Thursday, April 18, 2024
Homeព័ត៌មានជាតិស្រី ចំរើន ប្រកាស​ដឹក​នាំ​បាតុ​កម្ម​ទាម​ទារ ឱ្យ​លោក​កឹម សុខា សុំ​ទោស​ធី សុវណ្ណ​ថា

ស្រី ចំរើន ប្រកាស​ដឹក​នាំ​បាតុ​កម្ម​ទាម​ទារ ឱ្យ​លោក​កឹម សុខា សុំ​ទោស​ធី សុវណ្ណ​ថា

ភ្នំពេញ ៖ តំណាងក្រុមយុវជន និងនិស្សិត នៅរាជធានីភ្នំពេញ លោកស្រី ចំរើន បានប្រកាស ថា លោកនឹងដឹកនាំបាតុកម្ម ដែលនឹងមានចំនួន មនុស្សចូលរួមយ៉ាងតិច១ម៉ឺននាក់ ដើម្បីទាមទារ ឱ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សុំទោសកញ្ញាធី សុវណ្ណថា ជាសាធារណៈ។

នៅក្នុងទំព័រហ្វេសប៊ុកឈ្មោះស្រី ចំរើន  “Srey Chamroeun” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៦ បានសរសេរថា “យើងនឹងប្រមូលគ្នា ឱ្យបានយ៉ាងតិច១ម៉ឺននាក់ ដើម្បីចូលរួមបាតុ កម្មតវ៉ាទាមទារឱ្យកឹម សុខា សុំទោសធី សុវណ្ណថា ជាសាធារណៈ។ សូមបងប្អូនចូលរួម”។

សំណេរតាមហ្វេសប៊ុកខាងលើនេះ ជា ការបញ្ជាក់ឡើងវិញ លើជំហរពីមុនដែលកាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ហ្វេសប៊ុកដដែល បានបញ្ជាក់ម្តងហើយថា “ក្រុមយើងខ្ញុំស្រី ចំរើន នឹងធ្វើបាតុកម្មតវ៉ាទាមទារកឹម សុខា សុំទោស ធី សុវណ្ណថា ជាសារធារណៈ។ សូមបងប្អូន ចូលរួម”។

គួរបញ្ជាក់ថា លោក ស្រី ចំរើន គឺដៃគូ របស់កញ្ញាធី សុវណ្ណថា អតីតយុវជនគាំទ្រ គណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធាន អង្គការយុវជនកិច្ចការសង្គម ដែលធ្លាប់បាន ចេញមុខយ៉ាងសកម្ម តវ៉ាឱ្យលោកកឹម សុខា បកស្រាយពីរឿងអាស្រូវផ្លូវភេទផ្ទាល់ខ្លួនជា មួយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ មួយ រយៈកន្លងមកនេះ បើទោះបីសកម្មភាពតវ៉ារបស់ លោក ស្រី ចំរើន បានស្ងប់ស្ងាត់ តែមជ្ឈដ្ឋាន សង្គម បានកត់សម្គាល់ឃើញថា លោកតែង បង្ហាញវត្តមានចូលវេទិកាជួបជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដែលមានកញ្ញាធី សុវណ្ណថា ជាអ្នករៀបចំ និងជាអ្នកថ្លែងនៅក្នុងវេទិកានោះ។

ប្រកាសពីគម្រោងដឹកនាំបាតុកម្មរបស់ លោកស្រី ចំរើន ក៏បានធ្វើឡើងក្រោយពេល ដែលកញ្ញាធី សុវណ្ណថា តាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ បានព្រមានប្តឹងលោកកឹម សុខា ឱ្យ ជាប់គុកម្តងទៀត ប្រសិនណាបើលោកកឹម សុខា មិនសុំទោសនាងជាសាធារណៈ។

កញ្ញាធី សុវណ្ណថា បានបញ្ជាក់នៅពេល នោះថា “សារផ្ញើជូនលោកកឹម សុខា បណ្តឹង នាងខ្ញុំ បានធ្វើឱ្យលោកជាប់ឃុំ៦ខែ ក្នុងស្នាក់ការ បក្ស នាងខ្ញុំរីករាយដែលបានឃើញលោកទទួល ស្គាល់កំហុស។ លោកបានស្នើសុំ និងទទួលព្រះរាជទានទោសពីព្រះមហាក្សត្រ នាងខ្ញុំក្នុងនាម  ជាជនរងគ្រោះពីអំពើបរិហារកេរ្តិ៍របស់លោក  ស្នើឱ្យលោកសុំទោសនាងខ្ញុំជាសាធារណៈ ដើម្បី បញ្ចប់រឿង”។ បើលោកមិនសុំទោសនាងខ្ញុំទេ នាងខ្ញុំនឹងបន្តដាក់ពាក្យប្តឹង ដើម្បីឱ្យតុលាការ បន្តនីតិវិធីសំណុំរឿងផ្សេងទៀត របស់លោក ដូចជាបរិហារកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សីជា ដើម”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ ខ្ពស់គណបក្សសង្គ្រោះជាតិ បានមានបន្ទូលថា ការប្រកាសប្តឹងរបស់កញ្ញាធី សុវណ្ណថា ទៅលើ លោកកឹម សុខា ដែលត្រូវបានព្រះមហាក្សត្រ លើកលែងទោសរួចហើយនោះ ចាត់ទុកជាការ ប្រមាថព្រះមហាក្សត្រ។

ប៉ុន្តែកញ្ញាធី សុវណ្ណថា បានធ្វើការឆ្លើយតប នឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ នៅពេលនោះ វិញថា ព្រះមហាក្សត្រ ព្រះរាជទានទោសឱ្យ លោកកឹម សុខា ត្រឹមតែបទល្មើស “បដិសេធ ក្នុងការចូលខ្លួន” ឯករណីដែលនាងគ្រោងប្តឹង បន្ត គឺបទល្មើសបរិហារកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងកលោកស្រី ចំរើន ប្រកាសដឹកនាំបាតុកម្មជំនួសនាង ឱ្យលោក កឹម សុខា សុំទោសនាងជាសាធារណៈនោះ មិន អាចទាក់ទងសុំមតិយោបល់ការបញ្ជាក់នូវអារម្មណ៍ ពិតពីកញ្ញាធី សុវណ្ណថា បានទេ កាលពីម្សិល មិញ។ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់នាងៗ បានថ្កោលទោសទៅលើជនដែលក្លែងបន្លំប្រើ ឈ្មោះនាង បង្កើតគណនី និងទំព័រហ្វេសប៊ុក វាយប្រហាររាជរដ្ឋាភិបាល និងបុគ្គល។

កញ្ញាធី សុវណ្ណថា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ ថា “នាងខ្ញុំ ធី សុវណ្ណថា ម្ចាស់ទំព័រ ហ្វេសប៊ុក Thy Sovantha សូមបដិសេធចោល ទាំងស្រុងនូវគណនី និងទំព័រហ្វេសប៊ុកទាំងឡាយ ណាដែលបាននិងកំពុងផ្សព្វផ្សាយអំពីនាងខ្ញុំ ឬអំពីព័ត៌មានវាយប្រហាររាជរដ្ឋាភិបាល ឬ ព័ត៌មានក្នុងន័យវាយប្រហារបុគ្គលផ្សេងៗ ដែល កន្លងមក នាងខ្ញុំបានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយមកទល់ថ្ងៃនេះ នាងខ្ញុំ បានសង្កេតឃើញនៅតែមានការបន្តផ្សព្វផ្សាយ ព័ត៌មានមិនពិតទាំងនោះ ចេញពីគណនី និង ទំព័រហ្វេសប៊ុកក្លែងក្លាយដែលគ្មានការទទួលខុសត្រូវមួយចំនួន។ នាងខ្ញុំសូមបញ្ជាក់ថា នាង ខ្ញុំប្រើប្រាស់ទំព័រហ្វេសប៊ុកផ្លូវការដែលមានការ ទទួលស្គាល់ (Verified) ពីក្រុមហ៊ុនហ្វេសប៊ុក តែមួយគត់ ដើម្បីចែករំលែកព័ត៌មាន និង សម្រាប់ទំនាក់ទំនង។ នាងខ្ញុំនឹងរាយការណ៍ ជូន Facebook ដើម្បីបិទ Account Fake  ទាំងនោះចោល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់។

ចំពោះព័ត៌មានទាំងឡាយណាដែលមិន បានផ្សព្វផ្សាយចេញពីគណនីផ្លូវការរបស់នាង ខ្ញុំ ដែលប្រព្រឹត្តដោយជនខិលខូច គឺពួកគេនឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។

ដោយឡែក លោក ស្រី ចំរើន ក៏មិនអាច ទាក់ទងសុំការបញ្ជាក់បកស្រាយបន្ថែមពាក់ព័ន្ធ នឹងការប្រកាសដឹកនាំបាតុកម្មប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងនោះ បានដែរ នៅថ្ងៃដដែលនោះ។

សម្រាប់មជ្ឈដ្ឋានមួយចំនួន បានលើក ឡើងថា បើមានបាតុកម្មប្រឆាំងលោកកឹម សុខា ពីសំណាក់ក្រុមលោក ស្រី ចំរើន ដូចមុនទៀត នោះ ហាក់ដូចជាតាមចងកម្មពៀរនឹងលោក កឹម សុខា ពេកហើយ។

ប្រធាននិស្សិតបញ្ញវន្តកម្ពុជា លោកឡេង សេងហុង បានមានប្រសាសន៍ថា “បាទ! ចំពោះ ខ្ញុំៗគិតថា នេះជាសិទ្ធិសេរីភាពរបស់គាត់នៅ ក្នុងការដែលគាត់ធ្វើបាតុកម្ម ឬធ្វើការជួបជុំ ដើម្បីធ្វើនូវរឿងអ្វីមួយ។ ប៉ុន្តែបើខ្ញុំក្រឡេក មើលទិដ្ឋភាពផ្សេងវិញ ខ្ញុំគិតថា ប្រហែលជា គាត់មានអ្នកនៅពីខាងក្រោយខ្នងរបស់គាត់។ មានន័យថា អ្នកនៅពីខាងក្រោយខ្នងហ្នឹង គេ ផ្តល់ជាយោបល់ឬក៏គេឱ្យគាត់ធ្វើ ដើម្បីឱ្យលោក កឹម សុខា ហ្នឹងមានការអាប់ឱនកេរ្តិ៍ឈ្មោះ ឬ ក៏អាប់ឱនកិត្តិយសគាត់បន្តទៀត ពីព្រោះកន្លង មក គឺឃើញថា ក្រុមរបស់កញ្ញាធី សុវណ្ណថា ក៏ដូចជាក្រុមលោក ស្រី ចំរើន ហ្នឹង គឺគាត់តែង ព្យាយាមតាមយាយីទៅដល់លោកកឹម សុខា។ អ៊ីចឹងទេ នៅក្រោយដែលព្រះមហាក្សត្រព្រះ- រាជទានទោសដល់ឯកឧត្តមកឹម សុខា ហ្នឹង ខ្ញុំ ក៏ឃើញថា ក្រុមរបស់លោក ស្រី ចំរើន និងធី សុវណ្ណថា ហ្នឹង គឺព្យាយាមរករឿងគាត់បន្តទៀត។ អ៊ីចឹងវាហាក់បីដូចជាគាត់ហ្នឹងខាងណាមួយ គណបក្សនយោបាយណាមួយ ឱ្យយោបល់ ឬ មួយក៏ផ្គត់ផ្គង់នូវហិរញ្ញវត្ថុ ឬក៏អ្វីផ្សេងៗទៀត នៅពីខាងក្រោយខ្នង ដើម្បីឱ្យធ្វើសកម្មភាព នេះ។ ចំពោះខ្ញុំៗ មិនមានការគាំទ្រចំពោះសកម្មភាពបែបនេះទេ ពីព្រោះដោយសារបើសិនជា ក្រុមយុវជនគាត់ធ្វើការទៅតាមឆន្ទៈឬទៅតាម មនសិការរបស់គាត់រៀងខ្លួនៗ គឺខ្ញុំគាំទ្រ ដើម្បី ឱ្យដឹងពីសមត្ថភាពរបស់គាត់ ប៉ុន្តែបើគាត់ធ្វើ របៀបតាមគេឱ្យយោបល់ ឬក៏តាមអ្នកណាដែល បង្គាប់បញ្ជា ដើម្បីបានលាភសក្ការៈ ឬក៏ដើម្បី បម្រើនិន្នាការនយោបាយឱ្យអ្នកមានអំណាច ណាមួយ។ អាហ្នឹង ខ្ញុំអត់គាំទ្រទេ ដោយសារយើង មិនចង់ឱ្យយុវជនយើងមានការយល់ច្រឡំ ឬ ដើរទៅផ្លូវខុសទៅតាមអ្វីដែលគេបត់បែនកន្លង មក។ ដូច្នេះ ខ្ញុំសូមសំណូមពរទៅដល់យុវជន ក៏ ដូចជានិស្សិតយើងទូទាំងប្រទេស ឬក៏នៅទីក្រុង ភ្នំពេញ ក្តី គឺសូមឱ្យរក្សានូវភាពស្ងៀមស្ងាត់ គឺ កុំមានសកម្មភាពអ្វីទៅតាមបុគ្គលខិលខូចមួយ ចំនួនដែលគាត់តែធ្វើសកម្មភាពគឺដើម្បីបម្រើ ឱ្យគណបក្សនយោបាយ ឬក៏បម្រើឱ្យអ្នកមាន អំណាចណាមួយ ដើម្បីបំបាក់ទៅលើគណបក្ស នយោបាយណាមួយហើយ គឺយើងសូមសំណូមពរ ដល់យុវជន គឺឱ្យខិតខំរៀនសូត្រនិងគិតគូរអំពី បញ្ហាប្រទេសជាតិ ជាជាងទៅបម្រើឱ្យនិន្នាការ របស់អ្នកមានអំណាចមានលុយ គឺវាអាចបាត់ បង់នូវអនាគតរបស់ពួកគាត់”។

ប្រធានយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន ក្នុងនាមប្រធានយុវជនសម័យ អភិវឌ្ឍន៍ បានមានប្រសាសន៍ថា “ខ្ញុំដូចជាអត់ ពាក់ព័ន្ធរឿងហ្នឹង ហើយក៏ខ្ញុំអត់បានតាមដាន រឿងហ្នឹង ហើយក៏មិនមែនជាការចាប់អារម្មណ៍ របស់ខ្ញុំដែរ ព្រោះទិសដៅរបស់ខ្ញុំ គឺចាប់អារម្មណ៍ ការងារមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋ ក្នុង នាមជាយុវជនដែលស្ថិតនៅក្នុងសម័យអភិវឌ្ឍន៍ សន្តិភាព ដូច្នេះយើងធ្វើអីដែលមានប្រយោជន៍។ ដូចជាឥឡូវនេះ ដល់រដូវច្រូតកាត់ ហើយនិង រដូវប្រមូលផល។ ដូច្នេះកម្លាំងយុវជនខ្ញុំភាគច្រើន គឺចុះទៅជួយច្រូតកាត់ និងប្រមូលផល ដល់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលខ្ញុំអត់បាន ដឹង ខ្ញុំអត់ហ៊ាននិយាយលើសពីហ្នឹង។ ប៉ុន្តែជា សំណូមពរបស់ខ្ញុំ យុវជនទាំងអស់ត្រូវដឹងថា ខ្លួន ជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។ ចេះដឹង ជាពិសេស កម្លាំងយុវជនចូលរួមចំណែក។ អ៊ីចឹងយើងត្រូវរៀនយកបទពិសោធន៍ឱ្យហើយៗ យើងត្រូវចូលរួមធ្វើអ្វីៗដែលយើងអាចធ្វើបាន ឱ្យរឿងល្អៗសម្រាប់សង្គម ដើម្បីរក្សានូវសន្តិភាព នាពេលបច្ចុប្បន្ន និងបន្តទទួលយកសន្តិភាពទាំងអស់គ្នា”។

គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបាន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ ព្រះបាទនរោត្តម សីហមុនី ចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស ឱ្យពីបទ “បដិសេធក្នុងការចូលខ្លួន” កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីមាន ការទូលថ្វាយស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ២០១៦៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES