Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមឈើ​សក្ការៈ កាប់​ដួលដុះ​​វិញ

ឈើ​សក្ការៈ កាប់​ដួលដុះ​​វិញ

ឈើគ្រញូងដ៏ធំ១ដើម នៅតំបន់ឧទ្យានអង្គរ ដែលត្រូវបានអាជ្ញាធរអប្សរា កាប់ផ្តួល និងអារផ្តាច់ជាកង់ៗនោះ ឥឡូវ មានពន្លកលំពង់ខ្ចីដុះចេញពីគល់ ផ្អើលដល់អ្នកស្រុកទៅគោរពបូជា។ ជាទូទៅ “ឈើសក្ការៈ ទោះជាមនុស្សកាប់ផ្តួល តែង ដុះវិញ” ដែលជំនឿបុរាណថា មកពីឈើនោះមានបារមីម្ចាស់ទឹកម្ចាស់ដីថែរក្សា ឯអ្នកកាប់ឈើ ចៀសមិនផុតពីគ្រោះថ្នាក់ ជាប់គុកច្រវាក់ ឬឈឺស្លាប់ ដែល “នគរធំ” សូមលើកពី “ឈើសក្ការៈ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឈើសក្ការៈ” គឺជាឈើកម្រ ដែលដុះនៅក្នុងព្រៃ តាមភូមិ ឬវត្តអារាមនានា ដូចជា ដើមពោធិព្រឹក្ស ដើមជ្រៃ ដើម ច្រេស ជាដើម ដែលមនុស្សគោរពបូជា។ ឈើសក្ការៈ សំខាន់ៗមាន៥ ដែលព្រះពុទ្ធ៥ព្រះអង្គ គង់ពីក្រោមម្លប់ បានត្រាស់- ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ គឺព្រះកក្កុសន្ធោ បានត្រាស់ដឹងក្រោមដើមច្រេស, ព្រះកោនាគមនោ បានត្រាស់ដឹងក្រោម ដើមល្វា, ព្រះកស្សបោ បានត្រាស់ដឹងក្រោមដើមជ្រៃ, ព្រះសមណគោតម បានត្រាស់ដឹងក្រោមដើមពោធិ៍ ហើយអនាគត ព្រះពុទ្ធមេតេយ្យោ ឬព្រះសិអារ្យមេត្រី នឹងបានត្រាស់ដឹងក្រោមដើមខ្ទឹង។ បុគ្គលណាហ៊ានកាប់ឈើទាំង៥ប្រភេទនេះ ឈ្មោះ ថា បានប្រមាថចំពោះព្រះពុទ្ធអង្គ ដែលស្មើនឹងការសន្សំបាបកម្ម បើកផ្លូវទៅឋាននរក។

ដោយឡែក ឈើដទៃទៀត ដែលជាអាស្រមអ្នកតា អ្នកដូន ក៏ជាឈើសក្ការៈដែរ ដូចជាឈើ គ្រញូង បេង នាងនួន ផ្ចឹក អម្ពិល ឈើទាល សំរោង ប៉ុន្តែ ឈើទាំងអស់នោះ បើគ្មានអាស្រមអ្នកតានៅពីក្រោម ក៏មិនអាចហៅថា “ជាឈើសក្ការៈ” បានដែរ។ ឈើអ្នកតា ឬឈើព្រះភូមិ តាមជំនឿបុរាណថា មានបារមីខ្លាំងពូកែណាស់ សូម្បីគ្រាប់កាំភ្លើងផ្លោងធ្លាក់ក្បែរ ក៏ មិនផ្ទុះដែរ ឯផ្លែឈើនោះ ដូចជាអម្ពិលជាដើម ក៏គ្មានអ្នកស្រុកណាហ៊ានទៅបេះបោចបរិភោគបានឡើយ។ រាល់ឈើសក្ការៈ ទាំងអស់ គិតទាំងឈើដែលព្រះពុទ្ធបានត្រាស់ដឹង ទាំងឈើអ្នកតា កាលបើមានមនុស្សមិច្ឆាទិដ្ឋិទៅកាប់ផ្តួល ឬដកចោល ឱ្យតែនៅសល់ប្ញសតែមួយសរសៃ វានឹងដុះពន្លកលំពង់ថ្មី លូតលាស់វិញមិនខាន។

ករណីឈើគ្រញូងនៅតំបន់អង្គរ ដែលមន្ត្រីអាជ្ញាធរអប្សរា កាប់រំលំនោះ បានដុះពន្លកវិញ ពុំមែនជារឿងបំផ្លើសនោះ ទេ ព្រោះឈើដែលមានអាយុជាង២សតវត្សរ៍នោះ ជាឈើដែលអ្នកស្រុកតែងគោរពបូជា បន់ស្រន់ ដោយពួកគាត់ជឿថា មានម្ចាស់ទឹកម្ចាស់ដីថែរក្សា។ ពួកគាត់បានទាំងស្នើទៅអាជ្ញាធរអប្សរា ធ្វើរបង ឬរាជវ័តិព័ទ្ធគល់ឈើនោះទៀតផង ដើម្បី ការពារលំពង់ឱ្យលូតលាស់ដោយគ្មានឧបសគ្គ និងសង្ឃឹមថា បួនប្រាំឆ្នាំទៀត ដើមគ្រញូងថ្មី ដុះពីគល់ចាស់ នឹងក្លាយជាឈើ សក្ការៈបន្តទៀត។

ជាទូទៅ “ឈើសក្ការៈ កាប់ដួលដុះវិញ” ដូចប្រវត្តិ “ពោធិព្រឹក្ស” ដែលជាឈើ “សហជាតិកំណើត” គឺផុសពីផែនដី ដំណាលគ្នានឹងការប្រសូតរបស់ព្រះសិទ្ធាថ៌។ ឈើនេះ បើគិតមកទល់សព្វថ្ងៃ គឺមានអាយុ២៥៦០+៨០ឆ្នាំហើយ បានបែក សាយពូជពេញសាកលលោក ដោយការផ្សាំមែក ឬយកកូនទៅដាំ។ មានសេចក្តីតំណាលថា ព្រះបាទអសោកមហារាជ បាន ឡើងសោយរាជ្យនៅក្រុងបាតលីបុត្ត ក្រោយព្រះពុទ្ធបរិនិព្វានប្រមាណ២៨០ឆ្នាំ។ ស្តេចចក្រពត្តិអង្គនោះ គោរពព្រះពុទ្ធ- សាសនាខ្លាំងណាស់ តែងគង់លើសេះមនោមេយ្យ ដ៏មានល្បឿន យាងទៅថ្វាយបង្គំពោធិព្រឹក្ស នៅពុទ្ធគយា ទីដែលព្រះពុទ្ធ បានត្រាស់ដឹង ជារៀងរាល់ថ្ងៃ ធ្វើឱ្យអគ្គមហេសីព្រះអង្គ កើតក្តីមួហ្មង ព្រោះតែស្វាមីមិនសូវចូលរួមផ្តេកផ្តិតដូចសព្វដង។ អគ្គមហេសីនោះស៊ើបដឹងថា ព្រះបាទអសោក រវល់តែចេញទៅថ្វាយបង្គំពោធិព្រឹក្ស ក៏កើតក្តីច្រណែនឈ្នានីស លួចជួល មនុស្សឱ្យទៅកាប់ដើមពោធិព្រឹក្សនោះដួលទៅ។ ស្អែកឡើង ព្រះបាទអសោក យាងទៅដល់ ឃើញពោធិព្រឹក្សដួលរលំបែប នេះ ក៏ទ្រង់ព្រះកន្សែងរហូតដល់សន្លប់ និងត្រាស់បង្គាប់សេនាជំនិតឱ្យរឺតទឹកដោះមេគោ៥០០ក្បាល យកទៅស្រោចលើគល់ ពោធិ៍ រួចព្រះអង្គគង់ធ្វើសមាធិក្បែរនោះ តាំងសច្ចាប្រណិធានថា បើពោធិព្រឹក្សមិនដុះពន្លក ព្រះអង្គនឹងមិនក្រោកចាកទី នេះជាដាច់ខាត។ ហេតុតែជាឈើសក្ការៈ ស្រាប់តែពោធិព្រឹក្សលាស់លំពង់យ៉ាងលឿន ទើបស្តេចចាត់ឱ្យធ្វើរបងការពារ និងចាត់សេនាទាហានឱ្យនៅយាមប្រចាំការទៀតផង ធ្វើឱ្យអគ្គមហេសីស្គាល់កំហុស ក៏យាងទៅថ្វាយបង្គំព្រះពោធិព្រឹក្ស និងសុំខមាទោសពីព្រះស្វាមី។

ពោធិព្រឹក្សនោះ ក៏លូតលាស់មានកម្ពស់ដូចដើម ត្រូវបាន “ព្រះនាងសង្ឃមិត្តាថេរី” ដែលជាព្រះរាជបុត្រីព្រះបាទអសោក នាំពូជទៅដាំនៅកោះសិរីលង្កា ក្នុងរជ្ជកាល “ព្រះបាទទេវានម្បិយតិស្ស”។ ដើមមហាពោធិ៍នេះ ជាឈើដែលមានវ័យចំណាស់ ជាងគេក្នុងប្រវត្តិសាស្ត្រ ត្រូវបានដាំនៅលើទីខ្ពស់ មានរបងដែកពណ៌មាសព័ទ្ធជុំវិញ។ រវាង ព.ស២៤៣១ ត្រូវនឹង គ.ស ១៨៨៧ មានសាមណេរជាតិលង្កា១អង្គ ព្រះនាម “រតនសារៈ” បាននាំកូនពោធិព្រឹក្ស មកថ្វាយព្រះបាទនរោត្តម ដែលកាល នោះ ព្រះមហាក្សត្រខ្មែរ បានរៀបចំទទួលយ៉ាងអធិកអធម និងយកទៅដាំនៅមុខវត្តបទុមវតី ដោយធ្វើបុណ្យសម្ពោធ៣ យប់ ៣ថ្ងៃ មានល្បែងរបាំមហោស្រព មានទាំងបញ្ចុះមាសប្រាក់ កែវកង ទៅក្នុងរណ្តៅ មុនពេលដាំទៀតផង។

ដោយឡែក នៅក្នុងរឿង “មរណមាតា” បានតំណាលពីនាងកាឡី និងកូន នាំគ្នាទៅដកដើមត្រប់ ដែលព្រលឹងនាងកុលកេសី ចាប់ជាតិ តែបានមេឆ្មាមួយពាំប្ញសត្រប់ ទៅឱ្យកុមារីមរណមាតា យកទៅដាំ។ ប្ញសត្រប់២សរសៃនោះ ក៏ដុះចេញជាដើម រលួសមាស២ សម្រាប់កូនស្រីកតញ្ញូគោរពបូជា ដូចអ្វីដែលអក្សរសិល្ប៍ខ្មែរ បានបន្សល់ទុក។

ដូច្នេះយើងឃើញថា “ឈើសក្ការៈ កាប់ដួលដុះវិញ” ទោះជាឈើអ្វីក៏ដោយមិនងាប់ផុតពូជនោះឡើយ។ បុគ្គលណា ក្រុម ណា របបណាបំផ្លាញឈើសក្ការៈ គឺចៀសមិនផុតពីការដួលរលំដូចដើមឈើដែលគេកាប់នោះ។ ជាក់ស្តែង របបប៉ុល ពត បាន បញ្ជាឱ្យរំលាយព្រះពុទ្ធសាសនា កាប់បំផ្លាញដើមពោធិព្រឹក្ស ជាលទ្ធផលគឺកងឈ្លបដៃដល់ ខ្លះត្រូវរន្ទះបាញ់ស្លាប់ ខ្លះត្រូវគ្រាប់ កាំភ្លើង ខ្លះទៀតខ្យល់គរដួលស្លាប់យ៉ាងទាន់ហន់ ខណៈដែលមេដឹកនាំខ្មែរក្រហម បានត្រឹមយកឆ្អឹងទៅចោលក្នុងព្រៃជាយ ដែន ឯមេដឹកនាំខ្លះទៀតកំពុងវ័ណ្ឌកដោយអំណាចតុលាការ។

ចំពោះឈើគ្រញូងដ៏ធំ១ដើម នៅតំបន់អង្គរ ដែលត្រូវបុគ្គលរុំស្រោបដោយមហិច្ឆតាកាប់រំលំនោះ យើងឃើញលទ្ធផល ជាក់ស្តែង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួនបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។ ធម្មតា ឈើគ្រញូង ឱ្យតែនៅសល់ប្ញស បើវាចាក់ដល់ណា នឹងចេញកូនដល់នោះ វៀរលែងតែទឹកលិច មិនអាចចេញពន្លកបាន។ បើ ជាឈើអ្នកតា អ្នកដូនទៀតនោះ វានឹងចេញពន្លកតាមគល់ ក្រោយពេលកាប់រំលំត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ហើយពន្លកនោះ នឹង ក្លាយជាលំពង់សាខានៅប៉ុន្មានឆ្នាំខាងមុខ បើសិនជាមានការថែរក្សាដិតដល់។ រាល់ឈើទាំងអស់ សុទ្ធតែមានផ្កាផ្លែចេញគ្រាប់ បន្តពូជ សូម្បី “ព្រះមហាមោគ្គល្លាន” ជាអគ្គសាវ័កឆ្វេងរបស់ព្រះពុទ្ធបរមគ្រូ ក៏ធ្លាប់រើសគ្រាប់ពោធិព្រឹក្ស ទៅបណ្តុះក្នុងភាជន៍ មាស សម្រាប់នាំទៅដាំក្នុងនគរផ្សេងៗដែលកាន់ព្រះពុទ្ធសាសនា ក្នុងសាកលជម្ពូទ្វីប។ យើងមិននិយាយពីការបណ្តុះគ្រាប់ដាំ នោះទេ តែចង់និយាយពីពន្លកថ្មីដុះចេញពីគល់ឈើដែលគេកាប់ផ្តួល ពោលគឺឈើសក្ការៈ តែងតែមានលក្ខណៈបែបនេះ។

សរុបទៅ “ឈើសក្ការៈ កាប់ដួលដុះវិញ” ពុំមែនជារឿងបំផ្លើសនោះទេ ព្រោះមានប្រវត្តិពោធិព្រឹក្ស ជាភ័ស្កុតាងស្រាប់។ តាមពិត ពោធិព្រឹក្ស មានតែ១ដើមប៉ុណ្ណោះ ដុះចេញពីដីដំណាលនឹងការប្រសូតរបស់ព្រះពុទ្ធ តែដោយសារឈើនេះជាឈើ សក្ការៈ ក៏បែកសាយដុះតាមវត្តអារាមនានាពេញពិភពលោក ដែលកាន់ព្រះពុទ្ធសាសនា។ ដូច្នេះ បើសិនជាឈើគ្រញូង នៅ ឧទ្យានអង្គរ លូតលាស់លំពង់សាខាដូចដើម គួរតែរួមគ្នាថែរក្សាឱ្យបានគង់វង្ស និងរើសគ្រាប់វាទៅដាំបន្តពូជឈើសក្ការៈនេះ ទុកឱ្យកូនខ្មែរស្រករក្រោយបានស្គាល់ផង៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES