​ប្រពន្ធ​ទូរស័ព្ទ​ហៅ​ឲ្យ​ឌុប​ជូន​ដើរ​លេង​ឆ្លង​ឆ្នាំ បើក​មូ៉តូ​ទៅ​បុក​កន្ទុយ​កុង​តៃ​ន័រ ស្លាប់​ភ្លាម​ៗ​

 

ភ្នំពេញ ៖ បុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះមូ៉តូចេញពីកន្លែងផឹកសុី ប្រញាប់ទៅឌុបប្រពន្ធ ដើរលេងឆ្លងឆ្នាំនៅកោះពេជ្រ មិនទាន់ដល់ផ្ទះផង ជ្រុលចង្កូតទៅបុកកន្ទុយកុងតៃន័រ ដែលដាក់តម្រៀបគ្នានៅលើចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដែលទើបនឹងឆ្លងឆ្នាំថ្មីបាន៣០នាទីតែបុ៉ណ្ណោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខឃ្លាំងដែក ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ លឹម លាភ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ រត់ឌុប មានប្រពន្ធឈ្មោះ អឿន សុខខេង អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់  ស្នាក់នៅផ្ទះជួល ភូមិក្បាលដំេី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកអ្នករួមដំណើរជាមួយម្នាក់ទៀតមានឈ្មោះ ងន់ នីម ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលក្បែរខាងគ្នា និងមានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ។ ចំណែក កុងតៃន័រ មានតែកន្ទុយ ដែលគេដោះដាក់តម្រៀបគ្នា៣ជួរ នៅលើចិញ្ចើមផ្លូវ  រីឯក្បាលរថយន្តត្រូវបានដោះចេញ ដែលគេដឹងថា ជាក្រុមរថយន្តកុងតៃន័រ ដឹកដែក ចេញចូល ឃ្លាំងក្បែរនោះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះមូ៉តូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-7167 ជិះឌុបគ្នា ចេញពីផ្ទះជួល ទៅផឹកសុី នៅហាង តន្ត្រីបុប្ផាជាយក្រុង នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ គ្នា២នាក់ផឹកអស់២ថូ លុះដល់វេលាម៉ោងខាងលើ ប្រពន្ធបានទូរស័ព្ទហៅឲ្យឌុបជូនដើរលេង ឆ្លងឆ្នាំ នៅឯកោះពេជ្រ ពេលនោះហើយ ជនរងគ្រោះ ប្រញាប់ប្រញាល់ ជិះមូ៉តូ ត្រឡប់ទៅផ្ទះ តែជាអកុសល ជិះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខ ម្យ៉ាងចាំងភ្លើង រថយន្តបើកច្រាសទិសផងនោះ បានជ្រុលចង្កូតទៅបុក កន្ទុយកុងតៃន័រ ដែលគេដោះដាក់តម្រៀបគ្នាលើចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នករួមដំណើររងរបួសស្រាល ។

តាមមតិប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងឃ្លាំងដែកខាងលើ គេឃើញរថយន្ត ប្រភេទកុងតៃន័រ ចតទុកចោល រាល់ថ្ងៃ ទោះជាដឹកដែកក្តី មិនមានដឹកដែកក្តី ចតតម្រៀបជួរ ជួន២ជួរ ជួនកាល៣ជួរ នៅតម្រៀបលើចិញ្ចើមផ្លូវជាតិលេខ៣ នៅទាំងយប់ នៅទាំងថ្ងៃ ដែលជាបញ្ហាមួយបង្កឲ្យ កកស្ទះចរាចរណ៍ និងបង្កដល់គ្រោះថ្នាក់បែបនេះ ។ ពលរដ្ឋបន្តទៀតថា ច្រើនលើកច្រើនសារហើយ ដែលគ្រោះថ្នាក់ចរាចរណ៍ ដោយសារក្រុមរថយន្តកុងតៃន័រទាំងនេះ មកឈប់ចតទាំងយប់ថ្ងៃ ហើយក៏គ្មានអាជ្ញាធរ ឬសមត្ថកិច្ចខាងណា មានវិធានការ រៀបចំសណ្តាប់ធ្នាប់ដែរ ដែលយកផ្លូវជាតិ មកធ្វើជាចំណតរថយន្ត បម្រើប្រយោជន៍ផ្ទាល់ខ្លួន ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យស្លាកស្នាមរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែក មូ៉តូ និងកន្ទុយកុងតៃន័រ ត្រូវបាន នគរបាលជំនាញ ពិនិត្យរួច យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រងចាំកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