កម្ពុជា បើកធ្វើសម្បទាន ការរុករករ៉ែលោហៈ

ប្រទេសកម្ពុជា ដែលល្បីល្បាញខាងមានធនធានរ៉ែ ជាច្រើននៅក្រោមដី បានប្រកាសបើកធ្វើសម្បទានរុករករ៉ែលោហៈ នៅក្នុងតំបន់ឃុំតាសាញ និងឃុំកំពង់ល្ពៅ ក្នុងមូលដ្ឋាននៃស្រុកសំឡូត ខេត្តបាត់ដំបង នៅក្រោមក្តីរំពឹងថា គេអាចរកឃើញ និងទាញយករ៉ែទាំងនោះមក ប្រើប្រាស់បាននៅពេលខាងមុខ…។

កាលពីចុងខែសីហា ឆ្នាំ២០១៧កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានធ្វើ សេចក្តីជូនដំណឹងទៅដល់ក្រុមហ៊ុនក្នុងស្រុក និងបរទេសទាំងអស់ឱ្យចូលរួមធ្វើការ ដាក់ពាក្យ ដើម្បីដណ្តើមបានសិទ្ធិលើសម្បទានក្នុងការរុករករ៉ែលោហៈ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់នៃឃុំតាសាញ និងឃុំកំពង់ល្ពៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចម្ងាយ ប្រមាណជាង២០០គីឡូម៉ែត្រ ភាគពាយ័ព្យរាជធានីភ្នំពេញ។

លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

យោងតាមសេចក្តីជូនដំណឹង ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ ដោយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេស ដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ នៅនាយកដ្ឋាន គ្រប់គ្រងការស្វែងរុករករ៉ែ នៃក្រសួងរ៉ែ និងថាមពល អគារលេខ៧៩-៨៩ វិថីប៉ាស្ទ័រ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ផ្អែកតាមសេចក្តីជូនដំណឹងខាងលើនេះ ក្រសួង រ៉ែ និងថាមពល បានឱ្យដឹងបន្តទៀតថា ក្រុមហ៊ុន ដែល បានជ្រើសរើសរួចដោយក្រសួងនេះ នឹងត្រូវប្រគល់ សិទ្ធិឱ្យធ្វើសម្បទាន ក្នុងការស្វែងរុករករ៉ែលោហៈ នៅលើទីតាំងចំនួន០១កន្លែង ដែលមានផ្ទៃដី សរុប សម្រាប់ធ្វើការស្វែងរុករក ចំនួន១៤៩គីឡូម៉ែត្រក្រឡាស្ថិតនៅក្នុងតំបន់នៃឃុំតាសាញ និងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

សេចក្តីជូនដំណឹងខាងលើនេះ បានគូសបញ្ជាក់ ថា “ចំពោះក្រុមហ៊ុនរ៉ែ ដែលបាន និងកំពុងកាន់អាជ្ញា- ប័ណ្ណធនធានរ៉ែលើសពីមួយ ពុំមានសិទ្ធិដាក់ពាក្យសុំអាជ្ញាប័ណ្ណ ស្វែងរុករករ៉ែលោហៈនេះទេ។ ក្រសួងរ៉ែ និងថាមពល នឹងពិនិត្យ សម្រេចផ្តល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈជូនក្រុមហ៊ុន ដែល បានជ្រើសរើសរួច បន្ទាប់ពីក្រុមហ៊ុននោះបានអនុវត្តតាមនីតិវិធីចប់ សព្វគ្រប់នៃអនុក្រឹត្យលេខ៧២ អនក្រ,បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹងតវ៉ាបានរួចរាល់ជាស្ថាពរ”។

ក្រសួងរ៉ែ និងថាមពល មិនបានបង្ហាញពីចំនួនក្រុមហ៊ុន ដែល បានទទួលអាជ្ញាប័ណ្ណរុករករ៉ែលោហៈថា មានចំនួនប៉ុន្មានឱ្យពិតប្រាកដ នៅឡើយទេ រហូតមកដល់ពេលនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើផ្អែកតាមគេហទំព័ររបស់ក្រសួងនេះ ដែលធ្លាប់បានធ្វើការបង្ហោះ នាពេលកន្លងទៅឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៣ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែជូន ក្រុមហ៊ុនក្នុងស្រុក និងបរទេស រួមមានដូចជា អូស្ត្រាលី ចិន វៀតណាម រុស្ស៊ី កូរ៉េ និងកាណាដា ជាដើម បានចំនួន១០៦ ក្រុមហ៊ុន ក្នុងនោះមានចំនួន ១៣២អាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈចំនួន០២អាជ្ញាប័ណ្ណ ស្វែងរុករករ៉ែប៉ុកស៊ីតចំនួន០២អាជ្ញាប័ណ្ណ ស្វែងរុករករ៉ែខ្សាច់ស និងចំនួន១១អាជ្ញាប័ណ្ណស្វែងរុករករ៉ែធ្យូងថ្ម។

