Thursday, April 25, 2024
Homeព័ត៌មានជាតិបញ្ហា​​កម្លាំង​​សន្តិ​​សុខ សម្តេច​​ស​ ខេង ឆ្លើយ​​បំភ្លឺ​​សំណើ​​តំណាង​​រាស្រ្ត​​បក្ស​​ប្រ​​ឆាំង

បញ្ហា​​កម្លាំង​​សន្តិ​​សុខ សម្តេច​​ស​ ខេង ឆ្លើយ​​បំភ្លឺ​​សំណើ​​តំណាង​​រាស្រ្ត​​បក្ស​​ប្រ​​ឆាំង

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិត គោរពជូនប្រធានរដ្ឋសភា ឆ្លើយបំភ្លឺតបទៅអ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្តីពី “សំណើ សុំលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែល អាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្ក្រាបលើ ការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយ សន្តិវិធី”។

លិខិតរបស់ក្រសួងមហាផ្ទៃ លេខ២១៩៨ ស.ជ.ណ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរព ជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកម្មវត្ថុ “ការឆ្លើយបំភ្លឺលើសំណើរបស់អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦” នោះ មានខ្លឹមសារថា “ខ្ញុំមានកិត្តិយសគោរព ជម្រាបជូនសម្តេចចក្រីប្រធានរដ្ឋសភា មេត្តា ជ្រាបដ៏ខ្ពង់ខ្ពស់ថា ចំពោះករណីលិខិតរបស់ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន៨ រូប ដែលបានសរសេរថា “សំណើសុំលុបបំបាត់ កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្ក្រាបលើការ ជួបជុំការ ធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី” ខ្ញុំសូម បំភ្លឺជូនដូចតទៅ ៖

១-ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបាន ពង្រឹង និងវិវត្តល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ បង្កបាននូវបុព្វបទបម្រើដល់ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ បទល្មើសគ្រប់ប្រភេទត្រូវបាន កាត់បន្ថយ របៀបរៀបរយសង្គមមានការរីកចម្រើនគួរជាទីមោទនៈ។ ជោគជ័យដ៏ធំធេងនេះ បានមកពីចំណាត់ការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងមានសមត្ថកិច្ច ដែល បានសហការគ្នាយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរ ពាក់ព័ន្ធនានា ក៏ប៉ុន្តែមិនអាចកាត់ផ្តាច់បានពី ការចូលរួមដ៏មានតម្លៃរបស់ប្រជាពលរដ្ឋបាន ឡើយ។

២-ក្នុងន័យនេះ សំដៅកៀរគរឱ្យបាន កាន់តែក្លៀវក្លាថែមទៀត នូវការគាំទ្រនិងការ ចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចាប់តាំងពីឆ្នាំ២០១០ ដែល ក្រសួងមហាផ្ទៃ មានភារកិច្ចជាស្នូលក្នុងការ ដឹកនាំអនុវត្តគោលនយោបាយនេះ។ កត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីធានាការអនុវត្តគោល- នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យទទួល បានជោគជ័យ គឺទាមទារឱ្យមានការចូលរួមពី សំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ការបំផុសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាម ភូមិ-ឃុំរបស់ខ្លួន ជាមួយកម្លាំងមានសមត្ថកិច្ច (ក្នុងលក្ខណៈជា “ប្រជាការពារ”)។ ក្នុងខណៈ ពេលដែលមន្ត្រីនគរបាលរបស់យើងនៅមាន ចំនួនតិច មិនអាចទាន់ឆ្លើយតបបានទាំងស្រុង ទៅនឹងសំណូមពរចាំបាច់ជាក់ស្តែង កម្លាំងប្រជាការពារនេះក៏បានចូលរួមចំណែកជាកម្លាំងអន្តរាគមន៍យ៉ាងសកម្ម ដើម្បីជាប្រយោជន៍របស់ ប្រជាជនទូទៅនៅមូលដ្ឋាន ជាពិសេសលើការងារផ្នែកសណ្តាប់ធ្នាប់សាធារណៈ។ ចាប់តាំង ពីពេលមានការដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរួចមក មានប្រជាពលរដ្ឋ ជាច្រើន បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ជាមួយកងកម្លាំងនគរបាល ដែលធ្វើឱ្យគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស រួមទាំងសង្កាត់នៅ ក្នុងរាជធានីភ្នំពេញផង សុទ្ធតែមានកម្លាំងប្រជាការពារជួយយាមកាម ការពារ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមពិធីជាច្រើន។

៣-កម្លាំងនៅរាជធានីភ្នំពេញ ដែលគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថា ជាកម្លាំង សន្តិសុខខុសច្បាប់នេះ គឺពុំមែនជាការពិត ពីព្រោះ កម្លាំងនេះមិនមែនជាកម្លាំងសន្តិសុខទេ តែជា “កម្លាំងប្រជាការពារ” របស់ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅមូលដ្ឋាន ដូចបញ្ជាក់ជូនខាងលើ។ ប៉ុន្តែ ដោយហេតុថា រាជធានីភ្នំពេញ មានចរិតប្រមូលផ្តុំគ្រប់វិស័យខុសប្លែកពីបណ្តាខេត្ត នាំឱ្យកម្លាំង នេះ ត្រូវធ្វើសកម្មភាពមមាញឹកប្រកបដោយ ការនឿយហត់យ៉ាងច្រើន ទើបរដ្ឋបាលរាជធានី បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន គ្រាន់- តែសម្រាលជីវភាពប្រចាំថ្ងៃដល់ពួកគាត់តែ ប៉ុណ្ណោះ។

ម៉្យាងទៀត កម្លាំងប្រជាការពារនៅរាជធានីភ្នំពេញ មិនមែនបង្កើតឡើងសម្រាប់បង្ក្រាប ការជួបជុំ ការធ្វើបាតុកម្ម ឬកូដកម្មដោយសន្តិវិធី ដូចគណបក្សសង្គ្រោះជាតិ បានលើកឡើង នោះទេ។ ការពិត កម្លាំងនេះបានបំពេញការងារ ជាច្រើន ដូចជាការរក្សាសណ្តាប់ធ្នាប់នៅតាម ទីផ្សារ ទីសាធារណៈ សួនច្បារ ក៏ដូចជាការជួយ រៀបចំចរាចរណ៍ ការពារពិធីអាពាហ៍ពិពាហ៍ បុណ្យសព និងបុណ្យទាននានា ដែលរៀបចំ ឡើងនៅតាមផ្ទះ និងវត្តអារាម ព្រមទាំងពិធី ឯទៀតជាច្រើន ជាប្រយោជន៍សម្រាប់សង្គមជាតិ។

៤-ដោយឡែក ចំពោះការចោទប្រកាន់ របស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំពោះកម្លាំងនេះ ដោយសារតែមានការប៉ះទង្គិច មួយចំនួនកន្លងមក ព្រោះតែគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពអនាធិបតេយ្យ បំពានច្បាប់ បំពានសិទ្ធិអាជ្ញាធរមានសមត្ថកិច្ច។ ជាក់ស្តែង  ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយមេដឹកនាំ នៃគណបក្សនេះបានដើរប្រកូកប្រកាសបំផុស ញុះញង់ប្រជាពលរដ្ឋនៅខេត្តមួយចំនួន ដោយ បំភ្លៃការពិតនិងធ្វើសង្គ្រាមចិត្តសាស្ត្រកៀរគរ ប្រជាពលរដ្ឋធ្វើបាតុកម្មខុសច្បាប់ជាច្រើនលើក ច្រើនថ្ងៃ អូសបន្លាយពេលរហូតជិតមួយឆ្នាំ ដែលក្នុងចន្លោះពេលនោះ មានការប៉ះទង្គិច ជារឿយៗជាមួយកម្លាំងប្រជាការពាររាជធានី- ភ្នំពេញ ដែលបានជួយដល់កងកម្លាំងនគរបាលជាតិ រៀបចំសណ្តាប់ធ្នាប់ និងរារាំងសកម្មភាព បាតុកម្មដោយគណបក្សសង្គ្រោះជាតិ មិនឱ្យ ធ្វើសកម្មភាពខុសច្បាប់។ លើសពីនេះទៀត នាពេលធ្វើបាតុកម្មចុងក្រោយ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ ដោយមាន គំនិត និងគម្រោងទុកជាមុន បានធ្វើសកម្មភាព ដោយកំរោល ប្រើអំពើហិង្សាវាយដំច្រំធាក់មក លើកម្លាំងប្រជាការពារខណ្ឌដូនពេញ បណ្តាលឱ្យមានរបួសជាទម្ងន់ជាច្រើននាក់យ៉ាងព្រៃផ្សៃ។

៥-ចំពោះករណីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ ក៏ដូចគ្នាដែរ គឺបាតុករមិនគោរពតាម ការណែនាំរបស់សមត្ថកិច្ច បណ្តាលឱ្យសមាជិក អង្គការលីកាដូម្នាក់មានរបួស។ តាមសំណើសុំ ជួបជុំដើម្បីប្រារឰទិវាសិទ្ធិលំនៅឋានពិភពលោក សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យធ្វើនៅ ទីលានប្រជាធិបតេយ្យ ប៉ុន្តែជាក់ស្តែង ពួកគេ នាំគ្នាទៅជួបជុំខុសទីតាំងកំណត់ គឺទៅតំបន់ដីក្រហមទៅវិញ។ នៅពេលសមត្ថកិច្ចណែនាំ ជាច្រើនលើកឱ្យគាត់ធ្វើដំណើរទៅទីលានប្រជាធិបតេយ្យ ទើបគាត់នាំគ្នាដើរទៅ ប៉ុន្តែក្នុងពេល ធ្វើដំណើរនោះ ពួកគាត់មិនគោរពតម្រាយផ្លូវ កំណត់ឡើយ ផ្ទុយទៅវិញ ពួកគាត់សម្រុកមក លើកម្លាំងប្រជាការពារ ដែលទប់មិនឱ្យគាត់ ធ្វើដំណើរមកលិចលើផ្លូវសុរាម្រឹត កែងនឹងផ្លូវ ឧកញ៉ាសួ ស៊្រុន ហើយប្រើអំពើហិង្សាមកលើ សមត្ថកិច្ចទៀតផង ដែលនាំឱ្យមានការប៉ះទង្គិច រួចទើបពួកគាត់ព្រមអនុវត្តតាមការណែនាំ”។

ក្នុងលិខិតដដែលនោះ សម្តេច ស ខេង បានជម្រាបជូនបន្តថា “ខ្ញុំសូមអនុញ្ញាតជម្រាប ជូនសម្តេចចក្រីប្រធានរដ្ឋសភា មេត្តាជ្រាបដ៏ ខ្ពង់ខ្ពស់ថា យោងតាមមាត្រា៥២ វាក្យខណ្ឌ ទី២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា “រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ក្នុងន័យនេះ ការប្រើប្រាស់កម្លាំងប្រជាការពារ  ដើម្បីចូលរួមក្នុងការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម មិនមែនជាការ ខុសច្បាប់នោះទេ ក្នុងលក្ខខណ្ឌដែលពុំមានច្បាប់ ហាមឃាត់ ហើយកម្លាំងទាំងនេះ ពុំមែនជា កម្លាំងអនុវត្តច្បាប់ ប៉ុន្តែជាកម្លាំងអន្តរាគមន៍ ជួយដល់មន្ត្រីអនុវត្តច្បាប់ ពិសេសជួយដល់កម្លាំង សន្តិសុខនៅថ្នាក់មូលដ្ឋាន។ ជាការកត់សម្គាល់  កម្លាំងប្រជាការពារបច្ចុប្បន្ន គឺមានស្ទើរនៅគ្រប់ ឃុំ-សង្កាត់ទូទាំងប្រទេស ហើយបាននិងកំពុង ធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋទូទៅនៅតាមភូមិ-ឃុំរបស់ ខ្លួន។ ម៉្យាងទៀត តាំងពីមុនៗមក ក៏មានការ ប្រើប្រាស់កម្លាំងប្រហាក់ប្រហែលគ្នានេះដែរ  ដូចជាកម្លាំងជីវពល ក្នុងជំនាន់ព្រះបរមរតន- កោដ្ឋ កម្លាំងស្វ័យត្រាណ ក្នុងជំនាន់លន់ នល់ ហើយបច្ចុប្បន្ន ប្រទេសមួយចំនួន ក៏មានប្រើ កម្លាំងប្រជាពលរដ្ឋឱ្យចូលរួមដែរ គ្រាន់តែឈ្មោះ ហៅមានខុសៗគ្នាតែប៉ុណ្ណោះ។ ជាមួយគ្នា ក្រុម- ហ៊ុនឯកជនក៏មានសិទ្ធិសុំបង្កើតកម្លាំងការពារ បានដែរ។ ហេតុនេះ រាជរដ្ឋាភិបាលមានសិទ្ធិ គ្រប់គ្រាន់ ដើម្បីរៀបចំកម្លាំងសម្រាប់ការ គ្រប់គ្រងរដ្ឋ។

ក្រសួងមហាផ្ទៃចាត់ទុកថា ការចោទ- ប្រកាន់របស់គណបក្សសង្គ្រោះជាតិ ជាការ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន តែផ្ទុយទៅ វិញ ហើយធ្ងន់ធ្ងរជាងនេះ គណបក្សនេះ បាន រៀបចំកម្លាំងសន្តិសុខនៅក្នុងបក្សរបស់ខ្លួនជា ច្រើនរយនាក់ មានបំពាក់ឯកសណ្ឋាន បំពាក់វិទ្យុ ទាក់ទង មានពាក់ផ្លាកសញ្ញាមួយចំនួន ដោយ គ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និង បានធ្វើសកម្មភាពដោយអនាធិបតេយ្យជាច្រើន កន្លែង រហូតដល់មានការប៉ះទង្គិចជាច្រើនដង ជាមួយកងកម្លាំងស្របច្បាប់របស់រាជរដ្ឋាភិបាល ទៀតផង។ ក្នុងនាមក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងពិនិត្យផ្លូវច្បាប់ទាក់ទងនឹងការរៀបចំកម្លាំងសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ និងធ្វើសេចក្តីណែនាំដើម្បី ឱ្យអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត។

ខ្លឹមសារដូចបានគោរពជូនខាងលើ សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន៨រូប រួមមាន លោកសុន ឆ័យ, លោក ហូរ វ៉ាន់, លោកស្រីមួរ សុខហួរ, លោកនុត រំដួល, លោកលឹម ប៊ុនស៊ីដារ៉េត, លោកជា ប៉ូច, លោកយន្ត ថារ៉ូ និងលោកជីវ កត្តា បានធ្វើ លិខិតរួមគ្នាមួយ ជម្រាបជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាម រយៈសម្តេចហេង សំរិន ប្រធានរដ្ឋសភា (ចំណារបញ្ជូនចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦) ក្នុងកម្មវត្ថុ “សំណើសុំលុបបំបាត់កម្លាំងសន្តិសុខ ខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើ ដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និង កូដកម្មដោយសន្តិវិធី”។

លិខិតរបស់អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ បានជម្រាបជូនសម្តេច ស ខេង ថា “យើងខ្ញុំសូមជម្រាបសម្តេចក្រឡាហោម មេត្តាជ្រាបថា ចាប់តាំងពីឆ្នាំ២០១៣ មក អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រើប្រាស់កង- កម្លាំងសន្តិសុខមួយប្រភេទ ដែលមិនស្គាល់អត្ត- សញ្ញាណ និងមានឯកសណ្ឋានខុសពីមន្ត្រីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបង្ក្រាបដោយហិង្សា ដោយការប្រើ ដំបង និងចម្ពាមកៅស៊ូគ្រាប់ដែក ទៅលើការ ជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី របស់គណបក្សសង្គ្រោះជាតិ សហជីព សង្គម- ស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដោយបញ្ហា ដីធ្លីជាដើម។

នាពេលថ្មីៗនេះ កងកម្លាំងសន្តិសុខប្រភេទ នេះ ដឹកនាំដោយឈ្មោះជាម រដ្ឋា បានប្រើអំពើហិង្សាវាយតប់យ៉ាងដំណំទៅលើប្រជាពលរដ្ឋ រួមទាំងមន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ មួយរូបផង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណៈដែលពួកគាត់កំពុងប្រារឰទិវាសិទ្ធិលំនៅឋានពិភពលោក នៅរាជធានីភ្នំពេញ។

យើងខ្ញុំជាអ្នកតំណាងរាស្ត្រ យល់ថា ការ ប្រើអំណាចរបស់កងកម្លាំងសន្តិសុខខណ្ឌ និង កងកម្លាំងសន្តិសុខដែលមិនស្គាល់អត្តសញ្ញាណ ដើម្បីទៅបង្ក្រាបការជួបជុំ ការធ្វើបាតុកម្ម និង កូដកម្មដោយសន្តិវិធី ជាទង្វើខុសច្បាប់ ដែល ត្រូវមានវិធានការលុបបំបាត់ជាបន្ទាន់ ហើយ ជនដែលប្រើអំពើហិង្សា ត្រូវតែបានយកទៅ ផ្តន្ទាទោស ដូចជាឈ្មោះជាម រដ្ឋា នេះជាដើម។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ យើងខ្ញុំស្នើសម្តេចក្រឡាហោម ចាត់វិធានការ ផ្លូវច្បាប់លើកងកម្លាំងសន្តិសុខខុសច្បាប់របស់ សាលារាជធានីភ្នំពេញ ជាបន្ទាន់…៕

ដោយ ខៀវ ទុំ

RELATED ARTICLES