Tuesday, April 16, 2024
Homeព័ត៌មានជាតិប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅលើភ្លឺស្រែ ផ្អើលទាំងព្រឹក

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅលើភ្លឺស្រែ ផ្អើលទាំងព្រឹក

ខេត្ដពោធិ៍សាត់ៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅលើភ្លឺស្រែ នៅចំណុចទួលអង្គ្រង ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ។

លោកអនុសេនីយ៍ទោ ខែត្រ សេរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ថាបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅលើភ្លឺស្រែ ខណៈពេលពួកគាត់ដើរទៅមើលស្រែរបស់ខ្លួននៅចំណុចខាងលើ ។

លោក ខែត្រ សេរី បានបន្តទៀតថា ក្រោយពេលទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងជំនាញចុះទៅពិនិត្យ កន្លែងកើតហេតុ ឃើញថាជនរងគ្រោះឈ្មោះ ឡុង វីរៈ ហៅម៉ាប់ អាយុ៤៧ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ នៅពេលដែលគាត់ទៅច្រូតស្មៅនៅទីនោះ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សាមឿន

 

RELATED ARTICLES