Saturday, April 20, 2024
Homeព័ត៌មានជាតិតំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ លុប​បំបាត់​កម្លាំង​សន្តិ​សុខ​ខុស​ច្បាប់

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ លុប​បំបាត់​កម្លាំង​សន្តិ​សុខ​ខុស​ច្បាប់

ភ្នំពេញ ៖ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនទៅកាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើឱ្យលុប បំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធរ រាជធានីភ្នំពេញ ប្រើដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។

យោងតាមលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សរុបចំនួន ៨រូប រួមមានលោកលឹម ប៊ុនស៊ីដារ៉េត, លោក យន្ត ថារ៉ូ, លោកជា ប៉ូច, លោកជីវ កត្តា, លោកសុន ឆ័យ, លោកហូរ វ៉ាន់, លោកស្រី មួរ សុខហួរ និងលោកនុត រំដួល មានខ្លឹមសារ ទាំងស្រុងថា “ជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

តាមរយៈ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

កម្មវត្ថុ ៖ សំណើសុំលុបបំបាត់កម្លាំង សន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។

តបតាមកម្មវត្ថុខាងលើ យើងខ្ញុំសូមជម្រាប សម្តេចក្រឡាហោម មេត្តាជ្រាបថា ចាប់ពីឆ្នាំ ២០១៣មក អាជ្ញាធររាជធានីភ្នំពេញ តែងតែ ប្រើប្រាស់កងកម្លាំងសន្តិសុខមួយប្រភេទ ដែល មិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋាន ខុសពីមន្ត្រីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបង្ក្រាបដោយ ហិង្សា ដោយការប្រើដំបង និងចម្ពាមកៅស៊ូ គ្រាប់ដែក ទៅលើការជួបជុំ ការធ្វើបាតុកម្ម និង កូដកម្មដោយសន្តិវិធីរបស់គណបក្សសង្គ្រោះ- ជាតិ សហជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋ រងគ្រោះដោយបញ្ហាដីធ្លីជាដើម។

នាពេលថ្មីៗនេះ កងកម្លាំងសន្តិសុខប្រភេទ នេះ ដឹកនាំដោយឈ្មោះជាម រដ្ឋា បានប្រើអំពើ- ហិង្សាវាយតប់យ៉ាងដំណំទៅលើប្រជាពលរដ្ឋ រួមទាំងមន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូមួយរូប ផង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណៈ ដែលពួកគាត់កំពុងប្រារឰទិវាសិទ្ធិលំនៅឋាន ពិភពលោក នៅរាជធានីភ្នំពេញ។

យើងខ្ញុំជាអ្នកតំណាងរាស្ត្រ យល់ថា ការ ប្រើអំណាចរបស់កងកម្លាំងសន្តិសុខខណ្ឌ និង កងកម្លាំងសន្តិសុខដែលមិនស្គាល់អត្តសញ្ញាណ ដើម្បីទៅបង្ក្រាបការជួបជុំ ការធ្វើបាតុកម្ម និង កូដកម្មដោយសន្តិវិធី ជាទង្វើខុសច្បាប់ ដែល ត្រូវមានវិធានការលុបបំបាត់ជាបន្ទាន់ ហើយ ជនដែលប្រើអំពើហិង្សា ត្រូវតែយកទៅផ្តន្ទាទោស ដូចជាឈ្មោះជាម រដ្ឋា នេះជាដើម។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ យើងខ្ញុំស្នើសម្តេចក្រឡាហោម ចាត់វិធានការ ផ្លូវច្បាប់លើកងកម្លាំងសន្តិសុខខុសច្បាប់របស់ សាលារាជធានីភ្នំពេញ ជាបន្ទាន់។

សូមសម្តេចក្រឡាហោម ទទួលនូវការ រាប់អានអំពីយើងខ្ញុំ”។

គួរបញ្ជាក់ផងដែរថា លិខិតរបស់ក្រុម- តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខាងលើ នេះ ត្រូវបានសម្តេចហេង សំរិន ប្រធានរដ្ឋ- សភា ចុះហត្ថលេខា និងចារបញ្ជូន “ដើម្បីមុខ ការ” ទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប៉ុន្តែគិតត្រឹមរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦ មិនទាន់មានការឆ្លើយតបពី សម្តេច ស ខេង នៅឡើយ ខណៈដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំយោបល់ បានទេ កាលពីម្សិលមិញ៕

ដោយ ៖ ដារិទ្ធ

 

 

RELATED ARTICLES