Friday, April 26, 2024
Homeព័ត៌មានជាតិករណីធ្លាក់មេជាងពីលើអគារស្លាប់ ជនសង្ស័យបានសារភាពហើយ!!!

ករណីធ្លាក់មេជាងពីលើអគារស្លាប់ ជនសង្ស័យបានសារភាពហើយ!!!

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ហៅ​ទៅ​​សាកសួរ​ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​ធ្លាក់​ពីលើ​អគារ​ខុន​ដូ ESTONE INTERNATIONAL APARTMENT ហើយ​ទីបំផុត ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ បុរស​រូប​នោះ​បាន​សារភាព​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ហើយ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ មានការ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ ESTONE INTERNATIONAL APATMENT ដែល​មាន​ទីតាំង​លេខ​២៣ ផ្លូវ​លេខ​៥១(​ប៉ាស្ទ័រ​) កែង​ផ្លូវ​លេខ​២១៤ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដោយ​បុរស​ម្នាក់​ត្រូវ​គេ​អះអាង​ថា បាន​ធ្លាក់​ពីលើ​អគារ​ដែល​មានកំ​ពស់​ជាង​២០​ជាន់ ដោយ​អ្នកខ្លះ​ថា ធ្លាក់​ពី​ជាន់​ទី​២ ឯ​ខ្លះ​ទៀត​ថា ថា​ធ្លាក់​ពី​ជាន់​ទី​៥ ហើយ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា​ ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ យក​ទៅ​ធ្វើការ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​អកុសល ​ដោយសារ​តែ​រង​បួស​ធ្ងន់​ពេក​ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព បានឃើញ​ថា មាន​ស្នាម​ជាំ​លើ​ដើមទ្រូង និង​មាន​ស្នាម​ខ្មៅ​នៅ​ត្រង់​ក ​ដូច​ជា​ស្នាម​ត្រូវ​គេ​រឹត​ក ។ ដោយ​ឃើញ​បែប​នោះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ម្នាក់ ​យក​មក​ធ្វើការ​សាកសួរ​ផង​ដែរ ហើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ ទើប​បុរស​រូប​នោះ​បាន​សារភាព​ថា «​រូបគេ និង​បក្សពួក​ម្នាក់​ទៀត ​ពិតជា​បាន​ធ្វើ​សកម្មភាព​រឹត​ក​សម្លាប់​បុរស​រង​គ្រោះ ដើម្បី​ប្លន់​ពិត​ប្រា​ដក​មែន តែ​លុយ និង​ទ្រព្យសម្បត្តិ​ទាំងនោះ​ ត្រូវ​បាន​បក្សពួក​ម្នាក់​ទៀត ​យក​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​» ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មិន​ទាន់​​អាច​​ទម្លាយ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់​តែ​បង្ហើប​ឲ្យ​ដឹង​ថា​ជា​កូន​ជាង​របស់​បុរស​រង​គ្រោះ​ ព្រោះ​​​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ​ដើម្បី​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ធន់ ចាន់​ធឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​មេការ​សំណង់​ផ្នែក​ការ៉ូ មានស្រុក​កំណើត​នៅ​ភូមិ​អូរ ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពេល​កើតហេតុ សព​បុរស​មេការ​ត្រូវ​បាន​ក្រុម​គ្រួសារ​ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ចំណែក​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

RELATED ARTICLES