Wednesday, April 24, 2024
Homeព័ត៌មានជាតិមេប៉ុស្តិ៍ច្រកលុយ

មេប៉ុស្តិ៍ច្រកលុយ

ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចេញទៅប្រទេសថៃ តាមច្រកទ្វារជាំស្រងាំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជាំស្រងាំ ស្ថិតនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងសប្បាយកើបលុយតាមរយៈការគាបសង្កត់ជាន់កក្រុមពលករខ្មែរចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលចេញទៅព្យាបាលជំងឺនៅមន្ទីពេទ្យប្រទេសថៃ តាមរយៈការធ្វើប័ណ្ណឆ្លងដែន (Border Pass) ដោយយកតម្លៃលើសពីសៀវភៅបន្ទុក។

ប្រជាពលរដ្ឋមួយក្រុមមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលចេញទៅព្យាបាលជំងឺនៅប្រទេសថៃ តាមច្រកអន្តរជាតិជាំស្រងាំ បានខ្សឹបឱ្យឮថា កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ ពួកគាត់ជាអ្នកខេត្តព្រះវិហារ ប្រមាណ១០នាក់ បាននាំគ្នាធ្វើដំណើរឆ្លងដែនចេញទៅព្យាបាលជំងឺនៅទឹកដីថៃ។ លុះពេលពួកគាត់នាំគ្នាទៅធ្វើប័ណ្ណឆ្លងដែននៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រាប់តែមន្ត្រីអន្តោប្រវេសន៍នៅទីនោះ តម្រូវឱ្យពួកគាត់ប់ង់ប្រាក់ថ្លៃធ្វើប័ណ្ណឆ្លងដែន (Border Pass) ក្នុងមនុស្សម្នាក់ ចំនួន១២ម៉ឺនរៀល ជាកំហិត។ ចំណែកពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញ មិនហ៊ានតវ៉ាអ្វីឡើយ ព្រោះមិនបានដឹងថា តើក្នុងសៀវភៅបន្ទុករបស់ក្រសួង តម្រូវឱ្យបង់ប៉ុន្មាននោះឡើយ។

ចំណែកប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង បានខ្សឹបថា កន្លងមក ពួកគាត់ធ្លាប់ជូនសាច់ញាតិចេញទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ឯខេត្តស៊ីសាកេត ប្រទេសថៃ តាមច្រកជាំ ក៏ត្រូវមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលឈរជើងនៅទីនោះ តម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់ ១២ម៉ឺនរៀលដូចគ្នា។ ចំពោះការយកប្រាក់ថ្លៃប័ណ្ណឆ្លងដែនលើសពីសៀវភៅបន្ទុកនេះ ពួកគាត់ឮថា មានការស៊ុមគ្រលុំបើកដៃពីលោកយូ សុទ្ធារិទ្ធ ប្រធានស្នាក់ការនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិជាំស្រងាំផងដែរ ដើម្បីយកលុយដាក់ហោប៉ៅ ហើយរបរត្រីងៀតឆ្លៀតពងនេះ ធ្វើឱ្យលោកយូ សុទ្ធារិទ្ធ កំពុងកាក់កបក្នុងការកើបលុយខុសច្បាប់ទាំងនេះ ចំនួនច្រើនគួរសមដែរ ក្នុងមួយខែៗ។

ដោយឡែក មន្ត្រីមាត់ច្រកជាំស្រងាំ ដែលទំនងជាមិនសូវទទួលបានផលប្រយោជន៍ បានខ្សឹបឱ្យឮដែរថា លោកយូ សុទ្ធារិទ្ធ មិនសូវមកកន្លែងធ្វើការទេ យូរៗឃើញមកអើតម្តង ប៉ុន្តែ គាត់បានបើកដៃឱ្យមន្ត្រីជំនិតរបស់គាត់ម្នាក់ ឈ្មោះកុសល ជាអ្នកមើលការខុសត្រូវក្នុងការប្រមូលលុយ។ តាមពិតទៅ បញ្ជីសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃ បានកំណត់ឱ្យបង់ប្រាក់២៥០០០រៀល សម្រាប់ពលរដ្ឋ រស់នៅស្រុកជាប់ព្រំដែនខ្មែរ-ថៃ តែក្រុមលោកយូ សុទ្ធារិទ្ធ ជំរិតយកប្រាក់ថ្លៃធ្វើប័ណ្ណចាប់ពី៦ម៉ឺនរៀល ដល់១២ម៉ឺនរៀល ចំណែកអ្នកមកពីខេត្តផ្សេងធ្វើប័ណ្ណយកតម្លៃ១០ម៉ឺនរៀល ដល់១២ម៉ឺនរៀល និងថែមទាំងបើកដៃឱ្យជនជាតិថៃ ឆ្លងដែនខុសច្បាប់ ជាថ្នូរនឹងការបង់ប្រាក់ចំនួន២០០បាត ទៅ៣០០បាតទៀតផង ហេតុនេះហើយ ទើបពួកគាត់ហៅមេប៉ុស្តិ៍ច្រកជាំស្រងាំនោះថា មេប៉ុស្តិ៍ច្រកលុយ វិញម្តង។

ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ បានខ្សឹបឱ្យឮដល់លោកនាយឧត្តមសេនីយ៍ សុខ ផល  អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលករណីមន្ត្រីអន្តោប្រវេសន៍ច្រកអន្តរជាតិជាំស្រងាំ យកលុយប័ណ្ណព្រំដែនលើសចំនួន ដែលក្រសួងកំណត់ នេះផង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកយូ សុទ្ធារិទ្ធ និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES