Wednesday, April 24, 2024
Homeបរិយាយវត្តមួយ សង្គ្រាជពីរ

វត្តមួយ សង្គ្រាជពីរ

ឃ្លោងឃ្លាពាក្យស្លោកបុរាណ ១ល្បះថា “វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត លោកធាតុមួយ មានព្រះអាទិត្យបី នគរមួយ ស្តេចច្រើនអធិបតី អ្នកប្រាជ្ញគប្បីដឹងដោយឧបមា” មានខ្លឹមសារ ផ្តោតទៅលើការដណ្តើមទីតាំងគ្នាគ្រប់គ្រង។ ខណៈដែល មេឃុំ-ចៅសង្កាត់ ទើបជាប់ឆ្នោតមួយចំនួន ដណ្តើមបន្ទប់ធ្វើការក្នុងសាលាឃុំ-សង្កាត់ នោះ កំពុងដើរចូលគន្លង “វត្តមួយ សង្គ្រាជពីរ” នេះហើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត” មានន័យថា វត្តអារាមមានតែមួយទេ ប៉ុន្តែ ដោយសារព្រះចៅអធិការចាស់រវល់និមន្តទៅស្រុកឆ្ងាយ បាត់ព្រះកាយពីរបីឆ្នាំ ពុទ្ធបរិស័ទស្មានថាព្រះអង្គសុគត ក៏ជ្រើសតាំងព្រះសង្ឃ១អង្គទៀត ឱ្យឡើងជាចៅអធិការ។ មិនយូរប៉ុន្មាន ស្រាប់តែសង្គ្រាជចាស់និមន្តមកវិញ ទាមទារតំណែង ទារកុដិ ចំណែកសង្គ្រាជថ្មីមិនព្រមឱ្យ ក៏កើតទៅជា “វត្តមួយ សង្គ្រាជពីរ” ដែលហេតុការណ៍បែបនេះ ធ្លាប់កើតមានពីបុរាណកាល ប៉ុន្តែសម័យនេះមិនដែល ជួបប្រទះទេ។ ក្នុងករណីខ្លាចមានអធិករណ៍ធ្ងន់ធ្ងរ ពុទ្ធបរិស័ទដែលគោរពស្រលាញ់ចៅអធិការថ្មី ក៏និមន្តព្រះអង្គទៅកសាងវត្តថ្មីមួយទៀត នៅក្បែរវត្តចាស់នោះ ដូចមានការតំណាលតៗគ្នាពីរឿង “វត្តតាំងកសាងខាងជើង” និង “វត្តតាំងកសាងខាងត្បូង” នៅរាជធានីភ្នំពេញ។ វត្តទាំងពីរនោះនៅជិតគ្នា ខណ្ឌដោយផ្លូវរទេះភ្លើងមើលគ្នាឃើញ មូលហេតុមកពីមានសង្គ្រាជពីរនេះឯង ទើបពុទ្ធបរិស័ទដោះស្រាយនិមន្តសង្គ្រាជ១អង្គចេញ កុំឱ្យមានអធិករណ៍។ ដូចគ្នានេះដែរ “វត្តព្រះឥន្ទកោសិយ” និង “វត្តព្រះឥន្ទកោសា” នៅក្រុងសៀមរាប ដែលមានទីតាំងក្បែរគ្នានោះ ក៏មានរឿងតំណាលពាក់ព័ន្ធដល់ចៅអធិការពីរដែរ ត្រូវបានពុទ្ធបរិស័ទនិងអាជ្ញាធរជំនាន់បុរាណ បំបែកជាពីរ ដើម្បីបញ្ចៀសអធិករណ៍ក្នុងព្រះពុទ្ធសាសនា។

“លោកធាតុមួយ មានព្រះអាទិត្យបី” សំដៅដល់ពុទ្ធព្យាករណ៍ចារទុកក្នុង “គម្ពីរកប្បកថា” សម្តែងពីផែនដីឡើងកម្តៅបន្តិចម្តងៗ រាប់ម៉ឺនឆ្នាំទៅមុខទៀតនោះ នឹងកើតព្រះអាទិត្យ២ ព្រះអាទិត្យ៣ រហូតដល់ព្រះអាទិត្យ៧ ក៏ត្រូវភ្លើងឆេះកប្បតែម្តង។

“នគរមួយ ស្តេចច្រើនអធិបតី” ឃ្លានេះសំដៅដល់ការដណ្តើមរាជ្យ ដូចស្តេចជំនាន់មុន បណ្តាល ឱ្យព្រះនគរកើតសង្គ្រាម។ ជម្លោះរវាងស្តេចកន និងព្រះចន្ទរាជា ធ្វើឱ្យកម្ពុជាកើតសឹកសង្គ្រាម ១៤ឆ្នាំ ចំណែកជម្លោះរវាងព្រះធម្មរាជា ព្រះស្រីសុរិយោទ័យ និងព្រះស្រីរាជា ដែលជាបុត្ររបស់ព្រះបាទពញាយ៉ាត បានទាញព្រះនគរឱ្យចែកជា៣ផ្នែក កាប់ចាក់បងប្អូនឯង ឈាមដាបធរណី។

ចំណុចសំខាន់ “នគរធំ” សូមបរិយាយលម្អិតពីលក្ខណៈ “វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត” សំដៅដល់ការប្រចាំគ្នាក្នុងការសម្អាតវត្ត និងកសាងវត្ត។ សង្គ្រាជចាស់ គង់នៅកុដិខាងជើង ចាំតែចាប់កំហុសសង្គ្រាជថ្មី ដែលគង់នៅកុដិខាងត្បូង បើធ្វើខុសបន្តិចក៏ចោទប្រកាន់ថា ត្រូវ “អាបត្តិបារាជិក”។ ចំណែកសង្គ្រាជថ្មី ក៏ចោទប្រកាន់សង្គ្រាជចាស់ថា “ខ្ជិលច្រអូស សិងដល់ ថ្ងៃរះ” ជាដើម បណ្តាលឱ្យពុទ្ធបរិស័ទដែលកាន់ជើងសង្គ្រាជម្ខាងៗ កើតវិវាទមើលមុខគ្នាមិនត្រង់។ ដើម្បីបញ្ចប់អធិករណ៍នេះ លុះត្រាតែមាន “អាចារ្យខ្លាំង” ចេញមុខដោះស្រាយ ដោយនិមន្តចៅអធិការណាមួយទៅកសាងវត្តថ្មីនៅក្បែរគ្នា ទើបសុខស្ងប់។

