Friday, April 19, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា បញ្ជាក់​​ហេតុ​​ផល​​សម្តេចហ៊ុន សែន ​​លើក​​លែង​​ទោស​​ឱ្យ

លោក​កឹម សុខា បញ្ជាក់​​ហេតុ​​ផល​​សម្តេចហ៊ុន សែន ​​លើក​​លែង​​ទោស​​ឱ្យ

ភ្នំពេញ  ប្រធានស្តីទីគណបក្សប្រឆាំង លោកកឹម សុខា បានបញ្ជាក់ពីហេតុផលដែល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន កម្ពុជា យល់ព្រមតាមការស្នើសុំរបស់លោក ទូលថ្វាយព្រះមហាក្សត្រស្នើសុំប្រោសព្រះរាជទានលើកលែងទោសឱ្យរូបលោក ដោយលោក បានថ្លែងថាហេតុផលសំខាន់ គឺដោយសារលោក និងសម្តេចហ៊ុន សែន មានបំណងដូចគ្នា ដើម្បី ឯកភាពជាតិ។

លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម បានថ្លែងបែបនេះនៅក្នុងវេទិកាពង្រឹងសមត្ថភាព ចលនាយុវជនស្ត្រីខេត្ត ស្រុក និងឃុំសង្កាត់ ខេត្តកំពង់ចាមត្បូងឃ្មុំជាមួយតំណាងចលនា យុវជនស្ត្រី មកពីបណ្តា ស្រុក និងឃុំសង្កាត់ មកពីខេត្តកំពង់ចាម និង ត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។

លោកកឹម សុខា មានប្រសាសន៍ថា នេះ ហើយដែលខ្ញុំចង់ជម្រាបជូន មកដល់ថ្ងៃនេះ ប្រហែលជាភ្ញាក់ផ្អើលហើយ១ថ្ងៃ ២ថ្ងៃនេះ មាន ព្រឹត្តិការណ៍ថ្មី ក្មួយៗខ្លះ ប្រជាពលរដ្ឋខ្លះសន្និដ្ឋាន ផ្សេងៗគ្នា អ្នកខ្លះថា មានដំណោះស្រាយអ៊ីចេះ បានដោះលែង អ្នកខ្លះថា ប្រហែលបែកបាក់គ្នា ហើយ អ្នកខ្លះថា ប្រហែលជាត្រូវជាមួយគេ ហើយ មានអ្នកខ្លះថា ប្រហែលជាមានលក្ខខណ្ឌ អីហើយ។ អ៊ីចឹង អ្នកខ្លះខ្លាចរឿងផែនទី រឿង អីទៅ ខ្ញុំបញ្ជាក់ អត់មានលក្ខខណ្ឌទេ អ្នកខ្លះថា តិចបែកបាក់គ្នាទៅ គឺឈានទៅដោះស្រាយ។ ដំណោះស្រាយជំហានដំបូងនេះ ជំហានទី១នេះ ដែលខ្ញុំមានសេរីភាពនេះ គ្មានលក្ខខណ្ឌអ្វីទាំង អស់ សូមជម្រាបជូន អត់មានដោះដូរ អីទាំង អស់ គឺយើងឯកភាពគ្នាទេ អត់មានដោះដូរ។ ឯខាងភាគីគណបក្សប្រជាជនកម្ពុជា ក៏គាត់ បានបញ្ជាក់ហើយថា អត់មានដោះដូរអីទេ អត់ មានលក្ខខណ្ឌអីទាំងអស់។ ខ្ញុំនិយាយឱ្យចំទៅ ចុះ ដោយសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយនិងខ្ញុំហ្នឹងមានបំណងដូចគ្នា ចង់រកចក្ខុវិស័យរួម រកនូវគុណតម្លៃរួម ប្រទេសជាតិយើង ទៅអនាគត ដើម្បីឱ្យមានឯកភាពជាតិ នៅថ្ងៃ អនាគតនោះទេ ប៉ុន្តែរឿងទៅដល់មិនដល់ ទៅ បានមិនបាន វាត្រូវផ្លូវនៅវែងទៀត។ ប៉ុន្តែ យើងបានផ្តើមចេញពីទាំងហ្នឹងហើយ ដើម្បី រកឯកភាពជាតិ ដើម្បីឈានទៅរកចក្ខុវិស័យ រួម ឬក៏គុណតម្លៃរួមរបស់ជាតិយើងជាមួយគ្នា  សម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។ ឃ្លាឃ្លោង សម្តីសំដៅ ទាំងសម្តេចនាយកហ៊ុន សែន ទាំងខ្ញុំ គឺថាយើងនឹងបង្រួបបង្រួមជាតិ ចង់ឱ្យឃើញការបង្រួបង្រួមជាតិ ដោះស្រាយ បញ្ហារវាងខ្មែរនិងខ្មែរ ដើម្បីរួមគ្នា រួបរួមគ្នា ដោះស្រាយបញ្ហាដែលនៅសេសសល់ នេះហើយ អ្វីដែលជាគោលនៃការកើតមានថ្ងៃនេះ

kem-sokha2

ក្នុងន័យនេះដែរ លោកកឹម សុខា បញ្ជាក់ ថា លោកនឹងស្វះស្វែងរកដំណោះស្រាយ សម្រាប់ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ព្រមទាំងសកម្មជនដទៃទៀតរបស់បក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ពោលគឺលោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំ របស់គណបក្សកាន់អំណាចរួចហើយ ពាក់ព័ន្ធ នឹងមន្ត្រីទាំងអស់នោះ ដោយការដោះស្រាយ បញ្ហានេះ នឹងធ្វើតាមប្រព័ន្ធតុលាការ។

លោកកឹម សុខា មានប្រសាសន៍បន្តថា ដំណោះស្រាយនេះ មិនមែនដំណោះស្រាយ ចប់ត្រឹមកឹម សុខា ទេ នឹងឈានដល់ដោះស្រាយ បញ្ហាផ្សេងៗទៀត ជាពិសេសបងប្អូនយើងដែល នៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ក៏យើងនឹងធ្វើក្នុង ពេលឆាប់នេះ ដើម្បីឱ្យមានដំណោះស្រាយ។ យើងនឹងដោះស្រាយបញ្ហាដោយប្រើទស្សនៈ  និងមនសិការជាដំណាក់កាល តាមប្រព័ន្ធតុលាការ ហើយយើងនឹងធ្វើឱ្យបានឆាប់ៗខាងមុខនេះ

លោកកឹម សុខា ក៏បានប្រកាសដែរថា នៅ សប្តាហ៍ក្រោយនេះ លោកនឹងចូលរួមកិច្ចប្រជុំ រដ្ឋសភា ប្រសិនបើសភា មានកិច្ចប្រជុំពេញអង្គ ណាមួយនោះ គឺលោកបានប្រកាសក្រោយអ្នក នាំពាក្យរដ្ឋសភា បញ្ចាក់ថា រដ្ឋសភានឹងបើក សម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ។

លោកកឹម សុខា មានប្រសាសន៍បន្តទៀត ថាសប្តាហ៍ក្រោយនេះ បើមានប្រជុំរដ្ឋសភា ខ្ញុំនឹងទៅរដ្ឋសភា ហើយយើងនឹងចាប់ផ្តើម រៀបចំឡើងវិញនូវយន្តការមួយ ដើម្បីជជែក គ្នាក្នុងនាមសមាជិកសភាសំឡេងភាគតិច និង សមាជិកសភាសំឡេងភាគច្រើន ជជែកគ្នានៅ ក្នុងក្របខ័ណ្ឌរដ្ឋសភាហ្នឹង ដោះស្រាយបញ្ហា របស់ប្រជាជាតិយើងទាំងមូល ទាំងអស់បន្តបន្ទាប់

លោកកឹម សុខា ក៏បានប្រកាសឱ្យដឹង ផងដែរថា លោកនឹងអញ្ជើញចូលក្រាបបង្គំ គាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្សកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មក លោកនឹងទៅសួរសុខទុក្ខថ្នាក់ដឹកនាំនិងសកម្មជនគណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ហើយ លោកក៏នឹងចាប់ផ្តើមចុះធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកកឹម សុខា ក៏បាន អំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវតែបញ្ឈប់ ការលាបពណ៌គ្នា បញ្ឈប់ការជេរប្រមាថ និង បញ្ឈប់ការញុះញុង់រឿងណាដែលមិនបានផ្តល់ ផលប្រយោជន៍។ ជាងនេះទៀត លោកក៏បាន ផ្តាំផ្ញើទៅយុវជនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ ការចាញ់បោកគណបក្សនយោបាយណាមួយ ដែលកំពុងអូសទាញឱ្យដើរផ្លូវខុស។ បានន័យ ថា មុនមានការជឿលើគណបក្សនយោបាយ ណាមួយ ត្រូវគិតគូរថ្លឹងថ្លែងនិងពិចារណាមើល ពីការដឹកនាំរបស់គណបក្សនយោបាយនីមួយៗ ឱ្យបានច្បាស់លាស់។

លោកកឹម សុខា មានប្រសាសន៍បន្ថែម ថាក្នុងនាមខ្ញុំជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំដឹងច្បាស់ថា យុវជនចង់បានអី? គឺទី១ ចង់ឱ្យអ្នកដឹកនាំផ្តល់ឱកាស់ឱ្យគាត់បានរៀន។ ទិ២ យុវជនចង់ឱ្យអ្នកដឹកនាំប្រទេស ធ្វើយ៉ាង ម៉េចឱ្យគាត់មានចំណូល មានចំណេះ ជំនាញ ហើយមានចំណូល។ មានន័យថា មានការងារ ធ្វើសមរម្យ ប្រាកខែសមរម្យ មានការធានានូវ អនាគតរបស់ខ្លួន។ អ៊ីចឹងខ្ញុំចង់បញ្ជាក់ថា ងាយ ណាស់ក្នុងការវាយតម្លៃទៅលើដំណើរដឹកនាំ និងដំណើរការនយោបាយ។ យើងមើលៗតើ គណបក្សនយោបាយនីមួយៗ អ្នកដឹកនាំនីមួយ! នាំយើងទៅណា? ត្រូវផ្លូវដែលយើងចង់ទៅដែរ ឬអត់? មុននឹងបោះឆ្នោតឱ្យគេ យើងត្រូវមើល ហ្នឹង។ បើយើងមិនតាមដាន យើងអាចរើស ខុស បើយើងតាមដាន រហូតចូលរួមទៀត ខ្ញុំ ជឿថា អត់ខុសទេ។ ដូច្នេះសំខាន់ណាស់ ទី១ ចក្ខុវិស័យ ទី២ គោលដៅ ហើយទី៣ សម្រេច គោលដៅហ្នឹង យើងមើលអ្នកនយោបាយហ្នឹង អ្នកដឹកនាំហ្នឹង ឬគណបក្សហ្នឹង តើគាត់អនុវត្ត តាមគោលការណ៍ណា? សម្រាប់ខ្ញុំ ក្នុងនាមជា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ជាគោលការណ៍ វិធីដែលខ្ញុំនឹងនាំបងប្អូនទៅដល់គោលដៅមួយ ដែលជាចក្ខុវិស័យដើម្បីលើកគុណតម្លៃរបស់ ប្រទេសជាតិយើងនោះ គឺខ្ញុំអនុវត្តជានិច្ចនូវគោលការណ៍អហិង្សា។ អហិង្សា ជាសេចក្តីប្រាថ្នារបស់ខ្ញុំ។ ទី២ ក្រៅពីអហិង្សា កុំគុំកួនសងសឹកគ្នា កុំមាន នៅក្នុងចិត្ត នៅក្នុងបេះដូង ក្នុងការនិយាយស្តី កាត់បន្ថយឱ្យអស់ ឱ្យឆ្ងាយ ឱ្យតិចបំផុត នូវ ការគុំកូនសងសឹកគ្នា

គួរបញ្ជាក់ថា មុននេះ លោក កឹម សុខា បានសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ អស់រយៈពេលកន្លះឆ្នាំ បន្ទាប់ ពីត្រូវបានតុលាការចោទប្រកាន់ និងសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ និង ពិន័យជាប្រាក់៨០ម៉ឺនរៀល ក្រោមការចោទ ប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន។ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសតាម សំណើរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ហើយពេល នេះ លោកបានវិលមករស់នៅគេហដ្ឋានរបស់ លោកវិញហើយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES