យុវ​ជន​បែក​ថ្នាំ ឡើង​ទៅ​សម្ងំ​ដេក​លើ ដំបូល​ផ្ទះ


ភ្នំពេញ ៖ យុវជនម្នាក់ ក្រោយពីប្រើប្រាស់ ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ធ្វើសកម្មភាព ឡើងទៅលើដំបូលផ្ទះ បណ្តាលឱ្យរអិលធ្លាក់ ចុះបាក់ជើងម្ខាង បន្ទាប់មក ក៏ព្យាយាមឡើង ទៅលើដំបូលផ្ទះម្តងទៀត រួចទៅសម្ងំដេកនៅ ក្នុងទទឹក តាំងពីវេលាទៀបភ្លឺ រហូតដល់ម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ទើបក្រុមគ្រួសារដឹង និងភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍នៅចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

យុវជនបែកថ្នាំដែលឡើងទៅសម្ងំដេក លើដំបូលផ្ទះនោះ មានឈ្មោះសែន សេរីបុត្រ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ជាកូន ទី៣ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស៣ ស្រី ១) មានឪពុក ឈ្មោះប៉ែន ឡាដែន អាយុ៥៥ ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះសយ សុភាព អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយយុវជនបែកថ្នាំខាង លើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ ម្នាក់នេះ ជាមនុស្សមិនសូវស្តាប់ដំបូន្មានឪពុក ម្តាយឡើយ តែងផឹកស្រាស្រវឹងរាល់ថ្ងៃ និង ប្រើប្រាស់ថ្នាំញៀនទៀតផង។ នៅរាល់ពេល ដែលកូនប្រុសនេះ ស្រវឹងស្រា ឬបែកថ្នាំម្តងៗ តែងបង្កការអុកឡុកពេញផ្ទះ ឱ្យតែអ្នកណា និយាយប៉ះពាល់បន្តិចក៏មិនបាន។

ស្ត្រីជាម្តាយយុវជនខាងលើ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៧ កូនប្រុសរូបនេះ បាន ផឹកស្រាស្រវឹងជោក ហើយទំនងជាជក់ថ្នាំញៀន ផង បន្ទាប់មកក្រុមគ្រួសារគាត់បាននាំគ្នាចូល សម្រាកអស់រៀងៗខ្លួន ដោយមិនចាប់អារម្មណ៍ នឹងកូនប្រុស ដែលដេកនៅលើផ្ទះតែម្នាក់ឯង នោះឡើយ។ រហូតដល់វេលាម៉ោង៨និង១៥ នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ដោយ សារតែមិនឃើញកូនប្រុសចុះពីលើផ្ទះដូចសព្វ មួយដង ទើបក្រុមគ្រួសារបានឡើងទៅមើល ស្រាប់តែប្រទះឃើញស៊ីប្រូប្រក់ដំបូលផ្ទះ បាន របើក តែបាត់មិនឃើញកូនប្រុសនោះទេ។ ដំបូង ឡើយពួកគាត់នឹកស្មានថា មានចោរហែកដំបូល ផ្ទះចូលលួចទ្រព្យសម្បត្តិ ក៏នាំឆោឡោដើរមើល ទ្រព្យសម្បត្តិក្នុងផ្ទះឃើញថា មិនមានបាត់បង់ អ្វីសោះ លុះមិនអស់ចិត្តក៏នាំគ្នាឡើងទៅអើត មើលលើដំបូលផ្ទះទៀត ស្រាប់តែប្រទះឃើញ កូនប្រុសកំពុងសំងំដេកនៅលើទទឹកយ៉ាងរំភើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានព្យា- យាមហៅជនរងគ្រោះឱ្យចុះមកដែរ តែជន- រងគ្រោះមិនព្រមចុះ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ឡើងទៅពិនិត្យមើល ទើបដឹងថា យុវជនខាងលើ បានបាក់ជើងខាង ស្តាំម្ខាង ចុះមិនរួច ក៏នាំគ្នាជួយជ្រោងដាក់ជន រងគ្រោះ ចុះមកក្រោមវិញដោយសុវត្ថិភាព។

តាមសម្តីយុវជនខាងលើ បានឱ្យដឹងទាំង ភាំងៗស្មារតីថា រូបគេបានហែកដំបូលឡើង ទៅលើម្តងហើយរួចបានធ្លាក់ចុះមកវិញចំជ្រុងតុ តែមិនដឹងថាបាក់ជើងទេ ក៏ឡើងទៅម្តងទៀត រួចសំងំដេកលើដំបូលផ្ទះតែម្តង។

ជំហានដំបូងក្រុមគ្រួសារបានស្នើឱ្យសមត្ថ- កិច្ចជួយនាំកូនប្រុសនេះ ទៅដាក់មណ្ឌលអប់រំ កែប្រែផ្តាច់ថ្នាំញៀន ប៉ុន្តែដោយសារសភាព ជាក់ស្តែងកូនប្រុសបាក់ជើងម្ខាង ទើបស្នើសមត្ថ កិច្ចនាំកូនប្រុសទៅរកគ្រូបុរាណខ្មែរព្យាបាល ឱ្យជាសះស្បើយសិន ចាំគិតបន្តទៀត៕