Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមនយោ​បាយ​សំពៅ សំ​ប៉ាន

នយោ​បាយ​សំពៅ សំ​ប៉ាន

ច្បាប់ឃ្លោងឃ្លាបុរាណបានចារទុកយ៉ាងច្បាស់ថា “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន…” មានខ្លឹមសារផ្តោតទៅលើការពឹងពាក់គ្នាទៅវិញទៅមក រវាងមនុស្សរស់នៅក្នុងសង្គម សូម្បីតែអ្នកនយោបាយ តូចតាច ឬអ្នកដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែពឹងពាក់មហាអំណាចសេដ្ឋកិច្ច ឱ្យជួយខ្លះទើបបាន។ ចំណែកប្រទេសធំ ឬមហាអំណាច ក៏ត្រូវតែពឹងប្រទេសតូចវិញដែរ ប្រៀបដូច “សំពៅ និងសំប៉ាន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទ- បរិយាយថ្ងៃនេះ…។

“សំពៅ” គឺជានាវា ឬទូកខ្នាតធំ ប្រើក្តោងបើកកាត់សមុទ្រ ដែលពីបុរាណ ខ្មែរយើងក៏ចេះធ្វើសំពៅដែរ ដោយផលិត ពីឈើគគីរ មានបណ្តោយ៣០ទៅ៤០ម៉ែត្រ សម្រាប់ផ្ទុកទំនិញ ឬប្រើប្រាស់ក្នុងកងទ័ពជើងទឹក។ រីឯ “សំប៉ាន” ជាទូកមួយ ប្រភេទប្រើច្រវាអុំ សម្រាប់ដាក់លើសំពៅ បង្ការទុកចម្លងពេលជួបគ្រោះថ្នាក់ ឬកន្លែងណាទឹករាក់ សំពៅចូលមិនរួច គេទម្លាក់ សំប៉ាន អុំទៅដល់ត្រើយ។ មានន័យថា សំពៅ និងសំប៉ាន ពឹងគ្នាទៅវិញទៅមក មិនអាចអត់បានឡើយ សូម្បីនាវាសមុទ្រ ធំៗបច្ចុប្បន្ននេះ ក៏មានសំប៉ានទុកបម្រុងជានិច្ច ប៉ុន្តែ សំប៉ានសម័យនេះ ធ្វើពីដែកដូចនាវាធំៗដែរ។

បើយករឿង “សំពៅ និងសំប៉ាន” មកប្រៀបធៀបនឹងយុទ្ធសាស្ត្រនយោបាយ យើងឃើញថា អ្នកដឹកនាំប្រទេសតូច ឬ អ្នកនយោបាយមិនទាន់បានអំណាច តែងតែពឹងពាក់ប្រទេសធំជាចាំបាច់។ ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់ពីព្រះមហាក្សត្រ ខ្មែរ កាលពីសម័យនគរភ្នំ ធ្លាប់ពឹងពាក់ព្រះចៅអធិរាជចិន ឱ្យចាត់រាជទូត ឬបេសកជនចិន មកជួយកត់ត្រាប្រវត្តិសាស្ត្រខ្មែរ ជាដើម។ ព្រះបាទកៅណ្ឌិន្យជយវរ្ម័ន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះចៅអធិរាជលាង វូទី តាមរយៈការបញ្ជូន តង្វាយទៅវិញទៅមក រហូតដល់ស្តេចខ្មែរ បានបញ្ជូនព្រះសង្ឃបាលត្ថេរ និងព្រះមន្តសេនត្ថេរ ទៅជួយបកប្រែគម្ពីរព្រះ- ត្រៃបិដក នៅប្រទេសចិន បន្ទាប់ពីស្តេចចិន បានបញ្ជូនលោកកាំង ថៃ, ជូ យីង ឱ្យមកជួយកត់ត្រាប្រវត្តិសាស្ត្រខ្មែរ។ នាសម័យ អង្គរ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៨ បើសិនជាគ្មានអ្នកការទូតចិន ឈ្មោះជីវ តាក្វាន់ មកជួយកត់ត្រាពីប្រពៃណី ទំនៀម- ទម្លាប់ខ្មែរ នាសម័យនោះ ប្រហែលជាយើងទាំងអស់គ្នាជាខ្មែរជំនាន់ក្រោយ ពុំបានដឹងពីរបៀបរស់នៅរបស់ដូនតា នាសម័យ អង្គរនោះឡើយ។

ចូលដល់សម័យលង្វែក-ឧដុង្គ យើងឃើញព្រះមហាក្សត្រខ្មែរ តែងពឹងពាក់ប្រទេសជិតខាង ឱ្យជួយធ្វើសង្គ្រាម ការពារ ទប់ស្កាត់ពីការឈ្លានពានរបស់គេ គឺបើមិនពឹងយួន ក៏ពឹងសៀម ក្លាយជាវប្បធម៌ទៅហើយ។ ដោយឡែក ព្រះបាទអង្គឌួង ដោយទតឃើញពីគ្រោះថ្នាក់របស់ប្រទេសកម្ពុជា ខណៈដែលសៀម និងយួន ចង់ពុះដីកម្ពុជា ចែកគ្នា ដោយយកទន្លេមេគង្គ ជាព្រំប្រទល់នោះ ព្រះអង្គក៏ងាកទៅចាប់ដៃបារាំង ដោយសម្ងាត់ ដើម្បីយកឥទ្ធិពលមហាអំណាចអឺរ៉ុបមួយនេះ មកទប់ យួន និងសៀម។ បន្ទាប់ពីប្រទេសបានឯករាជ្យ ដេញបារាំង ចេញអស់ពីស្រុក ក៏មេដឹកនាំខ្មែរ មិនចោលទម្លាប់ចាស់ក្នុងការ ពឹងបរទេស ដូចរបបលោកលន់ នល់ ពឹងអាមេរិក, របបប៉ុល ពត ពឹងចិន, របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពឹងវៀត- ណាម, ចលនាត្រីភាគីនៅទល់ដែន ពឹងអាមេរិក ចិន ហើយទីបំផុតភាគីជម្លោះទាំងអស់ ស្រុះស្រួលគ្នាពឹងអ៊ុនតាក់ (UNTAC)។

កាលពីពេលថ្មីៗនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់ “នគរធំ” ពាក់ព័ន្ធ ដល់ “នយោបាយពឹងបរទេស” ជាពិសេសលោកមេបក្សរូបនេះ បានស្នើលោកសម រង្ស៊ី មេបក្សសង្គ្រោះជាតិ ល្មមដល់ការ ភ្ញាក់ខ្លួនឈប់ពឹងអាមេរិក។ សំណើឱ្យឈប់ពឹងបរទេសបែបនេះ ជារឿងត្រឹមត្រូវហើយ ព្រោះអ្នកនយោបាយ បើកាលណា ពឹងគេ ត្រូវជំពាក់គុណគេ ធ្វើអ្វីៗតាមខ្សែញាក់របស់គេ។ ប៉ុន្តែ នៅលើសកលលោកនេះ អ្នកនយោបាយគ្រប់ជាតិសាសន៍ ក៏ ដូចអ្នកដឹកនាំប្រទេស គ្រប់ប្រទេស ចៀសមិនផុតពីការពឹងគ្នាទៅវិញទៅមក។ យើងមិនបាច់និយាយដល់ប្រទេសគេនោះ ទេ មើលតែខ្មែរយើងបានហើយ បើសិនជារាជរដ្ឋាភិបាល មិនខ្ចីលុយចិន-ជប៉ុន មកប្រើប្រាស់ ក៏មិនអាចលេចចេញជាផ្លូវ ថ្នល់ ចម្ងាយរាប់ពាន់គីឡូម៉ែត្រ ឬស្ពានធំៗឆ្លងកាត់ទន្លេ បានឡើយ។ ចំណែកមេបក្សប្រឆាំង ដែលមិនទាន់មានអំណាចនោះ បើគ្មានការឧបត្ថម្ភលុយកាក់ពីអាមេរិក-អឺរ៉ុប តើគាត់មានដើមទុនឯណាធ្វើនយោបាយ? ឬថា ទោះជាលក់ផ្ទះយកលុយ ធ្វើនយោបាយ ក៏មិនគ្រប់គ្រាន់ដែរ។ ធម្មតា អ្នកខ្ចីលុយគេ ឬសុំគេ តែងតែភ្ជាប់លក្ខខណ្ឌខ្លះៗជាមួយម្ចាស់បំណុលមិនខាន ឡើយ ដូចរាជរដ្ឋាភិបាល ត្រូវអនុគ្រោះឱ្យវិនិយោគិនចិន ឬជប៉ុន មករកស៊ីនៅស្រុកខ្មែរ ដោយបង្កលក្ខណៈងាយស្រួលដល់ គេ។ ចំណែកលោកសម រង្ស៊ី បើចាយលុយអាមេរិក អឺរ៉ុប ត្រូវធ្វើតាមអ្វីដែលគេចង់បាន ដូចជា ត្រូវប្រឆាំងឱ្យដល់កម្រិត ឬបំផុសបាតុកម្ម កូដកម្ម ជាដើម។

ដូច្នេះសួរថា “បើមិនពឹងបរទេស តើរាជរដ្ឋាភិបាល និងបក្សប្រឆាំង អាចកសាងប្រទេស និងធ្វើនយោបាយប្រឆាំង កើតទេ?” យើងអាចឆ្លើយបានថា កសាងបានដែរ តែជាជំហានគីង្គក់ មិនលឿនដូចជំហានសេះ ហើយប្រឆាំងកើតដែរ តែ អត្តខាត់ ស្ទើររកអង្ករច្រកឆ្នាំងគ្មាន ដល់រកអង្ករលែងបាន ការប្រឆាំងក៏លែងទៅមុខរួច។ អ៊ីចឹង បក្សកាន់អំណាច និងបក្សប្រឆាំង ចាំបាច់ត្រូវតែបន្តវប្បធម៌ពឹងបរទេស ឱ្យដូចអតីតព្រះមហាក្សត្រខ្មែរ ពីបុរាណព្រេងនាយ ដែលធ្លាប់ពឹងចិន យួន សៀម បារាំង ដូចអ្វីដែលប្រវត្តិសាស្ត្របានចារទុក។

យ៉ាងណាក៏ដោយចុះ បើយើងពឹងគេ ត្រូវរកមធ្យោបាយយ៉ាងណាឱ្យគេពឹងយើងវិញខ្លះ កុំឱ្យគេមានគុណលើយើងធ្ងន់ ពេក។ ចំណុចនេះយើងឃើញព្រះបាទស៊ីសុវត្ថិ អតីតព្រះមហាក្សត្រខ្មែរ បានបញ្ជូនទាហានខ្មែររាប់ពាន់នាក់ ឱ្យទៅជួយ ច្បាំងបារាំង ប្រឆាំងនឹងអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យបារាំង ជំពាក់គុណខ្មែរដែរ។ ដោយឡែក ព្រះបាទ អង្គអេង ក៏បានត្រាស់បង្គាប់កងទ័ពខ្មែរ ឱ្យទៅជួយវាយពួក “តីសឺន” តាមការស្នើសុំរបស់ស្តេចយួន ង្វៀង តុកអាញ់ ផង ដែរ។ នយោបាយជួយគ្នាទៅវិញទៅមកនេះ គឺធ្វើកុំឱ្យជំពាក់គុណគេធ្ងន់ពេក មិនខុសពីរឿង “ដំរី និងស្រមោច” ដែល តំណាលពីសត្វស្រមោចមួយសម្បុក លិចលង់ដោយទឹកជំនន់ ក៏ហែលប្រតោងគ្នា ស្រាប់តែមានដំរីចិត្តធម៌បោះអង្កត់ឈើ ឱ្យ តោងឡើងបានរស់ជីវិតទៅដល់ដីគោក ធ្វើឱ្យស្រមោចជំពាក់គុណដំរី។ ថ្ងៃមួយ មានព្រានព្រៃម្នាក់ លើកកាំភ្លើងតម្រង់បាញ់ដំរី ស្រាប់តែស្តេចស្រមោចឃើញទាន់ ក៏នាំបរិវារ វារឡើងតាមជើងខោ ទៅខាំក្រលៀនព្រានព្រៃឱ្យឈឺពើតផ្សា ទ្រាំមិនបាន ក៏រៀលកៃកាំភ្លើងឮក្ឌាំង! ផ្អើលដល់ដំរីរត់រួចទៅ។ ដូច្នេះយើងឃើញថា ដំរីត្រូវជំពាក់គុណស្រមោចវិញ ដែលអ្នកនយោបាយ ពឹងបរទេស គួរយកជាគំរូ ពោលគឺកុំចេះតែពឹងគេ ដោយភ្លេចពីរឿងធ្វើឱ្យគេជំពាក់គុណវិញ ច្បាស់ជាគេទារគុណបំណាច់ ធ្ងន់កមិនខាន នៅពេលខ្លួនដណ្តើមអំណាចបាន។ អ្នកដឹកនាំប្រទេស និងមេដឹកនាំបក្សប្រឆាំង មិនអាចនៅឯកោ មិនពឹងពាក់ ប្រទេសមហាអំណាចបានឡើយ ប៉ុន្តែ សម័យនេះ គេពឹងផ្នែកសេដ្ឋកិច្ច ដោយខ្ចីលុយគេ ឬសុំលុយគេដោយគ្មានសំណងមក កសាងប្រទេស និងទុកធ្វើនយោបាយ មិនមែនពឹងកងទ័ពគេឱ្យលើកមកវាយខ្មែរគ្នាឯង ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ជាតិ ដូចជំនាន់មុននោះឡើយ។ ធម្មតា សំពៅ និងសំប៉ាន តែងពឹងគ្នាទៅវិញទៅមក ដូច្នេះ បើសំពៅជាប់គឿងដីខ្សាច់ គេ ត្រូវទម្លាក់សំប៉ាន ជិះទៅច្រាំងទើបបាន។

សរុបទៅ “នយោបាយសំពៅ សំប៉ាន” មានន័យយ៉ាងនេះឯង សំដៅដល់នយោបាយពឹងបរទេស  ដែលមិនអាចចៀសវាង បាន តែមិនឱ្យហួសដែនអធិបតេយ្យភាព និងឯករាជ្យភាព ពោលគឺចៀសវាងពឹងបរទេសទាំងស្រុងពេក រហូតទុកគេធំជាង ជាតិខ្លួនឯង។ “នគរធំ” មានទស្សនៈថា រដ្ឋាភិបាល បើចង់ឱ្យប្រទេសជាតិមានការអភិវឌ្ឍលឿន ត្រូវតែចែចូវលុយបរទេស មកចាយវាយសិន ចាំរកសងគេវិញ កាលណាសេដ្ឋកិច្ចយើងងើបឡើង គឺជាការពឹងពាក់ក្នុងន័យសហប្រតិបត្តិការ ដើម្បី ពង្រឹងទំនាក់ទំនងការទូត និងចំណងមិត្តភាពជាប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូចដែលរាជរដ្ឋាភិបាល បាននិង កំពុងបន្តធ្វើសព្វថ្ងៃ។ ចំណែកមេបក្សប្រឆាំង ដើម្បីបន្តជីវិតនយោបាយទៅមុខទៀតបានរឹងមាំ ក៏មិនអាចបោះបង់ចោល ជំនួយពីបរទេសដែរ ប៉ុន្តែ ទាំងរដ្ឋាភិបាល និងមេបក្សប្រឆាំង គួរដោះស្រាយយ៉ាងណាឱ្យអ្នកជួយយើងនោះ ជំពាក់គុណ យើងវិញខ្លះ ទើបធានាថា “នយោបាយសំពៅ សំប៉ាន” មិនវ័ណ្ឌកទៅអនាគត៕

ដោយ  ៖ អាចារ្យថាំ

RELATED ARTICLES