Thursday, April 25, 2024
Homeព័ត៌មានជាតិសំរាមតាមទីសាធារណៈ នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ

សំរាមតាមទីសាធារណៈ នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជា មិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមានឡើងដដែលៗ និងជារៀងរាល់ថ្ងៃនេះហាក់ដូចជាគ្មានប្រសិទ្ធភាពនៅឡើយ។ ក្រៅពីកត្តាអនុវត្តច្បាប់ដែលនៅមានភាពធូររលុង និងយន្តការគ្រប់គ្រងសំរាមនៅមានភាពខ្វះខាតហើយនោះ ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជា កង្វះការយល់ដឹង និងកង្វះការផ្សព្វផ្សាយ ក៏ជាបញ្ហាចម្បង ដែលបង្កឲ្យមានបញ្ហាសំរាមនៅកម្ពុជា ផងដែរ។

ជាទូទៅ គេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាម តែងកើតមានឡើងនៅពេលដែលមាន ការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈណាមួយ មិន​ថា​ផ្លូវ​តូច ឬ ផ្លូវធំ​ទេ រយៈពេល​ចុងក្រោយ​នេះ សង្កេតឃើញ​សំរាមនៅ​តំបន់​មួយចំនួន រប៉ាត់រប៉ាយ និង​កន្លែង​ខ្លះ គរ​នៅ​ចិញ្ចើមផ្លូវ និង​ហៀរ​ដល់​ទ្រូងផ្លូវ​ក៏មាន ជាពិសេស​នៅតាមតាមកែងផ្លូវនានា គ្រប់បណ្តាសង្កាត់ ក្នុងខណ្ឌសែនសុខ តែម្តង។​

​មាន​ហេតុផលច្រើនយ៉ាង ដែល​នាំ​ឲ្យ​កើតមានគំនរ​សំរាមរាយប៉ាយបែបនេះ​ ទី​១ អាចមកពី​ប្រជាពលរដ្ឋទុកដាក់​សំរាម​វេច​ខ្ចប់ មិនមាន​សណ្តាប់ធ្នាប់ និង​មិនមាន​ធុងសំរាម​ត្រឹមត្រូវ​។ ទី​២ មកពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ម៉ៅការ​ខាងប្រមូល​សំរាម មានការយឺតយ៉ាវមិន​យក​សំរាម​ទៀងទាត់​ទី៣ ព័ន្ធនឹងអ្នកលក់ដូរតាមរឺុម៉ក និងតាមរទេសរុញយកមកបោះចោល។

​ហេតុនេះហើយ​បានជា​បងប្អូន ប្រជាពលរដ្ឋមួយចំនួន​ បាន​យក​សំរាមមក​បោះចោល នៅ​និង​ចិញ្ចើមផ្លូវ និង​ហៀរ​មកលើ​ផ្លូវ បណ្តាល​ឲ្យ​សត្វពាហន​:រើកកាយរប៉ាត់រប៉ាយ​ពេញ​ផ្លូវ និង​សំរាម​ខ្លះ ស្អុយរលួយ ជិះ​ក្លិន​អា​សោច ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សុខភាព និង​ផ្លូវដង្ហើមអ្នក​ដែល​ធ្វើដំណើរឆ្លងកាត់​ទីនោះ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​ប្រជាពលរដ្ឋដែលមាន​លំនៅដ្ឋាននៅក្បែរ ទទួលរង​គ្រោះ​ជាងគេ ។​

​បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅ​ទីនោះ បាននាំគ្នា​ធ្វើការ​រិះគន់ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ថា យកលុយ​ពី​ពួកគាត់​រាល់​ខែ តាមរយៈ​វិក្កយបត្រ រួមជាមួយ​វិក្កយបត្រ​ភ្លើង តែ​មិនឃើញ​ចុះមក ប្រមូល​សំរាមតាម​ផ្ទះ​ពួកគាត់សោះ​។​

​ចំណែកអាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏ត្រូវ​តែ​ដាក់​វិធានរឹតបន្តឹង​ក្រុមហ៊ុន​ស៊ិន​ទ្រី គឺ​ត្រូវតែ​ដាក់​កម្លាំង ចុះ​ប្រមូល​សំរាមឲ្យ​ទៀងទាត់​។ បើសិនជាស៊ិន​ទ្រី មិនមាន​លទ្ធភាព​ប្រមូល​សំរាម ឲ្យ​ទៀងទាត់​ទេ អាជ្ញាធរ​ភូមិ​ ​ឃុំ​​សង្កាត់ ត្រូវ​ចាត់​កម្លាំងរបស់ខ្លួនមួយ​ភូមិ ៥ទៅ១០ នាក់ ដើម្បី ប្រមូល​សំរាម ហើយ​យកលុយ​ថ្លៃ​សេវាជំនួស​ស៊ិន​ទ្រី​តែម្តង​។​

​ដូច្នេះ​ដើម្បី​ដោះស្រាយបញ្ហា​សំរាម​នេះ ប្រជាពលរដ្ឋគួរតែ​ទុកដាក់​វេច​ខ្ចប់សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គួរ​មាន​ធុងសំរាមនៅមុខ​ផ្ទះ​របស់ខ្លួន​។ រីឯ​ក្រុមហ៊ុន​ស៊ិន​ទ្រី ត្រូវ​ចាត់​កម្លាំងទៅ​ប្រមូល​សំរាម តាម​ផ្ទះ​ប្រជាពលរដ្ឋឲ្យ​ទៀងទាត់ មួយថ្ងៃ​ម្តង ឫ​បី​ថ្ងៃ​ម្តង ជាប្រចាំ​ពេលនោះ សំរាម​តាមផ្លូវ អាច​កាត់បន្ថយនឹង​លែងមានទៀតហើយ​៕

RELATED ARTICLES