Thursday, March 28, 2024
Homeព័ត៌មានជាតិខឹងហៅផឹកស្រាអត់ផឹកជាមួយ វាយមួយមួកការពារបែកក្បាល

ខឹងហៅផឹកស្រាអត់ផឹកជាមួយ វាយមួយមួកការពារបែកក្បាល

ភ្នំពេញ ៖ ទិញស្រាថ្នាំ១លីត្រ មកផឹកម្នាក់ឯង ​អផ្សុកពេកឃើញមានមនុស្សឈប់ម៉ូតូ និយាយទូរស័ព្ទនៅក្បែរ ហៅមកផឹកជាមួយ​មិនព្រមផឹក វាយមួយមួកការពារបែកក្បាល ត្រូវគេវាយវិញ​ប៉ោង​មុខ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី១៧ មករា ២០១៧ នៅមុខផ្សារ QMI ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ខា សុឃីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរម៉ៅការសំណង់ស្នាក់ នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាធាយ ឃុំ
បាធាយ ​ស្រុកបាធាយ ខេត្តកំពង់ចាម។ ​ជនបង្ក​ឈ្មោះ ឆិល សម្ភស្ស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុក​កំណើតនៅភូមិត្រពាំងឈើក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កកំពុងតែអង្គុយផឹកស្រាថ្នាំ នៅកន្លែងកើតហេតុខាងលើ ឡើងស្រវឹងជោកជាំហើយ ស្រាប់តែជនរងគ្រោះជិះម៉ូតូមួយគ្រឿង
ម៉ាក CBR ពណ៌ស មកដល់បាន ឈប់និយាយទូរស័ព្ទ ដែលបានណាត់ជាមួយមិត្តភក្កិនៅក្បែរចំណុចកើតហេតុដែរ ខណៈពេលឃើញឈប់និយាយទូរស័ព្ទបែបនេះ ជនបង្កដែលផឹកស្រវឹងហើយនោះ បានដើរទៅហៅជនរងគ្រោះឲ្យអង្គុយផឹកជាមួយគ្នា តែជនរងគ្រោះមិនបានទៅផឹកជាមួយទេ ព្រោះមិនដែលស្គាល់គ្នាផង ធ្វើឲ្យជនបង្កហៅផឹកមិនព្រមផឹកជា​មួយ បានទាស់សម្តីគ្នារហូតជនបង្កខឹង​​បានរត់ទៅយកមួកការពារ នៅលើម៉ូតូរបស់គាត់ មកវាយចំសៀតថ្កាជនបង្កបែកហូរឈាម ធ្វើឲ្យជនរងគ្រោះតដៃវិញ វាយជនបង្ក​ប៉ោងមុខដូចឃ្មុំទិច។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋឃើញហេតុការណ៍បានទូរស័ព្ទប្តឹងសមត្ថកិច្ច ឲ្យ​មកជួយអន្តរាគមន៍ ឃាត់ខ្លួនជនទាំង២នាក់ ទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ទើបដឹង​ថា ជនបង្ករងរបួសធ្ងន់ជាងជនរងគ្រោះ ហើយភាគីទាំងសងខាងវាយគ្នាទៅវិញទៅមក បើសិនជាដាក់ពាក្យបណ្តឹង ត្រូវឃាត់ខ្លួនទាំងសងខាង ទើបភាគីខាងបង្ក ដែលមានវ័យចាស់ជាង​ជនរងគ្រោះបានសុំទោសទៅជនរងគ្រោះ បញ្ចប់រឿង ៕

ជនរងគ្រោះដែលត្រូវមួយមួកការពារបែកក្បាល
RELATED ARTICLES