Saturday, April 27, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង កាប់ថ្ម​ចំណាំ រឿង​“តោះ​! ទៅ​ផ្ទះ​យើង​វិញ”

សម្តេច​ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង កាប់ថ្ម​ចំណាំ រឿង​“តោះ​! ទៅ​ផ្ទះ​យើង​វិញ”

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងហាក់ ក្នុងន័យចំអកឱ្យគណបក្សសង្គ្រោះជាតិ (បក្ស ប្រឆាំង) ជុំវិញពាក្យសម្តីលោកស្រី អ៊ុង សាន ស៊ូជី នៃប្រទេសមីយ៉ាន់ម៉ារ “តោះ! យើង ត្រឡប់ទៅផ្ទះយើងវិញ” ដែលសំដៅលើការ ហៅកម្មករ ពលករនៅក្រៅប្រទេស ឱ្យវិល ត្រឡប់មកប្រទេសវិញ ហើយសម្តេចឱ្យកាប់ ថ្មចំណាំចុះ ប្រសិនបើពលករភូមាត្រឡប់ពីថៃ ទៅប្រទេសកំណើតវិញ។

កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ចំនួន ៣,៨២៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

hun-sen2

ថ្លែងក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកប្រាប់និស្សិតថា ក្នុងចំណោម គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និង ឯកជនចំនួន១០៦ គឺវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងវិញ ក្រោមជំនួយរបស់អតីតសហភាពសូវៀត ក្រោយ ពីរំដោះបានពីប៉ុល ពត ហើយដែលពេលនោះ គឺគ្មាននិស្សិតចូលរៀនទេ ព្រោះពេលនោះក៏គ្មាន ការងារធ្វើច្រើនដែរ ប៉ុន្តែពេលនេះមានការងារ ច្រើនដែលជាតម្រូវការរបស់ សិស្ស និស្សិត។ ចំពោះការងារជួសជុលគ្រឿងម៉ាស៊ីនសព្វថ្ងៃ គឺងាយរកលុយបានស្រួល មិនមែនជាការងារ កំប៉ិកកំប៉ុកទេ។ ដូច្នេះនិស្សិតត្រូវមានការតាំង ចិត្តខិតខំរៀនសូត្រ និងព្យាយាមរកការងារ ធ្វើ ពីតូចទៅធំ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បាន បញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកការងារឱ្យប្រជាពលរដ្ឋ ធ្វើ គឺមិនត្រឹមតែនៅក្នុងប្រទេសទេ បានទាក់ទងទៅប្រទេសក្រៅមួយចំនួន ដើម្បីបងប្អូន ពលកររបស់យើងបានរស់នៅ និងធ្វើការងារ ស្របច្បាប់ ទទួលបានប្រាក់ខែសមរម្យ ហើយ ប្រទេសណាក៏ដោយ គឺតែងតែរកឱកាសការងារដល់ពលរដ្ឋគេធ្វើនៅបរទេស ហើយសូម្បី តែនៅក្នុងប្រទេសយើង ក៏មានជនជាតិបរទេស មករកការងារធ្វើដែរ។

ទាកទងនឹងវិស័យការងារនេះ សម្តេចបាន លើកឡើងថា មានមជ្ឈដ្ឋានប្រឆាំង បានរិះគន់ ថា សម្តេចមិនបានយកចិត្តទុកដាក់ដល់ការផ្តល់ ការងារដល់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋធ្វើ ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “សុំលើករឿងមួយ ដើម្បីបង្ហាញថ្ងៃ នេះតែម្តង ប៉ុន្តែខ្ញុំក៏សូមអភ័យទោសពីជំទាវ អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ារ ទុកមុនឱ្យហើយ ព្រោះអ្វី? ដោយសារនៅក្នុងប្រទេសកម្ពុជា គេ បានប្រើប្រាស់បញ្ហានេះ ប្រឆាំងជាមួយខ្ញុំ។ នៅ ទីក្រុងហាណូយ ខ្ញុំក៏បាននិយាយ ក៏ប៉ុន្តែខ្ញុំមិន បានចង្អុលបង្ហាញទៅប្រធានាធិបតីរបស់មីយ៉ាន់ម៉ារទេ។ ខ្ញុំនិយាយថា កម្ពុជា កាលពីមុននេះ គឺឧស្សាហកម្មពលកម្ម គឺឧស្សាហកម្មប្រើមនុស្ស ច្រើន ដោយយើងប្រើពាក្យថា ពលកម្ម តម្លៃ ថោក តែឥឡូវនេះ កម្ពុជា មិនអាចនឹងប្រើ ពាក្យហ្នឹងបានទៀតទេ ដោយសារកម្ពុជា បាន ដើរទៅដល់កម្រិត ដែលនឹងអនុវត្ត១៥៣ដុល្លារ សហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីប្រាក់បៀវត្សរ៍ តែជាង៣០ដុល្លារ អាមេរិកប៉ុណ្ណោះ។ ឥឡូវនេះ យើងប្រើពាក្យ មិនមែនពលកម្មថោកទេ គឺ ពលកម្មសកម្ម ដែលចាប់ផ្តើមអនុវត្តឆ្នាំក្រោយ គឺឥឡូវ១៤០ នៅតែប៉ុន្មានខែទៀត ចូលទៅ ដល់១៥៣ដុល្លារសហរដ្ឋអាមេរិក បូកនឹងអត្ថប្រយោជន៍ដទៃទៀត ១៧០-១៨០ ឡើងទៅ លើ។ ក្នុងពេលជាមួយគ្នា នៅប្រទេសឡាវ គឺ ១០០ នៅប្រទេសមីយ៉ាន់ម៉ារ គឺជាង៨០។ ពេល ដែលលោកជំទាវអ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ារ ដែលគាត់កាន់ជារដ្ឋមន្ត្រីការបរទេស និង ក្រសួងខ្លះទៀត តែគាត់មានតំណែងមួយទៀត ទីប្រឹក្សារដ្ឋ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី មកទស្សនកិច្ចនៅថៃ គាត់បានប្រើពាក្យជាមួយ នឹងពលករមីយ៉ាន់ម៉ារ ថា “តោះ!យើងទៅផ្ទះ” ប៉ុន្តែពេលហ្នឹងតែម្តង បានសេចក្តីថា នៅមីយ៉ាន់ម៉ារ ៦៧ដុល្លារទេ ខុសយើង២ដង ឥឡូវយើង ថា ឱ្យគាត់៨០ចុះ។ នៅពេលដែលលោកជំទាវ អ៊ុងស៊ុន ស៊ូជី ប្រើពាក្យថា “យើងទៅផ្ទះវិញ” នៅខាងណេះមានក្រុមមួយគេបង្ហោះរូបខ្ញុំថា “ទៅ! យើងទៅប្រទេសថៃ រកការធ្វើ”ដាក់ ផ្លែឱ្យខ្ញុំ។ ប៉ុន្តែឥឡូវសូមឱ្យកាប់ថ្មចំណាំ រង់ចាំ មើលទៅកម្មករមីយ៉ាន់ម៉ារ ត្រឡប់ទៅផ្ទះវិញ ឬអត់? កុំអាលជឿខ្ញុំ តែកាប់ថ្មចំណាំ ហើយ ចាំអង្កេតមើល ទៅឬមិនទៅ?”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍បន្តថា “មានបញ្ហា២ ទី១ តើមីយ៉ាន់ម៉ារ ដែលពេលនេះ មានពលកររបស់ខ្លួននៅប្រទេស ថៃ ប្រមាណជិត២លាននាក់ ព្រមត្រឡប់ទៅ វិញឬអត់? មីយ៉ាន់ម៉ារ បង្កើតការងារឱ្យមនុស្ស ដែលនៅមីយ៉ាន់ម៉ារ ប្រមាណជាជិត២លាននាក់ អាចត្រឡប់ទៅរកការងារប្រទេសខ្លួនវិញបាន ទេ? ខ្ញុំឱ្យរយៈពេលអ្នកឯង២ឆ្នាំ តើអ្នកឯង បង្កើតការងារបានស្មើនឹងមនុស្សត្រូវត្រឡប់ពី ថៃ ទៅវិញទេ? ដែលមាន យើងថា ១លានកន្លះ ចុះ។ បើសិនជាបង្កើតបាន គ្រាន់តែបង្កើតអ្នក ដល់អាយុដែលចេញពីសាលា និងត្រូវរកការងារធ្វើក្នុងប្រទេសមីយ៉ាន់ម៉ារ ហ្នឹងជាបញ្ហា ទី១។ បញ្ហាទី២ នៅប្រទេសថៃ គេរកបាន ២០០ទៅ៣០០ដុល្លារ ក្នុង១ខែ តើគេទៅយក អា៦៧ដុល្លារទេ? ចំណុចវានៅកន្លែងហ្នឹងឯង កុំអាលនិយាយគ្នា ចំណុចនេះ កុំអាលជឿខ្ញុំ ហើយ ក៏កុំអាលដាក់ផ្លែឱ្យខ្ញុំដែរ។ ឥឡូវនេះ ពលករ ពលការិនីរបស់យើងនៅប្រទេសថៃ ត្រូវស្តាប់ ឱ្យបាន នៅកម្ពុជា មានតម្លៃដល់ទៅ១៥៣ដុល្លារ ជាប្រាក់អតិបរមាហើយ។ ប៉ុណ្ណឹងហើយ បងប្អូនយើងមិនព្រមចាប់យកការងារនៅក្នុងប្រទេសទេ បែរជាទៅ។ បើនៅប្រទេសមីយ៉ាន់ម៉ារ បង្កើតបានការងារធ្វើ២លាននាក់ ឬថា៣លាន នាក់ ហើយដំឡើងប្រាក់ខែឱ្យបាន៣០០ អាហ្នឹងប្រហែលជាទៅមែន ប៉ុន្តែបើបង្កើតមិនបាន ទេ កុំសង្ឃឹម ហើយអ្នកដែលដាក់ផ្លែឱ្យខ្ញុំ ក៏កាប់ ថ្មចំណាំ ហើយពិនិត្យមើលខ្លួនឯង តើអត្ថាធិប្បាយរបស់ខ្ញុំហ្នឹងត្រឹមត្រូវទេ?”។

