Thursday, April 18, 2024
Homeព័ត៌មានជាតិថវិកា​ជាតិ​ឆ្នាំ​២០១៧ លោក​កឹម សុខា ផ្តល់​អនុ​សាសន៍​បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធ ភាព​ការ​ប្រើ​ប្រាស់​

ថវិកា​ជាតិ​ឆ្នាំ​២០១៧ លោក​កឹម សុខា ផ្តល់​អនុ​សាសន៍​បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធ ភាព​ការ​ប្រើ​ប្រាស់​

ភ្នំពេញ  បន្ទាប់ពីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សានិងអនុម័តរួចរាល់ នូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០១៧ (ច្បាប់ថវិកាជាតិឆ្នាំ២០១៧) ក្នុងសម័យប្រជុំលើកទី៧ កាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៧ រួចមក លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលមិនបានទៅចូលរួម កិច្ចប្រជុំពេញអង្គរដ្ឋសភា ដោយបន្តសម្ងំលាក់ ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នោះ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញឯកសារផ្តល់អនុសាសន៍៤ចំណុច ដល់ រាជរដ្ឋាភិបាល ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ ខណៈ ដែលកន្លងមក រូបលោកក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រឆាំង តែងរិះគន់រាជរដ្ឋាភិបាល លើការចាយវាយថវិកាជាតិខ្ជះខ្ជាយ គ្មានគុណភាព តម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិ បានរៀបចំ ធ្វើសន្និសីទកាសែត នៅទីស្នាក់ការកណ្តាល គណបក្ស ស្តីពីការចុះឈ្មោះបោះឆ្នោត និង ថវិកាជាតិឆ្នាំ២០១៧ នេះផងដែរ បន្ទាប់ពី សមាជិកសភាគណបក្សប្រឆាំងនេះ មិនគាំទ្រ ចំពោះការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៧ ដែលរដ្ឋសភាបានអនុម័តកាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថ្លែងនៅក្នុងជំនួបសំណេះសំណាល ជាមួយក្រុមការងារគណៈកម្មាធិការប្រតិបត្តិ ក្រុមទ្រទ្រង់ ចលនាយុវជន និងចលនាស្ត្រីខេត្ត កំពង់ចាម នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ក្នុងតួនាទី របស់ខ្លួនជាគណបក្សប្រឆាំង ត្រូវធ្វើនោះ បន្ថែម លើការរិះគន់រាជរដ្ឋាភិបាល គណបក្សសង្គ្រោះជាតិ ត្រូវផ្តល់អនុសាសន៍លើប្រធានបទនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ បញ្ហាសង្គម និងបញ្ហាប្រទេសជាតិ ទោះបីយើង មិនទាន់បានដឹកនាំរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ទទួលយកឬមិនទទួលយកក៏ដោយ។ ខ្ញុំយល់ឃើញថា ការធ្វើបែបនេះ គឺជាការស្វែងរកនូវគុណតម្លៃរួម ដើម្បីឈានទៅរកឯកភាព ជាតិ

លុះមកដល់ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកកឹម សុខា បានបញ្ចោញឯកសារ ស្តីពីអនុសាសន៍ដើម្បីបង្កើនគុណភាព និង ប្រសិទ្ធភាពការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារ ទាំងស្រុង ដូចខាងក្រោម 

តម្លាភាព និងគណនេយ្យភាព ក្នុងការ គ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ

ឯករាជ្យភាពនៃអាជ្ញាធរសវនកម្មជាតិ ពី រាជរដ្ឋាភិបាល និងគណបក្សនយោបាយ

+ថ្នាក់ដឹកនាំរបស់អាជ្ញាធរសវនកម្មជាតិ ត្រូវមានឯករាជ្យភាព ពិតប្រាកដពីគណបក្ស នយោបាយ ដែលសព្វថ្ងៃបើទោះជាច្បាប់ចែងថា អគ្គសវនករ និងអគ្គសវនកររង មិនត្រូវមាន តួនាទីក្នុងថ្នាក់ដឹកនាំគណបក្សនយោបាយ តែ ជាក់ស្តែងអ្នកទាំងនេះ ជាសមាជិកជាន់ខ្ពស់ របស់បក្សកាន់អំណាច

+អាជ្ញាធរសវនកម្មជាតិ ជាអ្នកផ្តល់របាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភា ដូច្នេះគួរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការនៃសភាទាំងពីរ ក្នុងការតាមដានការប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

