Thursday, April 25, 2024
Homeព័ត៌មានជាតិមេកន្ទុយលេខដុះស្លែក្បែរផ្សារកំពង់ស្ពឺ នគរបាលក្រុងច្បារមនក្របួចជាប់ម្នាក់

មេកន្ទុយលេខដុះស្លែក្បែរផ្សារកំពង់ស្ពឺ នគរបាលក្រុងច្បារមនក្របួចជាប់ម្នាក់

កំពង់ស្ពឺះ មេកន្ទុយលេខដុះស្លែម្នាក់ត្រូវបាននគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនរួមជាមួយក្រដាសសម្រាប់កត់លេខ និងវត្ថុតាងមួយចំនួនទៀត ដែលគេសង្ស័យមេកន្ទុយលេខរូបនោះមិនបង់លុយប្រចាំខែឲ្យ ទើបឃាត់ខ្លួនបែបនេះ។

ហេតុការណ៍ឃាត់ខ្លួនមេកន្ទុយលេខខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅម្តុំផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បាននិយាយឲ្យដឹងថា មេកន្ទុយលេខដែលនគរបាលឃាត់ខ្លួនបាននោះ មានឈ្មោះស៊ីម ស៊ីណា ភេទស្រី អាយុ៤១ឆ្នាំមុខរបរមេកន្ទុយលេខ រស់នៅក្នុងនៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលបាននិយាយបន្តថា នៅមុនពេលឃាត់ខ្លួនមេកន្ទុយលេខខាងលើនេះ គឺកំលាំងនគរបាលក្រុងច្បារមនធ្វើការស្រាវជ្រាវអស់ពេលជាយូរណាស់មកហើយ ទើបនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ម៉ោង១០និង៣០នាទីកំលាំងនគរបាលក្រុង ឈានទៅដល់ការឃាត់ខ្លួនមេកន្ទុយលេខរូបនេះ រួមជាមួយវត្ថុតាងមានសៀវភៅកត់លេខចំនួន២ក្បាល វិញ្ញាបណ្ណបត្រ១ និងប្រាក់២០០០០រៀលទៀតផង។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា បានជានគរបាលក្រុងច្បារមន ឃាត់មេកន្ទុយលេខរូបនេះ សង្ស័យមិនបង់លុយប្រចាំខែឲ្យហើយមើលទៅ បានជាឃាត់បែបនេះនោះ។ ហើយចំពោះមេកន្ទុយលេខនៅក្នុងក្រុងច្បារមន វិញ សម្បូរខ្លាំងណាស់ បើសិនជាលោកអ៊ូច ហៀងអធិការនគរបាលក្រុងមានចេនាចង់បង្ក្រាបវិញនោះ មិនខ្វះទេ។ គឺទី១ នៅកែងប្រឡាយច្បារមន ទី២ នៅខាងកើតផ្សារកំពង់ស្ពឺ ទី៣ នៅខាងលិចផ្សារកែង ក្រោយកន្លែងលក់នំប៉័ង ទី៤ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ទី៥ តាមផ្លូវរថភ្លើង ។ល។ នៅមានច្រើនកន្លែងទៀត។
ក្រោយឃាត់ខ្លួនបានមេកន្ទុយលេខខាងលើនេះរួចមក រួមជាមួយវត្ថុតាងត្រូវបានអធិការនគរបាលក្រុងច្បារមន កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕  អ៊ុំ ណូន

RELATED ARTICLES