សមា​ជិក​សភា-​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង ជាប់ឃុំ​ ចេញ​លិខិត​អំពាវ​នាវ​ពី​គុក​ព្រៃ​ស

ភ្នំពេញ ៖ សមាជិកសភា សមាជិក ព្រឹទ្ធសភា រួមនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បាន រួមគ្នាផ្តិតមេដៃ លើលិខិតអំពាវនាវមួយ ចេញពីពន្ធនាគារព្រៃស បំណងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់ខេត្តក្រុង ដែល មិនទាន់បានចុះឈ្មោះបោះឆ្នោត សូមប្រញាប់ រួសរាន់ទៅចុះឈ្មោះ ខណៈដែលថ្ងៃកំណត់បិទ បញ្ជីចុះឈ្មោះបោះឆ្នោត កាន់តែខិតជិតមក ដល់។

លោកសម រង្ស៊ី ប្រមុខដឹកនាំគណបក្ស សង្គ្រោះជាតិ បានបញ្ជាក់ឱ្យដឹង នៅលើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “អ្នកទោសនយោបាយ៣រូប គឺលោកហុង សុខហួរ (សមាជិក ព្រឹទ្ធសភាជាប់ឆ្នោត) លោកអ៊ុំ សំអាន (តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តសៀមរាប) និង លោកមាជ សុវណ្ណារ៉ា (បេក្ខជនតំណាងរាស្ត្រ បម្រុងមណ្ឌលខេត្តបន្ទាយមានជ័យ) ដែលត្រូវ គេឃុំឃាំងនៅពន្ធនាគារច្រើនខែមកហើយ ដោយ មូលហេតុនយោបាយសុទ្ធសាធ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ខេត្តក្រុង អញ្ជើញ ចុះឈ្មោះបោះឆ្នោត ឱ្យទាន់ពេលវេលា គឺរហូត ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ២០១៦ នេះជាកំហិត។

បើបងប្អូនជនរួមជាតិ អាណិតពួកគាត់ ដោយពួកគាត់រងគ្រោះដោយអំពើអយុត្តិធម៌ ហើយបើបងប្អូនមិនចង់រងគ្រោះដោយអំពើ អយុត្តិធម៌ដូចគ្នាថ្ងៃណាមួយ សូមបងប្អូនជន រួមជាតិអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ហើយ ត្រៀមបោះឆ្នោត ដើម្បីឱ្យមានការផ្លាស់ប្តូរ តាមសេចក្តីអំពាវនាវរបស់ពួកគាត់”។

ដោយឡែកយោងតាមលិខិតអំពាវនាវ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ធ្វើចេញពី ពន្ធនាគារព្រៃស និងភ្ជាប់ដោយស្នាមមេដៃ លោកហុង សុខហួរ លោកអ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា មានខ្លឹមសារទាំងស្រុងថា “យើង ខ្ញុំ ហុង សុខហួរ, អ៊ុំ សំអាន និងមាជ សុវណ្ណារ៉ា បច្ចុប្បន្នកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែម១ ព្រៃស សូមនិមន្ត និងអញ្ជើញព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅ ឡើយ សូមប្រញាប់រួសរាន់ និមន្ត និងអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់អង្គ និង គ្រប់គ្នា ប្រសិនបើបងប្អូន ចង់ឱ្យសង្គមមាន យុត្តិធម៌ ចង់ជួយអ្នកទោសមនសិការទាំងអស់  ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារឱ្យមាន សេរីភាពវិញ។

នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ការចុះ ឈ្មោះនឹងត្រូវបញ្ចប់ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខដ៏ខ្លីនេះ។

ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺជា លក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បើបងប្អូនពុំ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតទេ បងប្អូន ពុំមានសិទ្ធិបោះឆ្នោតឡើយ។

មានតែសន្លឹកឆ្នោតរបស់បងប្អូនទេ ទើប អាចផ្លាស់ប្តូរសង្គមមួយ ដែលពោរពេញទៅ ដោយការឈឺចាប់ និងភាពអយុត្តិធម៌បាន។

យើងខ្ញុំទាំងអស់គ្នា ដែលកំពុងជាប់ឃុំឃាំង សង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គ ព្រម ទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិ បោះឆ្នោត ហើយមិនទាន់បាននិមន្ត និងអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត នឹងនិមន្ត អញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតបានគ្រប់អង្គ និងគ្រប់គ្នា”៕