Friday, April 26, 2024
Homeព័ត៌មានជាតិចេញ​ពីហូប​ការ ក្មេង​ទំនើង​ស្ទាក់​ផ្លូវវ៉ៃ របួស​ធ្ងន់​២នាក់

ចេញ​ពីហូប​ការ ក្មេង​ទំនើង​ស្ទាក់​ផ្លូវវ៉ៃ របួស​ធ្ងន់​២នាក់

ភ្នំពេញ ៖ បុរស២នាក់ ទើបនឹងចេញពី ហូបការគេវិញ ស្រវឹងស្រឿងៗជិះម៉ូតូដឹកគ្នា ត្រឡប់មកផ្ទះ លុះមកតាមផ្លូវ ជួបនឹងក្មេងទំនើង មួយក្រុម ក៏សម្លឹងមើលមុខ ធ្វើឱ្យក្មេងទំនើង ខឹងសម្បា ស្ទាក់ផ្លូវវ៉ៃ បណ្តាលឱ្យរងរបួសធ្ងន់ ទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ លេខ២១៥ ម្តុំផ្សារញ៉ែ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្រុម ក្មេងស្ទាវព្រួតវាយរបួសធ្ងន់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជនរងគ្រោះ ទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក DUKE ពណ៌ទឹកក្រូច។ ចំណែកក្រុមក្មេងទំនើង មាន គ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណដូចគ្នា ជិះម៉ូតូ មួយគ្រឿង ម៉ាកនិក ពណ៌ស មិនចាំស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូដឹកគ្នាតាម បណ្តោយផ្លូវលេខ២១៥ ដោយមានមិត្តភក្តិចំនួន ៥នាក់ទៀតជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹង ជាមានបញ្ហាអ្វី ក៏ស្រាប់តែឃើញក្មេងទំនើង ចំនួន៣នាក់ បើកម៉ូតូមួយគ្រឿង បានដេញ តាមមកស្ទាក់ផ្លូវ ហូតខ្សែក្រវាត់ និងដុំថ្ម វាយ និងគប់ទៅលើជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ រងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ទាំង២នាក់ ចំណែកក្រុមក្មេងស្ទាវបាននាំគ្នាជិះ ម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីបុរសជាមិត្តភក្តិជនរងគ្រោះម្នាក់ ដែលជិះម៉ូតូតាមពីក្រោយជនរងគ្រោះ បាន រៀបរាប់ប្រាប់ ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៧នាក់ ជិះម៉ូតូ៣គ្រឿង ទើបនឹងចេញមកពីហូបការ គេ ដោយក្នុងនោះជនរងគ្រោះទាំង២នាក់ ជិះ ម៉ូតូពីមុខ ចំណែកពួកគាត់៥នាក់ទៀត ជិះពី ក្រោយ លុះមកដល់ចំណុចស្តុបផ្សារដេប៉ូ ក៏ លេចមុខក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ជិះម៉ូតូស្របទិសគ្នា ហើយពេលនោះ ជនរងគ្រោះ ទាំង២នាក់ ក៏សម្លឹងមើលមុខ ទើបធ្វើឱ្យក្រុម ក្មេងទំនើងខឹង ក៏រើសដុំថ្ម និងហូតខ្សែក្រវាត់ ដេញវាយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ តែម្តង។ ចំណែកពួកគាត់ជាមិត្តភក្តិ ប្រទះឃើញ ដែរ តែមកជួយមិនទាន់ទេ ព្រោះក្រុមជនដៃដល់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅហើយ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកហុង ហាក់ ដឹកយកទៅព្យាបាល ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរពេក ទើបដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីព្យាបាលបន្ត។ ចំណែកម៉ូតូ របស់ជនរងគ្រោះត្រូវបានមិត្តភក្តិជិះយកទៅ ទុកនៅមន្ទីរពេទ្យ ដើម្បីប្រគល់ឱ្យសាច់ញាតិ ជនរងគ្រោះវិញដែរ។

យ៉ាងណាករណីខាងលើនេះ ជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍នោះទេ ហើយក៏មិនដឹងថា ជាករណី វាយប្លន់យកម៉ូតូមិនសម្រេច ឬក៏ជារឿងគំនុំ នោះទេ”

ឥន សាន់ស៊ីដេត

 

RELATED ARTICLES