Saturday, April 27, 2024
Homeព័ត៌មានជាតិប្រធានាធិបតីសិង្ហបុរី មកបំពេញទស្សនកិច្ចនៅកម្ពុជា ៤ថ្ងៃ

ប្រធានាធិបតីសិង្ហបុរី មកបំពេញទស្សនកិច្ចនៅកម្ពុជា ៤ថ្ងៃ

ភ្នំពេញៈ ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam ) និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញ មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព តាមយន្តហោះពិសេស Silk Air កាលពីវេលាម៉ោង15:០៥នាទី រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ច៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ទៅទទួលបដិសណ្ឋារកិច្ចលោកប្រធានាធិបតីសិង្ហបុរី ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលនោះ រួមមានវត្តមានសម្ដេចគង់ សំអុល​រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ។ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសកម្ពុជា លោកបណ្ឌិត តូនី តាន់ កេងយ៉ា និងគណៈប្រតិភូ បានស្នាក់ការនៅសណ្ឋាគារសូហ្វីតែលភូគិត្រា ហើយនៅវេលាម៉ោង១៧:០០នាទី រសៀលថ្ងៃដដែលនោះ លោកប្រធានាធិបតី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ​ ក្រោមការ ទទួលបដិសណ្ឋារកិច្ច ដោយលោកឧបនាយករដ្ឋម​ន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។


ក្នុងអំឡុងទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០:៣០នាទី លោកប្រធានាធិបតីសិង្ហបុរី ត្រូវអញ្ជើញ ចូលគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង ។ បន្ទាប់ពីនោះមក លោកប្រធានាធិបតី និងគណៈប្រតិភូ នឹងត្រូវអញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដែលទទួលស្វាគមន៏ដោយឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា។


នៅម៉ោង៤រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោក Tony Tan Keng Yam នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅវិមានសន្តិភាព។ ពេលនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើ អនុស្សារណៈ (MOU) មួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយនឹងវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរី ផងដែរ។


នៅវេលាម៉ោង១៩:០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងពិធីលៀង សាយភោជន៍ ក្រោមព្រះរាជាធិបតីភាព របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១:០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ពិនិត្យគម្រោងមួយចំនួនរបស់សិង្ហបុរី មុននឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅ កាន់ខេត្តសៀមរាប ដើម្បីទស្សនាកម្សាន្តនៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេស ប្រាសាទអង្គរវត្ត។


ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប នោះ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងត្រូវបានការទទួលបដិសណ្ឋារកិច្ចពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដែលនឹងរៀបចំអាហារពេលល្ងាច នៅទីនោះ។
ដោយឡែក នៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០:៥០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។ នៅរសៀលម៉ោង១៦:២៥នាទី ថ្ងៃដដែលនោះ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសលាវ ៕

RELATED ARTICLES