Wednesday, April 24, 2024
Homeព្រឹត្តិការណ៍សង្គមល្ខោន​អត់​តួ​កាច មិន​ហៅ​ល្ខោន

ល្ខោន​អត់​តួ​កាច មិន​ហៅ​ល្ខោន

បន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង អួតទៅវិញទៅមកម្តងម្នាក់ ពីរឿងឈ្នះឆ្នោតឆ្នាំ២០១៧-២០១៨ ខាងមុខនេះ ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជន។ សូម្បីអ្នកស្រវឹងដែលធ្លាប់មឹះៗមិនសូវនិយាយពីរឿងនយោបាយ លុះ ABC ចូលពោះ៥កំប៉ុង ស្រាប់តែបែកប្រាជ្ញាថ្លាគំនិត ច្បាស់លាស់ជាងតាៗញៀនកាហ្វេខ្មៅទៅទៀត។ ថ្មីៗនេះ មាន អ្នកស្រវឹងខ្លះនិយាយឆ្ការដៃឆ្ការជើងថា “ទោះជាអត់តួកាច ក៏ល្ខោនហ្នឹងនៅតែអាចលេងបានដដែល” ខណៈដែលអ្នកស្រវឹង ម្ខាងទៀតតបថា “ល្ខោនអត់តួកាច មិនហៅល្ខោន” ដែល “នគរធំ” ក្តាប់បានក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ធម្មតាអ្នកស្រវឹងស្រា-ស ស្រាថ្នាំ ទឹកត្នោតជូរ ឬស្រាបៀរ ពុំមែនឡប់សតិ ឬវិកលចរិតនោះទេ គាត់នៅស្គាល់ខុសត្រូវ គ្រាន់តែក្លាសម្តី រំភើបចិត្តចង់តែសប្បាយ ឬផ្ទុះកំហឹងភ្លាមបើសិនជាមានអ្នកបន្តុះបង្អាប់គាត់ ប៉ុន្តែបើចេះបញ្ជោរលើកជើង អត់អីទេ។ ករណីអ្នកស៊ីផឹក១វង់ ដែលមាននិន្នាការនយោបាយខុសគ្នា ជល់កែវជាមួយគ្នានោះ ដោយខ្លាចបែកបាក់សាមគ្គី រវាងមិត្តភក្តិ ទើបពួកគេមិនហ៊ាននិយាយចំៗពីរឿងនយោបាយនោះទេ ប៉ុន្តែពាក្យថា “ល្ខោនអត់តួកាច មិនហៅល្ខោន” ឬ ថា “ទោះជាអត់តួកាច ក៏ល្ខោនហ្នឹងនៅតែអាចលេងបានដដែល” គឺសំដៅដល់ការប្រៀបធៀបគណបក្សនយោបាយ ទៅនឹង “ល្ខោនបាសាក់១វង់”។

“ល្ខោនបាសាក់” មានប្រវត្តិកកើតនៅទឹកដីកម្ពុជាក្រោម ពីដើមគេហៅ “ល្ខោនទ្រើងឃ្លោក” ដោយសារឆាកល្ខោនមាន លក្ខណៈដូចទ្រើងឃ្លោក។ សិល្បៈនេះបាននាំចូលមកកម្ពុជា ទទួលបានការគាំទ្រខ្ពស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលយើង ចាំបានថា កាលពីសម័យសង្គមរាស្ត្រនិយម មានវង់ល្ខោនល្បីៗ ដូចជា “វង់រស្មីចន្ទ្រា” រោងទួលទំពូង មានលោកសាំង សារុន អ្នកស្រីចេក ម៉ាច ជាតួឯកល្បីជាងគេបំផុត។ បន្ទាប់មកមាន “វង់បាក់ស្រេង” រាំនៅរោងផ្សារស៊ីឡឹប ក៏ល្បីល្បាញណាស់ ដែរ និងមានវង់បន្ទាប់បន្សំច្រើនទៀត សូម្បីនៅតាមស្រុកតំបន់នីមួយៗក៏មានល្ខោនបាសាក់កើតឡើងព្រោងព្រាត។

ជាទូទៅ ក្នុងល្ខោនបាសាក់១វង់ ត្រូវមានតួឯក តួរង តួកាច តួកំប្លែង ទាំងស្រីទាំងប្រុស មិនអាចខ្វះបានឡើយ។ ល្ខោន នៅស្រុកស្រែពីមុនត្រូវអុជភ្លើងចន្លុះ ចង្កៀងខ្លាញ់ត្រី ចង្កៀងប្រេងកាត ចង្កៀងម៉ាំងសុង រហូតដល់មានភ្លើងអគ្គិសនី សម្រាប់ បំភ្លឺឆាក។ វាលស្រែដែលទើបច្រូតកាត់រួចរាល់ បានក្លាយជារោងបុណ្យ រោងល្ខោន ទទួលមនុស្សរាប់ពាន់នាក់ចូលទស្សនា ល្ខោន១យប់ទល់ភ្លឺ ដើរចេញមិនរួចទេ បើល្ខោននោះមានទម្រង់លេងល្អ ជាពិសេស តួឯក និងតួកាចមានទេពកោសល្យ សិល្បៈខ្ពស់។ ក្រោយរបបប៉ុល ពត ដួលរលំ វង់ល្ខោនខ្លះចេញសម្តែងដូរអង្ករ ខំតស៊ូថែរក្សាសិល្បៈប្រភេទនេះ ឱ្យនៅគង់- វង្ស ប៉ុន្តែសព្វថ្ងៃ រលាយចង់អស់ហើយ ឃើញតែខេត្តតាកែវ និងកំពង់ចាម ដែលនៅរក្សាបានល្ខោនបាសាក់ខ្លះ។

បើយកទម្រង់ល្ខោនបាសាក់ មកប្រៀបធៀបនឹងនយោបាយ យើងឃើញថា គណបក្សទាំងធំទាំងតូច ដែលចូលប្រឡូក ក្នុងការបោះឆ្នោតនោះ ប្រៀបបាននឹងល្ខោន១វង់ ដោយមានតួនាយរោង តួនាង តួយក្ស តួចោរ តាឥសី អាគាំង ព្រះឥន្ទ្រ ទេវតា៘ គេច្រើនចាត់ទុកបក្សកាន់អំណាច ជាតួឯក បក្សប្រឆាំង ជាតួយក្ស ចំណែកបក្សក្រៅពីនេះ ជាអាគាំង ធ្វើឱ្យអ្នក តាមដានបានសើចសប្បាយ។ គុណសម្បត្តិរបស់តួឯក នៅត្រង់ “ស្លូតបូតសុភាពរាបសា សន្តោសប្រោសប្រណី មានគុណធម៌ ស្មោះត្រង់ គោរពសច្ចធម៌…”។ ចំណែកតួកាច មានតែគុណវិបត្តិនៅត្រង់ “កាច សាហាវឃោរឃៅ ខ្វះមេត្តាករុណា គ្មាន គុណធម៌ សច្ចធម៌…” ដែលគុណសម្បត្តិនិងគុណវិបត្តិ ត្រូវដើរទន្ទឹមគ្នារហូត ទើបល្ខោននយោបាយនោះមានតម្លៃស្របតាម ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ចំពោះការលើកឡើងរបស់អ្នកស្រវឹង ABC ដែលថា “ទោះជាអត់តួកាច ក៏ល្ខោនហ្នឹង នៅតែអាចលេងបានដដែល” គឺមានន័យថា “ទោះជាអត់បក្សប្រឆាំង ក៏បក្សកាន់អំណាចនៅតែអាចដឹកនាំប្រទេសបាន”។ ឯអ្នកស្រវឹងម្ខាងទៀត ដែលថា “ល្ខោនអត់តួកាច មិនហៅល្ខោន” គឺមានន័យថា បើអត់បក្សប្រឆាំង វាមិនចំទម្រង់ប្រជាធិបតេយ្យសេរី ពហុបក្សនេះឯង។

បើយកការឆ្លងឆ្លើយគ្នានេះ មកវិភាគឱ្យល្អិតល្អន់តាមទម្រង់ល្ខោនបាសាក់ គឺពិបាកក្នុងការសម្គាល់តួឯក ឬថា ពុំដឹង បក្សណាជាតួឯក? ដោយហេតុថា តួឯកមានឥរិយាបថសុភាពរាបសា សន្តោស ទន់ភ្លន់ ខណៈដែលតួកាច ឬតួយក្ស ច្រងេង- ច្រងាងចូលចិត្តប្រើអំពើហិង្សា។ កន្លងមក យើងសង្កេតឃើញថា ពីមុនមក លោកសម រង្ស៊ី និងលោកកឹម សុខា ចេញមុខ “ប្រឆាំងខ្លាំង” ឬជាតួកាច លោតរង្គើឆាកនយោបាយ ប៉ុន្តែ សព្វថ្ងៃ ពួកលោកនិងកូនចៅ ក្លាយជាតួស្លូត ស្រក់ទឹកភ្នែក រត់ ចោលស្រុក ស្រែកហៅព្រះឥន្ទ្រ ព្រះព្រហ្មឱ្យជួយទៅវិញ។ រីឯបក្សកាន់អំណាចដែលពីមុនជាតួសុភាពរាបសា ក៏ប្រែជាកាច ម្តងវិញ តាមរយៈការបង្ក្រាបបាតុកម្មរបស់បក្សប្រឆាំង និងមានការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់ តាមរយៈតុលាការ។ ភាពច្របូកច្របល់ក្នុងទម្រង់ល្ខោននយោបាយនេះ ធ្វើឱ្យអ្នកវិភាគពិបាកមែនទែន ដោយពុំដឹងជាត្រូវ ដាក់បក្ស ណាជាតួឯក បក្សណាជាតួកាច?

សព្វថ្ងៃ តួដែលធ្លាប់ច្រៀងបទ “លោមធូរ, លោមតឹង, លោមចំហៀង” ដែលជាចម្រៀងបាសាក់ តំណាងឱ្យភាពស្លូតបូត ឬកម្សត់ព្រាត់ប្រាសនោះ បែរជាច្រៀងបទ “វ៉ាង, វ៉ាងយុងហ្គោ, វ៉ាងកាជីវ” ដែលជាបទជាប់ទម្រង់ “ហ៊ីចិន” តំណាងឱ្យ ភាពរម៉ាំងរម៉ោក ខឹងសម្បាទៅវិញ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចគណបក្សសង្គ្រោះជាតិ មិនសូវច្រៀងបទ “លោម ចំហៀង” នោះទេ លេចចេញឯបទ “វ៉ាងកាជីវ” ឡើងរង្គើឆាក ដែលមានន័យស្មើនឹង “ដណ្តើមគ្នាធ្វើតួយក្ស”។ ចំណែក បក្សតូចៗ ដែលទើបបង្កើតថ្មី ដូចជាបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ក៏ចូលចិត្តច្រៀងតែ “បទវ៉ាងកាជីវ ឬវ៉ាងយុងហ្គោ” នេះដែរ ដោយរិះគន់ដៀមដាមបក្សធំៗទាំងពីរដែលមានអាសនៈក្នុង រដ្ឋសភា ពីរឿង “ស៊ីឈ្នួលចាញ់” និងកត្តាផ្សេងៗទៀតតាមហ្វេសប៊ុក។

ដូច្នេះយើងឃើញថា “ល្ខោននយោបាយស្រុកខ្មែរ លេងខុសទម្រង់ ព្រោះបាត់តួឯក លេចចេញជាតួកាចទាំងអស់គ្នា”។ បើអ៊ីចឹងនោះ សម្តីអ្នកស្រវឹងដែលថា “ល្ខោនអត់តួកាច មិនហៅល្ខោន” នឹងមានការខកចិត្តមិនខាន ព្រោះការលើកឡើង របស់គាត់ គឺមើលឃើញ “បក្សកាន់អំណាច ជាតួឯក ត្រូវតែរក្សាទុកបក្សប្រឆាំង ជាតួកាច” ចុះបើអ្នកនយោបាយនាំគ្នាធ្វើតួកាច អស់ទៅ តើបានតួឯកពីណាបំពេញទម្រង់ល្ខោន? យើងមិនបដិសេធទេថា តួឯក បន្ទាប់ពីរងទុក្ខវេទនាប្រាសព្រាត់គ្រួសាររួច មក ក៏លើកទ័ពមកច្បាំងជាមួយតួកាច យកជ័យជម្នះបាន ប៉ុន្តែ តាំងពីបោះឆ្នោតអាណត្តិទី១ នាឆ្នាំ១៩៩៣ មក មិនដែល ឃើញបក្សកាន់អំណាច ឬតួឯក រងទុក្ខវេទនាអ្វីឡើយ ផ្ទុយទៅវិញ បក្សប្រឆាំងដែលជាតួកាច ជាប់គុកច្រវាក់ រត់ចោលស្រុក បន់ស្រន់ពឹងផ្អែកព្រះឥន្ទ្រ ព្រះព្រហ្មរហូត។ ធម្មតាប្រជាពលរដ្ឋ ឬទស្សនិកជនតាមដានល្ខោននយោបាយ តែងតែចង់ឱ្យ “តួ ឯកឈ្នះ” និងចង់ឱ្យ “តួកាចចាញ់” ឬថា “ចង់ឱ្យតួព្រះជិនវង្ស ឈ្នះ ចង់ឱ្យតួយក្សមាលីវ័ន ចាញ់” ទាស់ត្រង់មិនយល់ថា បក្ស ណាជាតួព្រះជិនវង្ស បក្សណាជាតួយក្សមាលីវ័ន?

សរុបទៅ “ល្ខោនអត់តួកាច មិនហៅល្ខោន” ជាសម្តីអ្នកស្រវឹងដែលចង់ឱ្យមានតួឯកនិងតួកាច សម្តែងរួមគ្នា ប៉ុន្តែ អកុសលអ្វីល្ខោននយោបាយស្រុកខ្មែរ ខុសពីទម្រង់ល្ខោនបាសាក់ ដោយសារតែអ្នកនយោបាយណាក៏ដើរតួកាចដែរ។ ដូច លើកឡើងរួចមកហើយថា ប្រជាពលរដ្ឋស្អប់តួកាច ចង់ឱ្យតួឯកឈ្នះ ដូច្នេះបើអ្នកនយោបាយណា “ស្លូតបូត សន្តោសប្រោស ប្រណី មានគុណធម៌ សច្ចធម៌” នឹងក្លាយជាតួឯកឈ្នះការបោះឆ្នោតមិនខានឡើយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES