Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្ដមព្រឹក្សាព្រះមហាក្សត្រ សោយទិវង្គត

សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្ដមព្រឹក្សាព្រះមហាក្សត្រ សោយទិវង្គត

ភ្នំពេញ៖ សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សានៃអង្គព្រះមហាក្សត្រ និងជាអតីត អនុប្រធានទី១ព្រឹទ្ធសភា បានយាងសោយទិវង្គត កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅក្នុងព្រះរាជដំណាក់ព្រះអង្គ ក្នុងបុរីអ៊ែតវូត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។

សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ទ្រង់ប្រសូត្រ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៣៦ ព្រះអង្គជាព្រះរាជ​បុត្រា នៃអតីតព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរម ខត្តិយកោដ្ឋ និងឃុនព្រះម្នាង បុប្ជានរល័ក្ខ- យិន តាត ។ ព្រះអង្គ គឺជាព្រះរាជបុត្រចុងក្រោយ បំផុតនៃព្រះករុណាខត្តិយកោដ្ឋ ដែលមានព្រះជន្ម រហូតដល់ឆ្នាំ២០១៦ ។

ទ្រង់ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ជាអតីតព្រះរាជស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុទុម​បុប្ជា និងសម្តេចព្រះរាជបុត្រី ព្រះរៀម បុប្ជា ទេវី ។ ទ្រង់ធ្លាប់ជាតួសម្តែងនៅក្នុងរឿង អប្សរា កាលពីអំឡុងឆ្នាំ១៩៦៦ រឿងវាលពិឃាត នៅឆ្នាំ១៩៨៤ និងរឿង The Mission នៅឆ្នាំ១៩៨៦ ។

សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរក្ស បានយាងទៅដល់ឋានសុគតិ​ភព កុំបីឃ្លៀងឃ្លាតឡើយ ៕

RELATED ARTICLES