 

ដោយឡែក ចំពោះការធ្វើអាជីវកម្មលើធនធានរ៉ែវិញ គិតរហូតមកដល់ពេលនេះ ក្រសួងបានចេញ អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែ ជូនដល់ក្រុមហ៊ុនមួយ ចំនួន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធការដ្ឋាន អណ្តូង រ៉ែរោងចក្រ និងឈានទៅធ្វើអាជីវកម្មធនធានរ៉ែ នៅពេលខាងមុខបានចំនួន១៤អាជ្ញាប័ណ្ណក្នុងនោះ មានចំនួន០១អាជ្ញាប័ណ្ណ គឺជាអាជីវកម្មដែក ចំនួន ០៤អាជ្ញាប័ណ្ណអាជីវកម្មមាស ចំនួន០១  អាជ្ញាប័ណ្ណ អាជីវកម្មត្បូងថ្មមានតម្លៃ ចំនួន០៧អាជ្ញាប័ណ្ណអាជីវកម្មថ្មកំបោរ និង០១អាជ្ញាប័ណ្ណទៀត គឺអាជីវកម្មថ្ម ហ្វូសស្វាត។

មានគម្រោង អាជីវកម្មចំនួន០៤ទៀត ក៏ត្រូវបាន ក្រសួងខាងលើនេះធ្វើការបង្ហាញឱ្យដឹងផងដែរថា ត្រូវបានគេកំពុងធ្វើការពិនិត្យ និងពិចារណានៅឯក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចំនួន០២គម្រោងទៀត កំពុងពិនិត្យ និងពិចារណាដោយអគ្គនាយកដ្ឋាន ធនធានរ៉ែ។

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងស្ថិតនៅលើផ្លូវ នៃការអភិវឌ្ឍន៍ប្រទេស មានក្តីរំពឹងថា ការបើកលទ្ធភាពឱ្យក្រុមហ៊ុននានា ស្វែងរុករករ៉ែនាពេលនេះ នឹងជួយគេបានក្នុងការនាំ ត្រឡប់មកវិញនូវការធ្វើអាជីវកម្មលើធនធានរ៉ែ ទាំងនោះនាពេលខាងមុខ។

គួររំលឹកឱ្យដឹងផងដែរថា នៅក្នុងរយៈពេល ជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានជំរុញយ៉ាងខ្លាំងក្លានូវការរុករកធនធានរ៉ែក្រោមដី របស់ខ្លួនយ៉ាងខ្លាំង ខណៈដែលធនធានពីវិស័យមួយនេះ ត្រូវបានគេមើលឃើញថា អាចផ្តល់សងត្រឡប់មកវិញនូវ ប្រាក់ចំណូលច្រើនគួរសមសម្រាប់ជួយលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

 

គ្មានការប៉ាន់ប្រមាណអំពីតម្លៃដែលអាចនឹងទទួលបានពីធនធានរ៉ែខាងលើនេះទេ លើកលែងតែចំណូល ដែលបានពីអាជីវកម្មលើរ៉ែប្រេងកាត និងឧស្ម័ន ដែលរាជរដ្ឋាភិបាល ទើបបានធ្វើការចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុនគ្រីសអេនើជី របស់ប្រទេស សឹង្ហបុរី កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

សូមបញ្ជាក់ថា  ចាប់តាំងពីពេលមុន រហូតមក ដល់ពេលនេះ ប្រទេសកម្ពុជា មិនធ្លាប់បានទាញ យកធនធានរ៉ែលោហៈរបស់ខ្លួនមកធ្វើអាជីវកម្ម និងប្រើប្រាស់ជាផ្លូវការនៅឡើយទេ ខណៈដែលក្រុមហ៊ុនរុករកមួយចំនួន ដែលបានទទួលអាជ្ញាប័ណ្ណនា ពេលកន្លងមក បានបង្ហាញពីសញ្ញាវិជ្ជមានតិចតួច នៃ សក្តានុពលធនធានរ៉ែដែលមាន និងខ្វះក្រុមហ៊ុន វិនិយោគនៅក្នុងការទាញយករ៉ែទាំងនោះពីក្នុងដី៕