Thursday, April 25, 2024
Homeកីឡាជាតិមិនធម្មតា!ព្រឹត្តិការណ៍ការប្រណាំងម៉ូតូ លើកដំបូងនៅកម្ពុជា​ចំណាយជិត១០ម៉ឺនដុល្លារ

មិនធម្មតា!ព្រឹត្តិការណ៍ការប្រណាំងម៉ូតូ លើកដំបូងនៅកម្ពុជា​ចំណាយជិត១០ម៉ឺនដុល្លារ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះព្រឹត្តិការណ៍ប្រណាំងម៉ូតូថ្នាក់ជាតិ CMSF PRESIDENT CUP នឹងចាប់ផ្ដើមប្រកួតហើយ  នៅលើទីលានប្រណាំងម៉ូតូ KING TRACK នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ  រាជធានីភ្នំពេញដែលព្រឹត្តិការណ៍នេះមានការសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ។

លោក គង់ ធារ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍ និង​ជា​អ្នកគ្រប់គ្រង​ទីលានប្រណាំង​ម៉ូតូ ឃីងត្រាក់ បានថ្លែងប្រាប់ក្នុងពិធីសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នៅអាគារ NOCC ថា កីឡាករដែលចូលរួមប្រណាំងក្នុងឆ្នាំនេះមានចំនួន៦៦នាក់ ដែលត្រូវបានចែកជា៤ពូល ដោយក្នុងនោះ ប្រភេទការប្រណាំង ១១០CC, ១២៥CC, ១៥០CC, និង Open Racing ១៥០cc ។ ការប្រណាំងលើកនេះសុទ្ធតែជាប្រភេទម៉ូតូតូច ដែលកំណត់ត្រឹមម៉ូតូប្រភេទ អូតូ និង អឹមម្យ៉ា ទៅតាមលក្ខខណ្ឌនៃកម្មវិធីប្រណាំងបានកំណត់។ ព្រឹត្តិការណ៍នេះរៀបចំឡើងដែលមានការសហការឧបត្ថម្ភពីក្រុមហ៊ុន SK ZIC, ភេសជ្ជៈ WURKZ និង ម៉ូតូ KAWAZAKI ជាមួយការសហការរបស់សហព័ន្ធ ដោយបានចំណាយប្រមាណ១០ម៉ឺនដុល្លារ អាមេរិកដើម្បីជួយជម្រុញទាំងកីឡាករកម្ពុជា និង ពង្រឹងកីឡាករមិនមែនអាជីពវិវឌ្ឍន៍ទៅជាកីឡាករទៅប្រណាំងនៅក្រៅប្រទេសនាពេលខាងមុខនេះផងដែរ។ លោក​ថា​ការ​ប្រកួត​ទាំងមូល​នឹង​ចាប់ផ្ដើម​តាំងពី​ម៉ោង​៩​ព្រឹក រហូត​ដល់​ល្ងាច ពេញ​រយៈពេល​២​ថ្ងៃ​តែ​ម្ដង គឺ​ថ្ងៃ​ទី​២៦ និង​២៧ សីហា ដើម្បី​ឲ្យ​កីឡាករ​ទាំងអស់​ធ្វើការ​ដណ្ដើម​ពាន​ជើងឯក​។

អ្នកដឹកនាំរៀបចំកម្មវិធីនេះបញ្ជាក់ថា “ព្រឹត្តិការណ៍នេះធ្វើឡើងក៏ដើម្បីជួយជម្រុញសមត្ថភាពកីឡាករទំាំងអស់ក្លាយកីឡាកររបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ឬ អាចជាកីឡាករបស់ជាតិ។ កីឡាករដែលបានចូលរួមក្នុងព្រឹត្តិការណ៍ក៏ទទួលបានប័ត្រពីសហព័ន្ធដែលអាចជាតំណាងកម្ពុជាទៅប្រកួតនៅក្រៅប្រទេសផងដែរ”។ លោក គង់ ធារ៉ា បានបន្ថែមថា ព្រឹតិ្តការណ៍នេះមិនបានអនុញ្ញាតឱ្យកីឡាករបរទេសចូលរួមនោះទេដោយសារតែជាការប្រណាំងម៉ូតូលក្ខណៈថ្នាក់ជាតិប៉ុណ្ណោះ។ រង្វាន់សម្រាប់កីឡាករដែលប្រណាំងតាមប្រភេទម៉ូតូនីមួយៗឈ្នះជាជើងឯកនោះ នឹងទទួលបាន១ពាន់ដុល្លារ ហើយនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជារបស់សហព័ន្ធយានយន្តកម្ពុជា ។

លោក ខៃ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​ថ្លែងឲ្យដឹងដែរថា នេះ​ជា​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ជា​ជើងឯក​ផ្នែក​ប្រណាំង​ម៉ូតូ ក្រោយ​ពី​កម្ពុជា​ត្រូវ​បាន​ស្ថាបនា​ជា​ទីលានប្រណាំង​ម៉ូតូ​ឈ្មោះ King Track Circuit នៅ​ខ័​ណ្ឌ​សែន​សុខ​។ លោក​ថា​ក្រោយ​ការ​ប្រកួត​នេះ កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​នឹង​មានការ​ទទួលស្គាល់​កម្រិត​ជាតិ​សម្រាប់​អ្នក​ឈ្នះ ហើយ​មិន​ភ័យ​រឿង​ខ្វះ​ទីលាន​ហ្វឹកហាត់​ទៀត​ទេ ក្នុង​ពេល​ដែល​ទីលាន​មួយ​នេះ​ក៏​នឹង​ត្រូវ​ស្ថាបនា​ឲ្យ​ធំ​ហើយ​បំពាក់​ការ​ប្រណាំង​ម៉ូតូ​ឲ្យ​ត្រូវ​ស្ដង់ដា ដើម្បី​លើកកម្ពស់​វិស័យ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​ឲ្យ​បាន​ស្មើមុខស្មើមាត់​នឹង​ប្រទេស​ជិតខាង​៕

RELATED ARTICLES