Thursday, April 25, 2024
Homeព័ត៌មានជាតិមេបក្ស​ប្រឆាំង​ថា ចង់​បំបែក​សម រង្សីុ ពី​កឹម សុខា​ ជា​ការ​យល់​សប្តិ

មេបក្ស​ប្រឆាំង​ថា ចង់​បំបែក​សម រង្សីុ ពី​កឹម សុខា​ ជា​ការ​យល់​សប្តិ

ភ្នំពេញ  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា មានគេចង់បំបែក លោកពីលោកកឹម សុខា អនុប្រធានគណបក្ស ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងបានជំនួសតំណែងរបស់លោកជា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ឋានៈស្មើ នាយករដ្ឋមន្ត្រី និងជាដៃគូសន្ទនារបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នោះ។ ប៉ុន្តែអ្នកនាំពាក្យ គណបក្សកាន់អំណាច បានបញ្ជាក់ឆ្លើយតបវិញ ថា តាមពិតក្នុងនាមប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានសមាន ចិត្តចង់ឱ្យមានការផ្សះផ្សាជាតិ តែលោកសម រង្ស៊ី ប្រើល្បិចបំបែកការផ្សះផ្សាជាតិ។ ចំពោះ ការដែលលោកសម រង្ស៊ី ឃ្លាតឆ្ងាយពីប្រទេស និងគណបក្សសង្គ្រោះជាតិនោះ គ្មាននរណា បំបែកទេ គឺដោយសារតែទង្វើរបស់ខ្លួនឯង ដែលប្រព្រឹត្តខុសច្បាប់ ព្រមទាំងនយោបាយ មិនស្មោះត្រង់ជាមួយដៃគូរបៀបចាប់ដៃជាន់ ជើង ដែលជានយោបាយអត្តឃាតខ្លួនឯង មិន ខុសពីអ្នកសាបព្រោះខ្យល់រមែងទទួលបានផល ព្យុះសង្ឃរា។

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងជាថ្មីថា សម្ព័ន្ធភាពរវាងលោក និង លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដាច់ខាតមិនបែកបាក់គ្នាទេ ដោយលោក បានបញ្ជាក់ថា អ្នកដែលប៉ុនប៉ងបំបែកសម រង្ស៊ី ពីកឹម សុខា គឺជាការយល់សប្តិ។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ថា សម រង្ស៊ី និងកឹម សុខា តំណាងឱ្យកិត្តិយសនិងសេចក្តីសង្ឃឹមរបស់ ប្រជារាស្ត្រខ្មែរ។ កុលបុត្រខ្មែរទាំង២នាក់នេះ បង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើម និងថ្លៃថ្នូរ ដែលដាច់ខាតមិនចាញ់សម្លុតគេ និងមិនលក់ ខ្លួនឱ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពីកឹម សុខា គឺកំពុងតែយល់សប្តិ សុទ្ធសាធ

ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងវេទិកា សំណេះសំណាលជាមួយសកម្មជនអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធអ៊ីនធើរណេត នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ លោកសម រង្ស៊ី បានបញ្ជាក់ថា  ការបោះឆ្នោតឆ្នាំ២០១៧២០១៨ ប្រៀបធៀបបានទៅនឹងការប្រកួតធ្វើ ដំណើរឆ្លងទន្លេ ប្រជារាស្ត្រគាំទ្រគណបក្ស សង្គ្រោះជាតិ ជិះទូកឆ្លងទន្លេ ឯជនផ្តាច់ការ មហាសេដ្ឋី និងបរិវារហែហមជិះកប៉ាល់។ ប៉ុន្តែ ទូករបស់ប្រជារាស្ត្រមកដល់ត្រើយ ហើយឯ  កប៉ាល់លិចកណ្តាលទន្លេ។

លោកសម រង្ស៊ី មានប្រសាសន៍នៅពេល នោះថាយើងថា យើងមកដល់ត្រើយហើយ បងប្អូន ព្រោះគ្នាយើងច្រើន យើងអត់មានកប៉ាល់ ទំនើប យើងអត់មានលុយ អត់មានមធ្យោបាយ ធំធេង តែយើងទើបតែជិះទូក យើងជាអ្នកក្រ មកជាមួយគ្នាច្រើន យើងជាប្រជារាស្ត្រ តំណាង ឱ្យប្រជារាស្ត្រគ្រប់មជ្ឈដ្ឋាន ប្រជារាស្ត្រតូចតាច ប្រជារាស្ត្រសាមញ្ញ យើងស្ទើរតែមួយនគរ ដែល យើងខំហែលទឹក ខំហែលឆ្លងទន្លេ មកដល់ ២០១៧ យើងមកដល់ត្រើយ គឺជោគជ័យ។ គេ មួយទៀត គេមានលុយច្រើនណាស់ គេមាន មធ្យោបាយច្រើនណាស់ យើងហែលទឹក យើង ជិះទូក យើងអុំទូក យើងចែវទូក ប៉ុន្តែមកដល់ ត្រើយ មកដល់មុនគេ។ គេមួយទៀតហ្នឹង គេ ជិះកប៉ាល់ធំ គេអ្នកមាន ជាមួយពួកឧកញ៉ា ជាមួយពួកមហាសេដ្ឋី ជាមួយនាយទុន គេមាន ដល់កម្លាំងប្រដាប់អាវុធ នៅលើកប៉ាល់ធំ ប៉ុន្តែ អត់ឈ្នះយើង អត់ប្រជារាស្ត្រទេ។ ប្រជារាស្ត្រ ចែវទូកលឿនជាង សូម្បីហែល ក៏ហែលលឿន ជាង ប៉ុន្តែអាកប៉ាល់គេនោះនៅក្រោយយើង ហើយចាប់ផ្តើមលិចធ្លាក់ទឹកចូល ឃើញកណ្តាល ទន្លេ អត់ទៅមុខរួច។ បងប្អូនជឿថា កប៉ាល់ មកដល់ត្រើយ ២០១៨? អត់២០១៨ ចាប់ លិច ទោះមិនទាន់លិចទាំងស្រុង ប៉ុន្តែឃើញថា  វាលិចហើយ ឃើញថា ចាញ់សង្គ្រោះជាតិឆ្ងាយ អស់មានផ្លូវ យើងមកដល់ត្រើយ ហើយខ្លួនឯង នៅកណ្តាលទន្លេកំពុងតែលិច។ អាលិចនៅលើកប៉ាល់ហ្នឹង អត់មានចាំបន្តិចទៀត ពេលណាកប៉ាល់ លិចមកដល់ត្រើយ អត់ទេ លិចនៅកណ្តាល ទន្លេ វាលោតទឹក លោតចេញពីកប៉ាល់ហើយ។ ហើយពេលនោះ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនយើង ដែលមកដល់ត្រើហើយបងប្អូនដែលមានទោស នោះ ដែលបានចែវទូកមកដល់សុំចេញទូកទៅ ទទួលអ្នកគ្នាលោតពីកប៉ាល់។ គេជាខ្មែរដែរ សុំចេញទូកទៅជួយសង្គ្រោះជីវិតខ្មែរទាំងអស់

ទោះបីយ៉ាងណា ប្រតិកម្មនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន  ចាត់ទុកថា គ្រាន់តែជាការឃោសនារបស់លោក សម រង្ស៊ី ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ប៉ុណ្ណោះ ក្នុងខណៈដែលមេបក្សប្រឆាំងរូបនេះ ស្ទើរតែអស់ឱកាសក្នុងការឈរជើងក្នុងជីវិត នយោបាយទៅហើយ ដោយសារនយោបាយ ជីករណ្តៅកប់ខ្លួនឯង។ ពោលគឺ គ្មាននរណា បំបែកមេដឹកនាំបក្សប្រឆាំងទាំង២នោះទេ តែជាទង្វើរបស់លោកសម រង្ស៊ី ខ្លួនឯងប្រព្រឹត្ត ខុសច្បាប់ ទើបត្រូវរស់នៅនិរទេសខ្លួនឯក្រៅ ប្រទេស ឃ្លាតឆ្ងាយពីគណបក្សសង្គ្រោះជាតិ ផ្តល់ឱកាសឱ្យលោកកឹម សុខា ដឹកនាំដូចសព្វ ថ្ងៃ។

លោកសុខ ឥសាន មានប្រសាសន៍ថា ពីមុនមក យើងមិនដែលឮថា សម រង្ស៊ី និយាយ ថា តំណែងមិនសំខាន់ទេ យើងធ្លាប់តែឮថា តំណែងវាសំខាន់ ហើយជាពិសេស ដំណាក់កាល ចុងក្រោយនេះ ក្រោយពេលដែលគាត់ចូល ប្រជុំសភាចុងក្រោយនោះ គាត់មានការសម្តែង នូវអាកប្បកិរិយាទឹកមុខសប្បាយរីករាយណាស់ ពេលដែលគាត់បានទទួលនូវតំណែងតួនាទីជា ប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែល មានឋានៈស្មើនាយករដ្ឋមន្ត្រី ហើយមានតួនាទី ដើម្បីពិភាក្សាការងារផ្សេងៗរបស់ប្រទេសជាតិ ជាមួយនឹងនាយករដ្ឋមន្ត្រី។ នេះហើយឃើញ ថា មានការរីករាយ តែឥឡូវគាត់ធ្វើនយោបាយ ធ្វើៗទៅ វាអស់តួនាទីពីបាតដៃគាត់ ឥឡូវគាត់ នៅទទេស្អាត អ៊ីចឹងទេ ពេលនេះហើយបានគាត់ និយាយថា តំណែងតួនាទីវាមិនសំខាន់។ អានេះ វាឆ្លុះបញ្ចាំងឱ្យឃើញថា ការនិយាយនេះ គ្រាន់តែជាការនិយាយកម្លាចិត្តខ្លួនឯង ក៏ដូចជាបោក បញ្ឆោតសតិអារម្មណ៍អ្នកគាំទ្ររបស់គាត់តែប៉ុណ្ណោះ។  ក្នុងន័យនេះដែរ ខ្ញុំយល់ថា គណបក្ស នៅក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រកួតប្រជែងគ្នានេះ គណបក្សនីមួយៗ សុទ្ធតែមានមហិច្ឆតាការឈ្នះឆ្នោត ដើម្បីកាន់ អំណាច ហើយដើម្បីកាន់អំណាចបាន ចង់ឈ្នះ ឆ្នោតបាន គឺថា មានគណបក្សណាចង់ឱ្យដៃគូ ប្រកួតប្រជែងហ្នឹងខ្លាំងទេ អាហ្នឹងជារឿងធម្មតា គ្រប់គណបក្ស មិនមែនថាគណបក្សណាជាគណបក្សណាទេ។ តែដោយឡែក ជាចំណុចពិសេស របស់គណបក្សសង្គ្រោះជាតិនេះ ខ្ញុំយល់ថា គណបក្សសង្គ្រោះជាតិ ស្ថិតនៅជាធរមានហើយ រាល់ថ្ងៃនេះ ដែលមានឯកឧត្តមកឹម សុខា ជា ប្រធានស្តីទី ក្នុងការដឹកនាំគណបក្សទាំងមូល។ ដោយឡែកការឃ្លាតឆ្ងាយពីគណបក្សសង្គ្រោះ ជាតិ ក៏ដូចជាឆ្ងាយពីសង្គមជាតិ របស់សម រង្ស៊ី  វាមិនមែនបំបែកបំបាក់គាត់ទេ គឺវាកើតចេញពី លទ្ធផលនៃអំពើប្រព្រឹត្តរបស់គាត់ល្មើសច្បាប់ ផង ហើយវាជានយោបាយរបស់គាត់តែម្តង។ គាត់ធ្វើនយោបាយអត្តឃាតខ្លួនឯង ក៏ប៉ុន្តែចង់ ថា គាត់បំផ្លិចបំផ្លាញនយោបាយផ្សះផ្សាជាតិ ទៅមិនរួចទេ ពីព្រោះជាតិមួយទាំងមូល មិន អាចយកធ្វើជាចំណាប់ខ្មាំងរបស់សម រង្ស៊ី បាន ទេ

លោកសុខ ឥសាន មានប្រសាសន៍បន្តថា ខ្ញុំយល់ថា អ្វីដែលថ្នាក់ដឹកនាំគណបក្សទាំង២ ដែលមានអាសនៈនៅក្នុងសភា បានពិភាក្សា ព្រមព្រៀងគ្នាហើយ សុំឱ្យអនុវត្តឱ្យបានត្រឹមត្រូវទៅតាមខ្លឹមសារនោះជាការស្រេចហើយ ពីព្រោះយើងពេលដែលពិភាក្សា យើងបាន អនុវត្តត្រឹមត្រូវ គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ ជាមួយគ្នា ដើម្បីផលប្រយោជន៍ជាតិ ហើយ កន្លងទៅនេះ យើងបានចុះកិច្ចព្រមព្រៀង នយោបាយ ថ្ងៃ២២ ខែ០៧ ឆ្នាំ២០១៧។ បន្ទាប់ មក អនុវត្តមិនបាន រអាក់រអួលរហូតដល់ថ្ងៃ ០៨ ខែ០៥ ២០១៥ទៀត ក៏នៅតែឃើញថា ការព្រមព្រៀងគ្នា ការប្រកាសសេចក្តីថ្លែងការណ៍ របស់គណបក្សទាំង២ នៅអនុវត្តមិនបាន។ អានេះមកពីរឿងអី? មកពីសម រង្ស៊ី មិនសម្តែង នូវការស្មោះត្រង់ក្នុងការអនុវត្ត។ ឧទារហណ៍ ជាក់ស្តែងទៀត យើងឃើញថា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល លោកចង់ណាស់ បានការបង្រួមបង្រួមជាតិ ស្រុះស្រួលជាតិ ដើម្បីជាអី? ជា គុណសម្បត្តិរបស់គណបក្សកាន់អំណាច ក៏ប៉ុន្តែ យើងឃើញហើយរាល់បញ្ហាដែលកើតឡើង នេះ មិនមែនចេញពីគណបក្សកាន់អំណាចទេ វាចេញពីគណបក្សប្រឆាំងហ្នឹងឯង។ ឧទាហរណ៍ ថា សម្តេចចង់ស្របស្រួលគ្នាណាស់ រវាងគ្រួសារ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយគ្រួសារគណបក្សប្រជាជន ហើយយើងឃើញហូបបាយ សាមគ្គីហើយ ក្រោយហូបបាយហើយ គាត់បរិហារតាមក្រោយ។ ដឹកដៃគ្នាទៅអង្គរសង្ក្រាន្តនៅ សៀមរាប ចេញមកវិញ គាត់ថាសម្តេចតេជោ ហ៊ុន សែន ជាជនផ្តាច់ការ។ អាហ្នឹងវាអ៊ីចឹង គឺថា ចាប់ដៃគ្នា ជាន់ជើង ហើយចាប់ដៃគ្នា ឱបគ្នា ប៉ុន្តែមានភាពត្បិតត្បៀតខាងក្រោយ ខ្នង។ អានេះអ្នកណា អ្នកធ្វើ? គឺសម រង្ស៊ី ហ្នឹង ឯង ជាអ្នកធ្វើ។ អ៊ីចឹង ឥឡូវនេះ គាត់អ្នកធ្វើ គាត់ទទួលផល អ្នកសាបព្រោះខ្យល់ អាហ្នឹងគាត់ ត្រូវទទួលនូវព្យុះសង្ឃរា មកវិញ

លោកសុខ ឥសាន មានប្រសាសន៍បន្តទៀត ថាចំពោះការនិយាយថា ទូកនិងកប៉ាល់នោះ ឥឡូវមិនដឹងអ្នកណាលិចមិនលិចទេ ហើយ ឈ្នះរបស់សម រង្ស៊ី ឈ្នះតាំងពីគណបក្សជាតិ ខ្មែរ នៅឆ្នាំ១៩៩៥ មកម៉្លេះ ឈ្នះរហូត ដល់ពេល បោះឆ្នោត ឆ្នាំ២០១៣ គាត់ថា ឈ្នះដែរ ប៉ុន្តែ ដល់លទ្ធផលបោះឆ្នោត វាមិនដូចគាត់ថា យើង ឃើញហើយ ក្រោយរាប់សន្លឹកឆ្នោតតែ១ម៉ោង គាត់ស្រែកជយោ គាត់ឈ្នះហើយ តែក្រោយ ១ម៉ោងមកទៀត គាត់ប្រែប្រួល ទៅជាគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះវិញ គាត់ឡាំប៉ា បណ្តោយ។ អ៊ីចឹងទេ វប្បធម៌សម រង្ស៊ី ដែល ស្រែកថា ឈ្នះរបស់សម រង្ស៊ី វាស្ថិតនៅក្នុង តែការយល់សប្តិទេ ហើយការយល់សប្តិនេះ  មិនអាចប្រែក្លាយទៅជាការជាក់ស្តែងបានទេ ដូចដែលយើងមានពិសោធតាំងពីឆ្នាំ១៩៩៥ ជាមួយសម រង្ស៊ី រហូតដល់ឆ្នាំ២០១៣ នេះ ឯង។ អ៊ីចឹងទេ ដើម្បីបន្លប់សតិអារម្មណ៍ប្រជា ពលរដ្ឋ អ្នកគាំទ្រគាត់ កុំឱ្យបាក់ទឹកចិត្តហ្នឹង គាត់ លើកឡើងថា ឈ្នះរហូតហ្នឹង។ រហូតទៅដល់ លើកឧទាហរណ៍មួយទៀត អ៊ុង សានស៊ូជី ឈ្នះ ឆ្នោតនៅភូមា គាត់ថាជាជ័យជម្នះរបស់គាត់ដែរ  បក្សប្រឆាំងឈ្នះឆ្នោតនៅតៃវ៉ាន់ គាត់ថា បក្ស ប្រឆាំងនៅកម្ពុជា ក៏ឈ្នះឆ្នោតដែរ។ អាហ្នឹង ហើយជាការយល់សប្តិទាំងថ្ងៃ ដែលមិនអាច ក្លាយទៅជាការពិត ហើយយើងមើលទៅយូរ ទៅ សម រង្ស៊ី ហាក់ដូចជាមនុស្សវិកលចរិតទៅ ហើយ បាត់បង់តួនាទីអស់រលីងពីក្នុងខ្លួនហើយ។ អ៊ីចឹងបានគាត់ចង់បន្លប់ខ្លួនឯង កុំឱ្យវាឡប់ខ្លាំង ពេកទៅៗថា អាហ្នឹងតំណែងមិនសំខាន់ ក៏ប៉ុន្តែ ពីមុនម៉េចក៏សំខាន់ម៉្លេះ? ឥឡូវម៉េចក៏លែង សំខាន់ទៅហើយ? ពីព្រោះវាអស់ពីដៃពីជើង ហើយ ធ្វើនយោបាយយូរៗទៅ អស់រលីងពីខ្លួន។ តែទោះអត់សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា យើងគោរពពាក្យសម្តីរបស់យើងអាហ្នឹងគេហៅ ថា សីលធម៌នយោបាយ គណបក្សប្រជាជនកម្ពុជា មិនដែលក្បត់សីលធម៌នយោបាយរបស់ ខ្លួនទេ មានតែគណបក្សផ្សេងទេ ដែលក្បត់ សីលធម៌នយោបាយរបស់ខ្លួន។ អ៊ីចឹង ឃើញ ហើយ យើងមានពិសោធប្រៀងធៀប សម្តេច តេជោហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល យើងឃើញហើយ មេដឹកនាំគណបក្សផ្សេងៗ ជាពិសេស សម រង្ស៊ី នោះ ក៏មើលស្រាលចំពោះសម្តេចតេជោហ៊ុន សែន ណាស់ គាត់វាយតម្លៃថា យើងរៀនសូត្រ បានតិច មិនដូចគាត់ សុទ្ធតែបណ្ឌិត សុទ្ធតែ បរិញ្ញានៅស្រុកបារាំងឯណា។ ឥឡូវទីបំផុតទៅ គឺថា បរិញ្ញានៅសកលវិទ្យាល័យហ្សកបោន នៅ ស្រុកបារាំង វាអន់ជាងសាកលវិទ្យាល័យនាគវ័ន របស់សម្តេចតេជោ ហ៊ុន សែន ទៅទៀត

ដោយ ៖ កុលបុត្រ

RELATED ARTICLES