Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន អំពាវ​នាវ​រួម​គ្នា កសាង កម្ពុជា​ដ៏​កម្សត់

សម្តេច​ហ៊ុន សែន អំពាវ​នាវ​រួម​គ្នា កសាង កម្ពុជា​ដ៏​កម្សត់

ភ្នំពេញ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្ត្រីសម្តេចហ៊ុន សែន បានអំពាវនាវ ឱ្យមានការរួបរួមគ្នា ដើម្បីកសាងប្រទេសកម្ពុជា ដ៏កម្សត់ ព្រោះថាប្រទេសកម្ពុជាឆ្អែតឆ្អន់នឹង ទុក្ខវេទនាដោយសារភ្លើងសង្គ្រាមហើយ ប្រសិន បើគ្មានសន្តិភាពទេនោះ ច្បាស់ជាមិនអាចមាន ការអភិវឌ្ឍបានឡើយ ហេតុនេះចាំបាច់ត្រូវ រួមគ្នាថែរក្សាសន្តិភាព។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ថា នៅ ព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ខ្ញុំរីករាយនិងមានកិត្តិយសដែលបានចូលរួមអបអរសាទរខួប៥ឆ្នាំ នៃ ជោគជ័យរបស់ក្រុមហ៊ុនជប៉ុន មីនេបៀ (Minebea) នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោង ចក្រនេះ គឺប្រៀបដូចជាកូនខ្ញុំ ដែលបាន បង្កើត តាំងពីដើមទុនជាង២៣លានដុល្លារ តាំងពីឆ្នាំ ២០១១។ បច្ចុប្បន្ន រោងចក្រផ្តល់ការងារដល់ បុគ្គលិកកម្មករជាង៥ ០០០នាក់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន មីនេបៀ (Minebea) បានបន្ថែម ប្រាក់វិនិយោគជាង២៥០លានដុល្លារទៀត ក្នុង ការសាងសង់រោងចក្រ៣ថែមទៀតនៅកម្ពុជា ដែលគ្រោងបន្ថែមបុគ្គលិកកម្មករជាង២០ ០០០ នាក់។ ក្រុមហ៊ុននេះ គឺផលិតគ្រឿងម៉ាស៊ីន ដង្គុំខ្សែភ្លើង និងម៉ូទ័រមានគុណភាពគ្រប់ប្រភេទ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ កត្តា សន្តិភាព ស្ថិរភាពនយោបាយ និងភាពគ្មានការ រើសអើង គឺបានផ្តល់បរិយាកាសល្អ និងលទ្ធភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏មិនតម្រូវការចាំបាច់ឱ្យមានការចូលរួមពីភាគហ៊ុនក្នុង ស្រុកឡើយ។ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ អ្នកវិនិយោគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់ ធុរកិច្ចជប៉ុន ដែលមកកម្ពុជា។

សូមអរគុណក្រុមហ៊ុន មីនេបៀ (Minebea) ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និង រួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើង។ ទន្ទឹមនឹងនេះ សូមអរគុណក្រុមហ៊ុនដែលយកចិត្តទុកដាក់ផ្តល់នូវលក្ខខណ្ឌការងារ ល្អៗដល់ក្មួយៗកម្មករទាំងអស់។ ខ្ញុំសូមជូនពរ ក្រុមហ៊ុនមីនេបៀ (Minebea) ទទួលបាន ជោគជ័យធំៗ និងបន្តប្រារឰខួប១០០ឆ្នាំជាបន្ត ទៀត!”

ដោយឡែក ថ្លែងក្នុងឱកាសចូលរួមក្នុងការ អបអរសាទរខួប៥ឆ្នាំ ក្រុមហ៊ុនជប៉ុន មីនេបៀ (Minebea) នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចហ៊ុន សែន បានថ្លែងថា មានអ្នកខ្លះបាន បោកសម្តេចថា ទាល់តែរូបគេធ្វើជាប្រធាន ធនាគារជាតិ ទើបជប៉ុនឱ្យខ្ចីលុយ។ ជាមួយនេះ សម្តេចសុំឱ្យកម្មករកម្មការិនីកុំចាញ់បោកជនមួយចំនួនដែលធ្លាប់បានឃោសនាថា ទាល់តែ គេជាប់ឆ្នោត ទើបមានក្រុមហ៊ុនអាមេរិក ជប៉ុន បារាំងមក វិនិយោគនៅកម្ពុជា តែតាមពិត មិនសំខាន់លើអ្នកណាដឹកនាំប្រទេសនោះទេ គឺសំខាន់ឱ្យតែប្រទេសមានសន្តិភាព ស្ថិរភាព ច្បាស់ជាមានក្រុមហ៊ុនបរទេសមកវិនិយោគ ហើយ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រីស្នើ ឱ្យកម្មករកម្មការិនី ប្រឹងប្រែងធ្វើការងារបង្កើន ប្រាក់ចំណូលដល់ក្រុមហ៊ុន ព្រោះបើក្រុមហ៊ុន កាន់តែចំណេញកម្មករកម្មការិនី ក៏ទទួលបាន ប្រាក់ខែខ្ពស់ដែរ និងមិនត្រូវជឿលើការញុះញង់ នាំឱ្យមានអំពើហិង្សា ដែលអាចបណ្តាលឱ្យ រោងចក្របិទទ្វារ ធ្វើឱ្យបាត់បង់ការងាររបស់ កម្មករកម្មការិនី។

ជាមួយគ្នានេះ សម្តេចហ៊ុន សែន បានស្នើ កុំឱ្យមានការមើលស្រាលជនពិការ ព្រោះពាក្យ របស់ជនមួយចំនួន ដែលបានហៅសម្តេចថា អាខ្វាក់គឺជាទង្វើអសីលធម៌ និងគ្មានគុណ ធម៌បំផុត ព្រោះទោះជាសម្តេចពិការភ្នែក ក៏ មិនមែនជាលក្ខខណ្ឌដែលមិនអាចធ្វើនាយករដ្ឋមន្ត្រីបាននោះឡើយ ជាក់ស្តែងអតីតព្រះមហាក្សត្រថៃ និងអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ក៏ជាជនពិការផងដែរ។

ទាក់ទងទៅនឹងជំនួបរវាងសម្តេច និង លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៦ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ជំនួប រវាងសម្តេច និងលោកកឹម សុខា ប្រធានក្រុម មតិភាគតិច គឺជាសារនយោបាយប្រាប់ថា ខ្មែរ និងខ្មែរ ចេះដោះស្រាយគ្នា ហើយកុំប្រើការ គំរាមកំហែង និងគាបសង្កត់ពីខាងក្រៅ ព្រោះ ថា ចរិតរបស់សម្តេចមិនទទួលយកការគាបសង្កត់ ឬគំរាមអ៊ីចេះអ៊ីចុះ នោះឡើយ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បី កសាងប្រទេសកម្ពុជាដ៏កម្សត់ ព្រោះកម្ពុជា ជួបភ្លើងសង្គ្រាម រងទុក្ខវេទនាឆ្អែតឆ្អន់ហើយ ដូច្នេះត្រូវរួមគ្នាថែរក្សា សន្តិភាព ព្រោះបើ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍបានឡើយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES