Friday, April 26, 2024
Homeព័ត៌មានជាតិរថយន្តដឹកទឹកកកបើកបុករថយន្តកែច្នៃពីក្រោយ រងរបួសមនុស្សធ្ងន់ស្រាល៥នាក់

រថយន្តដឹកទឹកកកបើកបុករថយន្តកែច្នៃពីក្រោយ រងរបួសមនុស្សធ្ងន់ស្រាល៥នាក់

ខេត្តស្តឹងត្រែង៖ បុរស៥នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តពីរគ្រឿង បានបុកគ្នា ហើយរងការខូចខាតយ៉ាងដំណំនោះរួចមក។ ហេតុការណ៍គ្រោះថ្នាក់នោះ ត្រូវគេឲ្យដឹងថា បានកើតឡើងនៅម៉ោងប្រមាណជា៨យប់ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់នោះ ១. ឈ្មោះអ៊ុន ឌី អាយុ៣៨ឆ្នាំ ជាអ្នកបើកបររថយន្តសិប្បកម្មផលិតទឹកកក «លី ហ៊ាង១៦​៨ស្ទឹងត្រែង» ប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9855 បើកបរពីកើតមកលិច ២.ស្វាយ ល័យ អាយុ២៩ឆ្នាំ កម្មករលើកទឹកកក ៣.អ៊ុន រស្មី អាយុ២៩ឆ្នាំ ជាកម្មករលើកទឹកកក អ្នកទាំង៣ រងរបួសស្រាល រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ៤. ភួង វីហ្គេន អាយុ២៧ឆ្នាំ ជាតៃកុងរថយន្តកែច្នៃ និង៥. លាន ឡយ អាយុ២១ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំងពីររងរបួសធ្ងន់ និងជាកសិកររស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿងបានបើកបរក្នុងទិសដៅស្របគ្នាពីកើតមកលិច នៅគ្រានោះរថយន្តហ៊ីយ៉ាន់ដាយ ត្រូវគេឃើញ​បានបើកបោះពួយយ៉ាលឿន ហើយបានមកបុករថយន្តកែច្នៃពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកែច្នៃ និងរថយន្តដឹកទឹកកកនោះ ខ្ទាតធ្លាក់ទៅម្ខាងផ្លូវរងការខូចខាតយ៉ាងដំណំ ឯអ្នកបើកបរ និងអ្នករួមដំណើរ បានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមនីតិវិធី។

មន្ត្រីដដែលបញ្ជាក់ទៀតថា ក្រោយការពិនិត្យនោះរួចមក ឃើញថា រថយន្តហ៊ីយ៉ាន់ដាយដឹកទឹកកក បានប្រព្រឹត្តបទល្មើសចរាចរណ៍ ដោយបើកបរក្នុងល្បឿនលឿន និងបានបុករថយន្តកែច្នៃពីក្រោយនោះថែមទៀត៕

RELATED ARTICLES