Thursday, April 25, 2024
Homeកីឡាជាតិកីឡាករប្រណាំងម៉ូតូកម្ពុជា ចេញប្រកួតលើឆាកអន្តរជាតិលើកដំបូង

កីឡាករប្រណាំងម៉ូតូកម្ពុជា ចេញប្រកួតលើឆាកអន្តរជាតិលើកដំបូង

ពិតជាមានការភ្ញាក់ផ្អើលដោយកាលពីយប់ថ្ងៃ​ទី​​៣១ សីហា កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​​ចំនួន​​៤រូប​របស់​​កម្ពុជា បានចាកចេញពីប្រទេស​​ទៅ​​ប្រកួត​​​ប្រណាំង​ម៉ូតូ​ជាអន្តរជាតិ​ជា​លើកដំបូង​​​​​ចាប់​តាំងពី​​​កម្ពុជាបាន​បង្កើតសហព័ន្ធយានយន្ត​​​​​ដើម្បី​លើកស្ទួយ​ដល់វិស័យ​ប្រណាំងម៉ូតូ​អោយមានរូប​រាង​ហើយនេះជាការប្រកួតដែល​​​នឹងធ្វើឡើងនៅ​​​ក្នុង​​​​ប្រទេសវៀតណា​ម ​ដោយ​​​វៀតណាមគ្រាន់តែធ្វើជាម្ចាស់ផ្ទះ​ប៉ុណ្ណោះចំណែក​កីឡាករ​​​​ចំនួន​​៤​​ប្រទេស​​​​​គឺ​ កីឡាករ​ថៃ ​​​​ម៉ាឡេស៊ី
ចិន​ម៉ាកាវ និង​កម្ពុជា​ ​គឺជាអ្នកប្រកួត​ដណ្ដើម​ពានគ្នា​ និងប្រាក់​រង្វាន់​។

លោក​​​​ គង់ សុធារ៉ា ​​អ្នកចាត់ចែងកីឡាករ​​អោយ​​ចេញប្រកួតនិងជាអ្នករៀប​ចំ​​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូថ្នាក់ជាតិដែលទើបបញ្ចប់កាលពី​អាទិត្យទី​​​២៧ សីហា បានថ្លែងឲ្យដឹងថា​​ការប្រណាំង​ម៉ូតូដែល​បាន​ធ្វើឡើងនៅ​​ក្នុង​​ប្រទេស​វៀតណាម​នេះ លោក​ថាគឺជា​ព្រឹត្តិការណ៍ដែលមានឈ្មោះថា​ ​Dainam International Cup ​ដោយលោកប្រកាសថាវៀតណាម​បានធ្វើជាច្រើនលើករួចមកហើយ ប៉ុន្តែកម្ពុជា​ទើបតែមាន​ឱកាស​ចូលប្រកួត​​​​​​​ក្រោយពីកម្ពុជាទើបតែបាន​រកឃើញ​កីឡាករផ្នែកប្រណាំងម៉ូតូរបស់ខ្លួន។លោកថាក្រោយពី​​​បើក​ទីលាន​​ King Track Circuit នៅ​​ក្នុងខណ្ឌសែនសុខ​​​ជ្រើសរើសជើងឯក​ប្រណាំងម៉ូតូ​​​​​​​​​​​​ ដើម្បីជ្រើសរើសជើងខ្លាំងកម្ពុជា ក៏ទទួលបាន​​កីឡាករខាង​ផ្នែកប្រណាំងម៉ូតូ​​ចាប់ពី​កម្លាំង​​​​១៥០សេសេចំនួន​​៤រូបអោយ​​ចេញប្រកួតនៅក្នុងប្រទេសវៀតណាម។

​​លោកបានឲ្យដឹងដែរថាព្រឹត្តិការណ៍នេះ​​នឹង​បើកការប្រកួត​​​​ចាប់ពីថ្ងៃទី​​២ រហូត​ដល់ថ្ងៃទី​​៤ កញ្ញា ដោយ​​វៀតណាម​​គឺជាអ្នក​រៀបចំ​ និង​​​ចាត់ចែងក្នុងការផ្ដល់ពាន តែវៀតណាមមិនមាន​​កីឡាករ​ដើម្បី​​ចូល​​ប្រកួតនោះទេ ​ដោយសារតែព្រឹត្តិការណ៍​​នេះ​ គឺ​​វៀតណាម​​​​​គ្រាន់តែ​បង្កើត​ជាពាននិងប្រាក់រង្វាន់​​ ហើយ​អោយកីឡាករ​​​ខាងផ្នែក​​ប្រណាំង​ម៉ូតូ​​អោយ​ទៅ​​ប្រកួតគ្នា។