ជាមួយគ្នានោះដែរ ពាក់ព័ន្ធដល់នយោបាយក្រៅប្រទេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មចំពោះអ្នកវិភាគមួយ ចំនួនដែលលើកឡើងថា មានមេដឹកនាំផ្តាច់ការ មួយចំនួននៅលើពិភពលោក បង្ហាញជំហរគាំទ្រ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអា-មេរិក ថា ជាមនុស្សដែលមិនយល់ពីនយោបាយ បន្ទាប់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឱ្យ លោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ព្រោះបើលោកត្រាំ ឈ្នះនឹងធ្វើឱ្យពិភព-លោកមានសន្តិភាព ព្រោះលោកត្រាំ ជាអ្នក ជំនួញ។

ក្រោយការប្រកាសរបស់សម្តេចនាយក រដ្ឋមន្ត្រី មានប្រព័ន្ធផ្សព្វផ្សាយទាំងជាតិនិងអន្តរ ជាតិផ្សាយថា មានមេដឹកនាំផ្តាច់ការដែលប្រកាស ជំហរគាំទ្រលោកត្រាំ ក្នុងនោះរួមមានលោក Robert Mugabe មេដឹកនាំហ្ស៊ីមប៉ាវេ លោក Kim Jongunមេដឹកនាំកូរ៉េខាងជើង លោក Vladimir Putinមេដឹកនាំរុស្ស៊ី និងសម្តេច ហ៊ុន សែន មេដឹកនាំកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍ថា “ថ្ងៃមុនគ្រាន់តែខ្ញុំយកមកនិយាយ ខ្ញុំទៅនិយាយ ខ្ញុំលើកអំពីការវិភាគទាក់ទិនជា មួយនឹងបញ្ហានយោបាយ គេហៅថា រឿងប៉ូល នយោបាយ ដើម្បីវិភាគឱ្យឃើញ។ ប៉ូលនយោបាយ វានៅត្រង់នេះ ស្រាប់តែគេចេញមកវិភាគ ខ្លះគេផ្សាយតាមនេះផង រឿងឈ្នះរឿងចាញ់ រឿងប្រជាជនអាមេរិក ប៉ុន្តែខ្ញុំបានធ្វើការវិភាគ ថា ខ្ញុំចង់ឱ្យដូលណាល់ ត្រាំ ឈ្នះ។ មូលហេតុ វានៅត្រងណេះ បើប្រជាធិបតេយ្យឈ្នះ គឺ លោកជំទាវហ៊ីលឡារី គ្លីនតុន ខ្ញុំក៏ធ្លាប់ស្គាល់ គាត់ ខ្ញុំមិនដែលស្គាល់លោកត្រាំ ទេ ឈ្នះរវាង ទំនាក់ទំនងចិននិងអាមេរិក អាចគ្រប់គ្រងបាន ដោយសារតែគូភាគីទាំងអាមេរិកនិងចិន គឺ មានការសម្របសម្រួលមួយ ក្នុងការគ្រប់គ្រង ទំនាស់ និងជំរុញសហប្រតិបត្តិការភាគីទាំង២ ត្រូវគ្នាជាដៃគូពាណិជ្ជកម្ម ប៉ុន្តែភាគីបន្តរវាង អាមេរិក និងរុស្ស៊ី មិនល្អទេ ព្រោះដោយសារតែទណ្ឌកម្មរបស់អាមេរិក ទៅលើរុស្ស៊ី មិនទាន់ បានត្រូវបញ្ចប់ទេ។ បើប្រជាធិបតេយ្យបន្ត មាន ន័យថា ការដាក់ទណ្ឌកម្មចំពោះរុស្ស៊ី គឺមុខតែបន្ត ទៀតហើយ។ អាហ្នឹងជាសិទ្ធិវិភាគរបស់ខ្ញុំ ហេតុអីបានជាថា ដូណាល់ត្រាំ គឺជាជនផ្តាច់ការ ហើយ ត្រូវបានជនផ្តាច់ការជាច្រើន ចេញទៅគាំទ្រ រាប់ទាំងហ៊ុន សែន ដែរ មានទាំងពូទីន មានទាំង មូកាបេ មានទាំងហ៊ុន សែន។ អ៊ីចឹងឥឡូវនេះ ខ្ញុំថា ត្រូវតែបញ្ជូនឱ្យដល់ដូណាល់ ត្រាំ នូវអ្វី ដែលគេនិយាយទាំងប៉ុន្មាន ទោះបីគាត់ឈ្នះ ឬ គាត់ចាញ់។ ខ្ញុំមានបង្អាប់ហ៊ីលឡារី ពីអង្កាល់?  ផ្តាំទៅអស់លោកផង អស់លោកមានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិដែរ ហើយមានសិទ្ធិនិយាយទាំង ក្នុង មានសិទ្ធិនិយាយខាងក្រៅ ដូចតែគ្នាហ្នឹង! ឥឡូវសុំប្រជាជនអាមេរិក អ្នកដែលកាន់ជើង ត្រាំ ទាំងប៉ុន្មានថា មានមនុស្សចោទត្រាំ ថាជា ជនផ្តាច់ការ ព្រោះដោយសារមានពូទីន មាន មូកាបេ មានហ៊ុន សែន ទៅគាំទ្រត្រាំ អ៊ីចឹង ត្រាំជាជនផ្តាច់ការម្នាក់។ ឈ្នះឬចាញ់ វាជាសិទ្ធិ របស់ពលរដ្ឋអាមេរិកទេ ក៏ប៉ុន្តែសម្រាប់នយោបាយក្រៅប្រទេស យើងត្រូវសម្លឹងមើលក្រប ខ័ណ្ឌគោលនយោបាយ។ សូម្បីតែប្រទេសជិតខាងយើង បាត់បង់ព្រះមហាក្សត្រ ខ្ញុំត្រូវចេញ បញ្ជាទាំងយប់ ដើម្បីឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ ហាមចល័តកម្លាំង ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយនៅក្នុងប្រទេសថៃ”។

ដោយឡែកទាក់ទងនឹងព្រះរាជពិធីបុណ្យ អុំទុក អកអំបុក សំពះព្រះខែ ដែលនឹងប្រារឰ ធ្វើនៅថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា នេះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអំពាវនាវដល់ កីឡាករអុំទូកទាំងអស់ ចូលរួមថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេស សូមកុំនាំជំងឺ (អេដស៍) ចូលផ្ទះ ហើយមុននឹងមក គឺសូមដាក់ ទឹកស្រែឱ្យបានស្រួលបួល។ ជាមួយគ្នានេះសម្តេច បានផ្តល់អនុសាសន៍ដល់សមត្ថកិច្ចឱ្យបើកមុខសញ្ញាចោរនៅតាមទីសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ទោះបីក្នុងឱកាស បុណ្យអុំទូក សមត្ថកិច្ចបានត្រៀមកម្លាំងជាង១ ម៉ឺននាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋព្រមទាំងមានការបង្ហោះរូបបង្ហាញ មុខក្រុមមុខសញ្ញាចោរលួចចោរឆក់ក៏ដោយ។

ថ្លែងក្នុងឱកាសពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅ ពេលនោះដែរ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់និស្សិតទាំងអស់ ដែលបាន ខិតខំសិក្សារៀនសូត្ររហូតដល់បានបញ្ចប់ដោយ ជោគជ័យ ទទួលសញ្ញាបត្រនៅថ្ងៃនោះ និង អរគុណដល់សាស្ត្រាចារ្យ និងគណៈគ្រប់គ្រង នៃវិទ្យាស្ថានទាំងអស់ ដែលបានរួមគ្នាកសាង អភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែមានគុណភាពចំណេះដឹងខ្ពង់ខ្ពស់ ល្អប្រសើរឡើង៕

RELATED ARTICLES