Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន បន្ត​ចុះ​មូល​ដ្ឋាន លោក ម៉ុង ប្ញទ្ធី រំលឹក​អតីត​កាល​​កម្សត់​កម្រ

សម្តេច​ហ៊ុន សែន បន្ត​ចុះ​មូល​ដ្ឋាន លោក ម៉ុង ប្ញទ្ធី រំលឹក​អតីត​កាល​​កម្សត់​កម្រ

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ដែលជាឥស្សរជនជំនិត ធ្លាប់អបដំណើរ សម្តេចនាយករដ្ឋមន្ត្រី ចុះជួបប្រជាពលរដ្ឋ តាម មូលដ្ឋាន ជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះអាសន្នផ្សេងៗ នាពេលកន្លងមកនោះ បាន សរសេររំលឹកពីអតីតកាល និងលើកពីគុណសម្បត្តិ និងគុណបំណាច់របស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះប្រទេសជាតិ និងប្រជាជន តែ លោកឧកញ៉ាម៉ុង ប្ញទ្ធី បានទម្លាយរឿងអាក់អន់ស្រពន់ចិត្តនឹងមិត្តភក្តិធ្លាប់កម្សត់កម្រជាមួយគ្នា គ្រាអមដំណើរសម្តេចដែល បែរជា លាបពណ៌មួលបង្កាច់គ្នាឯង ដើម្បីមហិច្ឆតា ផ្ទាល់ខ្លួនទៅវិញ។

សំណេររបស់លោកឧកញ៉ាម៉ុង ប្ញទ្ធី នៅ ពេលនេះ ស្របពេលដែលសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តយុទ្ធនាការ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

hun-sen2

លោកម៉ុង ឫទ្ធី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “នៅលើពិភពលោកយើងនេះ តើមានថ្នាក់ដឹកនាំកំពូលៗប៉ុន្មាននាក់ ដែលបាន ចុះទៅបម្រើ និងជួយយកអាសាប្រជាជននៅ ពេលដែលពួកគាត់មានគ្រោះអាសន្នគ្រប់ពេល វេលា ដូចថ្នាក់ដឹកនាំរបស់ប្រជាជនកម្ពុជាយើង គឺសម្តេច តេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង។ លោកតែងតែរំលឹក ដាស់តឿនដល់ថ្នាក់ក្រោមថា មានប៉ុណ្ណឹងហើយ ចង់បានប៉ុនណាទៀត? តែគួរឱ្យអនិច្ចា! បុគ្គល មួយចំនួន មិនត្រឹមតែមិនគោរពតាមទេ គេ ថែមទាំង លាបពណ៌ មួលបង្កាច់គ្នាឯង ដើម្បី មហិច្ឆតាផ្ទាល់ខ្លួន ដោយគ្មានការយោគយល់ អធ្យាស្រ័យដល់មនុស្សដែលធ្លាប់កម្សត់កម្រ ជិះយន្តហោះយកបង់ស្អិតរុំបិទកង្ហារ ដើម្បីអម ដំណើរសម្តេច ជាមួយគ្នាអ្វីបន្តិចសោះ”។

បន្ថែមលើការលើកឡើងតាមទំព័រហ្វេសប៊ុកខាងលើនេះ លោកម៉ុង ឫទ្ធី បានបញ្ជាក់ ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា លោកគ្មានអ្វីត្រូវបកស្រាយបន្ថែម លើខ្លឹមសារនេះទេ ហើយក៏គ្មានសំណូមពរអ្វី ដែរ ព្រោះបើទោះបីសំណូមពរ ក៏មិនអាចដោះស្រាយបាន។

គួរបញ្ជាក់ថា ការសសេររំលឹករឿងអតីតកាល និងបញ្ហាក្នុងចិត្តរបស់លោកឧកញ៉ាម៉ុង ប្ញទ្ធី នៅពេលនេះស្របពេលដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បន្តយុទ្ធនាការចុះមូលដ្ឋាន២៥ រាជធានី-ខេត្ត របស់សម្តេចទៅកាន់ខេត្តទី២៣ គឺខេត្តស្វាយ- រៀង ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ កាលពី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

hun-sen1

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន បានសរសេរថា “នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ក្នុងខេត្តស្វាយរៀង។

នៅមុនកិច្ចសំណេះសំណាលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមខេត្តលូតលាស់ ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដោយការកើតឡើង នូវតំបន់សេដ្ឋកិច្ចពិសេស ដែលជួយកម្ពុជាក្នុងការ នាំចេញផលិតផលទៅកាន់បណ្តាប្រទេសដ៏ទៃ។

សម្តេចតេជោ បានមានប្រសាសន៍ថា អាជ្ញាធរ ខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមាន សមត្ថកិច្ចត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារនូវបទល្មើសផ្សេងៗ ជាពិសេសបញ្ហា គ្រឿងញៀនដែលជាបញ្ហាធ្ងន់ធ្ងរ ដែលត្រូវតែ យកចិត្តទុកដាក់សហការគ្នាដោះស្រាយឱ្យបាន ព្រមគ្នា ការពារអំពើភេរវកម្ម ត្រូវអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។ ត្រូវខិតខំដោះស្រាយសេវាជូនប្រជាពលរដ្ឋដោយ អនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ រួម មានសេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសគឺសេវាតម្រូវការរួមមានការធ្វើអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅធ្វើ អត្តសញ្ញាណប័ណ្ណ ។

មន្ត្រីទាំងអស់ ត្រូវខិតខំលុបបំបាត់ភាព អសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់លើសពី នេះ ត្រូវយកចិត្តទុកដាក់កសាងអំពើល្អជាមួយ ប្រជាពលរដ្ឋឱ្យបានច្រើន។ សមត្ថកិច្ចទាំងអស់ ត្រូវគាំទ្រក្នុងការប្រមូលពន្ធ និងប្រឆាំងការ  គេចពន្ធ ដើម្បីបង្កើនប្រាក់ចំណូលជាតិ។ ខេត្ត ស្វាយរៀង គឺជាខេត្តដែលមានច្រកអន្តរជាតិ ផង ទ្វេភាគីផង និងតំបន់រោងចក្រជាច្រើនទៀត ដែលបានបោះទីតាំងនៅក្នុងខេត្តស្វាយរៀង ដូច្នេះ ត្រូវសហការឱ្យបានល្អ ដើម្បីបង្កើនប្រាក់ចំណូល ពីការប្រមូលពន្ធ។ ត្រូវពិនិត្យមើល និងយក ចិត្តទុកដាក់តំបន់ដែលត្រូវការពារ ជាពិសេស យកចិត្តទុកដាក់ការពារបង្គោលព្រំដែន ដែល បាននៅសល់ពីអតីតកាល។ ទន្ទឹមនឹងនេះ ត្រូវ យកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ដែល មាននៅក្នុងខេត្តរបស់ខ្លួនឱ្យបានល្អ។ ត្រូវបន្ត ពន្យល់ និងជំរុញប្រជាពលរដ្ឋឱ្យបានទៅចុះ ឈ្មោះបោះឆ្នោតឱ្យបានឆាប់រហ័ស និងគ្រប់គ្នា ព្រោះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ។

អាជ្ញាធរខេត្តត្រូវផ្សព្វផ្សាយសារាចរណែនាំ អំពីផ្សារលក់ដូរឱ្យបានល្អ និងទូលំទូលាយទៅ ដល់បងប្អូនអាជីវករនៅតាមបណ្តាផ្សារនៅក្នុង ខេត្តរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ធ្វើការងារ ជាមួយកម្មករឱ្យបានល្អ ព្រោះខេត្តស្វាយរៀង មានរោងចក្រច្រើន ជាពិសេសគឺនៅតាមតំបន់ ឧស្សាហកម្មពិសេស។ ត្រូវខិតខំរក្សាទំនាក់ទំនង ឱ្យបានល្អជាមួយប្រទេសវៀតណាម ដោយខេត្ត ស្វាយរៀង គឺជាខេត្តដែលមានព្រំប្រទល់ជាប់ វៀតណាមដែលត្រូវពឹងផ្អែកគ្នាទៅវិញទៅមក។ លើសពីនេះត្រូវពិនិត្យមើលលទ្ធភាពដីរបស់ខេត្ត ជាក់ស្តែងដើម្បីរៀបចំឱ្យបងប្អូនប៉ូលិស ឬយោធា ការពារព្រំដែនដែលពុំមានដី ដើម្បីទទួលបានដី សម្រាប់រស់នៅ និងប្រកបរបរកសិកម្មនៅតំបន់ ព្រំដែនតែម្តងតែទន្ទឹមនឹងនេះ ត្រូវទប់ស្កាត់ឱ្យ បាននូវការលក់ ឬជួលដីទៅឱ្យប្រជាជនវៀត- ណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែល បានរួមសហការគ្នាអភិវឌ្ឍខេត្តស្វាយរៀង ឱ្យ កាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការ ដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយមនសិការ និងឆន្ទៈល្អមោះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផល- ប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាត៉ិ។

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ មុនពេល ចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តស្វាយរៀង ខ្ញុំបានចូលជួបសំណេះសំណាល ជាមួយក្មួយៗចៅៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅ “សាលាបឋមសិក្សាព្រះសីហនុ” ខេត្ត ស្វាយរៀង។ ដោយមើលឃើញសេចក្តីត្រូវការ ចាំបាច់របស់ក្មួយៗ និងចៅៗសិស្សានុសិស្សនៅ ទីនេះ ខ្ញុំបានសម្រេចផ្តល់អាគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ មាន២០បន្ទប់ រួមទាំងធ្វើរបង និង ខ្លោងទ្វាសាលាផងដែរ។

បន្ទាប់មក ខ្ញុំបានបន្តទៅសួរសុខទុក្ខក្មួយៗ សិស្សានុសិស្សនៅ “វិទ្យាល័យស្វាយរៀង” ដែល ខ្ញុំបានសម្រេចផ្តល់អាគារសិក្សាថ្មី ១ខ្នង កម្ពស់ ៤ជាន់ មាន៤០បន្ទប់ និងរួមទាំងធ្វើរបង ខ្លោង ទ្វា។ ទន្ទឹមនឹងនោះដែរ ខ្ញុំក៏បានផ្តល់ជូនសាលា គរុកោសល្យអគារ១ខ្នង៣ជាន់១៥បន្ទប់ ផ្ទះ សម្រាប់គរុសិស្ស១ខ្នង២ជាន់ មាន១០បន្ទប់ និង ទីចាត់ការមួយខ្នង៣បន្ទប់។ ទោះបីបានកសាង ច្រើនហើយក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់នៅ ឡើយ ដែលតម្រូវឱ្យយើងខិតខំរួមគ្នាបន្តកសាង តទៅទៀតទើបតាមទាន់កំណើនសិស្ស។

សូមក្មួយៗនិងចៅៗខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ហើយត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ ដើម្បី អនាគតល្អ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES