Wednesday, April 24, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន អប​អរ​លោក​ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ប្រ​ធានា​ធិបតី​អា​មេ​រិក

សម្តេច​ហ៊ុន សែន អប​អរ​លោក​ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ប្រ​ធានា​ធិបតី​អា​មេ​រិក

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះលោកដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីទី៤៥ របស់សហរដ្ឋអាមេរិក។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ- រាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “អបអរសាទរ ឯកឧត្តមដូណាល់ ត្រាំ (Donald Trump) ដែល បានទទួលជោគជ័យ សម្រាប់ការបោះឆ្នោតជា ប្រធានាធិបតីអាមេរិក។

ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវ ការគាំទ្ររបស់ខ្ញុំ ចំពោះឯកឧត្តម មានមនុស្ស មួយចំនួន បានចេញមកវាយប្រហារខ្ញុំ រហូត ចោទឯកឧត្តមថា ជាមនុស្សផ្តាច់ការ ទើបមាន មនុស្សដូចខ្ញុំទៅគាំទ្រ។

ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជន អាមេរិក ត្រូវការឯកឧត្តមដឹកនាំ ហើយការ គាំទ្ររបស់ខ្ញុំក៏មិនខុសដែរ”។

dol-natran1

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញធ្វើបទបឋកថា ស្តីពី “ការដឹកនាំបញ្ជាកម្លាំងសភាពការណ៍ជាតិ និងអន្តរជាតិ និងបញ្ហាផ្សេងៗ” ជូនថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត សិក្ខាកាមនៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងថា “ការប្រែប្រួលយ៉ាងគំហុកនៃការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក រវាងលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកត្រាំ មិនមែនជារឿងធម្មតា ពេកនោះឡើយ។ តែទោះបីជាយ៉ាងណា ប្រសិន បើលោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានា- ធិបតីអាមេរិក នោះស្ថានការណ៍ពិភពលោក នឹង មានភាពល្អប្រសើរ។ សម្រាប់ខ្ញុំនិយាយដោយ ត្រង់ ខ្ញុំចង់ឱ្យត្រាំ ឈ្នះខ្លាំងណាស់។ បើត្រាំ ឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារ ត្រាំ អ្នករកស៊ី បើត្រាំ អ្នករកស៊ី គឺត្រាំ មិនចង់ ឱ្យមានសង្គ្រាមទេ អាហ្នឹងនិយាយឱ្យពិត…”។

ក្រៅពីការអបអរសាទរតាមរយៈសំណេរ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិត អបអរសាទរជូនលោកដូណាល់ ត្រាំ ផងដែរ នៅថ្ងៃដដែលនោះ ដោយសម្តេចបានបញ្ជាក់ថា រីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំង២ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែជិតស្និទ្ធ និងរួមគ្នាលើក កម្ពស់ សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ ប្រជាជាតិទាំងអស់។

dol-natran

សារលិខិតរបស់សម្តេចហ៊ុន សែន ផ្ញើ ជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ឯសហរដ្ឋអាមេរិក ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “ឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត !

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ខ្ញុំសូមសំដែងនូវក្តីអំណរសាទរអស់ពី ដួងចិត្តជួនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូន ឯកឧត្តមសូមឯកឧត្តមទទួលបានជ័យជម្នះក្នុង ការបំពេញបេសកម្ម និងការទទួលខុសត្រូវដ៏ ឧត្តុងឧត្តមរបស់ឯកឧត្តម។

ខ្ញុំមានជំនឿថា ការប្រគល់ទំនុកចិត្តរបស់ ប្រជាពលរដ្ឋសហរដ្ឋអាមេរិកជូនចំពោះឯក- ឧត្តម គឺជាការលើកទឹកចិត្តដល់ឯកឧត្តមក្នុង ការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើក កម្ពស់បន្ថែមទៀត នូវសន្តិភាព ស្ថិរភាព ការ អភិវឌ្ឍ សន្តិសុខ និងវិបុលភាពនៅក្នុងសាកល លោកទាំងមូល។

ខ្ញុំសុមឆ្លៀតឱកាសដ៏ឧឡារិកនេះ សូម អះអាងជូនឯកឧត្តមថា ព្រះរាជាណាចក្រ និង ប្រជាជនកម្ពុជា នៅតែប្តេជ្ញាចិត្តចូលរួមនៅក្នុង កិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាល និងប្រជាជន អាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យផ្តល់ផលប្រយោជន៍ទៅវិញទៅ មក ទាំងនៅកម្រិតទ្វេភាគី ពហុភាគី។

dol-natran2

ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមមិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងប្រទេស យើងទាំងពីរឱ្យកាន់តែជិតស្និទ្ធិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និង វិបុលភាពរបស់ប្រជាជាតិទាំងអស់។

សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ”។

ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញនូវការ អបអរសាទរ ផងដែរចំពោះប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក គឺលោកដូណាល់ ត្រាំ ផងដែរ។

លោកកឹម សុខា បានសរសេរបញ្ជាក់នៅ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី រសៀលថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៦ ថា “ខ្ញុំសូម អបអរសាទរចំពោះជ័យជម្នះដ៏ធំធេងរបស់ គណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក ដែលឈ្នះទាំងក្នុងរដ្ឋសភា ទាំងក្នុងព្រឹទ្ធសភា ជាពិសេស ជ័យជម្នះរបស់លោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៥នេះ។

មុននេះបន្តិច លោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្ស ប្រជាធិបតេយ្យ បានប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោកត្រាំ ហើយ។

ខ្ញុំជឿជាក់ថា គោលនយោបាយរបស់ គណបក្សសាធារណរដ្ឋ ដែលឱ្យតម្លៃទៅលើ សិទ្ធិសេរីភាពរបស់មនុស្ស ជាពិសេសដែលខ្ញុំ ផ្ទាល់ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការ  តាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា រហូតមកនោះ ប្រាកដជានឹងបន្តឱ្យកាន់- តែកក់ក្តៅនិងរឹងមាំថែមទៀតជាមិនខានសម្រាប់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព នៅ ប្រទេសកម្ពុជា របស់ប្រជាពលរដ្ឋខ្មែរ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកកឹម សុខា ធ្លាប់បានសរសេរ បញ្ជាក់អំពីទស្សនៈរបស់លោក ជុំវិញការបោះ- ឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក លុះ មកដល់ថ្ងៃទី០៩ ខែវិច្ឆិកា លោកបានរំលឹកពី ទស្សនៈរបស់លោកជាថ្មី ដោយលោកបានសរសេរ ថា “ខ្ញុំយល់ឃើញថា សម្រាប់បុគ្គលម្នាក់ៗ ផ្ទាល់ ខ្លួន យើងអាចបង្ហាញពីការគាំទ្រ ឬមិនគាំទ្រ បេក្ខជនប្រធានាធិបតីណាម្នាក់ នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រនូវលទ្ធផល នៃការបោះឆ្នោតនាពេលខាងមុខ ដែលឆ្លុះ បញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋអាមេរិក។ ក៏ ប៉ុន្តែខ្ញុំយល់ឃើញថា ទោះបីជាបេក្ខជនណាក៏ ដោយ ជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេស មហាអំណាចមួយនេះ ក្នុងនាមស្ថាប័នរដ្ឋ ក៏ដូច ជាក្នុងនាមគណបក្សនយោបាយ យើងគួរបន្ត កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អ ប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស ប្រជាពលរដ្ឋខ្មែរ និងផលប្រយោជន៍ពិភពលោក”។

ដោយឡែក លោកសម រង្ស៊ី ប្រធានគណ- បក្សសង្គ្រោះជាតិ ដែលមុននេះ បានលើកឡើង ថា លោកដូណាល់ ត្រាំ មានអត្តចរិតឆេវឆាវ និងផ្តាច់ការ ទើបសម្តេចហ៊ុន សែន គាំទ្រនោះ នៅល្ងាចថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៦ នោះដែរ លោកក៏បានសរសេរសារក្នុងទំព័រហ្វេសប៊ុក របស់លោក អបអរលោកដូណាល់ ត្រាំ ជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥ ផងដែរ។

លោកសម រង្ស៊ី បានសរសេរថា “ក្នុង នាមជាតំណាងជាប់ឆ្នោតនៃប្រជាជនកម្ពុជា ខ្ញុំសូមអបអរសាទរលោកដូណាល់ ត្រាំ ដែល បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់ សហរដ្ឋអាមេរិក ដែលនៅតែជាគំរូនៃប្រជាធិបតេយ្យសម្រាប់ពិភពលោកទាំងមូល…”។

គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ (Donald Trump) មហាសេដ្ឋីអាមេរិក វ័យ៧០ឆ្នាំ ជា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានយកឈ្នះ លើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រីហ៊ីលឡារី គ្លីនតុន ភរិយាលោក ប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិក ក្នុង លទ្ធផល២៧៦ ទល់នឹង២១៨។ លោកដូណាល់ ត្រាំ នឹងឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

ដោយឡែក ក្រោយពីលទ្ធផលបោះឆ្នោត ចេញជាផ្លូវការ លោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់លទ្ធ  ផលឆ្នោត ដែលបង្ហាញថា លោកដូណាល់ ត្រាំ ជាអ្នកឈ្នះ។ ជាមួយនេះ លោកស្រីហ៊ីលឡារី គ្លីនតុន ក៏បានទូរស័ព្ទទៅអបអរសាទរចំពោះ លោកដូណាល់ ត្រាំ ផងដែរ។

លោកដូណាល់ ត្រាំ បានធ្វើសេចក្តីថ្លែង- ការណ៍មួយភ្លាមៗទៅកាន់អ្នកគាំទ្រលោក ក្រោយ ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដោយ លោកបានលើកឡើងថា រដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន បានទូរស័ព្ទសាទរលោក។ ជាមួយនេះ លោកត្រាំ បានថ្លែងអំណរគុណ ចំពោះការសាទររបស់លោកស្រីហ៊ីលឡារី គ្លីនតុន និងការប្រឹងប្រែងរបស់ក្រុមគ្រួសារលោកស្រី ក្នុងយុទ្ធនាការឃោសនាកន្លងមកផងដែរ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES