Tuesday, April 23, 2024
Homeព័ត៌មានជាតិប្ដីចិត្ដខ្លាំង ទាស់សម្ដីជាមួយប្រពន្ធ ដុតផ្ទះខ្លួនឯងចោលហ្មត់

ប្ដីចិត្ដខ្លាំង ទាស់សម្ដីជាមួយប្រពន្ធ ដុតផ្ទះខ្លួនឯងចោលហ្មត់

ខេត្ត​ត្បូងឃ្មុំ៖ បុរស​ចិត្តខ្លាំង​ម្នាក់​ បាន​ផឹកស្រា​ស្រវឹង​បង្កទំនាស់​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន ហើយ​ខឹង​ពេក​ទប់ចិត្ត​មិន​បាន​នោះ ក៏​ដុត​ផ្ទះ​ឆេះ​ឡើង​ម៉ដ្ឋ​តែ​ម្តង ។ ហេតុការណ៍​នោះ​កើតឡើង​​នៅ​វេលា​ម៉ោង​៥​ និង​៣៧​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ធ្នូ ​២០១៦ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មក​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ឲ្យដឹងថា ​ បុរស​ខាងលើ​ មាន ឈ្មោះ រស់ សុ​ភ័ក្ត្រ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រកា​ឃ្មួ​ច​ជើង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង លុះ​ពេល​ដែល​មក​យកប្រពន្ធ​នៅ​ភូមិ​រកា​ឃ្មួ​ច​ជើង ដែល​មាន​ជីវភាព​ក្រីក្រ​អ្នក​ភូមិ​អាណិត ក៏​បាន​រាយ​លុយ​គ្នា​ជួយ​ទិញ​ឈើ​មក​ធ្វើ​ផ្ទះ​បាន​១​ខ្នង​សម្រាប់​នៅ​បាន​តែ​ជាង​១​ឆ្នាំ​នេះ បែរជា​ចរិត​មិនកើត​ចូល​ចិត្ត​តែ​ផឹកស៊ី និង​បាន​បង្ក​ហឹ​ង្សា​លើ​ជា​ប្រពន្ធ​ញឹកញាប់​ថែម​ទៀត ។

លោកអធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹងបន្ដ​ថា នៅ​ពេល​មុន​កើត​ហេតុ​ បុរស​ម្នាក់​នេះ បាន​ចេញពីផ្ទះ​ដើរទៅ​ផឹកស៊ី​តាម​តៀម​លក់​ស្រា​ក្នុងភូមិ រហូត​ដល់​ទៅ​ស្រវឹង​ធ្លាក់​ភ្នែក លុះ​ពេល​ដែល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ បាន​បង្កជម្លោះ​ជាមួយនឹង​ប្រពន្ធ​ថែម​ទៀត ។ ហេតុតែ​ទ្រាំនឹង​ការ​ជេរ​ប្រមាថ​មាក់ងាយ​មិន​បាន​ពី​សំណាក់​ប្តី​នោះ ស្ត្រី​ប្រពន្ធ​បាន​ដើរ​គេច​ទៅ​ផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ​ ។

ប្រភពដដែលបន្ដថា ក្នុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្លួន​បាន​ចេញ​ទៅ​ផុត​នោះ ក៏​ក្តៅក្រហាយ​ក្នុង​ចិត្ត​មួរ​ហ្មង​ខ្លាំង​ពេក ក៏​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ឡើង​ហុយផ្សែង​ទ្រលោម​តែ​ម្តង ។ ពេល​ដែល​ឃើញ​ហេតុការណ៍​ដូច្នេះ​បុរស​ប្រមឹក​នេះ  បាន​ដេញ​ពលរដ្ឋ​ដែល​មក​ជួយ​ពន្លត់ភ្លើង​ចេញ​ទៅ​វិញ ទោះជា​បែប​នេះ​ក្តី ភ្លើង​មិន​បាន​ថមថយ​នោះ​ទេ  រឹតតែ​ឆេះ​ខ្លាំង​ឡើង​ៗ​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស  បាន​ឆេះ​ក្លាយទៅជា​ផេះ​ផង់​អស់រលីង​តែ​ម្តង ។ ចំពោះ​ទ្រព្យ​ដែល​បាន​បាត់បង់​ក្នុង​នោះ​មាន​ដូច​ជា ផ្ទះ​ឈើ​១​ខ្នង​ទំហំ​៤​គុណ​៥​ម៉ែត្រ ប្រក់​ដែក​ស័ង្កសី ជញ្ជាំង​បាំង​ធាងដូង ឆ្នាំងសម្ល​៣ ចាន​បាយ​៧  អង្គ​១​គីឡូក្រាម ភួយ​២  មុង​១ កន្ទេល​១ និង​ខោអាវ​ចាស់​ថ្មី​៥​កំ​ប្លេ​។

ក្រោយ​ពីកើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បានសម្រេចចិត្ដដាក់ពាក្យប្ដឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​ណ៍​ប្តី​នាង​ទៅ​តាម​ច្បាប់​ ៕

RELATED ARTICLES