Friday, March 29, 2024
Homeព័ត៌មានជាតិសុំកូន​គេពរ បន្លំ​ដោះ​ដូរ​កង​ដៃ​ក្មេង ម្តាយ​នាង​ឃើញ​​ប្តឹង​សមត្ថ​កិច្ច​ចាប់​ខ្លួន​

សុំកូន​គេពរ បន្លំ​ដោះ​ដូរ​កង​ដៃ​ក្មេង ម្តាយ​នាង​ឃើញ​​ប្តឹង​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ ៖ ស្រ្តីសង្ស័យម្នាក់ប្រើល្បិចស្ទីលស្ទាយចាស់ ឆបោក ដើម្បីដោះដូរយករបស់ទ្រព្យគ្រឿងអល័ង្កកាក្មេង បានសម្រេចហើយ តែត្រូវបានម្តាយក្មេងស្រីរងគ្រោះក្រឡេកឃើញ​ទាន់ ប្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅកន្លែងពិធីបុណ្យ៧ថ្ងៃនិង១០០ថ្ងៃសពមួយក្នុងបរិវេណវត្តពោធិចិនតុង សង្កាត់
កាកាប ខណ្ឌពោធិសែនជ័យ ។

ស្រ្តីជាជនសង្ស័យ មានឈ្មោះ ផន ចាន់រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុទើបតែ៥ខែ មានម្ដាយឈ្មោះ ស្រី លាភអាយុ២៦ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ដោយឡែកកងដៃក្មេងដែលស្រ្តីប៉ុនប៉ងបន្លំដោះដូរ ដាក់មកវិញ កងដៃក្រឡៃនោះ មានទម្ងន់២ជីមាស ។

តាមសម្តីស្រ្តីជាម្តាយក្មេងរងគ្រោះ បានឥ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមករា នេះគាត់ និងក្រុមគ្រួសារ មករៀបចំពិធី បុណ្យគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ជូនបងប្រុស ដែលបានធ្វើមរណកាលទៅ ហើយពិធីបុណ្យខាងលើ ក្រុមគ្រួសារបានឯកភាពគ្នាមកធ្វើនៅវត្តពោធិចុនតុង នៅវេលាមុនកើតហេតុ កូនស្រីរបស់គាត់ ដែលមានពាក់កងដៃមាសចំនួន២កង ស្មើ២ជីមាស បានឲ្យប្អូនស្រីបង្កើត ពរ ដើរលេងក្រៅរោងបុណ្យ តែនៅក្នុងបរិវេណវត្ត មួយសន្ធុះក្រោយមក ក៏មានស្រ្តី ជាជនសង្ស័យ មានពរកូនស្រីមកដែរ នឹកស្មានតែភ្ញៀវ អញ្ជើញមកចូលរួមបុណ្យខាងលើនេះដែរ ដាក់ទម្លាក់កូនចុះ ហើយមកសុំបីកូនស្រី (ក្មេងរងគ្រោះ) ដើរចេញឆ្ងាយបន្តិច ទើបពរយកមកប្រគល់ឲ្យប្អូនស្រីវិញ ពេលនោះហើយ ដែលឃើញកងដៃក្មេងស្រី មិនពិតប្រាកដជារបស់ក្រឡៃ សួរនាំប្អូនស្រីដឹងរឿង ហៅស្រ្តីសង្ស័យមកសាកសួរ ឆ្លើយថាមិនដឹង ទើបឆោឡោ រហូតឃាត់ខ្លួនប្តឹងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ សួរនាំស្រ្តីជាជនសង្ស័យ នាំទៅពិនិត្យមើល ដល់កន្លែង ពរក្មេងរងគ្រោះ ទើបឃើញកងដៃដែក ដោះដូរបានសម្រេចហើយ យកទៅបោះលាក់ទុកនៅស្មៅ ទើបសមត្ថកិច្ច នាំខ្លួនស្រ្តីសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ។

ចំណែកម្តាយក្មេងរងគ្រោះវិញ ខណៈដែលខ្លួន និងក្រុមគ្រួសារ កំពុងរៀបចំ ប្រារព្វពិធីបុណ្យ ឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់ បងប្រុសដែលបានចែកឋានទៅហើយនោះ ហើយក៏មិនចង់ឲ្យល្អក់កករ កម្ពប់បុណ្យ ដែលខ្លួនខំធ្វើ ខំសាងនិះដែរ ថ្វីកាលបើ ពិធីបុណ្យកំពុងចាប់ផ្តើមក៏ពិតមែន មានមារជ្រែកបែបនេះ បន្ទាប់ពីកើតមានរឿងរ៉ាវបន្តិចបន្តួច ចំពោះគ្រួសារខ្លួន សុំយកតែកងដៃកូន១គូរមកវិញ ហើយស្នើរសុំឲ្យសមត្ថកិច្ចធ្វើការអប់រំស្រ្តីសង្ស័យខាងលើ ជាមុនសិន រួចអនុញាតិឲ្យវិលត្រឡប់ទៅវិញ ជៀសវាងកម្ពប់បុណ្យ ។

បើតាមមតិប្រជាពលរដ្ឋវិញ បានលើកឡើងថា ក្រុមជនសង្ស័យ ទម្ឡាក់យោងក្តី ជនសង្ស័យ លូកហោប៉ាវក្តី បន្លំដោះដូរ បោកបញ្ឆោត យកគ្រឿងអល័ង្កកា បែបនេះក្តី ឃើញថា កន្លងមក កើតមានញឹកញាប់ ហើយក៏មិនមែនល្បិចថ្មីដែរ ជាល្បិចចាស់ដដែលៗ តឺនៅមានប្រសិទ្ធភាព ហើយសមត្ថកិច្ចវិញ ក៏លោកបង្ក្រាបចាប់បានជាងូរហែរ តែចម្លែកត្រង់ថា ក្រោយពីចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំងនេះបានហើយ យ៉ាងយូរ៣ទៅ៤ថ្ងៃ នឹងច្បាស់ជាលេចមុខមកដើរធ្វើសកម្មភាពវិញដដែលៗ មិនដឹងជាមូលហេតុអ្វី ឬមួយខ្សែពួររបស់ជនសង្ស័យ ឬមួយខ្នងបង្អែក របស់ក្រុមជនសង្ស័យ ប្រព្រឹត្តបទល្មើសមួយនេះ ធំហើយមើលទៅ រហូតដល់ឈ្មោះជនសង្ស័យ ត្រូវបានអ្នកសរសេរព័ត៌មាន សរសេរចាំដៃអស់ទៅ
ហើយ ៕

សូយ សុភា

 

RELATED ARTICLES