកវិញធម្មតា វាលាស់មកវិញ ធម្មតា ហើយអ្វីដែលយើងចង់ឃើញ ចង់ឱ្យ ដាក់តំបន់នេះទៅជាតំបន់ការពារ ហើយក្រៅ- ពីតំបន់ការពារ ទុកឱ្យគ្រញូងនេះមានលទ្ធភាព ដុះឫសសាជាថ្មី ញាតិញោមពុទ្ធបរិស័ទអាច ឃើញគ្រញូងនេះនៅជានិច្ចនិរន្តរ៍ បើសិនជា មានចេតនាអាក្រក់ តាមរយៈបង្ហូរទឹកឱ្យរលួយ គល់ឱ្យអីហ្នឹង អាត្មាគិតថា មិនមែនជាមធ្យោបាយល្អទេ។ នេះមិនមែនជាការទិតៀនទេ ពាក្យ សម្តីរាងធ្ងន់បន្តិច ដាក់អាជ្ញាធរអប្សរា ប៉ុន្តែ អាត្មាគិតថា បើសិនយើងមិននិយាយធ្ងន់ យើង អត់ធ្វើការទេ”។

ទោះយ៉ាងណាពាក់ព័ន្ធនឹងការលើកឡើង របស់ព្រះតេជគុណប៊ុត ប៊ុនតិញ ខាងលើនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រីចៅ ស៊ុន កិរិយា បានធ្វើការឆ្លើយតប តាមរយៈ “នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់ចុងរដូវភ្លៀង នាយកដ្ឋានធនធានទឹកនៃអាជ្ញាធរអប្សរា តែងធ្វើការ បង្ហូរទឹកចូលជុំវិញកសិណ  (គូទឹក) នៃតំបន់ ប្រសាទអង្គរ ដើម្បីឱ្យមានលំនឹងដល់ប្រាសាទ។ ដូច្នេះការបង្ហូរទឹកនេះ មិនមានប៉ះពាល់ដល់   ដើមឈើ ឬគល់គ្រញូងដែលត្រូវបានកាប់នោះ ទេ។

លោកស្រីចៅ ស៊ុនករិយា បានមានប្រសាសន៍ ថា “ចាស! អត់មានអីទាក់ទងនឹងដើមឈើទេ ដោយសារកសិណហ្នឹង ដល់កាលណាចុងរដូវ ភ្លៀវ គេត្រូវតែបញ្ចូលទឹក ដើម្បីឱ្យកសិណហ្នឹង មានទឹករហូត អត់មានបញ្ហាអីទៅទាក់ជាមួយ ទេ។ តែកាលណាដល់រដូវហ្នឹង យើងត្រូវបញ្ចូល ទឹកពេញកសិណ ដើម្បីឱ្យវាមានពេញកសិណ បានវានឹងប្រសាទ អត់មានអីទេ តែប៉ុណ្ណឹង ខ្ញុំ ទើបសួរនាយកដ្ឋានធនធានទឹក ទើបប្រាប់ខ្ញុំ។ ដូច្នេះឱ្យតែចុងរដូវ គេត្រូវបញ្ចូល ដើម្បីទៅ រដូវប្រាំង ឱ្យវាមានទឹករហូត នៅក្នុងកសិណ ហ្នឹង អត់មានអីប៉ះពាល់ដល់គល់ឈើទេ ព្រោះ រាល់ឆ្នាំ សង្កេតមើលទៅ ដល់កាលណាចុងរដូវ ភ្លៀង គឺគេបញ្ចូលទឹក ព្រោះកសិណហ្នឹង ទាល់ តែមានទឹក ដើម្បីវានឹងប្រសាទ”៕

ដោយ កុលបុត្រ

RELATED ARTICLES