យ៉ាងណាមិញ មេឃុំ-ចៅសង្កាត់ថ្មីរបស់បក្សប្រឆាំង ដែលទើបទទួលត្រាពីគណៈអធិបតី ដើម្បីធ្វើការបម្រើរាស្ត្រនោះ កំពុងមានបញ្ហា “ដណ្តើមបន្ទប់គ្នាជាមួយមេឃុំ-ចៅសង្កាត់ចាស់ របស់បក្សកាន់អំណាច”។ ហេតុការណ៍នេះ ថ្នាក់លើមិនចង់ ឱ្យដឹងជាសាធារណៈទេ ប៉ុន្តែ វាធ្លាយចេញតាមបណ្តាញព័ត៌មាន ដូចករណីចៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ, ចៅសង្កាត់ សាលាកំរើក ក្រុងសៀមរាប ចៅសង្កាត់ខ្លះនៅរាជធានីភ្នំពេញ ហើយអាចនឹងមានមេឃុំខ្លះទៀតនៅទូទាំងប្រទេស កំពុង ជួបបញ្ហាដណ្តើមបន្ទប់គ្នាដូចករណី “វត្តមួយ សង្គ្រាជពីរ”។ បើវិភាគឱ្យល្អិតល្អន់ទៅ ចៅសង្កាត់ចាស់ ឬមេឃុំចាស់របស់បក្សកាន់អំណាច ដែលកាន់តំណែង២០-៣០ឆ្នាំមកហើយ ឬគាត់ធ្វើមេឃុំ-ចៅសង្កាត់ តាំងពីសក់ខ្មៅដល់សក់សនោះ នៅតែស្តាយស្រណោះកន្លែងធ្វើការជានិច្ច បើមានអ្នកថ្មីដណ្តើមតំណែងគាត់បាន ក៏មិនចង់ប្រគល់ដែរ ដោយជំរុញឱ្យអ្នកថ្មីនោះរៀបចំ បន្ទប់ផ្សេងទៀតទៅ។ ចំណែកអ្នកថ្មី អត់លុយ ទាល់ច្រក មិនអាចរៀបបន្ទប់ថ្មីបាន ក៏ទាមទារបន្ទប់ពីមេឃុំ-ចៅសង្កាត់ចាស់ ដោយសំអាងថា “ជារបស់រដ្ឋ”។ ដល់អ៊ីចឹងទៅ ពួកគាត់ពាក់មុខយក្សដាក់គ្នា ហើយអាចនឹងចែកបក្ខចែកពួក មើលមុខគ្នាមិនត្រង់ បើថ្នាក់លើមិនជួយដោះស្រាយ អាចដូច “វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត” ពោលគឺសាលាឃុំ សាលាសង្កាត់នោះ យូរៗទៅ រកអ្នកបោសសំរាមគ្មានផង ព្រោះរឿងចែកកន្លែងគ្នានេះ។ មិនទាន់ធ្វើការបម្រើរាស្ត្រផង ទាស់គ្នារឿងបន្ទប់ទៅហើយ តើអនាគត នឹងក្លាយជាយ៉ាងណា? ដែលករណីនេះ ត្រូវបានអ្នកញៀនកាហ្វេ រិះគន់គ្រប់គ្នា ខ្លះថាអ៊ីចេះអ៊ីចុះ គួរឱ្យកត់សម្គាល់។

តាម្នាក់បានលើកឡើងថា “មកពីថ្នាក់ក្រោមមើលឃើញគំរូថ្នាក់លើ ក៏នាំគ្នាធ្វើតាម ជាក់ស្តែងជម្លោះរវាងនាយករដ្ឋមន្ត្រី ទី១ និងនាយករដ្ឋមន្ត្រីទី២ កាលពីឆ្នាំ១៩៩៧ នោះ ធ្វើឱ្យ CPP  និងហ៊្វុនស៊ិនប៉ិច មើលមុខគ្នាមិនត្រង់ ឥឡូវវាឆ្លងដល់មេឃុំ ចៅសង្កាត់”។ តាម្នាក់ទៀតចាក់បណ្តោយថា “រឿងដណ្តើមបន្ទប់គ្នានេះ បានត្រឹមធ្វើឱ្យរាស្ត្រសើចចំអកប៉ុណ្ណោះ និងយល់ថា រវាងអ្នកថ្មី និងអ្នកចាស់ នៅជិតគ្នាអត់បានទេ មានតែចែកកន្លែងឱ្យនៅដាច់ឆ្ងាយពីគ្នា ដូចរឿងវត្តមួយ សង្គ្រាជពីរ ទើបបាន”

ដូច្នេះយើងឃើញថា បើថ្នាក់លើធ្វើគំរូមិនល្អ ច្បាស់ជាថ្នាក់ក្រោមធ្វើតាម ប៉ុន្តែសម្រាប់មេឃុំ CPP ដែលបក្សដកតួនាទីតាមរយៈការបោះឆ្នោតជម្រុះនោះ គាត់មិនហ៊ានជំទាស់ទេ ដោយសុខចិត្តប្រគល់បន្ទប់ទៅឱ្យមេឃុំថ្មីក្នុងបក្សជាមួយគ្នា ឬថាគាត់សុខចិត្តធ្វើជំទប់ទី២។ ផ្ទុយទៅវិញ បើមេឃុំ CNRP ទើបជាប់ឆ្នោត ចង់បានបន្ទប់ ជារឿងយ៉ាប់ ដូចអ្វីដែលយើងលើកឡើងខាងលើ។ ករណីនេះ មន្ត្រីបក្សកាន់អំណាច ធ្លាប់លើកឡើងថា “បញ្ហាបន្ទប់ធ្វើការនោះ ទុកឱ្យថ្នាក់មូលដ្ឋាន ដោះស្រាយគ្នាសិនទៅ បើដោះមិនចេញ ទើបថ្នាក់លើចុះទៅដោះ” អ៊ីចឹងដល់ពេលធ្វើការទៅហើយ រវល់តែដណ្តើមបន្ទប់គ្នានោះ អាចធ្វើឱ្យដំណើរការរដ្ឋបាលដើរខុសចង្វាក់ ដែលថ្នាក់លើមិនគួរមើលរំលង។

តាមការកត់សម្គាល់របស់មហាជន ការងារឃុំ-សង្កាត់នីមួយៗ អ្នករវល់ខ្លាំងជាងគេ គឺមេឃុំ-ចៅសង្កាត់ និងស្មៀន ដែលចាំបាច់ត្រូវតែមានវត្តមានក្នុងបន្ទប់រង់ចាំចុះហត្ថលេខា បោះត្រាសំបុត្រស្នាមផ្សេងៗ ជួនកាលធ្វើការទាំងថ្ងៃអាទិត្យ ក៏មានដែរ។ ចំណែកជំទប់ទី១ ជំទប់ទី២ មិនសូវឃើញចូលសាលាឃុំ-សង្កាត់នោះទេ ជួនកាលបើនៅស្រុកស្រែ គេឃើញជំទប់ខ្លះដើរជួញជ្រូក ឬទៅភ្ជួរស្រែក្នុងម៉ោងរដ្ឋបាលក៏មាន។ អ៊ីចឹងបើសិនជាមេឃុំចាស់ដែលធ្លាក់ឆ្នោត ក្លាយជាជំទប់ទី២ ឬចៅសង្កាត់រងទី២នោះ រវល់ចេញជួញជ្រូក ឬភ្ជួរស្រែ ច្បាស់ជាបន្ទប់ដែលគាត់ហួងហែងទុកនោះ ត្រូវចាក់សោចោលមិនខានឡើយ។ ចំណែកមេឃុំ-ចៅសង្កាត់ថ្មីនោះ អាចនឹងអង្គុយក្រៅបន្ទប់ ចាំស៊ីញ៉េបោះត្រា ធ្វើការជាមួយស្មៀនអ៊ីចឹងទៅ។ បើម្នាក់ៗ ចេញក្បួនហ្នឹង គួរលាក់លៀមឱ្យជិត កុំឱ្យដឹងដល់បរទេស ក្រែងគេសើចរយះមាត់ ព្រោះស្រុកជប៉ុន ស្រុកបារាំង ឬវៀតណាម គេមិនចេញក្បួនដណ្តើមបន្ទប់គ្នាដូចខ្មែរយើងទេ។

សរុបទៅ “វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត” មានន័យយ៉ាងនេះឯង។ អ្វីៗកើតឡើងបែបនេះ ដោយសារតែនិន្នាការនយោបាយ ប្រកាន់បក្សយើង បក្សគេ ធ្វើឱ្យមន្ត្រីមូលដ្ឋានមើលមុខគ្នាមិនត្រង់ ព្រោះរឿងដណ្តើមបន្ទប់គ្នានោះ អាចនឹងបន្តពាក់មុខយក្សដាក់គ្នាទៅថ្ងៃមុខទៀត មិនងាយចប់ទេ។ ហេតុនេះគួរតែអ្នកចាស់ និងអ្នកថ្មីនោះ សាមគ្គីគ្នាទៅ ព្រោះរដ្ឋមិនអាចធ្វើសាលាឃុំ-សង្កាត់ពីរ ដូចការបង្កើតវត្តពីរ ដែលមានសង្គ្រាជទាស់គ្នាបានឡើយ។ ផ្ទុយទៅវិញ ពេលអត់បន្ទប់ធ្វើការ ស្រាប់តែមេឃុំ-ចៅសង្កាត់ថ្មី ទៅបោះតង់ ឬតសំយាបជាប់សាលាឃុំ ធ្វើការនោះ បើបរទេស ឬអ្នកកាសែតបរទេសមកឃើញ ខ្មាសគេណាស់…៕

ដោយ អាចារ្យថាំ

RELATED ARTICLES