Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមកង​ទ័ព​កម្ពុជា​-​ចិន ជាប់​ប្រ​ពៃ​ណី​សម​យុទ្ធ

កង​ទ័ព​កម្ពុជា​-​ចិន ជាប់​ប្រ​ពៃ​ណី​សម​យុទ្ធ

កាលពីពេលថ្មីៗនេះ កងទ័ពកម្ពុជា ប្រមាណ២០០០នាក់ និងកងទ័ពចិន ប្រមាណ១០០នាក់ បានរួមគ្នាបើកសមយុទ្ធ “នាគមាស២០១៦” ដែលប្រារឰធ្វើនៅវិទ្យាស្ថានកងទ័ពជើងគោកថ្លុកតាសេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ ពុំ មែនជារឿងប្លែកនោះទេ ព្រោះកងទ័ពខ្មែរ និងចិន ធ្លាប់ចាប់ដៃគ្នាផ្លាស់ប្តូរបទពិសោធន៍ស្ទើរគ្រប់ជំនាន់ ជាពិសេស នៅ សម័យឧដុង្គ។ ក្នុងន័យបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ទើប “នគរធំ” សូមលើកពី “កងទ័ពកម្ពុជា-ចិន ជាប់ប្រពៃណីសមយុទ្ធ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សូមរំព្ញកថា សាធារណរដ្ឋប្រជាមានិតចិន មានផ្ទៃដីទំហំ៩,៦លានគម២ បែងចែកជាក្រុងធំៗ៤ ខេត្ត២៣ (រួមទាំង តៃវ៉ាន់) តំបន់រដ្ឋបាលពិសេស២ និងភូមិភាគស្វយ័ត៥ ដោយមានប្រជាជនជាង១ពាន់៣រយលាននាក់ ចែកជា៥៦ជនជាតិ ក្នុងនោះ “ជនជាតិហាន” មានច្រើនជាងគេដល់ទៅជាង៩០ភាគរយឯណោះ។ ដោយសារប្រជាជនច្រើនពេក ជនជាតិចិន បាន ធ្វើចំណាកស្រុកទៅរស់នៅពាសពេញពិភពលោក សូម្បីនៅកម្ពុជា ក៏មានជនជាតិចិនអន្តោប្រវេសន៍មកតាំងលំនៅកវែកកឆ្នាំង តាំងពីសម័យនគរគោកធ្លក ម៉្លេះ។ ជនជាតិចិន ដែលមករស់នៅកម្ពុជា ភាគច្រើនចេញពីខេត្ត “ក្វាងទុង” (Guangdong) ដែលជាខេត្តជាប់ឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសចិន។ ខេត្តនេះ ធំជិតប៉ុនស្រុកខ្មែរ គ្រាន់តែច្រាំងឆ្នេរសមុទ្រ មានប្រវែង ជាង៣ពាន់គ.ម ឯណោះ លុះមានសង្គ្រាមញឹកញាប់ ទើបជនជាតិចិន នាំកូនចៅរត់ចុះទូក ភៀសខ្លួនមកកាន់ភូមិភាគអាស៊ី- អាគ្នេយ៍ ជាពិសេស ទឹកដីកម្ពុជា កើតបានជាកូនពូនជាចៅផៅសន្តានតមក។

នៅសម័យឧដុង្គ ព្រះមហាក្សត្រខ្មែរ ព្រះបាទស្រីធម្មរាជ ហៅព្រះរាជសម្ភារ បានតែងតាំងជនជាតិចិន៤រូប ជាមេកង ដូចអ្វីដែលឯកសារមហាបុរសខ្មែរ ចារទុកថា “ទើបទ្រង់ត្រាស់បង្គាប់ចិន ចាន់កុក១, ឡុង ចុងអៀ១, សាម ចាន់ទៀវ១, ចៀវ ចាន់កុក១ ជានាយទាហានថា ឱ្យត្រៀមទាហាន និងគ្រឿងសស្ត្រាវុធ ឱ្យបានស្រេចស្រាប់។ នោះនាយទាហានចិន ក៏ទទួល ចាត់ការតាមព្រះរាជបញ្ជា ឱ្យចាត់តាំងទូកចម្បាំង និងកាំភ្លើងធំតូចគ្រប់គ្រឿង”។ ទន្ទឹមនោះដែរ សម្តេចព្រះឧទ័យ ជា ម្ចាស់មា និងជាព្រះឧភយោរាជ ក៏បានជ្រើសជនជាតិព័រទុយហ្គេស៍ ជាមេកងអង្គរក្សផងដែរ។ ខណៈដែលស្តេចក្មួយ និង ម្ចាស់មា ទាស់ទែងគ្នាដណ្តើមព្រះនាងចន្ទវតី ដ៏ស្រស់ប្រិមប្រិយនោះ ទាហានបរទេសទាំង២ផ្នែក បានចូលប្រឡូកគ្នា ដូច ឯកសារសរសេរថា “លុះថ្ងៃគម្រប់ទី៤ ចិនជាមេទ័ពទាំង៤នាក់នោះអស់គ្រាប់រំសេវ។ កងទ័ពខាងហ្លួងសម្តេចព្រះមហា- ឧភយោរាជ ចាត់ឱ្យទាហានឡើងវាយបន្ទាយនោះត្រាតែបែក សម្លាប់ចិនមេទ័ពទាំង៤នោះបាន ហើយកងទ័ពខាងហ្លួងទ្រង់ រាជ្យក៏រត់ខ្ចាត់ខ្ចាយអស់ទៅ…”។

ការដកស្រង់ប្រវត្តិសាស្ត្រខាងលើនេះ ចង់បង្ហាញថា “កងទ័ពកម្ពុជា-ចិន ជាប់ប្រពៃណីសមយុទ្ធ” តាំងពីសម័យព្រេង- នាយមកម៉្លេះ ដោយយើងមិននិយាយពីការបរាជ័យរបស់មេទ័ពចិន ចាញ់ដៃមេទ័ពព័រទុយហ្គាល់ ដែលមានគ្រឿងសព្វាវុធ ទំនើបជាងនោះឡើយ។ ចំណុចនេះ យើងអាចសន្និដ្ឋានបានថា មេទ័ពចិន ទាំង៤រូបនោះ ទំនងជាភៀសខ្លួនពីប្រទេសចិន ក៏ យកជំនាញខាងយោធា សុំចូលបម្រើព្រះមហាក្សត្រខ្មែរ និងហ៊ានបូជាជីវិតដើម្បីជាតិ សាសនា ព្រះមហាក្សត្រខ្មែរ។ យើង អាចសន្និដ្ឋានបានទៀតថា មុនពេលកើតសង្គ្រាម ច្បាស់ជាមេកងនិងយុទ្ធជនចិនទាំងនោះធ្លាប់បើកសមយុទ្ធយោធាជាមួយ កងទ័ពខ្មែរញឹកញាប់ណាស់ ជាពិសេស សមយុទ្ធលើផ្ទៃទន្លេ ដោយប្រើទូកចម្បាំង ដែលមានល្បឿនលឿនដូចទូកង ទូកមួង សម្រាប់អុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក។

យោងតាមការតំណាលពីចាស់ទុំជំនាន់មុនថា មេទ័ពខ្មែរ និងមេទ័ពចិន មានអង្គភាពដោយឡែកពីគ្នា គឺខ្មែរ មានបន្ទាយ មួយ ចិន មានបន្ទាយមួយ ទោះនៅក្នុង “កងយោធពលខេមរភូមិន្ទ” ជាមួយគ្នា ក៏ចែកកន្លែងគ្នាបោះទីតាំង ដោយស្តាប់ បញ្ជា “ឧកញ៉ាចក្រី” កំពូលមេទ័ព។ នៅសម័យឧដុង្គ ក្រៅពីការប្រើដាវ លំពែង ធ្នូ ស្នា ក៏មានការប្រើកាំភ្លើងធំ (បុរាណ ហៅមេរៀម) សម្រាប់បាញ់បើកផ្លូវទម្លាយកងទ័ពបច្ចាមិត្រផងដែរ។ ដើម្បីឱ្យកាំភ្លើងមេរៀមដំណើរការ លុះត្រាតែផលិត រំសេវ មកស្តុកទុក ដែលមុខជំនាញនេះ មេទ័ពខ្មែរ និងចិន បានសហការគ្នាផលិត។ រំសេវជំនាន់នោះ មានរបៀបធ្វើដោយ មេកង ចាត់សេនាទាហានឱ្យទៅបោសប្រមូលលាមកប្រចៀវ ពីក្នុងរូងភ្នំនានា ទាំងហាបៗ ដឹករទេះគោក្របី យកទៅត្រាំ ក្នុងពាងអុងធំៗ ជាច្រើនថ្ងៃ។ បន្ទាប់មក គេត្រងយកទឹកដែលរងថ្លាចេញពីពាង ទៅដាក់រម្ងាស់ក្នុងខ្ទះត្នោត ឱ្យពុះខះសល់តែ ១ភាគ៣។ បន្ទាប់មកទៀត គេយកល្អីត្បាញពីប្ញស្សី ក្រាលក្រណាត់ផាឌឹប រួចដាក់ផេះដែលដុតយកពីដើម “សាំងរាំង” ទើប យកក្រណាត់គ្របពីលើផេះ១ជាន់ទៀត រួចចាក់ទឹកអាចម៍ប្រចៀវនោះ ច្រោះទម្លាក់នៅក្នុងផើង ទុកជាច្រើនថ្ងៃ។ កករ នៅបាតផើងនោះ មានលក្ខណៈដូចអំបិល ហៅថា “ក្រាម” ដែលក្រាមនេះពេលហាលថ្ងៃស្ងួតល្អ ដុតឆេះ វាក្លាយទៅជា “រំសេវ” សម្រាប់ដុត បាញ់កាំភ្លើងធំនេះឯង។ សព្វថ្ងៃ អនុស្សាវរីយ៍កងទ័ពខ្មែរ និងចិន សហការស្លក្រាម បានជាប់ឈ្មោះ សង្កាត់មួយនៅខេត្តសៀមរាប គឺ “សង្កាត់ស្លក្រាម” ដែលក្មេងជំនាន់ក្រោយមិនសូវដឹង។

សូមរំព្ញកផងដែរថា “ជនជាតិសួយ” (Shui) គឺជាអម្បូរជនជាតិចិន ក្នុងចំណោមជនជាតិទាំង៥៦ នៅប្រទេសចិន រស់នៅក្នុងតំបន់ស្វយ័ត សានទូសួយ ក្នុងខេត្តគួយចូវ។ តាមប្រវត្តិសាស្ត្រចិន ឱ្យដឹងថា ជនជាតិសួយ បានទៅតាំងលំនៅក្នុង តំបន់ឡៅអួយ នៃឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន ដោយមានប្រពៃណីហូបត្រីប្រឡាក់ ផ្អកត្រី បន្លែ និងផឹកស្រាថ្នាំ ពណ៌លឿង (ស្រាបណ្តូលពេជ្រ) និយមប្រើឧបករណ៍តន្ត្រីចាប៉ីដងវែង និងខ្លុយ។ ជនជាតិនេះ អាចនឹងភៀសខ្លួនមកកម្ពុជា នៅពេលស្រុកចិនកើតកលិយុគ ដូច្នេះ “ជនជាតិសួយ” ដែលរស់នៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះ ជាប់ពូជអម្បូរ ជនជាតិសួយ មកពីចិនទេដឹង?

ងាកមករឿងប្រពៃណីសមយុទ្ធវិញ ទោះជាសម័យនេះគ្មានកងទ័ពចិន ចូលរួមក្នុងអង្គភាពកងយោធពលខេមរភូមិន្ទ ក៏កងទ័ពចិន ធ្លាប់ធ្វើសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ស្ទើរគ្រប់ជំនាន់។ កាលពីទសវត្សឆ្នាំ១៩៧០ ចិន បានគាំទ្ររណសិរ្ស រួបរួមជាតិកម្ពុជា ប្រឆាំងរបបលន់ នល់ បានទាំងផ្តល់សព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កងទ័ពរំដោះ។ ជំនាន់នោះ កងទ័ព ទាំងសងខាង ប្រើកាំភ្លើងចម្រុះបន្សល់ទុកពីសម័យបារាំង នាំចូលពីចិន និងជំនួយអាមេរិក។ កាំភ្លើង AK កាលពីសម័យ លន់ នល់ គេហៅកាំភ្លើង “ប៉េអឹមចិន” (PM ចិន) ត្រូវពួកទាហានសរសើរថា វាមានប្រសិទ្ធភាពជាងកាំភ្លើង AR15 ឬM16” របស់អាមេរិក បើមានការបាញ់គ្នារាប់ម៉ោង កាំភ្លើងអាមេរិក ក្តៅកាន់មិនបានទេ ទាល់តែជ្រលក់ទឹក ខណៈដែល កាំភ្លើងប៉េអឹមចិន អាចកាន់បាន។ ឥឡូវកងទ័ពចិន បានមកចូលរួមបើកសមយុទ្ធជាមួយកងទ័ពខ្មែរ មិនមែនជារឿងប្លែក នោះទេ បើសិនជាយើងគាស់កកាយប្រវត្តិសាស្ត្រ ឆ្លុះមើលអតីតកាលនោះ។

សរុបទៅ “កងទ័ពកម្ពុជា-ចិន ជាប់ប្រពៃណីសមយុទ្ធ” ពុំមែនជារឿងបំផ្លើសនោះទេ។ យុទ្ធជនចិន ដែលចូលបម្រើ ព្រះមហាក្សត្រខ្មែរ មានគោរមងារជាឧកញ៉ា ចាប់ពីស័ក្តិ៧ហ៊ូពាន់ឡើងទៅ មិនតិចនាក់ទេ។ ក្រៅពីនោះ ក៏នៅមានផ្តល់ ស័ក្តិយសជាម៉ឺន ឃុន ហ្លួង ព្រះ (ពីស័ក្តិ១ ដល់ស័ក្តិ៦) តាមសមត្ថភាព ប៉ុន្តែកងទ័ពចិនជំនាន់មុន ត្រូវដាក់បញ្ចូលក្នុងកងយោធពលខេមរភូមិន្ទ ឯកងទ័ពចិនសម័យនេះ គ្រាន់តែមកចូលរួមសហប្រតិបត្តិការរក្សាចំណងមិត្តភាពតែប៉ុណ្ណោះ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES