Friday, April 19, 2024
Homeព័ត៌មានជាតិខឹង​ជំពាក់​លុយ​អត់​សង​ចូល​ទៅ​កាប់​សម្លាប់​ដល់​ក្នុង​ផ្ទះ

ខឹង​ជំពាក់​លុយ​អត់​សង​ចូល​ទៅ​កាប់​សម្លាប់​ដល់​ក្នុង​ផ្ទះ

​ភ្នំពេញ ៖ ជានិស្សិតផ្នែកITឆ្នាំទី៣ម្នាក់ត្រូវបានជនដៃដល់ចូលទៅកាប់ដួលផ្កាប់មុខស្លាប់ នៅក្នុងផ្ទះ ​ដោយសារតែរឿងជំពាក់លុយអត់សង ដែលហេតុការណ៍​នេះបង្កអោយ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៩ខែធ្នូ ​តាមបណ្តោយ ផ្លូវឌឿងហែមនៅចំណុចផ្ទះលេខ11Eoz ជាន់ទី៣ក្រុម៦ភូមិ៦ស្ថិតនៅក្នុងសង្កាត់ មនោរម្យខណ្ឌ៧មករា។

ជនរងគ្រោះដែលស្លាប់នៅក្នុងផ្ទះមានឈ្មោះ អៀង ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ​និស្សិតឆ្នាំទី៣ផ្នែកITនៅវិទ្យាស្ថានស៊ីតិចស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុក​កំណើតនៅ​ឃុំធ្លុកជ្រៅស្រុកកងមាស ខេត្តកំពង់ចាម។ចំណែកជនបង្ករត់គេចខ្លួនបាត់ គ្រាន់តែដឹងថា មានឈ្មោះ បញ្ញា ត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះដែរ ។

តាមប្រភពពត៌មានពីស្ត្រីម្នាក់ជាអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អោយដឹងថាមុនពេលកើតហេតុគាត់បានលឺសំលេងស្រែកចេញមកពីក្នុងផ្ទះជនរងគ្រោះយ៉ាងខ្លាំងថាអាបញ្ញាអញសងលុយឯងតើកុំវ៉ៃអញអីបន្ទាប់មកឮសូរសម្លេងប្រតាយប្រតប់គ្នា ​មួយសន្ទុះក្រោយមកក៏បានស្ងាត់ឈឹង​ ​គាត់ក៏បានទៅអើតមើលក៏ឃើញជនរងគ្រោះ បានដេកស្លាប់ផ្កាប់មុខ​ហូរឈាមលើការ៉ូនិងលើពូក មានកាំបិតបុ័ងតោនៅក្បែរនោះផងដែរ​ចំណែក​​របស់របររាយប៉ាយពេញក្នុងផ្ទះ ​ភ្លាមៗគាត់បានរាយការណ៍ទៅសមត្ថកិច្ច ។

តាមការបញ្ជាក់របស់ស្រ្តីជាអ្នកជិតខាងបានឲ្យដឹងថាករណីខាងលើនេះបណ្តាលមកពីរឿង ជំពាក់លុយអត់សងទើបជនដៃដល់តាមមកកាប់សម្លាប់ដល់លើផ្ទះតែម្តង ។

តាមសម្តីរបស់បងប្រុសបង្កើត​ជនរងគ្រោះមានឈ្មោះ ម៉េងសៀង អាយុ២៥ឆ្នាំ មុខនិស្សិត ពេទ្យឆ្នាំទី៦​ ស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា ផ្ទះនេះជាផ្ទះរបស់ពួកគេបានរស់នៅជាមួយ ឪពុកម្តាយជាង៣០ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នឪពុកម្តាយបានទៅរស់នៅខេត្តកំពង់ចាម​អស់ហើយទុកឲ្យពួកគេ២នាក់បងប្អូនស្នាក់នៅ ។ កន្លងមកជនរងគ្រោះជាប្អូនប្រុសគាត់ មិនដែលមានរឿងជាមួយនរណាម្នាក់ទេ ​ប៉ុន្តែប្អូនប្រុសគាត់ឧហ្សាហ៍ហៅមិត្តភក្តិមាន​ស្រីមានប្រុសមកផឹកស៊ី​នៅលើផ្ទះជាញឹកញាប់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមនឹងលោកអធិការខណ្ឌ៧មករាបានចុះទៅដល់កន្លែងកើតហេតុហើយបានត្រួតពិនិត្យជុំវិញកន្លែងកើតហេតុក៏ឃើញស្នាមដំណក់ឈាមនៅលើកាំជណ្តើរតាំងពីជាន់ទី៣រហូតដល់ជាន់ផ្ទាល់ដី និងមានក្រណាត់រុំឈាមរបស់ជន បង្កទុកចោលនៅជាន់ទី២ទៀតផង ។ តាមការពិនិត្យរបស់សមត្ថកិច្ចជនដៃដល់ក៏រងរបួស ដែរ ចំណែកជនរងគ្រោះ​ពិនិត្យឃើញស្នាមកាប់ចំកញ្ចឹងកខាងក្រោយបានពាក់ កណ្តាលនិងកាប់ចំដៃឆ្វេង។
ក្រោយពេលកើតហេតុសពជនរងគ្រោះបានត្រូវសាច់ញាតយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី។ ទាក់ទិននឹងករណីឃាតកម្មសម្លាប់ដល់ក្នុងផ្ទះនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ ឥន សាន់ស៊ីដេត

RELATED ARTICLES