ប្រជាពលរដ្ឋដាក់មងចាប់ត្រីធ្វើប្រហុក បាន១ថ្ងៃ ជាង២០០តោន

ខេត្តកំពង់ឆ្នាំង៖ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នេះថា៖ ត្រីប្រហុកចាប់ផ្តើមត្រូវក្នុងខ្នើត ខែបុស្សនេះហើយ គឺពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ និងបន្តត្រូវ ពី៣ថ្ងៃ ទៅ៤ថ្ងៃទៀត ប្រសិនបើមេឃស្រឡះល្អគ្មានភ្លៀង។


លោកបានបញ្ជាក់ថាៈ តាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ (ពីថ្ងៃទី០៣ ដល់០៥ ខែមករា) នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋចេញដាក់មងចាប់ត្រីប្រមាណជាង២.០០០ទូក ដែលក្នុងទូកមួយ ក្នុង១ថ្ងៃៗចាប់ត្រីប្រភេទលេខ៣ សម្រាប់ធ្វើប្រហុកបានពី១០០គីឡូ ទៅ១៣០គីឡូ គិតសរុបជាមធ្យម ក្នុង១ថ្ងៃៗ ចាប់ត្រីបានប្រមាណ២៦០តោន។
ដោយឡែកកន្លែងប្រមូលផ្តុំធ្វើប្រហុកនៅក្នុងខេត្តកំពង់ឆ្នាំងមាន៤កន្លែង គឺ៖ ១. ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ២.ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ៣.ភូមិកំពង់ប្រាសាទ ឃុំសែប និង៤. ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច។


ចំណែកតម្លៃត្រីប្រហុកវិញ ត្រីស្រស់១គីឡូ ថ្លៃ១០០០រៀល ទៅ១២០០រៀល , ត្រីកាត់ក្បាលធ្វើស្រកានិងជាន់ធ្វើជាប្រហុករួច ក្នុង១គីឡូ ថ្លៃ៣.០០០រៀល ក្បាលត្រីប្រហុកសម្រាប់ឲ្យចំណីត្រី ១គីឡូ ថ្លៃ៣០០រៀល។ ដោយឡែកត្រីឆ្អើរចន្ទល់ភ្លុកតូចៗ លក់បោះដុំក្នុង១០ចង្កាក់ ថ្លៃ៥.០០០រៀល លក់រាយក្នុង១ចង្កាក់ ថ្លៃ៧០០រៀល។


លោកសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីជនបទ ចុះមកធ្វើត្រីប្រហុកនៅក្នុងទីតាំងទាំង៤ខាងលើ ទៅតាមតម្រូវការ
ព្រោះរដូវធ្វើត្រីប្រហុក ក្នុងខ្នើតខែបុស្សនេះបានមកដល់ហើយ ដោយឡែកត្រីប្រហុកអាចត្រូវម្តងទៀត នៅក្នុងខ្នើតខែក្រោយ តែមិនសម្បូរដូចខ្នើតខែបុស្សនេះទេ។


លោកក៏បានអំពាវនាវផងដែរដល់អាជ្ញាធរ នគរបាល និងប្រជាការពារ នៅក្នុងមូលដ្ឋានទាំង៤ខាងលើ សូមជួយសម្រួលកិច្ចការពារសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកស្នាក់នៅធ្វើត្រីប្រហុក អោយមានសន្តិសុខល្អផង ដើម្បីអោយពួកគាត់ស្នាក់នៅធ្វើត្រីប្រហុកបានច្រើនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