Friday, April 26, 2024
Homeព័ត៌មានជាតិសវនា​ការ​កាត់​ទោស​ថ្ងៃ​នេះ លោក​សម រង្ស៊ី ថា​តុលា​ការ​អា​យ៉ង​ធ្វើ​តាម​បញ្ជា​អ្នក​ ដឹក​នាំ​នយោ​បាយ

សវនា​ការ​កាត់​ទោស​ថ្ងៃ​នេះ លោក​សម រង្ស៊ី ថា​តុលា​ការ​អា​យ៉ង​ធ្វើ​តាម​បញ្ជា​អ្នក​ ដឹក​នាំ​នយោ​បាយ

ភ្នំពេញ  សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បើកសវនាការជំនុំជម្រះលើសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ សមគំនិតក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលជាសំណុំរឿងពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកហុង សុខហួរ ដែលបានបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្លែង តាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងមក។

ការបើកសវនាការកាត់ទោសលោកសម រង្ស៊ី ពីបទចោទប្រកាន់ខាងលើនេះ ត្រូវបាន លោកសម រង្ស៊ី រិះគន់វាយប្រហារតុលាការថា ជាអាយ៉ងដែលធ្វើការចោទប្រកាន់រូបលោក តាមបញ្ជារបស់អ្នកដឹកនាំនយោបាយ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ បណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ថ្ងៃ២៥ វិច្ឆិកា ២០១៦ នេះ សាលាដំបូងរាជធានីភ្នំពេញ នឹង បើកសវនាការជំនុំជម្រះ ដើម្បីផ្តន្ទាទោសមកលើ រូបខ្ញុំ (សម រង្ស៊ី) និងយុវជន២នាក់ គឺលោក អ៊ឹង ជុងលាង (អាយុ២១ឆ្នាំ) និងលោកសម្បត្តិ សត្យា (អាយុ២៦ឆ្នាំ) ជាជំនួយការក្នុងក្រុមការងារដែលគ្រប់គ្រងទំព័រ Facebook របស់ ខ្ញុំ។ សូមបញ្ជាក់ថា ខ្ញុំមានសហការីជាច្រើននាក់ ទៀត ដែលជួយរៀបចំទំព័រ Facebook របស់ ខ្ញុំនេះ។

hong-sokhou

បន្ទាប់ពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ បានកាត់ទោសលោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទក្លែងបន្លំឯកសារ សាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈ ក្លែង និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម (គួរឱ្យអស់សំណើច!) តុលាការដដែលនេះ ក៏បានធ្វើការចោទប្រកាន់ មកលើពួកយើងទាំង៣នាក់ (សម រង្ស៊ី, អ៊ឹង ជុងលាង និងសម្បត្តិ សត្យា) ពីបទសមគំនិត ក្នុងអ្វីដែលគេចាត់ទុកថា ជាបទល្មើសទាំង៣ មុខខាងលើនេះ។

តុលាការអាយ៉ងនេះ ចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំនយោបាយ ដែល ចង់កម្ចាត់គូប្រកួតរបស់ខ្លួន។ រឿងនេះជារឿង នយោបាយសុទ្ធសាធ ហើយអ្នកដែលធ្វើការ ចោទប្រកាន់នោះ មិនសំអាងលើការពិតមួយដ៏ សំខាន់ ដែលគេធ្វើមិនដឹងមិនលឺ។ ការពិតនោះ គឺអ្វីដែលលោកហុង សុខហួរ បានយកមក បង្ហាញតាមទំព័រ Facebook របស់ខ្ញុំ កាលពី ថ្ងៃទី១១ សីហា ២០១៥ នោះ គឺជាឯកសារ ដែលមានការបកប្រែខុសមួយពាក្យ ពីភាសា ខ្មែរ ទៅភាសាអង់គ្លេស ហើយពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ។ ពាក្យនោះ គឺពាក្យ កំណត់ឡើងវិញ“Redefine” ដែលគេ បានបកប្រែត្រឡប់ត្រឡិនទៅជាពាក្យរំលាយ“Dissolve”។ ឯកសារដែលមានការបកប្រែ ខុសមួយពាក្យនេះ មិនមែនលោកហុង សុខហួរ បានប្រឌិត ឬកែច្នៃខ្លួនគាត់ទេ តែឯកសារនេះ ត្រូវបានគេផ្សព្វផ្សាយទាំងស្រុងតាមប្រព័ន្ធ  អ៊ីនធើរណេត (Internet) តាំងពីយូរឆ្នាំមុន លោកហុង សុខហួរ។ តើហេតុអ្វីបានជាតុលាការ អាយ៉ង និងអ្នកដឹកនាំនយោបាយនៅប្រទេស កម្ពុជាសព្វថ្ងៃ មិនទៅរករឿងអង្គការ និងក្រុម ផ្សេងៗនៅក្រៅប្រទេស ដែលគេបានបង្ហោះ ទូទាំងពិភពលោក តាំងពីយូរយារណាស់មកហើយ នូវឯកសារដែលលោកហុង សុខហួរ ទើបតែបានយកមកបង្ហោះតាមក្រោយគេនេះ? តុលាការអាយ៉ង គួរដឹងថា ទំព័រ Facebook នីមួយៗ ដូចជាទំព័រ Facebook របស់ខ្ញុំ មាន អ្នកគ្រប់គ្រងនិងអ្នកចាត់ចែងជាច្រើនរូប ដែល មានសិទ្ធិបង្ហោះព័ត៌មាននិងយោបល់ផ្សេងៗ។  នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០១៥ នៅពេលដែល លោកហុង សុខហួរ បង្ហោះឯកសារដូចបានបញ្ជាក់ ពីខាងលើ ខ្ញុំកំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកឯណោះ ហើយទាល់តែថ្ងៃ១៦ សីហា ២០១៥ ទើបខ្ញុំបានវិលត្រឡប់មកប្រទេស កម្ពុជា វិញ ដោយមិនបានពាក់ព័ន្ធអ្វីក្នុងការ បង្ហោះឯកសារនេះ

គួររំលឹកដែរថា ពាក់ព័ន្ធសំណុំរឿងនេះដែរ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថាថ្ងៃនេះ លោកហុង សុខហួរ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស បន្ទាប់ពីរងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និងបទញុះញង់បង្កឱ្យមាន  ភាពវឹកវរដល់សន្តិសុខសង្គម។

កាលពីថ្ងៃ១១ សីហា ២០១៥ លោកសមាជិក ព្រឹទ្ធសភា ហុង សុខហួរ មកពីគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំ (សម រង្ស៊ី) នូវឯកសារមួយច្បាប់ ពាក់ព័ន្ធទៅ នឹងសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ឯកសារនោះ គ្រាន់តែ ជាការវាយបញ្ចូលឡើងវិញក្នុងកុំព្យូរទ័រ នូវ ខ្លឹមសារនៃសន្ធិសញ្ញាដើម តែការវាយបញ្ចូល ឡើងវិញនេះ មានលក្ខណៈខុសឆ្គងខ្លះ ដែលអាច បណ្តាលមកពីការបកប្រែ។

នៅថ្ងៃទី១៣ សីហា ២០១៥ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទប្រកាន់ជាសាធារណៈ សមាជិកព្រឹទ្ធសភា លោកហុង សុខហួរ ពីបទ ក្បត់ជាតិដោយសារបំភ្លៃការពិត ហើយ ធ្វើឱ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ជាពិសេស លោកហ៊ុន សែន បានគូសបញ្ជាក់ពី របៀបខុសឆ្គងដែលលោកហុង សុខហួរ បាន លើកឡើងពីមាត្រាទី៤ នៃសន្ធិសញ្ញានោះ ហើយ លោកហ៊ុន សែន ក៏បានបញ្ជាឱ្យគេឃាត់ខ្លួនលោក ហុង សុខហួរ តែម្តង។ តុលាការក៏បានចោទប្រកាន់លោកហុង សុខហួរ ពីបទក្លែងបន្លំឯកសារ និងបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍។ លោកហុង សុខហួរ ត្រូវបានគេឃាត់ខ្លួននៅថ្ងៃ១៥ សីហា ២០១៥ ថ្វីត្បិតតែលោក មានអភ័យឯកសិទ្ធិសភា ហើយលោកត្រូវបាន គេឃុំឃាំងនៅពន្ធនាគារតាំងពីថ្ងៃនោះមក

លោកសម រង្ស៊ី បានសរសេរបន្តថា ឯកសារ ភ្ជាប់មកជាមួយនេះ គឺជាការដកស្រង់ពីអ្វីដែល លោកហុង សុខហួរ បានបង្ហោះពីសន្ធិសញ្ញារវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ហើយដែលរងការចោទប្រកាន់ពីបទ ក្លែងបន្លំ (ប្រហែលដោយសារតែការបកប្រែខុស ពីភាសាមួយ ទៅភាសាមួយ)។ ឯកសារទាំង នោះ មានជាអាទិ៍ មាត្រាទី៤ នៃសន្ធិសញ្ញាព្រំដែន ដែលលើកឡើងពីការ រំលាយព្រំដែនរវាងប្រទេស ទាំងពីរ។ ការប្រើពាក្យមួយម៉ាត់នេះ ក្នុងមាត្រាទី៤ នេះ បានជំរុញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យចោទប្រកាន់លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ ពីបទក្បត់ជាតិ ហើយបញ្ជាឱ្យគេចាប់ ខ្លួននិងឃុំខ្លួនលោកហុង សុខហួរ។

តែឥឡូវនេះ មានភ័ស្តុតាងជាក់ស្តែង ដែល បង្ហាញថា ឯកសារដែលបង្ហោះដោយលោកហុង សុខហួរ នោះ មិនមែនរៀបចំដោយលោកហុង សុខហួរ ឡើយ។ តាមការពិត ឯកសារនេះ គឺ សន្ធិសញ្ញាដែលមានការបកប្រែខុសឆ្គងនោះ  ត្រូវបានអ្នកផ្សេងបង្ហោះ ហើយត្រូវបានអ្នកដទៃ ទៀតអាន និងចែកចាយតាមប្រព័ន្ធអ៊ីនធើរណេត តាំងពីយូរឆ្នាំមកហើយ មុនលោកហុង សុខហួរ ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំឯកសារ  នៅខែសីហា ២០១៥។

ការស្រាវជ្រាវមួយ តាមបែបបទបច្ចេកទេសយ៉ាងងាយស្រួល ដែលតុលាការនៅប្រទេស កម្ពុជា អាចធ្វើខ្លួនឯងបាន នឹងនាំឱ្យរកឃើញនូវ គេហទំព័រមួយ ដែលបង្ហាញថា ឯកសារដែល ទទួលការចោទប្រកាន់នោះ ដែលលោកហុង សុខហួរ បានបង្ហោះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ នោះ ត្រូវបានគេចែកចាយជាបន្តបន្ទាប់ តាមប្រព័ន្ធអ៊ីនធើរណេត តាំងពីយូរឆ្នាំមកហើយ ដោយវាមានប្រភពដើមរបស់វាមួយ ដែលគ្មានពាក់ព័ន្ធអ្វីជាមួយលោកហុង សុខហួរ ទាល់តែសោះ។ ដូច្នេះ លោកហុង សុខហួរ ដែល គ្រាន់តែបានចម្លងឯកសារនេះពីអ្នកដទៃ ត្រូវ បានគេចោទប្រកាន់យ៉ាងអយុត្តិធម៌ ពីបទក្លែងបន្លំឯកសារនេះ។

ភ័ស្តុតាងទីមួយយ៉ាងច្បាស់លាស់ ដែល បង្ហាញថា លោកហុង សុខហួរ មិនមានកំហុស អ្វីទេ គឺគេហទំព័រ www.worldkhmerradioonline.com ដែលមានទីតាំងរបស់វានៅ សហរដ្ឋអាមេរិក ហើយដែលមានទំព័រលម្អិត http://www.worldkhmerradioonline.com/ …/03/traity-197918feb.… ដែលត្រូវបាន បង្ហោះ តាំងពីថ្ងៃ១៧ មីនា ២០១៣ មកម៉្លេះ។

សូមលោកហ៊ុន សែន និងតុលាការនៅ ប្រទេសកម្ពុជា ទៅតវ៉ារករឿងអ្នកដែលរៀបចំ គេហទំព័រនោះ នៅសហរដ្ឋអាមេរិក តាំងពីយូរ ឆ្នាំមកហើយ មុននឹងមករករឿងលោកហុង សុខហួរ ពេលនេះនៅប្រទេសកម្ពុជា

ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី  លោកផៃ ស៊ីផាន បានចាត់ទុកថា ការលើកឡើង របស់លោកសម រង្ស៊ី ជាការលើកឡើងដដែលៗ តាមបែបអ្នកមានបញ្ហាសិតិអារម្មណ៍ និងបរាជ័យក្នុងជីវិតនយោបាយ ក្នុងនាមជាទណ្ឌិត ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា ជា សម្តីដដែលៗរបស់ទណ្ឌិត គាត់មានបញ្ហាសតិអារម្មណ៍រួចស្រេចទៅហើយ ពីព្រោះគាត់បរាជ័យតាំងពីអើយមក តាំងពីបរាជ័យជាមួយ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បរាជ័យ ជាមួយគណបក្សជាតិនិយមរបស់គាត់ បរាជ័យ នឹងគណបក្សសម រង្ស៊ី ឥឡូវនេះបរាជ័យនៅ ក្នុងគណបក្ស CNRP ទៀត។ ដូច្នេះធ្វើឱ្យសតិ អារម្មណ៍របស់គាត់ហ្នឹងវាមិនប្រក្រតីទេ អាហ្នឹង ខ្ញុំមិនចាប់អារម្មណ៍ទេ ទី២ ការលើកឡើងការ វាយប្រហារលើស្ថាប័នជាតិ ហ្នឹង តាំងពីគាត់ ជេរសភា ជាសភាកញ្ចូញគូទមាន់ គាត់ជេរ រដ្ឋាភិបាលអាយ៉ង គាត់ជេរតុលាការពុករលួយ តុលាការអាយ៉ង។ អាហ្នឹង ជាភាសារបស់គាត់ ហើយភាសាហ្នឹងគេបានប្រើប្រាស់នៅក្នុងទសវត្សរ៍៦០ ដែលពួកឧទ្ទាមខ្មែរក្រហម គេប្រើប្រាស់ ដើម្បីបំបាត់កិត្យានុភាពបំបាត់ជំនឿទៅ លើស្ថាប័នរដ្ឋ។ ហ្នឹងជាភាសាពួកឧទ្ទាមតែប៉ុណ្ណោះ ខ្ញុំមិនជាចាប់អារម្មណ៍អីទេ ពីព្រោះ តុលាការគេវិនិច្ឆ័យទៅលើសារសំខាន់ណាស់ គឺអង្គហេតុ និងអង្គច្បាប់។ បើគ្មានអង្គហេតុ ហើយគ្មានអង្គច្បាប់ គ្មានការវិនិច្ឆ័យក្តីទេ។ អាស្រ័យហេតុដូច្នេះ គាត់និយាយហ្នឹង របៀប មនុស្សព្រៃ មនុស្សឧទ្ទាមព្រៃតែប៉ុណ្ណោះ

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថាខ្ញុំមិនមែនគាំទ្រឬមិនគាំទ្រំទេ ខ្ញុំមើលទៅ តុលាការ គេវិនិច្ឆ័យតាមអង្គហេតុ និងអង្គច្បាប់ ហើយដើម្បីជាយុត្តិធម៌ទាំងសងខាងហ្នឹង គឺ យើងមានសិទ្ធិក្នុងកាស្វែងរកមេធាវីល្អ ដើម្បី ពន្យល់ប្រាប់ពីអង្គហេតុ ដែលថា សម រង្ស៊ី ហ្នឹង អត់មានជាប់ទាក់ទងក្នុងពិរុទ្ធណាមួយទេ។ ដូច្នេះ អង្គហេតុមានរួចស្រេចទៅហើយ បើសិនគេ ស្វែងរកមានធាតុផ្សំបង្កើតបានជាពីរុទ្ធ បាន សេចក្តីថា តុលាការគេចាត់វិធានការតាមច្បាប់ អនុញ្ញាតគេហ្នឹង គេទុកសេរីភាពឱ្យ រហូត តាំងពីតុលាការក្រុង រហូតដល់តុលាការឧទ្ធរណ៍ ហើយតុលាការកំពូល។ តើបុគ្គលសម រង្ស៊ី ជា អ្នកណា? យើងមើលឱ្យច្បាស់ទៀត យ៉ាងហោច ណាស់ គាត់បានទទួលការអនុគ្រោះពីព្រះមហាក្សត្រព្រះរាជទានទោសហ្នឹង វា២ដងរួចទៅហើយគាត់មានលក្ខណៈជាអ្នកជាប់គុករួចស្រេច ២ដងរួចទៅហើយ អាហ្នឹងយើងមិនជាយកអ្វី ជាធំទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES