Thursday, April 25, 2024
Homeព័ត៌មានជាតិខឹង​ជំពាក់​លុយ​មិន​សង ខាំ​ដាច់​ស្លឹក​​ត្រចៀក

ខឹង​ជំពាក់​លុយ​មិន​សង ខាំ​ដាច់​ស្លឹក​​ត្រចៀក

ភ្នំពេញ៖ ស្រ្តីជាអ្នកចងការរាប់លុយខឹងជំពាក់លុយមិនព្រមសងចូលទៅរឹបអូសយកហង្ស​តេម្ចាស់មកទាន់បានឈ្លោះប្រកែកប្រតាយប្រតប់រហូតខាំដាច់ស្លឹកត្រចៀកមួយចំហៀង ទៀតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៨យប់ថ្ងៃទី៣០ខែធ្នូ ​​ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះជាអ្នកជំពាក់លុយមានឈ្មោះ នួន សុគន់ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ខ្យង​នៅផ្លូវមៃដា រស់នៅភូមិកើតហេតុខាងលើ។​ចំណែកម្ចាស់លុយជាអ្នកបង្កមានឈ្មោះ សឿ  វាន់ស៊ីម ភេទស្រីអាយុប្រហាក់ប្រហែលគ្នា មុខរបរចងការប្រាក់ ។

តាមសំដីស្រ្តីរងគ្រោះដែលជំពាក់លុយគេ​បាននិយាយថាមុនពេលកើតហេតុរូបនាងបានខ្ចីលុយពីឈ្មោះ សឿ  វាន់ស៊ីម ចំនួន២០០ដុល្លារដោយបង់ទាំងដើមទាំងការវិញរយៈពេល​២៤ថ្ងៃ គឺក្នុងមួយថ្ងៃបង់ចំនួន៤ម៉ឺនរៀល បើមិនបានសងក្នុងមួយថ្ងៃត្រូវបង់ផាកពិន័យចំនួន៤ពាន់រៀលហើយត្រូវសងចំនួន៤ម៉ឺនរៀលនោះទៀត ។

​ជនរងគ្រោះបានបន្តទៀតថា មុនថ្ងៃកើតហេតុរូបគាត់មិនបានបង់ប្រាក់តាមការកំណត់រយៈ ពេល​២ថ្ងៃដោយសារតែរូបគាត់​រវល់យកកូនទៅពេទ្យ ហើយអោយក្មេងស្រីម្នាក់ចាំផ្ទះ ស្រាប់តែម្ចាស់លុយបានមកទារលុយមិនឃើញគាត់នៅផ្ទះឃើញតែក្មេងស្រីម្នាក់ក៏បានសួរ​​ថាមីងឯងទៅណាបានជាអត់ឃើញនៅផ្ទះក្មេងស្រីឆ្លើយថាមិនដឹងទៅណាទេ២ទៅ៣ថ្ងៃឫយូរទើបគាត់មកពេល​នោះម្ចាស់លុយបានប្រាប់ឲ្យ​ក្មេងស្រីចាក់សោទ្វារផ្ទះហើយស្រ្តីបង្ក​ចូលទៅក្នុងផ្ទះ​បាន​អូសយកហង្សតេ (ប៉ៅអ៊ីសម្រាប់អង្គុយផ្អែកធ្វើពីឈើ) ដើម្បីលុយថ្លៃ​ជំពាក់ក៏ត្រូវក្មេងស្រីនោះបានរត់ទៅ​ម្តាយមីងរងគ្រោះ។​

ជនរងគ្រោះបានបន្តទៀតថាពេលគាត់ត្រឡប់មកដល់ផ្ទះវិញឃើញស្រ្តីម្ចាស់លុយយកហង្សតេរបស់គាត់ចេញមកក្រៅផ្ទះដោយមិនមានអនុញាតពីគាត់ធ្វើឲ្យមានការឈ្លោះ​ប្រកែកប្រតាយប្រតប់គ្នាធ្វើឲ្យស្រ្តីបង្កខំដាច់ស្លឹកត្រចៀកខាងស្តាំរបស់ជនរងគ្រោះដាច់​អស់មួយដុំហូរឈាម ។

ក្រោយពេលកើតហេតុ​ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍នគរបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ និងរកដំណោះស្រាយប៉ុន្តែការចរចាមិនត្រូវគ្នាដោយ សារតែភាគីទាំងសងខាងទាមទារយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចប្រាប់ឲ្យជនរងគ្រោះទៅ ព្យាបាលរបួសសិនបើកើតទុក្ខមិនសុខចិត្តរង់ចាំព្រឹកចាំទៅដាក់ពាក្យបណ្តឹង ចំណែកហង្ស តេត្រូវជនរងគ្រោះយកទុកក្នុងផ្ទះវិញ ៕

ថោង ធីម

 

RELATED ARTICLES