លោកថា​វៀតណាម​​​រៀបចំ​ព្រឹត្តិការណ៍នេះ ដើម្បី​អបអរ​ដល់បុណ្យជាតិរបស់ខ្លួន ហើយ​ប្រាក់រង្វាន់សម្រាប់​​​​​​អ្នកលេខ​១ ​​គឺទទួលបាន​ទឹកប្រាក់ស្មើនឹង​២ពាន់ដុល្លារ និង​​​​​​ចំណាត់ថ្នាក់លេខ​​២ លេខ៣ទទួលបានទឹក​ប្រាក់តិច​​​​​​​ៗ​​ជាង​នេះ​តាមលំដាប់។

កីឡាករ​ដែលបានចាក​​ចេញពីប្រទេស​កម្ពុជា​កាលពីយប់ថ្ងៃទី​​៣១ សីហា នោះ​​​​ លោកថា​​សុទ្ធតែជាកីឡាករដែល​​​​​​​​បានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ​​​ដែលបានធ្វើឡើង​កាលពីប៉ុន្មានថ្ងៃមុន​នៅ​ទីលាន King Track ទាំង​អស់ តែមិនមែនសុទ្ធតែជាកីឡាករជ័យ​​លាភី​លេខ​១ទាំងអស់នោះទេ ដោយសារតែខាងវៀតណាមត្រូវការតែកីឡាករដែល​​អាចប្រណាំង​ម៉ូតូចាប់ពីកម្លាំង​ម៉ាស៊ីន​​១៥០សេសេឡើងទៅ ទើប​ក្រៅពី​​​​ម្ចាស់ពាន​លេខ​​១ដែលទើប​​​​​ប្រកួតឈ្នះ ក៏មាន​ចំណាត់ថ្នាក់លេខ​​២ និង​លេខ​​​៦​​ត្រូវបានជម្រើស​​​យកទៅ​ផងដែរ។

ក្នុងនាមជាអ្នករៀបចំ​​ជ្រើសរើសជើងឯក​​ប្រណាំង​ម៉ូតូ​ក្នុង​ស្រុក​លើក​ដំបូង លោកមិនហ៊ាន​​ជម្រើសយកកីឡាករ​ដែលខ្វះ​សមត្ថភាពអោយ​ចេញ​ប្រកួត​តំណាងប្រទេសនោះទេ ដោយ​សារតែលោកយល់ថា បើទោះជាការប្រកួតមួយ​នេះ​​គឺជាឱកាសដំបូងដែលកម្ពុជា បានប្រកួតលើឆាកអន្តរជាតិ​ក៏មិនត្រូវត្រលប់មកវិញ​ដោយ​យក​​តែបទពិសោធន៍ចូលស្រុក។

​​​​​​​​លោក​​​អះអាងថា ក្នុងពេលកន្លងមក កម្ពុជាធ្លាប់មានកីឡាករ​​​ចេញ​ប្រកួត​​ប្រណាំង​ម៉ូតូ​​នៅក្នុងប្រទេសជិត​ខាងផងដែរ ប៉ុន្តែមិន​មែន​ចាកចេញ​​ក្នុងគម្រោង​​ផ្លូវការដែលមានការទទួលស្គាល់របស់​សហព័ន្ធនិងគ្រាន់តែជាការ​​ចាកចេញដោយបុគ្គល​​ៗតែប៉ុណ្ណោះ។

អ៊ីចឹង​ហើយទើប​​យល់ថាកា​រប្រកួត​លើកនេះ គឺជាការ​​បង្ហាញអោយ​អន្តរជាតិ​​បានស្គាល់ពី​ការ​​​​បង្ហាញមុខ​របស់កីឡាករ​ប្រណាំង​ម៉ូតូ ​ដែលកាលពីមុន​មិនធ្លាប់មានផ្លូវការ​ផង និងដើម្បី​ទៅដកស្រង់បទពិសោធន៍ពីកីឡាករ​អាជីពៗ​​របស់​​​ប្រទេសដែលចូលរួមប្រកួត ដែលគេមាន​​កីឡាមួយនេះ​​ច្រើនឆ្នាំមុនកម្ពុជានោះផង។

យ៉ាងណាមិញ លោក​មិន​ហ៊ានសង្ឃឹម​នឹងទទួលបាន​ជោគជ័យ​ក្នុងប្រភេទវិញ្ញសារណាមួយ​ពីសំណាក់​កីឡាករ​កម្ពុជានោះទេ ដោយគ្រាន់តែលោក​​​បញ្ជាក់ថា​​​តំណាង​កីឡាករ​​​​​៤រូបដែលបាន​ជម្រើសទៅ គឺសុទ្ធតែ​ជាកីឡាករល្អៗសម្រាប់ការប្រណាំង​ម៉ូតូ​ក្នុង​កម្លាំង​ម៉ាស៊ីន​ចាប់ពី​​១៥០សេសេទាំងអស់៕

 

​​

 

RELATED ARTICLES