សភាជាតិ ពិសេសគឺរដ្ឋសភា ដែលជា ស្ថាប័នជាតិ ទទួលបន្ទុកការអនុម័តថវិកាជាតិ ត្រូវដើរតួជាអ្នកតំណាងប្រជាពលរដ្ឋ មិនមែន ជាអ្នកការពារផលប្រយោជន៍បក្ស។

ច្បាប់ស្តីពីសេរីភាពក្នុងការផ្តល់និង ទទួលព័ត៌មានដែលមានប្រសិទ្ធភាពក្នុងការ បើកចំហព័ត៌មាន និងតួលេខផ្សេងៗពាក់ព័ន្ធ នឹងថវិកាជាតិ

+ត្រូវបើកជាសាធារណៈ និងតាមប្រព័ន្ធ អេឡិចត្រូនិក រាល់តួលេខចំណូលចំណាយថវិកា ជាតិ ចំណូលចំណាយតាមស្ថាប័នជាតិ និងរបាយការណ៍សវនកម្មប្រចាំឆ្នាំ

+ស្ថាប័នជាតិនីមួយៗ ត្រូវសហការ និង ត្រៀមរួចជាស្រេច ក្នុងការផ្តល់ព័ត៌មាន និង តួលេខក្នុងករណីដែលមានការស្នើសុំពីអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ ក៏ដូចជាប្រជាពលរដ្ឋ ទូទៅ

បង្កើនតម្លាភាពនិងគណនេយ្យភាព ក្នុងការដេញថ្លៃពីក្រុមហ៊ុនឯកជន សម្រាប់ គម្រោងនានាដែលប្រើប្រាស់ថវិកាជាតិ

+ការដេញថ្លៃត្រូវបើកចំហ និងចូលរួម ដោយភាគីឯកជន ដោយពុំមានការរើសអើង ឬបក្សពួកនិយម

+បង្កើតការស៊ើបអង្កេត និងដាក់ពិន័យ ចំពោះភាគីពាក់ព័ន្ធ ក្នុងករណីដែលគុណភាព និងលក្ខខណ្ឌនានា ពុំបានត្រូវអនុវត្តតាមកិច្ចសន្យា (. ផ្លូវដែលសាងសង់រួច ត្រូវខូចវិញ ក្នុងរយៈពេលខ្លី ដោយសារការសាងសង់ខ្វះ គុណភាព)

ពង្រីកអំណាចវិមជ្ឈការ ក្នុងការគ្រប់គ្រង ថវិកា ដោយពង្រីកការទទួលខុសត្រូវលើថវិកា នៅថ្នាក់មូលដ្ឋាន ហើយក៏តម្រូវឱ្យថ្នាក់មូលដ្ឋានអនុវត្តទៅតាមស្តង់ដារតម្លាភាព និងគណនេយ្យភាព ដូចថ្នាក់ជាតិដែរ។

ការគ្រប់គ្រងបំណុល

កម្ពុជា សព្វថ្ងៃពុំទាន់ស្ថិតនៅក្នុងស្ថានភាព តានតឹង ចំពោះបញ្ហាបំណុលនៅឡើយ ប៉ុន្តែ ការប្រើប្រាស់ថវិកាចំណូលដោយការខ្ចីបំណុល នៅមិនទាន់មានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងជីវភាពរស់នៅដល់ប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់

ការប្រើប្រាស់ថវិកាចំណូល ដោយការ ខ្ចីបំណុល ត្រូវផ្តោតទៅលើការវិនិយោគទៅ លើប្រព័ន្ធសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអប់រំ ការស្រាវជ្រាវ និងពង្រឹងវិស័យ សេដ្ឋកិច្ច៘

ថវិកាចំណូលដោយការខ្ចីបំណុល ពុំគួរ យកមកប្រើប្រាស់ទៅលើការិយាល័យធិបតេយ្យ និងខ្ទង់ចំណាយណាដែលមិនអាចបង្កើតចំណូល ជូនជាតិ និងប្រជាពលរដ្ឋ ព្រោះប្រាក់កម្ចី គួរតែប្រើប្រាស់ទៅការវិនិយោគ មិនមែនសម្រាប់ មកបំប៉នការិយាល័យធិបតេយ្យ

ថវិកាសម្រាប់ដំណើរការរបស់ស្ថាប័នរដ្ឋ នានា គួរពឹងផ្អែកទៅលើប្រាក់ចំណូលសារពើពន្ធ ឬជំនួយឥតសំណង ដូច្នេះទំហំនៃស្ថាប័នជាតិ គួរលៃតម្រូវទៅតាមចំណូលនេះជារៀងរាល់ឆ្នាំ ដោយមិនពឹងផ្អែកទៅចំណូលពីកម្ចី។

ការបែងចែកថវិកាជាតិ

ការបែងចែកថវិកាជាតិ ត្រូវផ្តល់ទៅលើ ចក្ខុវិស័យវែងឆ្ងាយ ដើម្បីភាពប្រកួតប្រជែង ជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមាននិរន្តរភាព ដោយមានចំណុចសំខាន់ៗដូចជា 

អភិវឌ្ឍន៍លើធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ

+បន្ថែមថវិកាទៅលើការធ្វើទំនើបកម្ម គ្រឹះស្ថាន ត្រូវធ្វើទំនើបកម្មគ្រឹះស្ថានឧត្តមសិក្សា និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍ ដើម្បី ធានាផលិតភាព និងបង្កើនសមត្ថភាពក្នុងភាព ប្រកួតប្រជែងលើទីផ្សារជាតិ តំបន់ និងសកល

+បង្វែរថវិកាជាតិពីការខ្ជះខ្ជាយនានា (ដូចជាចំណាយទៅលើប្រាក់បៀវត្សមន្ត្រីខ្មោច និងតួនាទីដែលមិនចាំបាច់) ទៅលើការពង្រឹង វិស័យសុខាភិបាល ដែលជាលក្ខខណ្ឌចម្បងក្នុង ការបង្កើនកម្លាំងពលករ ដែលមានសុខភាពល្អ អាចបង្កើនផលិតផល

អភិវឌ្ឍន៍និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ

+ការប្រើប្រាស់ថវិកាជាតិ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវមានប្រសិទ្ធភាព ពោលគឺតម្រូវឱ្យមានការសាងសង់ដែលស្រប ទៅនឹងតម្រូវការសេដ្ឋកិច្ច ក៏ដូចជាលក្ខខណ្ឌ បច្ចេកទេស (. ត្រូវមានផែនការរយៈពេល វែង ដើម្បីចៀសវាងការខ្ជះខ្ជាយនានា ដូចជា សាងសង់ផ្លូវរួច ត្រូវគាស់ផ្លូវឡើងវិញ ដើម្បី សង់លូទឹក ហើយត្រូវសាងសង់ផ្លូវដដែលនោះ ឡើងវិញ)

+ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែល បែងចែកទៅថ្នាក់ជាតិ ត្រូវផ្តោតទៅលើ 

ការសាងសង់និងពង្រីកផ្លូវជាតិ ដែល តភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ

ការវិនិយោគទៅលើការសាងសង់ ផ្លូវដែក ដែលមានស្តង់ដារទាំងគុណភាព និង ល្បឿន សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងពិសេស ដឹកជញ្ជូនទំនិញទៅមកពីកំពង់ផែ ដែលអាច ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ការចំណាយពេល វេលា ក៏ដូចជាសុវត្ថិភាពចរាចរណ៍

+បង្វែរតួនាទីនិងការទទួលខុសត្រូវលើ ថវិកាពីថ្នាក់ជាតិ ទៅថ្នាក់មូលដ្ឋាន សម្រាប់ការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ពិសេស គឺការសាងសង់ប្រព័ន្ធធារាសាស្ត្រ សម្រាប់ ពង្រឹងវិស័យកសិកម្ម ទៅតាមតម្រូវការនៃតំបន់ មូលដ្ឋាននានា។

ការពង្រឹងអភិបាលកិច្ច និងសមត្ថភាព នៃស្ថាប័ន

+កាត់បន្ថយចំណាយលើក្បាលម៉ាស៊ីន ដ៏ ធំរបស់គណៈរដ្ឋមន្ត្រី កាត់បន្ថយទីប្រឹក្សា និង កាត់បន្ថយស្ថាប័នមួយចំនួនទៀត ដែលមិន ចាំបាច់

+ធានាប្រសិទ្ធភាពនិងតម្លាភាព នៃការ ធ្វើវិមជ្ឈការអំណាច ដោយធ្វើវិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្សនិងវិមជ្ឈការសេវាកម្ម សាធារណៈ ឆ្ពោះទៅមូលដ្ឋាន។

ការគ្រប់គ្រងចំណូលជាតិ

ទប់ស្កាត់ការគេចពន្ធ

បង្កើនប្រសិទ្ធភាពនិងតម្លាភាពក្នុង ការប្រមូលពន្ធដារ ដោយសមធម៌

បង្កើនប្រសិទ្ធភាពក្នុងការប្រមូលថវិកា ពីសម្បទានធនធានជាតិនានា៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES