Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេច​​ហ៊ុន សែន ថា​​ពេល​​ស្លាប់​​ទើប ទឹក​​ភ្នែក​​ឈប់​​ហូរ

សម្តេច​​ហ៊ុន សែន ថា​​ពេល​​ស្លាប់​​ទើប ទឹក​​ភ្នែក​​ឈប់​​ហូរ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង នូវការឈឺចាប់ និងស្រក់ទឹកភ្នែកសាជាថ្មីម្តង ទៀត នៅក្នុងថ្ងៃគម្រប់ខួប៤០ឆ្នាំ នៃកូនប្រុស ហ៊ុន កំសត់ ដែលបានទទួលមរណភាពយ៉ាង វេទនាកាលពីអំឡុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចហ៊ុន សែន បានលើកឡើង ថា នៅពេលនឹកដល់កូនប្រុសកំសត់ នេះ ទឹក ភ្នែកនៅតែហូរស្រក់ លុះត្រាដល់ពេលស្លាប់ ទើបបញ្ចប់ការហូរទឹកភ្នែក។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច  កាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “កំសត់កូនពុក ថ្ងៃនេះ ពុកនិងម៉ែ ព្រមទាំងប្អូនប្រុស ប្អូនស្រី របស់កូន បានមកធ្វើពិធីបង្សុកូលឱ្យកូន។

hun-4

៤០ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំ នូវការឈឺចាប់ដែលពុកនិងម៉ែកូនបានឆ្លងកាត់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅកន្លែង នេះ។ បើទោះបីពុកមានតួនាទីខ្ពង់ខ្ពស់ក៏ដោយ ចុះ តែទឹកភ្នែកពុកនៅតែហូរមកមិនឈប់ឈរ នៅពេលពុកនឹកដល់សោកនាដកម្មដែលបាន កើតឡើងនាពេលនោះ។ ពុកដឹងខ្លួនច្បាស់ហើយ ថា ទឹកភ្នែកពុកនឹងបញ្ចប់នៅពេលពុកស្លាប់ តែទឹកភ្នែកនេះក៏បានរំលឹកពុកឱ្យខិតខំការពារ សន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងសា- ជាថ្មី។

ពុកនៅតែសូមការយោគយល់ពីកូន ដែល មិនអាចយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជារបស់ពួកឃាតករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និង ម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែក ដឹកនាំចលនាតស៊ូរំដោះជាតិនិងប្រជាជន ពីរបប- ប្រល័យពូជសាសន៍ប៉ុល ពត និងកសាងប្រទេស បានរីកចម្រើនរហូតសព្វថ្ងៃ”។

hun-3

ដោយឡែក ទំព័រហ្វេសប៊ុករបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏បាន សរសេរ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះដែរថា “សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនៗ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះ បានមកបង្សុកូលជូនកូនប្រុស ហ៊ុន កំសត់ ដែល ទទួលមរណភាពក្នុងឆ្នាំ១៩៧៦។

ថ្ងៃនេះជាខួប៤០ឆ្នាំហើយ នៃការស្លាប់ យ៉ាងវេទនារបស់បុត្រហ៊ុន កំសត់ នៅក្នុងរបប ប្រល័យពូជសាសន៍ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦- ១០ វិច្ឆិកា ២០១៦)។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែល ភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើង ចំពោះបុត្រា ហ៊ុន កំសត់។

hun-2

រៀងរាល់ពេលដែលសម្តេចតេជោ នឹក ដល់រឿងឈឺចាប់នេះ ទឹកភ្នែកសម្តេច តែងតែ ហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការ អត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ ប្រជាជនកម្ពុជារាប់លាននាក់ ដែលត្រូវពួក ប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារ សម្តេចដែរ។

សម្តេចតេជោបញ្ជាក់ថា “កន្លងមក ប្អូន ប្រុស ប្អូនស្រី និងក្មួយៗរបស់កូន បានទៅដល់ ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូនកំសត់ សូមព្រលឹងកូន បន្ត តាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូន តទៅទៀត”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES