Friday, April 26, 2024
Homeព្រឹត្តិការណ៍សង្គមមិត្ត​​ភាព​​កម្ពុជា​​-​​ហ៊្វី​លី​​ពីន

មិត្ត​​ភាព​​កម្ពុជា​​-​​ហ៊្វី​លី​​ពីន

ថ្ងៃនេះ ប្រធានាធិបតីហ៊្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូតឺរតេ (Rodrigo Duterte) អមដំណើរដោយស្តេចប្រដាល់អាស៊ី ម៉ានី ប៉ាកគីអាវ (Manny Pacquiao) បានអញ្ជើញមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ តាំងពីមុនមក កម្រមានអ្នក- ដឹកនាំហ៊្វីលីពីន មកលេងកម្ពុជា ទើបតែពេលនេះ វត្តមានប្រធានាធិបតីហ៊្វីលីពីន ដែលទើបឡើងកាន់តំណែង មកកម្ពុជា ស្តែងឱ្យឃើញមិត្តភាពរវាងប្រទេសទាំងពីរ ដែលធ្លាប់ភ្ជាប់ចំណងមេត្រីភាពតាំងពីរជ្ជកាលព្រះបាទនរោត្តម ទើប “នគរធំ” សូមលើកពី “មិត្តភាពកម្ពុជា-ហ៊្វីលីពីន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សូមបញ្ជាក់ថា ប្រទេសហ៊្វីលីពីន (Philippines) ជាទឹកដីកម្រងកោះតជាប់គ្នាពីមួយទៅមួយ ដោយមានកោះតូចធំ ប្រមាណ៧៦៤១ កោះ មានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច ប៉ុន្តែនៅក្នុងផែនទីពិភពលោក មើលឃើញ ដូចនៅខាងកើត។ ប្រទេសនេះ មានផ្ទៃដីសរុប៣០០ ០០០គ.ម២ ជាមួយនឹងប្រជាជន១០០ ៩៨១ ៤៣៧នាក់ យោងតាម ស្ថិតិឆ្នាំ២០១៥។ ចំនួនប្រជាជនដ៏ច្រើននេះ មានចំណាត់ថ្នាក់លេខ៧ នៅអាស៊ី និងជាប់លេខ១២ នៅពិភពលោក។ ហ៊្វីលីពីន ធ្លាប់ជាប់នៅក្រោមអាណានិគមអេស្ប៉ាញ ប្រមាណជាង៣០០ឆ្នាំ លុះមានការរើបម្រះ ទើបអេស្ប៉ាញ ប្រគល់ឯករាជ្យឱ្យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨។ ក្នុងអំឡុងសង្គ្រាមលោកទី២ ប្រទេសនេះក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃកងទ័ពជប៉ុន ចូល កាន់កាប់ រហូតដល់ជប៉ុនចាញ់សង្គ្រាម ក៏ធ្លាក់ទៅក្នុងការឱបក្តាប់របស់សហរដ្ឋអាមេរិក។ ទីបំផុត អាមេរិក បានប្រគល់ឯករាជ្យឱ្យហ៊្វីលីពីន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៤៦ ប៉ុន្តែ ដោយសារភាពទន់ខ្សោយខាងយោធា ទើបអាមេរិក បន្តដាក់ កងទ័ពជួយពង្រឹងសម្ព័ន្ធមិត្តនេះឱ្យខ្លាំង។ ទោះយ៉ាងណា សព្វថ្ងៃ ហ៊្វីលីពីន នៅតែមានការផ្ទុះអាវុធជាហូរហែ រវាងកងទ័ពរដ្ឋា- ភិបាល និងពួកឧទ្ទាម អាប៊ូសៃយ៉ាហ្វ (Abu Sayyaf) ប្រឆាំងអ្នកកាន់សាសនាគ្រិស្តកាតូលិក ខណៈដែលពួកឧទ្ទាមប្រដាប់ អាវុធនៅភាគខាងត្បូងប្រទេស កាន់សាសនាអ៊ិស្លាម និងល្បីថា ពួកឧទ្ទាមមានទំនាក់ទំនងជាមួយពួករដ្ឋអ៊ិស្លាម អាយស៊ីស (ISIS) ដែលកំពុងមានឥទ្ធិពលនៅស៊ីរី អ៊ីរ៉ាក់ លីប៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ា។ ហ៊្វីលីពីន ធ្លាប់នៅ ក្រោមអំណាចផ្តាច់ការរបស់ប្រធានាធិបតី ហ៊្វែរឌីណង់ ម៉ារកូស (Ferdinand Marcos) ១៩៦៥-១៩៨៦ ដែលល្បីសល់ ទ្រព្យសម្បត្តិកើតពីអំពើពុករលួយ រាប់ពាន់លានដុល្លារ សូម្បីតែភរិយាប្រធានាធិបតីឈ្មោះអ៊ីមែលដា ម៉ារកូស (Imelda Marcos) ពេលត្រូវផ្តួលរំលំនោះ គេឆែកឃើញគ្រាន់តែស្បែកជើងថ្លៃៗ ជាង១ពាន់គូឯណោះ។

សូមរំព្ញកផងដែរថា ហ៊្វីលីពីន បានភ្ជាប់ចំណងមិត្តភាពជាមួយកម្ពុជា តាំងពីរជ្ជកាលព្រះបាទនរោត្តម ខណៈដែលកម្ពុជា នៅក្រោមនឹមបារាំងសែស ឯហ៊្វីលីពីន នៅក្រោមនឹមអេស្ប៉ាញ។ បើចង់ទៅហ៊្វីលីពីន ត្រូវជិះកប៉ាល់ឆ្លងសមុទ្រ៣-៤ថ្ងៃ ទើបទៅដល់ ដូចឯកសារមហាបុរសខ្មែរ បានចារទុកជាភ័ស្តុតាង ដែល “នគរធំ” សូមដកស្រង់តាមច្បាប់ដើម ដោយរក្សាទុក អក្ខរាវិរុទ្ធចាស់ និងពន្យល់ពាក្យខ្លះៗដូចខាងក្រោម ៖

-ថ្ងៃសៅរ៍ ១២រោច ខែទុតិយាសាធ ម៉ោង៨ព្រឹក ស្តេច (ព្រះបាទនរោត្តម) ឱ្យចេញកប៉ាល់ពីស្រុកហុងកុង ទៅ២យប់ ៣ថ្ងៃ ដល់ស្រុកម៉ានីល។ ខណៈនោះ លោកកុសវរណឺរ អេស្ប៉ាញ៉ុល (Gouverneur Espagnol= ទេសាភិបាលអេស្ប៉ាញ) បានដឹងថា រាជការបារាំងសែស ហែស្តេចទៅដល់ ក៏បង្គាប់ទាហានឱ្យស្រែកថ្វាយព្រះពរព្រមៗគ្នា ហើយសាលុត (Salut= វន្ទនា, គំនាប់) កាំភ្លើងធំ២១ណាត់ ទទួលគំនាប់។ លុះចតកប៉ាល់ស្រេច លោកកុសវរណឺរ ចុះកប៉ាល់មកគំនាប់ស្តេចដល់ ព្រះទីនាំងកប៉ាល់ អញ្ចើញស្តេច ព្រមទាំងលោកមូរ៉ា (Jean Moura ​=​ កាលនោះលោកមូរ៉ា ជារេស៊ីដង់ស៊ុបប៉េរីយើរ នៅ កម្ពុជា) និងខ្ញុំរាជការ ហែស្តេចទៅប្រថាប់នៅផ្ទះរាជការ។ លោកកុសវរណឺរអេស្បាញ៉ុល រៀបព្រះស្ងោយថ្វាយស្តេចសោយ ដោយព្រះមេត្រី។ ទើបកុសវរណឺរ រៀបកប៉ាលសាលុប (Salubre = ជាឈ្មោះកប៉ាល់សមុទ្រ មានន័យថា សប្បាយ មិនធ្វើ ឱ្យខូចសុខភាព) ថ្វាយស្តេចគង់ ព្រមទាំងមន្ត្រីខ្ញុំរាជការ យាងស្តេចទៅទតភ្នំភ្លើងក្នុងសមុទ្រនៅស្រុកម៉ានីល…. ទ្រង់ប្រថាប់ នៅស្រុកនោះ៨យប់ ៧ថ្ងៃ ចំណែកលោកកុសវរណឺរ បានថ្វាយទាហានជាតិម៉ានីល (មានទាំងភ្លេងម៉ានីល១វង់ផង ឯទាហាន ទាំងនោះបានមកនៅកម្ពុជា ជារៀងរហូត)…។

ឯកសារមហាបុរសខ្មែរ ចារទុកទៀតថា ពេលស្តេចយាងមកកម្ពុជាវិញ ក៏ប៉ះខ្យល់ព្យុះបោកបក់ បណ្តាលឱ្យរយះគែម  កប៉ាល់ប្រវែង២ម៉ែត្រ ប៉ុន្តែព្រះអង្គបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយ ទើបរួចផុតពី គ្រោះថ្នាក់នោះទៅ ដោយពួកជាងបារាំង ប៉ះគែមកប៉ាល់ជាប់ជិតដូចដើម និងបើកទាំងចក្រទាំងក្តោង៤យប់៣ថ្ងៃ ទើបមក ដល់ស្រុកព្រៃនគរ និងបន្តមកភ្នំពេញ៘

ការដកស្រង់ឯកសារខាងលើនេះ ស្តែងឱ្យឃើញថា មិត្តភាពកម្ពុជា-ហ៊្វីលីពីន មានមកតាំងពីរជ្ជកាលព្រះបាទនរោត្តម រហូតមកទល់សព្វថ្ងៃ ក៏នៅតែរក្សាបានមិនបែកបែរ។ យើងមិនលូកដៃទេពីកិច្ចការផ្ទៃក្នុងរបស់ហ៊្វីលីពីន ទោះបីជាលោក រ៉ូឌ្រីហ្គោ ឌូតឺរតេ ចង់ច្រាលចោលអាមេរិក ងាកទៅចាប់ដៃចិន រុស្ស៊ីក្តី។ ភាពមិនចុះសម្រុងគ្នារវាងលោកប្រធានាធិបតី និង អនុប្រធានាធិបតី លោកស្រីឡេនី រ៉ូប្រេដូ (Leni Robredo) ពាក់ព័ន្ធដល់ការបង្ក្រាបគ្រឿងញៀន បណ្តាលឱ្យមានអ្នកស្លាប់ រាប់ពាន់នាក់នោះ ជារឿងរបស់ហ៊្វីលីពីន។ ករណីលោកឌូតឺរតេ ជេរលោកប្រធានាធិបតីអាមេរិកបារ៉ាក់ខ៍ អូបាម៉ា នោះ ជា រឿងរបស់គេ។ កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ធ្លាប់លើកឡើងថា សម្តេច និងលោកឌូតឺរតេ មាន “ចរិតដូចគ្នា” ត្រង់មិនចង់ឱ្យបរទេសបង្គាប់បញ្ជា លូកដៃចូលកិច្ចការផ្ទៃក្នុង។ ដូច្នេះការអញ្ជើញប្រធានាធិបតីហ៊្វីលីពីន មក ទស្សនកិច្ចកម្ពុជា ជាលក្ខណៈទ្វេភាគី អាចថាមកពេញចិត្ត “ចរិតដូចគ្នា” នេះឯង ខណៈដែលប្រធានាធិបតីមុនៗ មិនធ្លាប់ អញ្ជើញជាទ្វេភាគី ដោយមិននិយាយពីការប្រជុំកំពូលអាស៊ាននោះទេ។

សព្វថ្ងៃ មានជនជាតិហ៊្វីលីពីនច្រើនណាស់ ដែលចូលមកធ្វើការនៅកម្ពុជា តាមរយៈអង្គការ ក្រុមហ៊ុន ខ្លះទៀតជាគ្រូគង្វាលគ្រិស្តសាសនា បើកសាលាឯកជនតាមបណ្តាស្រុកនានា។ បើយើងមិនភ្លេចទេនោះ ជនជាតិហ៊្វីលីពីន ដែលលោកទេសាភិបាលអេស្ប៉ាញ ថ្វាយជាសួយដល់ព្រះបាទនរោត្តម ឱ្យនាំភ្លេងម៉ានីល មកភ្នំពេញនោះ ព្រះអង្គក៏បានតែងតាំងពួកគេ ជានាយទាហាន ដូចឯកសារសរសេរថា “ព្រះបាទសម្តេចព្រះនរោត្តម ទ្រង់តាំងពួកម៉ានីល ឱ្យមានយសស័ក្តិ ជាស័ក្តិ១ ស័ក្តិ២…” ដែលនាយទាហានទាំងនោះ បានកើតជាកូនពូនជាចៅនៅកម្ពុជា។ លោកឧត្តមសេនីយ៍ សុស្តែន ហ្វែរណង់ដេស អតីតរដ្ឋ- លេខាធិការក្រសួងសន្តិសុខជាតិ ក្នុងរាជរដ្ឋាភិបាលសម្តេចប៉ែន នុត (១៩៦៨-១៩៦៩) និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងរបប លន់ នល់ គឺជាជនជាតិហ៊្វីលីពីន ជាប់តំណពូជពីនាយទាហានហ៊្វីលីពីន រជ្ជកាលព្រះបាទនរោត្តម។

បើនិយាយឱ្យខ្លី មិត្តភាពកម្ពុជា-ហ៊្វីលីពីន បន្តជាប្រពៃណីជាង១សតវត្សរ៍មកហើយ មិនដែលប្រេះឆា រកាំរកូសអ្វីទេ សូម្បីលោកសម រង្ស៊ី លោកកឹម សុខា ក៏បាននាំគ្នីគ្នាទៅចុះហត្ថលេខា បង្កើតគណបក្សសង្គ្រោះជាតិ នៅហ៊្វីលីពីន ដែរ ហើយ តាំងពីពេលនោះមក បក្សប្រឆាំង តែងសុំទឹកដីហ៊្វីលីពីន សម្រាប់ណាត់ជួបគ្នា ខណៈដែលមេបក្សប្រឆាំង រស់នៅនិរទេស។

សរុបទៅ “មិត្តភាពកម្ពុជា-ហ៊្វីលីពីន” គឺជាចំណុចចង់បានរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកនយោបាយគ្រប់ និន្នាការ។ សូម្បីតែស្តេចប្រដាល់ហ៊្វីលីពីន ម៉ានី ប៉ាកគីអាវ ឱ្យតែគាត់ឡើងប្រកួតម្តងៗ ទស្សនិកជនខ្មែរកាន់ជើងគាត់គ្រប់គ្នា និងធ្លាប់បន្ទោសគណៈកម្មការកីឡាប្រដាល់ ដែលកាត់ឱ្យប៉ាកគីអាវ ចាញ់កីឡាករផ្លយ របស់អាមេរិក។ ថ្ងៃនេះ វត្តមាន លោកប្រធានាធិបតីហ៊្វីលីពីន និងស្តេចប្រដាល់ ធ្វើឱ្យខ្មែរគ្រប់រូបសោមនស្សរីករាយខ្លាំងណាស់ និងសូមបួងសួងឱ្យមិត្តភាព នេះ គង់វង្សជានិរន្តរ៍ នាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES