Friday, March 29, 2024
Homeព័ត៌មានជាតិករណី​ស្រី​ក្មេង​ខ្សែ​ភ្លើង​ឆក់​ស្លាប់ សមត្ថ​កិច្ច​ឃាត់​ខ្លួន​ថៅ​កែ​ស្រីហាង​ម៉ាស្សា

ករណី​ស្រី​ក្មេង​ខ្សែ​ភ្លើង​ឆក់​ស្លាប់ សមត្ថ​កិច្ច​ឃាត់​ខ្លួន​ថៅ​កែ​ស្រីហាង​ម៉ាស្សា

ខេត្តសៀមរាប ៖ ចាត់ទុកជារឿងគួរឱ្យសង្វេគមួយ ខណៈដែលនារីវ័យក្មេងម្នាក់ កំពុង រាំលេងកម្សាន្តសប្បាយនៅក្នុងតំបន់ផាប់ស្ទ្រីត កណ្តាលក្រុងសៀមរាប ស្រាប់តែជួបគ្រោះ អកុសល ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃបង្ហើយនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅចំណុចហាង បារាយម៉ាស្សា ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។

នារីរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងរាំលេង កម្សាន្តសប្បាយ មានឈ្មោះលី មន្នីរដ្ឋានី អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិពាណិជ្ជកម្ម ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់ ទីតាំងហាងម៉ាស្សា (ទីតាំងបង្កហេតុ) ដែល ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស សុភ័ក្ត ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅភូមិ វិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅតំបន់ផាប់ស្ទ្រីត ដែលជាទីតាំងកម្សាន្តសប្បាយរបស់ក្រុមភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានមនុស្សដើរលេង និងរាំកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ក្នុង នោះ នារីរងគ្រោះខាងលើ និងក្រុមគ្រួសារ ក៏ បានចូលទៅដើរលេងកម្សាន្តនៅតំបន់ផាប់ស្ទ្រីត នោះដែរ។ បន្ទាប់មក មិនដឹងជាយ៉ាងម៉េច នារីរងគ្រោះ ខណៈដែលកំពុងរាំលេងយ៉ាងសប្បាយ ស្រាប់តែកាន់ប៉ះបង្គោលដែក នៅចំណុចមុខ ហាងបារាយម៉ាស្សា រួចក៏ឆ្លងចរន្តអគ្គិសនី ឆក់ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែលបន្តថា នៅពេលដឹងថា នារីរងគ្រោះត្រូវខ្សែភ្លើងឆក់ភ្លាម ក្រុមគ្រួសារ និង សមត្ថកិច្ច បានប្រញាប់ដឹកបញ្ជូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី ជួយសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល នារីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មក ដោយសារតែក្រុមគ្រួសារនារីរងគ្រោះ នៅមិនទាន់អស់ចិត្ត ក៏ដឹកបញ្ជូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរបន្ត ទៀត តែពេលដឹកទៅដល់ ក្រុមគ្រូពេទ្យពិនិត្យ រួច ក៏បញ្ជាក់ថា នារីរងគ្រោះបានស្លាប់បាត់ទៅ ហើយធ្វើឱ្យក្រុមគ្រួសារ ស្រែកទ្រហោយំយ៉ាង ខ្លាំង ព្រោះតែសោកស្តាយ អាយុជីវិតនារីរងគ្រោះ ដែលមិនគួរណាកំពុងសប្បាយ ក្លាយ ជាទុក្ខសោកយ៉ាងធំធេងបែបនេះទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបាន រកឃើញថា មូលហេតុដែលនារីរងគ្រោះខាងលើត្រូវខ្សែភ្លើងឆក់ស្លាប់ គឺមានជាប់ពាក់ព័ន្ធ ទៅនឹងការធ្វេសប្រហែស របស់ម្ចាស់ទីតាំង ហាងម៉ាស្សាខាងលើ។ បន្ទាប់មក សមត្ថកិច្ច បានចុះនាំខ្លួនម្ចាស់ទីតាំងខាងលើ ទៅធ្វើការ សាកសួរនៅស្នងការដ្ធាននគរបាលខេត្ត។

លោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃ ស្នងការនគរបាលខេត្ត បានបញ្ជាក់ប្រាប់ថា ពិត ជាមានការឃាត់ខ្លួន ម្ចាស់ទីតាំងម៉ាស្សាមួយកន្លែងមែន ដោយចោទពីបទឃាតកម្មដោយ អចេតនាទៅលើក្មេងស្រី អាយុ១៨ឆ្នាំម្នាក់ ខណៈ ដែលជនរងគ្រោះកំពុងរាំ និងបាញ់ទឹកលេងនៅ ម្តុំផាប់ស្ទ្រីត ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គុំ ក្នុងក្រុងសៀមរាប កាលពីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ដែលថ្ងៃ ចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោកដួង សុខា បញ្ជាក់ថា ពេលនេះ ម្ចាស់ទីតាំងម៉ាស្សាខាងលើ កំពុងឃុំខ្លួននៅ ស្នងការនគរបាលខេត្តសៀមរាប ចំណែកទីតាំង ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។ លោក បន្ថែមថា ករណីនេះពិតជាឆក់ខ្សែភ្លើងប្រាកដ មែន ដោយតាមការពិនិត្យនៅកន្លែងកើតហេតុ ពេលដែលឆក់ក្មេងស្រី បានកាន់បង្គោលដែក ដែលមានខ្សែភ្លើងចេញមកចិញ្ចើមផ្លូវ សម្រាប់ ដោតប៉ាយស្លាកយីហោហាងម៉ាស្សាខាងលើ។ តាមការពិនិត្យ និងធ្វើកោសល្យវិច័យដងខ្លួន ជនរងគ្រោះ កម្លាំងការិយាល័យជំនាញបច្ចេកទេសបានកំណត់ថា ជនរងគ្រោះពិតជាត្រូវខ្សែ ភ្លើងឆក់នៅកន្លែងហាងម៉ាស្សាខាងលើប្រាកដ មែនដោយសារទីតាំងនោះមានការធ្វេសប្រហែស។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី។

ជុំវិញករណីខាងលើនេះ តារាសម្តែងស្រី លី មុនីនាថ ដែលត្រូវជាបងស្រីបង្កើតរបស់ នារីរងគ្រោះបានបង្ហោះសារមួយ រៀបរាប់ពី ដំណឹងរឿងដែលប្អូនស្រី (នារីរងគ្រោះ) បាន បាត់បង់ជីវិត ក្នុងហេតុការណ៍នៅយប់នោះ។

តារាសម្តែងស្រី នី មុនីនាថ បានសរសេរ រៀបរាប់ថា ឪនាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួស មុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ព័ន្ធ នៃការមរណភាពប្អូនស្រីនាងខ្ញុំឈ្មោះលី មុនីរដ្ធានី ដែលមានព័ត៌មានខ្លះ មានការភ័ន្តច្រឡំ ការស្លាប់ដោយសារតែគិតថា ប្អូនស្រីនាងខ្ញុំ បានទៅរត់ប្រឡែងប៉ាតម្ស៊ៅគ្នាជាមួយក្មេង ស្ទាវៗ និងបានទៅរត់ជាន់ខ្សែភ្លើង ដោយក្នុង វ័យអាយុ១៨ឆ្នាំ ទើបធ្វើឱ្យប្អូននាងខ្ញុំបាត់បង់ ជីវិត។

នាងខ្ញុំសុំចេញសារមួយ បកស្រាយចំពោះ ការមរណភាពរបស់ប្អូនស្រីនាងខ្ញុំ ឈ្មោះលី មុនីរដ្ធានីទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញ សង្គម ធព ឱ្យបានដឹង និងជ្រាបច្បាស់ នៅយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ជាយប់ថ្ងៃចូល ឆ្នាំបង្ហើយខ្ញុំ និងប្អូនស្រីនាងខ្ញុំ រួមទាំងមិត្តភក្តិ ខ្ញុំចំនួន៧នាក់ទៀត បានទៅលេងកម្សាន្តនៅ តំបន់ ភុប ត្សរេតេ ហើយពួកខ្ញុំបានឈរលេង បាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមាន ឈ្មោះថា (អង្គរហ៊ើប និងផ្ទះម៉ាស្សា ពារាយ ផ្សា) ពួកខ្ញុំលេងរហូតដល់វេលាម៉ោង១១ៈ៤០ នាទីយប់ដោយសារតែលេងហត់ ហើយឃ្លាន ផង ក៏បានហៅដំឡូងបំពងមួយចាន មកញ៉ាំ ជាមួយគ្នា និងត្រៀមរៀបចំទៅផ្ទះទៅហើយ ប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំ បានទៅច្រត់ដៃ ទៅលើបង្គោលដែកតូចមួយ ដែលនៅចន្លោះ កណ្តាលនៃហាងទាំងពីរនោះ (អង្គរហ៊ើប និង ផ្ទះម៉ាស្សា ពារាយ ផ្សា) តែភ្លាមៗនោះខ្ញុំបាន ឃើញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួម ទាំងខ្ញុំផងដែរ ហើយពេលនោះ មានមិត្តភក្តិ ប្រុសម្នាក់ មកជួយទាញសង្គ្រោះខ្ញុំនិងប្អូនស្រី ខ្ញុំ រួចគេក៏ចាប់បីប្អូនខ្ញុំសង្រប្គោះឋម ហើយក៏ ឃើញមិនស្រួលមិត្តភក្តិខ្ញុំទាំងអស់ បានជួយ និងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្ត សៀមរាប ខ្ញុំនិងមិត្តខ្ញុំខ្លះបានស្រែកទៅជួយ វែកសុំផ្លូវ ដើម្បីយកប្អូនទៅពេទ្យសង្គ្រោះបន្ទាន់ នៅពេទ្យបង្អែកខេត្តសៀមរាម ហើយខ្ញុំក៏ទូរស័ព្ទទៅបងស្រីបង្កើតដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែរ ប៉ុន្តែដោយអកុសល ប្អូនខ្ញុំបានផុតទៅហើយ ដោយសារតែបងស្រី បង្កើតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យ រ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយ ប្អូនបានជាអកុសលខ្លាំងមែនទែននៅក្នុងឆាក ជីវិតនាងខ្ញុំដោយនាងខ្ញុំនេះជាបងស្រីមិនអាច ជួយប្អូនសោះ ប្អូនខ្ញុំទើបតែមានអាយុ១៣ឆ្នាំ និងឈានចូល១៤ឆ្នាំទៅហើយ មិនគួរណាប្អូន កើតរឿងបែបនេះសោះ ជាចុងក្រោយនាងខ្ញុំលី មុនីនាថ និងគ្រួសារខ្ញុំទាំងមូលសុំសំណូមពរ ដល់សមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យប្អូនស្រីនាងខ្ញុំ ផង និងសំណូមពរដល់សារព័ត៌មានទាំងអស់ ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត ហើយ នៅពេលនេះក្រុមគ្រួសារខ្ញុំទាំងមូលកុំពុងតែ មានទុក្ខធំជាទម្ងន់ សុំមេត្តាពុកម៉ែបងប្អូនព្រម ទាំងមិត្តភក្តិទាំងអស់សុំចូលរួមរំលែកទុក្ខដល់ ប្អូនស្រីខ្ញុំផង។ ឥឡូវនេះ សពកំពុងតែតម្កល់ធ្វើ បុណ្យនៅគេហដ្ឋានភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រីទាំងអស់ជា ភ្ញៀវកិត្តិយស៕

RELATED ARTICLES