Wednesday, April 24, 2024
Homeតារាខ្មែរបុរសម្នាក់ជួយជ្រោមជ្រែងអ្នកនាងគង់ សុជាតិ ច្រើនជាងគេបើកហាងតម្លៃ២លានដុល្លារ តែំមិនមែនលោកជា វិបុល

បុរសម្នាក់ជួយជ្រោមជ្រែងអ្នកនាងគង់ សុជាតិ ច្រើនជាងគេបើកហាងតម្លៃ២លានដុល្លារ តែំមិនមែនលោកជា វិបុល

ភាពភ្ញាក់ផ្អើលបានធ្វើឲ្យកក្រើកពេញចង្កោមអ្នកសិល្បៈ នៅពេលដែលស្ងាត់ៗ អ្នកនាងគង់ សុជាតិ បានធ្វើពិធីសម្ពោធហាងរក្សាសម្រស់ ដែលមានកម្ពស់ដល់ទៅ៧ជាន់ នៅខណ្ឌទួលគោក ចំណាយថវិកាដល់ទៅ២លានដុល្លារសហរដ្ឋអាមេរិក ដែលជាការចំណាយថវិកាដ៏ខ្ពស់បំផុតមួយសម្រាប់ហាងកែសម្រស់របស់តារាសិល្បករខ្មែរ ខណៈដែលអ្នកសិល្បៈមួយចំនួនទៀត ច្រើនតែបើករបរនេះបានត្រឹមតែមួយរយៈពេលខ្លី ភាគច្រើនបានបិទទ្វាទៅវិញ សឹងតែគ្រប់គ្នា។ តើហេតុអ្វីបានជាអ្នកនាងគង់ សុជាតិ បោះទុនធំយ៉ាងហ្នឹង ទៅលើហាងរក្សាសម្រស់នៅឆ្នាំ២០១៧នេះ ឬមួយក៏អ្នកនាងចង់បោះបង់អាជីពសិល្បៈមកក្ដោបក្ដាប់មុខជំនួញនេះទាំងស្រុងដោយខ្លួនឯងវិញ?

ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងគង់ សុជាតិ ពិធីការិនីជើងចាស់រូបនេះថ្លែងដោយទឹកមុខរីករាយថា អ្នកនាងបានលាក់អ្នកកាសែតអស់ជិត២ឆ្នាំហើយ ពីការសាងសង់ហាងដ៏ធំមួយនេះ ព្រោះចង់ឲ្យដល់ថ្ងៃសម្ពោធ គឺឲ្យមានការភ្ញាក់ផ្អើលតែម្ដង ព្រោះបើប្រាប់មុន ខ្លាចគេថាអួត។

អ្នកនាងគង់ សុជាតិ ថើបឪពុករបស់អ្នកនាង

 

គង់ សុជាតិ រៀបរាប់បញ្ចេញស្នាមញញឹមថា ”ខ្ញុំសុំទោសណាដែលលាក់អ្នកកាសែតជិត២ឆ្នាំ រឿងសាងសង់ហាងថ្មីនេះ ព្រោះតែខ្ញុំចង់ឲ្យមានការភ្ញាក់ផ្អើលបានព័ត៌មានថ្មីនៅថ្ងៃសម្ពោធនេះ។ ហាងនេះសាងសង់អស់លុយច្រើនណាស់ ព្រោះតែបំពាក់ទៅដោយសម្ភារៈទំនើបៗ មានជណ្ដើរយន្ដ ហើយមាន៧ជាន់ ដែលនៅក្នុងនេះយើងមានបន្ទប់ជាផ្នែកនីមួយៗ សម្រាប់អតិថិជន គឺគាត់ត្រូវការសេវាកម្មបែបណា ក៏មានដែរ ហើយយើងមានជាងជំនាញៗផ្នែកសម្ផស្សហ្នឹង ដែលមានបទពិសោធក៏ជាច្រើនឆ្នាំហើយ។ ចាប់ពីថ្ងៃបើកសម្ពោធនេះដែរ ហាងសុជាតិ ក៏មានការបញ្ចុះតម្លៃពិសេស៥០% ដល់អតិថិជនទូទៅ ព្រមទាំងសម្រាប់សិស្សដែលរៀននៅហាងសុជាតិ ដែរ។ ការបើកទីតាំងថ្មីនៅទួលគោក នេះ គឺដោយសារតែហាងចាស់របស់ខ្ញុំ នៅមុខវិទ្យាល័យបាក់ទូក ដែលដំណើរការជាច្រើនឆ្នាំនោះ គឺផុតកុងត្រាផ្ទះជួលគេ អីចឹងយើងមកសាងសង់លើដីខ្លួនឯងវិញ ហើយសង្ឃឹមថា អតិថិជនទាំងអស់ដែលតែងតែគាំទ្រហាងសុជាតិ ចាស់នោះ នឹងមកបន្ដការគាំទ្រនៅហាងថ្មីនេះតទៅទៀត ហើយទោះជាហាងថ្មីនេះមានទំហំធំតាមស្ដង់ដារមែន តែតម្លៃគឺនៅតែដដែល ហើយបម្រើភ្ញៀវទាំងអស់ មិនរើសថាទាល់តែភ្ញៀវកាលីព អ្នកមានៗ បានចូលបាននោះទេ”។

ក្រៅពីសម្ពោធមជ្ឈមណ្ឌលរក្សាសម្រស់ដែលចំណាយលុយដល់ទៅ២លានដុល្លារនេះ អ្នកនាងគង់ សុជាតិ ក៏មានហាងរក្សាសម្រស់សុជាតិ ដែលកំពុងដំណើរការនៅក្បែរផ្សារបឹងកេងកង មួយទៀតដែរ។ ប៉ុន្ដែត្រឹមហាងរក្សាសម្រស់២នេះ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ពិធីការិនីល្បីល្បាញរូបនេះ ដោយនៅពេលអនាគត អ្នកនាងសុជាតិ គ្រោងនឹងពង្រីកសាខាថ្មីថែមទៀត ទៅតាមតម្រូវការទីផ្សារ។ តែយ៉ាងណា ក្រោយពេលធ្វើពិធីសម្ពោធហាងថ្មី តម្លៃ២លានដុល្លារនេះ ក៏មានអ្នកសិល្បៈ និងមហាជនមួយចំនួន ក្នុងនោះមានអ្នកលេងហ្វេសបុកម្នាក់ ឈ្មោះលី ស្រីណុច ជាតារាចម្រៀងនៅហាងពិភពរាត្រីថ្មី បានផ្ញើសំណួរមកថា តើគង់ សុជាតិ បានលុយមកពីណាច្រើនម្ល៉េះ ដោយនាងនិយាយថា សម្រាប់តារាសិល្បៈខ្មែរ មិនទាន់មានតារាមួយណាហ៊ានបោះទុនបើកហាងកែសម្ភស្សដោយចាយលុយអស់ច្រើនរហូតដល់២លានដុល្លារបែបនេះឡើយ…។

គង់ សុជាតិ បានថ្លែងថា ប្រាកដជាមានអ្នកឆ្ងល់ ឥឡូវខ្ញុំប្រាប់អ្នកឧបត្ថម្ភហាងថ្មីនេះទៅចុះ គឺគ្មានអ្នកណាក្រៅពីឪពុកម្ដាយរបស់ខ្ញុំនោះឡើយ ជាអ្នកនៅពីក្រោយខ្នង។

គង់ សុជាតិ ដែលចាប់ថើបឪពុកនាងនោះ និយាយមួយៗថា ”ហ្នឹងហើយបុរសដែលឲ្យលុយខ្ញុំច្រើនបើកហាងនេះ…(សើច)។ ឪពុកម្ដាយខ្ញុំគាត់ជាចំណែកមួយផ្នែកធំក្នុងការដំណើរការមុខរបរនេះហើយ ខ្ញុំរកស៊ីខាងហាងរក្សាសម្រស់នេះ មកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំមកហើយ គឺយើងរកស៊ីតាំងពីនៅហាងតូច រហូតដល់ហាងធំ មកដល់ដំណាក់កាលនេះ មិនមែនជាការងាយស្រួលទេ។ ទោះជាខ្ញុំមានហាងធំជាងមុនមែន តែសម្រាប់អាជីពសិល្បៈ គឺខ្ញុំនៅតែបន្ដតំណើរការជាធម្មតាដដែលទេ”។

គង់ សុជាតិ មេម៉ាយកូន២ បានលែងលះអតីតស្វាមីម៉ៅ សាលភាព កាលពីឆ្នាំ២០០០ និងបានដឹកដៃអតីត Freshie boy លេខ១ លោកជា វិបុល រៀបការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយពេលនេះទទួលបានចំណងដៃកូនស្រី១ អាយុជាង១ឆ្នាំ។

គង់ សុជាតិ ត្រូវបានគេចាត់ទុកថាជាសិល្បការិនីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើន ក្នុងចំណោមតារា៦ដួងផ្សេងទៀត របស់ប្រទេសខ្មែរ មានដូចជា លោកព្រាប សុវត្ថិ, ឆាយ  វីរៈយុទ្ធ, ខេមរៈ សិរីមន្ដ, ចា រិទ្ធី, អ្នកនាងខាត់ សុឃីម, និងអ្នកនាងយុគ ចិន្ដា។ ដោយឡែកការបោះទុន២លានដុល្លារ របស់អ្នកនាងសុជាតិ ទៅលើហាងរក្សាសម្រស់នៅពេលនេះ រឹតតែបញ្ជាក់ថា អ្នកនាងសុជាតិ ជាសេដ្ឋិនីម្នាក់ដែលមានទ្រព្យមិនចាញ់ជំទាវឡើយ ហើយមុនសាងសង់ហាងរក្សារសម្រស់កម្ពស់៧ជាន់នេះ ពិធីការិនីរូបនេះក៏បានវាយកម្ទេចចោលផ្ទះនៅក្បែរផ្សារធំថ្មីហើយសាងសង់ផ្ទះថ្មីលើដីចាស់នោះ កម្ពស់៧ជាន់ដែរ ដោយចំណាយទឹកប្រាក់លានដុល្លារដែរ។

មហាជនមួយចំនួនបាននិយាយថា អ្នកនាងគង់ សុជាតិ កាន់តែមានរាសីឡើងខ្ពស់ត្រដែតត្រដឹម មានលុយកាន់តែច្រើនតែម្ដង ក្រោយពេលបានប្ដីក្មេងរូបសង្ហា ជា វិបុល មកស្រាប់តែ លេងមួយក្បាច់ផ្អើលពេញចង្កោមអ្នកសិល្បៈ គឺការបញ្ចេញលុយ២លានដុល្លារ ពង្រឹងមុខជំនួញ។

លោកជា វិបុល ថ្លែងថា ”ខ្ញុំបានគាំទ្រនិងលើកទឹកចិត្តភរិយាខ្ញុំជានិច្ច ចំពោះមុខជំនួញដែលគាត់គ្រប់គ្រងជាច្រើនឆ្នាំនេះ។ ពិតហើយ ការបើកហាងធំនៅពេលនេះ គឺដោយសារតែយើងមានការជោគជ័យនូវអ្វីដែលយើងធ្វើកន្លងមក។ សម្រាប់ខ្ញុំជាអ្នកសិល្បៈមួយរូប យល់ថា បច្ចុប្បន្នប្រជាជនយើងយកចិត្តទុកដាក់ច្រើនទៅលើការថែរក្សារសម្រស់ អីចឹងសូមបងប្អូនដែលធ្លាប់តែគាំទ្រហាងសុជាតិ​ចាស់មកបន្ដគាំទ្រហាងថ្មីនេះផង​ព្រោះហាងសុជាតិ មានឧបករណ៍ទំនើបៗ ក្នុងការបម្រើបងប្អូនដែលមានគុណភាព ហើយតម្លៃធម្មតាដូចមុនទេ កុំថាហាងធំឡើងថ្លៃ គឺមិនអីចឹងទេ។ ហាងសុជាតិ នឹងធ្វើពិធីសម្ពោធធំជាលើកទី២ នៅខែកញ្ញា ខាងមុខនេះហើយ យើងនឹងអញ្ជើញសិល្បករល្បីៗមួយចំនួនចូលរួមផងដែរ”៕

RELATED ARTICLES