Saturday, April 20, 2024
Homeព័ត៌មានជាតិអ្នក​​ទោស​​ស្រី អូ រស្មី ល្បី​​ប្រធាន​​គុក​​ឱប ថើប

អ្នក​​ទោស​​ស្រី អូ រស្មី ល្បី​​ប្រធាន​​គុក​​ឱប ថើប

ខេត្តប៉ៃលិន  អនុប្រធានពន្ធនាគារខេត្ត ប៉ៃលិនម្នាក់ បានទទួលរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើមិនគប្បី ដោយហៅអ្នកទោស ស្រីស្រស់ស្អាត សាច់សខ្ចី ឈ្មោះអូ រស្មី អតីត តារាចម្រៀង យកទៅអង្គុយកំដរផឹកស៊ី និង ឱបថើបគ្នាយ៉ាងស្រើបស្រាល នៅចំពោះមុខ អ្នកទោស និងមន្ត្រីពន្ធនាគារយ៉ាងច្រើន នៅ ចំណុចមុខពន្ធនាគារ ស្ថិតក្នុងភូមិទឹកចេញ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅ។

តាមប្រភពព័ត៌មានពីមន្ត្រីពន្ធនាគារខេត្ត ប៉ៃលិន សុំមិនបញ្ចោញឈ្មោះបានឱ្យដឹង កាលពី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ថា កាលពីថ្ងៃ សុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ លោកអ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារខេត្ត ប៉ៃលិន បានហៅទណ្ឌិតស្រីម្នាក់ ដែលគេស្គាល់ ថាមានឈ្មោះអូ រស្មី អតីតតារាចម្រៀង ដែល ជាប់ពន្ធនាគារ ពីបទសញ្ចារកម្ម (ទាក់ទងតារា ចម្រៀងស្រីឱ្យទៅបម្រើតណ្ហាតាតា) ឡើង ទៅអង្គុយផឹកស៊ីជាមួយគ្នា នៅអគារខាងលើ តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ ព្រលប់។

ប្រភពដដែលបន្តថា ខណៈដែលកំពុងផឹក ស៊ីនោះ គេឃើញលោកអនុប្រធានពន្ធនាគារ រូបនេះ បានអង្គុយកៀកក អ្នកទោសស្រីអូ រស្មី ជាប់រហូត ដោយមានមន្ត្រីពន្ធនាគារចំនួន៧៨នាក់ នៅអង្គុយផឹកស៊ីជាមួយគ្នាដែរ។ លុះ ក្រោយមក អ្នកទាំង២ បានធ្វើឱ្យអ្នកអង្គុយ ផឹកស៊ីក្បែរគ្នា ព្រឺសម្បុរបះរោមគ្រប់គ្នា ព្រោះ តែពួកគេបានឱបថើបគ្នានៅខាងក្រោយអគារ កន្លែងផឹកស៊ីយ៉ាងស្អិតល្មួត។ រហូតដល់ល្ងាច លោកអ៊ុយ វិចិត្រ បានកៀកក អ្នកទោសស្រី រូបនេះ ចុះពីកន្លែងផឹកស៊ីទៅខាងក្រោម លុះ ចូលទៅដល់មុខទ្វារបន្ទប់ពន្ធនាគារពួកគេបាន សំងំនៅទីនោះអស់រយៈពេលជាងកន្លះម៉ោង មិនដឹងជាធ្វើអ្វីខ្លះនោះទេ បន្ទាប់មកក៏កៀកក គ្នាដើរទៅកន្លែងលក់ដូរក្នុងបរិវេណពន្ធនាគារ  អង្គុយឱបថើបគ្នាប្រហែលកន្លះម៉ោងទៀត ដោយមិនខ្លាចរអាភ្នែកគេឯងនោះទេ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ ក្រោយពីជូនអ្នកទោសស្រីអូ រស្មី ចូលទៅក្នុង បន្ទប់ពន្ធនាគារ ជាទីសម្រាប់ឃុំខ្លួន អូ រស្មី និង អ្នកទោសស្រីៗផ្សេងទៀត អ្នកទាំងពីរបាន ឱបថើបគ្នាក្នុងនោះថែមទៀត រហូតដល់អ្នក ទោសស្រីព្រឺសម្បុរពេកនាំគ្នារត់ចេញមកខាង ក្រៅប្រសាច ព្រោះតែទ្រាំមិនបាននឹងទង្វើ ត្រេកត្រអាលមិនចេះអៀនខ្មាសនេះ។ លុះ ក្រោយពីឃើញលោកអ៊ុយ វិចិត្រ ចូលទៅក្នុង បន្ទប់ពន្ធនាគារយូរពេក ទើបលោកសុខ សារូ អនុប្រធានពន្ធនាគារម្នាក់ទៀត បានចុះពីលើ កន្លែងផឹកស៊ីទៅទាញដៃលោកអ៊ុយ វិចិត្រ ចេញពីបន្ទប់អ្នកទោស។ ចំណែកមន្ត្រីអនុរក្ស ពន្ធនាគារជាច្រើន និងអ្នកទោសប្រមាណ១៦០ នាក់ បានត្រឹមឈរសម្លឹងមើល ពួកគេទាំង២ ឱបថើបគ្នា ដោយមិនហ៊ានមាត់កអ្វីទាំងអស់។

ប្រភពខាងលើ បញ្ជាក់ថា យ៉ាងណានៅ ក្នុងពន្ធនាគារ គឺជាទីសម្រាប់ឃុំឃាំងអ្នកទោស ដែលប្រព្រឹត្តបទល្មើសគ្រប់ប្រភេទមិនអនុញ្ញាត ឱ្យអ្នកទោសណាម្នាក់ មានសម្ព័ន្ធភាពស្នេហា ជាមួយគ្នានោះទេ ហើយកាន់តែមិនអនុញ្ញាត ឱ្យមន្ត្រីអនុរក្សពន្ធនាគារ ឬមន្ត្រីបម្រើការក្នុង ពន្ធនាគារទៅមានទំនាក់ទំនងស្នេហាជាមួយ អ្នកទោសដែរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុដែលអ្នកទោសស្រីអូ រស្មី សុំប្តូរចេញពី ពន្ធនាគារព្រៃសទៅកាន់ពន្ធនាគារខេត្តប៉ៃលិន នេះ ក៏ដោយសារតែនាងមានទំនាក់ទំនងស្នេហា ជាមួយអ្នកទោសម្នាក់ទៀត ឈ្មោះយ៉េន ការ៉ាត់ ដែលជាអាណិកជន រស់នៅប្រទេសអូស្ត្រាលី និង បានជាប់ពន្ធនាគារពាក់ព័ន្ធនឹងគ្រឿងញៀន។

ជុំវិញរឿងរ៉ាវអាស្រូវខាងលើនេះនគរធំមិនអាចទាក់ទងសុំការបំភ្លឺពីលោកអ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារខេត្តប៉ៃលិន និងអ្នកទោស ស្រី អូ រស្មី បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច។

ចំណែកលោកសុខ សារូ អនុប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា ពាក់ព័ន្ធនឹង បញ្ហាខាងលើនេះ លោកអត់បានដឹងរឿងនោះ ទេ ហើយលោកក៏អត់បានទៅចូលរួមផឹកស៊ី ជាមួយអ្នកទោសស្រីណាម្នាក់ដែរ។

ដោយឡែក លោកនៅ ធឿង ប្រធាន ពន្ធនាគារខេត្តប៉ៃលិន បានច្រានចោលព័ត៌មាន ខាងលើថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន អត់ មានរឿងឱបថើបគ្នាបែបនេះទេ ហើយរឿង នេះជារឿងបំផ្លើស។

គួរបញ្ជាក់ថា ក្រោយបើកសវនាការ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នាងអូ រស្មី អតីតតារាចម្រៀង ត្រូវបានតុលាការសម្រេច ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទសញ្ចារកម្មដែលមានស្ថានទម្ងន់ទោស និងបទជួញដូរ មនុស្សខុសច្បាប់។ បន្ទាប់មក ទណ្ឌិតស្រី អូ រស្មី បានប្តឹងទាស់ឡើងទៅសាលាឧទ្ធរណ៍ និងត្រូវ សាលាឧទ្ធរណ៍ប្រកាសសម្រាលទោសពី៧ឆ្នាំ  មកនៅត្រឹម៥ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ស្រាប់ តែក្រោយមកក៏មានដំណឹងថា ទណ្ឌិតស្រីរូបនេះ បានសុំប្តូរពីពន្ធនាគារព្រៃស ឯរាជធានីភ្នំពេញ មកពន្ធនាគារ ខេត្តប៉ៃលិន រួចក៏កើតមានរឿង អាស្រូវបែបនេះតែម្តង៕

ដោយ ៖ រតនៈ

RELATED ARTICLES