ទុកគ្រឿងអលង្ការតម្លៃជាង៧០០ដុល្លារ ក្នុងថង់ខ្មៅ ចោរលួចបាត់

ភ្នំពេញ៖ កាលពីម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កម្មការិនីស្រស់ស្អាតម្នាក់ បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យជួយស្វែងរក និងវែកមុខជនសង្ស័យ ដែលលួចយកគ្រឿងអលង្ការរបស់នាង សរុបជាទឹកប្រាក់ជាង៧០០ដុល្លារ គ្រាដែលនាងដោះដាក់លើតុ កាលពីយប់ ។
មន្រី្តនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សោ វណ្ណី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ។

នាងសោ វណ្ណី ពេលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ

នារីរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ គាត់បានដោះគ្រឿងអលង្ការ មានខ្សែក១ខ្សែ ក្រវិល១គូ និងខ្សែដៃ១គូចេញពីខ្លួន ដាក់ចូលក្នុងថង់ខ្មៅមួយ ដើម្បីងាយស្រួលលាបឡេខ្លួនប្រាណ រួចក៏ដេកលង់លក់ទៅ។ លុះព្រឹកឡើង នាងបានឆែកក្នុងថង់ខ្មៅនោះមើល ស្រាប់តែមិនឃើញគ្រឿងអលង្ការដែលខ្លួនបានទុកកាលពីយប់ ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងបន្ទប់មកចោមរោមមើលត្រៀបត្រា។
នាងបន្តថា បន្ទាប់ពីដឹងថា គ្រឿងអលង្ការបាត់ ខ្លួន (នារីជនរងគ្រោះ) បានសង្ស័យទៅលើនារីម្នាក់ ត្រូវជាក្មួយរបស់អ្នកមើលការខុសត្រូវផ្ទះជួលកន្លែងកើតហេតុខាងលើតែម្តង ដែលជាអ្នកលួច។ បន្ទាប់មក គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឱ្យនគរបាលជួយស្វែងរក និងវែកមុខជនល្មើស ដើម្បីចាត់ការទៅតាមច្បាប់ តែមិនដឹងថា សមត្ថកិច្ចរកឃើញគ្រឿងអលង្ការ ដែលចោរលួចទៅនោះឃើញមកវិញដែរឬយ៉ាងណានោះទេ គ្រាដែលគាត់ដាក់ការសង្ស័យទៅលើនារីម្នាក់នោះ ៕